អតីតយុទ្ធជនចូលរួមការរក្សាសុវតិ្ថភាពចរាចរ

(VOVWORLD) - នៅភូមិ Thuong Dong ឃុំ Hong Thai Dong ទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh ភាគខាងជើងវៀតណាម ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែស្គាល់អតីតយុទ្ធជនមួយរូបនោះគឺលោក Pham Duc Hanh ដែលបានចូលរួមការងារយាមនៅផ្លូវជាតិអស់រយៈពេល១៥ឆ្នាំកន្លងទៅ។ ជាក់ស្ដែងគឺលោកបានណែនាំការធ្វើចរាចរឲ្យប្រជាជននៅក្នុងម៉ោងចរាចរមមាញឹកនៅតាមផ្លូវជាតិលេខ ១៨។

 

        នៅភូមិ Thuong Dong ឃុំ Hong Thai Dong ទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh ភាគខាងជើងវៀតណាម ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែស្គាល់អតីតយុទ្ធជនមួយរូបនោះគឺលោក Pham Duc Hanh ដែលបានចូលរួមការងារយាមនៅផ្លូវជាតិអស់រយៈពេល១៥ឆ្នាំកន្លងទៅ។ ជាក់ស្ដែងគឺលោកបានណែនាំការធ្វើចរាចរឲ្យប្រជាជននៅក្នុងម៉ោងចរាចរមមាញឹកនៅតាមផ្លូវជាតិលេខ១៨។

        បើធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ១៨ កាត់ទីរួមខេត្ត Dong Trieu ខេត្ត Quang Ninhជារៀងរាល់ថ្ងៃនោះអ្នកនឹងឃើញអតីតយុទ្ធជនចាស់ជរាមួយរូបដៃកាន់ដំបងមាត់ផ្លុំកញ្ចែព្យាយាមណែនាំអ្នកធើ្វដំណើរឲ្យគោរពតាមច្បាប់ចរាចរណ៍។ ស្ដីពីការងាររបស់ខ្លួនអតីតយុទ្ធជនលោក Pham Duc Hanh បានឲ្យដឹងថា

          “ខ្ញុំធ្វើការងារនេះគឺដើម្បីបំរើប្រជាជននិងបំរើកុមារៗដែលទៅសាលារៀនតាមកំណាត់ផ្លូវនេះ។ ខ្ញុំស្រលាញ់ចូលចិត្តការងារនេះណាស់។ ប្រសិនបើជាប់រវល់នឹងការងារនៅផ្ទះគឺខ្ញុំរសាប់រសល់ខ្លាំងណាស់ដោយព្រួយបារម្ភពីសុវតិ្ថភាពរបស់ក្មួយៗនិងប្រជាពលរដ្ឋដែលធ្វើចរាចរលើផ្លូវហ្នឹង”។

អតីតយុទ្ធជនចូលរួមការរក្សាសុវតិ្ថភាពចរាចរ - ảnh 1ទង្វើរបស់អតីតយុទ្ធជនលោក Pham Duc Hanh បានរួមចំណែកការពារសុវតិ្ថភាពជូនប្រជាពលរដ្ឋពពេលធ្វើចរាចរ 

        ពីមុននេះលោក Pham Duc Hanh បានចូលបំរើកងទ័ពដោយទៅប្រយុទ្ធវាយខ្មាំងសត្រូវបរទេសឈ្លានពាននៅគ្រប់សមរភូមិក្នុងទូទាំងប្រទេស។ ក្នុងការប្រយុទ្ធទាំងនោះលោកត្រូវរបួសហើយក្លាយទៅជាយុទ្ធជនពិការកំរិត៣/៤។ លុះដល់ឆ្នាំ១៩៧៦លោកចេញពីកងទ័ពនិងវិលត្រឡប់ទៅស្រុកកំណើតវិញ។ ទោះបីជាបានរស់នៅក្នុងសន្តិភាពក្ដីតែដោយសារឃើញគ្រោះថ្នាក់ចរាចរណ៍កើតមានជាច្រើននៅលើផ្លូវកាត់ទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh នោះបានជាលោក Hanh ក៏សំរេចចិត្តចូលរួមចំណែកក្នុងការងារធានារ៉ាបរងសុវតិ្ថភាពចរាចរណ៍តែម្ដង។ លោកបានសំណេះសំណាលថា

     “មនុស្សជាច្រើនប្រាប់ខ្ញុំថាធ្វើការងារនេះគ្មានប្រាក់ទេតើខ្ញុំធ្វើដើម្បីអ្វី។ ខ្ញុំប្រាប់គេថាននេះជាការទទួលខុសត្រូវផ្ដើមចេញពីមនោសញ្ចេតនារបស់ខ្ញុំចំពោះសិស្សានុសិស្សនិងប្រជាជន ។ ខ្ញុំធ្វើក្នុងនាមជាយុទ្ធជន ជាកងទ័ពលោកអ៊ំហូហើយខ្ញុំនឹងបន្តធ្វើការងារនេះរហូតដល់ដង្ហើមចុងក្រោយ”។

        លោក Pham Duc Hanhបានស្ម័គ្រចិត្តធ្វើការណែនាំចរាចរនេះអស់រយៈពេល១៥ឆ្នាំកន្លងទៅហើយ។ ទង្វើរបស់លោកទទួលបាននូវការស្វាគមន៍និងការគោរពពពីសំណាក់ប្រជាជន ជាពិសេសគឺអាណាព្យាលបាលនិងសិស្សានុសិស្សនៅហ្នឹងតំបន់។ តាមអ្នកស្រី Nguyen Thi Ngoc ដែលមានកូនរៀនថ្នាក់ទី១សាលាបឋមសិក្សា Hong Thai Dong បានថ្លែងថា

          “ កំណាត់ផ្លូវនេះគឺគ្រោះថ្នាក់ណាស់ដោយសារផ្លូវទូលាយនិងយានជំនិះបើកបរយ៉ាង លឿនដែលធ្វើឲ្យខ្ញុំខ្វល់ខ្វាយយ៉ាងខ្លាំង។ ការដែលលោក Hanh យាមនៅទីនេះបានធ្វើឲ្យអាណាព្យាបាលជឿជាក់ដោយមានលោកជួយណែនាំក្មួយៗដើរកាត់ផ្លូវពេលចេញពីសាលារៀន”។

        ទង្វើរបស់អតីតយុទ្ធជនលោក Pham Duc Hanh បានរួមចំណែកការពារសុវតិ្ថភាពជូនប្រជាពលរដ្ឋពពេលធ្វើចរាចរ។ ការងារដ៏មានអត្ថន័យរបស់លោកបានរីកសាយភាយក្នុង សហគមន៍ដោយជួយលើកកំពស់នូវមនសិការរបស់មនុស្សគ្រប់រូបពីការកោរពច្បាប់ចរាចរណ៍រក្សាសណ្ដាប់ធ្នាប់សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ