នាយទាហានស្ត្រីដំបូងរបស់វៀតណាមដែលបានចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង

(VOVWORLD) - ជានាយទាហានស្ត្រីដំបូងគេរបស់វៀតណាមដែលត្រូវបានបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង អ្នកស្រី Do Thi Hang Nga កម្មាភិបាលនៃមជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាម (បច្ចុប្បន្នជានាយកដ្ឋានរក្សាសន្តិភាពវៀតណាម - ក្រសួងការពារប្រទេស) បានជំនះលើបញ្ហាប្រឈមជាច្រើន។ នេះជានាយទាហានម្នាក់ក្នុងចំណោមនាយទាហានវៀតណាម២នាក់ ដែលត្រូវបានអង្គការសហប្រជាជាតិ (អ.ស.ប) វាយតម្លៃថា បានសម្រេចភារកិច្ចយ៉ាងល្អប្រពៃបំផុត។

នាយទាហានស្ត្រីដំបូងរបស់វៀតណាមដែលបានចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង - ảnh 1វរសេនីយ៍ទោ Do Thi Hang Nga - នាយទាហានស្ត្រីដំបូងរបស់វៀតណាមដែលបានចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។

ប្រសូត្រនៅឆ្នាំ១៩៨១នៅរដ្ឋធានីហាណូយ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ អ្នកស្រី Do Thi Hang Nga បានចូលបម្រើក្នុងជួរកងទ័ពកាលពីឆ្នាំ២០០៤ ហើយផ្លូវទៅកាន់កងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប គឺជារបត់មួយដែលនាងនឹកស្មានមិនដល់។ នៅពេលដែលក្រសួងការពារប្រទេសមានផែនការបញ្ជូននាយទាហានស្ត្រីទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អ.ស.បនោះ មេបញ្ជាការអង្គភាពបានឃើញថា នាយទាហានវ័យក្មេង Do Thi Hang Nga នាពេលនោះមានឋានន្តរស័ក្តិជាវរសេនីយ៍ត្រី ដែលមានគុណសម្បត្តិជាច្រើនរបស់កម្មាភិបាលកិច្ចការបរទេសម្នាក់ ព្រមទាំងមានជំនាញវិជ្ជាជីវៈខ្ពស់ ដូច្នេះបានបង្កលក្ខណៈសម្រាប់នាងចូលរួមវគ្គបណ្ដុះបណ្ដាលភាសាបរទេស និងជំនាញខាងរក្សាសន្តិភាពអ.ស.ប។ នាបច្ចុប្បន្ន អ្នកស្រី Do Thi Hang Nga ត្រូវបានដំឡើងឋានន្តរស័ក្តិជាវរសេនីយ៍ទោ កាន់តំណែងជាអនុប្រធានការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិចំណុះនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។

ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ជាថ្ងៃដែលមិនអាចបំភ្លេចបានឡើយក្នុងជីវិតរបស់វរសេនីយ៍ត្រី Do Thi Hang Nga។ ក្រសួងការពារប្រទេសបានប្រគល់សេចក្ដីសម្រេចរបស់ប្រធានរដ្ឋដែលបញ្ជូននាងទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អ.ស.បសម្រាប់អាណត្តិ១២ខែ។ នាងជានាយទាហានស្ត្រីដំបូងគេនៅវៀតណាមដែលបានចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប។ វរសេនីយ៍ទោ Do Thi Hang Nga បានរំលឹកឡើងវិញថា៖

“ខ្ញុំជានាយទាហានស្ត្រីដំបូងគេនៅវៀតណាមដែលបានចូលរួមបេសកកម្មរក្សាសន្តិភាពអ.ស.បនៅស៊ូដង់ខាងត្បូងកាលពីឆ្នាំ២០១៨ ក្នុងនាមជានាយទាហានសេនាធិការ ឃ្លាំមើលប្រតិបត្តិការយោធានៅបញ្ជាការដ្ឋានបេសកកម្មរក្សាសន្តិភាពរបស់អ.ស.បនៅរដ្ឋធានី Juba ប្រទេសស៊ូដង់ខាងត្បូង។ ការងារស្នូលរបស់ខ្ញុំគឺយាមប្រចាំការ បូកសរុបរបាយការណ៍ទាំងអស់របស់សហការីដែលបានផ្ញើរមកពីគ្រប់ទិសទីលើដែនដីស៊ូដង់ខាងត្បូង ហើយមានការងារបន្ទាន់ មិនថាថ្ងៃឬយប់ទេ យើងត្រូវតែដោះស្រាយទាំងអស់ ហើយសម្របសម្រួលអង្គភាពពាក់ព័ន្ធ រាយការណ៍ជូនអង្គភាពថ្នាក់លើរបស់ អ.ស.បដើម្បីចំណាត់ការយ៉ាងឆាប់បំផុត សំដៅជៀសវាងការខូចខាត ការបាត់បង់ដល់សហការីនៅខាងក្រៅ។ វេនយាមប្រចាំការរបស់ខ្ញុំជាធម្មតាចាប់ផ្ដើមពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច ដោយឡែក វេនយប់វិញ គឺចាប់ពីម៉ោង៤ល្ងាចដល់ម៉ោង៨ព្រឹកថ្ងៃបន្ទាប់ ពេលខ្លះដោយសារតែកើតមានជម្លោះ បានជាយើងខ្ញុំត្រូវធ្វើការជាបន្តបន្ទាប់គ្មានពេលណាឈប់ទេ។ ខ្ញុំធ្វើការនៅទីនោះ ជាមួយសហការីចំនួនជាង២០នាក់មកពីប្រទេសផ្សេងៗគ្នា ក្នុងនោះភាគច្រើនគឺសុទ្ធតែបុរស ប៉ុន្តែការងារត្រូវបានបែងចែកដោយស្មើរគ្នា”។

ក្រៅពីម៉ោងធ្វើការ នាយទាហានកងទ័ពប្រជាជនវៀតណាម Do Thi Hang Nga ច្រើនតែចំណាយពេលដើម្បីជួបប្រាស្រ័យទាក់ទងជាមួយអ្នកស្រុក ជួយឧបត្ថម្ភពួកគេពីការថែទាំកុមារ រក្សាសុវត្ថិភាពអនាម័យអាហារ របៀបការពារជម្ងឺរាតត្បាតកូវីដ-១៩ របៀបសង្គ្រោះបឋមនៅពេលរងរបួស រហូតដល់ជួយលោកគ្រូអ្នកគ្រូក្នុងស្រុក បង្រៀនភាសាអង់គ្លេសជូនសិស្សានុសិស្ស ហើយចូលរួមរ៉ៃអង្គាសជំនួយឧបត្ថម្ភជូនជនក្រីក្រ ជាដើម។ ចាប់តាំងពីចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.បនៅស៊ូដង់ខាងត្បូងនិងអាហ្វ្រិកកណ្ដាល បណ្ដានាយទាហានវៀតណាម ជាពិសេសគឺនាយទាហានស្ត្រី បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមិត្តភក្តិអន្តរជាតិ។ វរសេនីយ៍ទោ Do Thi Hang Nga បានសំណេះសំណាលថា៖

“ប្រជាជនអាហ្វ្រិកនិយាយរួមនិងប្រជាជនស៊ូដង់ខាងត្បូងនិយាយដោយឡែក មានការចាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះកម្លាំងរក្សាសន្តិភាពរបស់វៀតណាម។ ដូច្នេះហើយ យើងខ្ញុំចូលរួមកងកម្លាំងរក្សាសន្តិភាពអ.ស.បនេះ ក៏មានភារកិច្ចថ្មី គឺធ្វើជាស្ពានតភ្ជាប់ ជាអ្នកនាំសារដើម្បីជួយប្រជាជនស៊ូដង់ខាងត្បូងយល់ដឹងកាន់តែច្បាស់អំពីទឹកដី មនុស្សវៀតណាម ជាពិសេសគឺនារីវៀតណាម។ មក វៀតណាមឈប់សម្រាកប៉ុន្មានថ្ងៃ ហើយវិលត្រឡប់ទៅស៊ូដង់ខាងត្បូងវិញ នៅពេលឃើញរថយន្តរបស់ខ្ញុំទើបមកដល់ក្លោងទ្វារភូមិ ទាំងកុមារ នារីៗបានហូរចេញទៅច្រៀង រាំរបាំស្វាគមន៍ដ៏ពិសេសរបស់ប្រជាជាតិខ្លួន ដែលពួកគេត្រឹមតែធ្វើនៅក្នុងបុណ្យចូលឆ្នាំថ្មីឬព្រឹត្តិការណ៍ដ៏ពិសេសបំផុតតែប៉ុណ្ណោះ។ ខ្ញុំរំភើបចិត្តខ្លាំងណាស់ ដោយសារតែប្រជាជនទទួលស្វាគមន៍ខ្ញុំដូចនឹងសមាជិកគ្រួសារអញ្ចឹង”។

វរសេនីយ៍ទោ Do Thi Hang Nga ត្រូវបានបេសកកម្មអ.ស.បប្រចាំស៊ូដង់ខាងត្បូងប្រគល់ជូនគ្រឿងឥស្សរិយយសចំនួន២ដើម្បីបុព្វហេតុសន្តិភាពនិងស្ថិរភាពរបស់អ.ស.ប ហើយត្រូវបានវាយតម្លៃថា បានសម្រេចភារកិច្ចយ៉ាងល្អប្រពៃបំផុតលើគ្រប់ការងារទាំងអស់។ ការមានឱកាសរួមកម្លាំងកាយចិត្តដ៏តូចតាចរបស់ខ្លួនដើម្បីនាំមកនូវសន្តិភាពជូនប្រជាជនស៊ូដង់ខាងត្បូងគឺជាបំណងប្រាថ្នានិងសុភមង្គលរបស់នាង។ នៅខែមេសាឆ្នាំ២០២២ខាងមុខ វរសេនីយ៍ទោ Do Thi Hang Nga នឹងចេញដំណើរម្ដងទៀតទៅកាន់ស៊ូដង់ខាងត្បូងជាមួយនឹងភារកិច្ចថ្មី តួនាទីថ្មី ដោយកាន់តំណែងជានាយិការងកងពេទ្យកម្រិត២លេខ៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ