លោក Tran Ngoc Luan - អ្នកដែលបានចំណាយពេល១០ឆ្នាំសម្រាប់ថែទាំខ្លានៅក្នុងសួនសត្វនិងរុក្ខសាស្ត្រ Sai Gon

(VOVWORLD) - ខ្លាជាសត្វមួយក្នុងចំណោមសត្វស័ក្តិសិទ្ធទាំង១២ ជានិមិត្តរូបនៃកម្លាំងខ្លាំងក្លា និងភាពអង់អាច។ សត្វខ្លាជាច្រើនត្រូវបានចិញ្ចឹមនៅក្នុងសួនសត្វ ប៉ុន្តែដោយមានសភាវគតិជាសត្វព្រៃ វាអាចបង្កគ្រោះថ្នាក់ដល់អ្នកថែទាំ ប្រសិនបើខ្វះការប្រុងប្រយ័ត្ន។ ការថែទាំខ្លាពិតជាជួបការលំបាកនិងគ្រោះថ្នាក់ជាច្រើនមែន ប៉ុន្តែនៅតែមានមនុស្សដែលជក់ចិត្ត ស្រឡាញ់ការងារនេះយ៉ាងពិតប្រាកដ។ ពួកគេបានផ្សាភ្ជាប់ ហើយថែទាំខ្លាដូច “សត្វចិញ្ចឹម” របស់ខ្លួនអញ្ចឹង។

លោក Tran Ngoc Luan - អ្នកដែលបានចំណាយពេល១០ឆ្នាំសម្រាប់ថែទាំខ្លានៅក្នុងសួនសត្វនិងរុក្ខសាស្ត្រ Sai Gon - ảnh 1លោក Tran Ngoc Luan និងសត្វខ្លាសនៅសួនសត្វនិងរុក្ខសាស្ត្រ Sai Gon។

លោក Tran Ngoc Luan អតីតអនុប្រធានក្រុមថែទាំសត្វសាហាវនៅសួនសត្វនិងរុក្ខសាស្ត្រ Sai Gon បានធ្វើការនៅទីនេះអស់រយៈពេល១៥ឆ្នាំ ហើយបានថែទាំខ្លាដោយផ្ទាល់ជាង១០ឆ្នាំ។ លោក Luan អាចអង្គុយច្រើនម៉ោងដើម្បីរៀបរាប់អំពីចរិតលក្ខណៈរបស់ខ្លានីមួយៗ ដែលត្រូវបានលោកដាក់ឈ្មោះរៀងៗខ្លួនកាលពីនៅតូច។ អនុស្សាវរីយ៍គួរឲ្យចង់ចាំបំផុតរបស់លោក Luan នោះគឺកាលពី៦ឆ្នាំមុន លោកត្រូវបានចាត់តាំងឲ្យថែទាំសត្វខ្លាសដែលទើបនឹងកើតចំនួន២ក្បាល។ នៅពេលនោះ ការថែទាំពួកវា មិនខុសពីការថែទាំទារកទេ សូម្បីតែលំបាកជាងដែរ។ ដោយសារមេខ្លាមិនមានទឹកដោះគ្រប់គ្រាន់ លោកត្រូវធ្វើទឹកដោះហើយបញ្ចុកឲ្យកូនខ្លានីមួយៗ ជារៀងរាល់២ម៉ោងម្ដងទាំងយប់ទាំងថ្ងៃ ហើយថែមទាំងបីព ឱបក្រសោបវាទៀតផង។ នៅពេលកូនខ្លាមានអាយុចន្លោះពី៣ដល់៤ខែ លោកត្រូវកិនសាច់លាយជាមួយទឹកដោះ ដើម្បីបង្កើនបរិមាណប្រូតេអ៊ីនសម្រាប់ពួកវាធំធាត់បានល្អ។ ហើយពេលខ្លះដែលខ្លាធ្លាក់ខ្លួនឈឺ លោកនិងបងប្អូនក្នុងក្រុមត្រូវប្ដូរវេនគ្នាមើលថែទាំងយប់ទាំងថ្ងៃ មិនត្រូវរំលងសញ្ញាណាមួយដើម្បីអាចដោះស្រាយឲ្យទាន់ពេលវេលា។

មិនត្រឹមតែសត្វខ្លា២ក្បាលដែលលោកចិញ្ចឹមតាំងពីនៅតូចប៉ុណ្ណោះទេ ប៉ុន្តែហ្វូងខ្លាទាំង៩ក្បាលនៅសួនសត្វនិងរុក្ខសាស្ត្រ Sai Gon សុទ្ធតែស្និទ្ធិស្នាលជាមួយលោក Luan។ ជារៀងរាល់ថ្ងៃ នៅម៉ោង៣រសៀល ហ្វូងខ្លាដឹងថាលោកចុះទៅក្នុងទ្រុងយកចំណីឲ្យពួកវាស៊ី គឺពួកវាដើរចេញចូលទន្ទឹងរង់ចាំ។ ពួកវាក៏ចេះស្ដាប់បង្គាប់ណាស់ នៅពេលលោក Luan ប្រាប់ឲ្យចាកចេញពីទីធ្លាចូលទ្រុងវិញ គឺហ្វូងខ្លាទាំងមូលសុទ្ធតែស្ដាប់បង្គាប់ធ្វើតាម។ លោក Luan បានចែករំលែកថា ខ្លាជាសត្វព្រៃដែលស៊ាំនឹងការរស់នៅក្នុងព្រៃហើយ ឥឡូវនេះត្រូវជាប់ទ្រុងនៅកណ្ដាលទីក្រុងញាំងឲ្យវាងាយរងស្ត្រេស ដូច្នេះត្រូវប្រព្រឹត្តជាមួយវាដោយសប្បុរស កុំស្រែកជេរ គោះទ្វារខ្លាំងបណ្ដាលឲ្យវាត្រូវញុះញង់ ព្រោះថានឹងងាយស្រួលនាំឲ្យវាមានប្រតិកម្មបញ្ច្រាសមកវិញ។

“ការងារនេះត្រូវមានការជក់ចិត្ត មានចំណង់ចំណូលចិត្តទើបធ្វើបាន។ កាលពីខ្លានៅតូច ខ្ញុំឱបក្រសោបវាដូចទារកអញ្ចឹង សត្វដែលខ្ញុំចិញ្ចឹមតាំងពីតូច គឺវាក៏ស្និទ្ធិស្នាលជាមួយខ្ញុំដូចឪពុកម្ដាយរបស់វាអញ្ចឹង ខ្ញុំទៅណាក៏វាទៅតាមដែរ។ ទោះជាយ៉ាងណាក៏ដោយ សត្វសាហាវនៅពេលវាធំឡើង យើងត្រូវដាក់វាឲ្យនៅដាច់ដោយឡែក ព្រោះថាសភាវគតិជាសត្វព្រៃរបស់វា យើងមិនអាចទាយទុកបានទេ។ ពេលចិញ្ចឹមសត្វខ្លា កុំធ្វើឲ្យវាត្រូវញុះញង់ គោះទ្វារខ្លាំងគឺមិនបានទេ ត្រូវធ្វើយ៉ាងស្រាលៗ។ ដោយសារសត្វត្រូវញុះញង់ វានឹងស្អប់យើងខ្លាំងណាស់ ពេលយើងដើរឆ្លងកាត់ វាអាច លោតសង្គ្របយើងភ្លាមៗ”។

ការថែទាំខ្លាជាការងារដែលមិនត្រឹមតែជួបការលំបាកខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែគ្រោះថ្នាក់តែងតែរង់ចាំគ្រប់ពេលទៀតផង។ ត្រឹមតែមានការធ្វេសប្រហែសបន្តិចបន្តួចប៉ុណ្ណោះ គឺមិនអាចទាយទុក ពីផលវិបាកបានឡើយ។ លើសពីនេះទៅទៀត ការងារនេះទាមទារឲ្យអ្នកធ្វើត្រូវមានសុខភាពល្អ ប្រតិកម្មរហ័សនិងការប្រុងប្រយ័ត្នខ្ពស់។ ដោយឡែកការចិញ្ចឹមខ្លា ត្រូវធ្វើយ៉ាងហ្មត់ចត់បំផុត មិនត្រឹមតែធានាសមាមាត្រអាហារូបត្ថម្ភឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងត្រូវបោសសម្អាតទ្រុងឲ្យស្អាតអនាម័យ តាមដានសកម្មភាពរបស់ខ្លាដើម្បីដឹងពីស្ថានភាពសុខភាពរបស់វា។ ពេលខ្លះដែលក្រញ៉ាំខ្លាវែងពេក លោក Luan ត្រូវកាត់ក្រញ៉ាំឲ្យវាដោយផ្ទាល់។

លោក Mai Khac Trung Truc នាយកអង្គភាពអាជីវកម្មសត្វនៅសួនសត្វនិងរុក្ខសាស្ត្រ Sai Gon បានឲ្យដឹងថា អ្នកថែទាំខ្លា ត្រូវមានការស្រឡាញ់ចំពោះប្រភេទសត្វនេះ ហើយស្មារតីទទួលខុសត្រូវខ្ពស់ ទើបធ្វើការងារនេះបានយូរអង្វែង។

“បង Luan ត្រូវតែជាអ្នកស្រឡាញ់ការងារនេះណាស់ ទើបជួយគាត់ជំនះពុះពារលើការលំបាកក្នុងការងារ។ ដោយសារប្រៀបធៀបនឹងការងារលំបាកផ្សេងៗទៀត ដោយមានប្រាក់បៀវត្តន៍ដូចគ្នា គឺការងារនេះថែមទាំងជួបប្រទះនឹងបញ្ហាក្លិនស្អុយ ហើយគ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេលវេលា។ ដូច្នេះ ត្រូវតែស្រឡាញ់ការងារ ប្រព្រឹត្តយ៉ាងល្អជាមួយខ្លា ទើបវាធ្វើអញ្ចឹងជាមួយខ្លួនវិញ នោះក៏ជារបៀបដើម្បីជៀសវាងហានិភ័យផងដែរ។ អ្នកណាដែលមិនស្រឡាញ់ខ្លា គឺមិនអាចធ្វើបានទេ”។

នាបច្ចុប្បន្ន លោក Tran Ngoc Luan បានចូលនិវត្តន៍ហើយ។ ប៉ុន្តែលោកនៅតែនឹកការងារ នឹកហ្វូងខ្លាណាស់។ លោកតែងតែហៅទូរស័ព្ទសួរសុខទុក្ខពួកវាតាមរយៈបងប្អូនក្នុងក្រុម។

និទាឃរដូវមកដល់ មនុស្សដែលបាននិងកំពុងថែទាំហ្វូងខ្លានៅសួនសត្វនិងរុក្ខសាស្ត្រ Sai Gon កាន់តែសប្បាយចិត្តជាងទៀត នៅពេលដែលហ្វូងខ្លាមានសុខភាពមាំមួន ធំធាត់បានយ៉ាងល្អ។ក្នុងឆ្នាំខាល ចត្វាស័ក ខ្លាគឺជាសត្វស័ក្តិសិទ្ធនៃឆ្នាំតាមទស្សនៈទានលោកខាងកើត។ ភ្ញៀវទេសចរនៅពេលមកទស្សនាសួនសត្វនិងរុក្ខសាស្ត្រ Sai Gon ម្ដងៗ សុទ្ធតែមិនភ្លេចទៅទស្សនាហ្វូងខ្លាទេ ជាមួយនឹងជំនឿជឿជាក់ចំពោះឆ្នាំថ្មីមួយប្រកបដោយភាពខ្លាំងក្លាដូចសត្វខ្លាអញ្ចឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ