ការរចនាប្លង់បង្គោលគីឡូម៉ែត្រលេខសូន្យ - និមិត្តសញ្ញាវប្បធម៌នៃរដ្ឋធានីហាណូយ

(VOVWORLD) -  សមាគមវិចិត្រសិល្បៈវៀតណាម ទស្សនាវដ្តីស្ថាបត្យកម្ម (នៃសមាគមស្ថាបត្យករវៀតណាម) និងគណៈកម្មាធិ ការប្រជាជនខ័ណ្ឌ Hoan Kiem (នៃទីក្រុងហាណូយ) នាពេលថ្មីៗនេះ បានរៀបចំការប្រឡងរចនាប្លង់បង្គោលគីឡូម៉ែត្រលេខសូន្យ។ តាម រយៈការប្រឡងនេះ គណៈចាត់តាំងមានបំណង សាងសង់បង្គោលគីឡូម៉ែត្រលេខសូន្យឲ្យក្លាយជានិមិត្តរូបវប្បធម៌នៃរដ្ឋធានីហាណូយ និងជាគោលដៅគួរឲ្យទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរពេលមកលេងកម្សាន្តបឹង Hoan Kiem នៃទីក្រុងហាណូយម្តងៗ។

ការរចនាប្លង់បង្គោលគីឡូម៉ែត្រលេខសូន្យ - និមិត្តសញ្ញាវប្បធម៌នៃរដ្ឋធានីហាណូយ - ảnh 1 ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់រចនាប្លង់គីឡូម៉ែត្រលេខសូន្យ 

ការប្រឡងរចនាប្លង់បង្គោលគីឡូម៉ែត្រលេខសូន្យ ត្រូវបានរៀបចំឡើងយ៉ាងទូលំទូលាយ សម្រាប់អង្គការជំនាញនានា (ពោលគឺ អង្គភាពពិគ្រោះយោបល់ អ្នករចនា សាលារៀននានា វិទ្យាស្ថានវប្បធម៌សិល្បៈនិងស្ថាបត្យកម្ម) រួមទាំងជាងចម្លាក់ សិល្បករ  ស្ថាបត្យករ និស្សិតផ្នែកវប្បធម៌  និងវិចិត្រសិល្បៈទៀតផង។ ចាប់ពីថ្ងៃចាប់ផ្តើមការប្រឡង គឺថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២០ មក ក្រោយរយៈពេល ១ ខែ គណៈចាត់តាំងទទួលបានស្នាដៃប្រឡងចំនួន ១០៥ ពីបុគ្គល និងអង្គភាពនានាក្នុងប្រទេស។ លោក Pham Tuan Long អនុប្រធានគណៈកម្មាធិ ការប្រជាជន ខ័ណ្ឌ Hoan Kiem បានឲ្យដឹងថា៖ “បឹង Hoan Kiem គឺជាបេះដូងនៃរដ្ឋធានីហាណូយ។ យើងខ្ញុំបានអនុវត្តគម្រោងនេះ ដើម្បីបរិយាកាសវប្បធម៌បឹង Hoan Kiem នឹងមានភាពសក្តិសមជាបេតិកភណ្ឌថ្នាក់ជាតិពិសេស។ តាមរយៈការប្រឡងនេះ យើងខ្ញុំទទួលបាននូវផែនការនិងដំណោះស្រាយជាច្រើនសម្រាប់អនុវត្តគម្រោង បង្គោលគីឡូម៉ែត្រលេខសូន្យដែលនឹងបានអនុវត្តន៍នៅជំវិញបឹង Hoan Kiem តែម្តង។ យើងខ្ញុំចង់មានដំណោះស្រាយល្អបំផុតនិងសមស្របសម្រាប់បរិយាកាស ស្ថាបត្យកម្មទេសភាពជុំវិញបឹង Hoan Kiem”

យោងតាមសំណើរបស់គណៈចាត់តាំង បង្គោលគីឡូម៉ែត្រលេខសូន្យ ត្រូវបានដាក់នៅតាមទីតាំងចំនួន ៣ នោះគឺ៖ ចំណុចប្រសព្វផ្លូវបែកជា ៤ វិថី Dinh Tien Hoang-Hang Khay; នៅ លើច្រាំងម្ខាងបឹង Hoan Kiem ទល់មុខវិមាន Ly Thai To  និងទីធ្លាខាងមុខនៃវិមានស្តេច Ly Thai To ផងដែរ។ កន្លែងទី ៤ សម្រាប់ដាក់បង្គោលគីឡូម៉ែត្រលេខសូន្យ នឹងទុកឲ្យអ្នកចូលរួមការប្រឡងលើកសំណើរ។ វិចិត្រករ  Luong Xuan Doan ប្រធានសមាគមវិចិត្រសិល្បៈវៀត ណាម និងជាប្រធានក្រុមមេប្រយោគការប្រឡងរចនាបង្គោលគីឡូម៉ែត្រលេខសូន្យបានសង្កត់ធ្ងន់ថា៖ “បឹង Hoan Kiem គឺជាទីកន្លែងដ៏ពិសិដ្ឋនៃទីក្រុងហាណូយ ដែលជាទិសដៅគួរឲ្យទាក់ទាញ ពោរពេញទៅដោយពណ៌វប្បធម៌តំណាងប្រជាជនហាណូយហើយក៏ជាវប្បធម៌របស់ប្រជាជនវៀតណាមទាំងមូលផងដែរ។ ហេតុដូច្នេះ រាល់ស្នាដៃណាៗទាំងអស់ដែលចេញរូបរាងនៅជុំវិញបឹង Hoan Kiem សុទ្ធតែត្រូវបានប្រជាជនហាណូយ និងអ្នកដែលស្រឡាញ់វប្បធម៌ហាណូយចាប់អារម្មណ៍ខ្លាំង”

សំណង់បង្គោលគីឡូម៉ែត្រលេខសូន្យ ស្ថិតក្នុងគម្រោងសាងសង់ ជួសជុលនិងតុបតែងបឹង Hoan Kiem ឡើងវិញ។ ការរចនានូវសំណង់នេះទាមទារឲ្យមានភាពងាយស្រួលនៃមុខងារនីមួយជំវិញបឹង Hoan Kiem ព្រមទាំងបង្ហាញពីអត្ថន័យវប្បធម៌និងប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅស្ថិតស្ថេរជាមួយពេលវេលារបស់បឹង Hoan Kiem ទៀតផង។ លោក Trinh Hoang Tung ប្រធានអង្គភាពគ្រប់គ្រងគម្រោងសំណង់នៃខ័ណ្ឌ Hoan Kiem បានឲ្យដឹងថា៖ “បង្គោលគីឡូម៉ែត្រលេខសូន្យ គឺជាគម្រោងពិសេសមួយដែលបង្ហាញសញ្ញាភូមិសាស្ត្រ និមិត្តរូបខ្ពស់ ទាំងអត្តសញ្ញាណសម័យនិងវប្បធម៌ប្រវត្តិសាស្ត្រថាំងឡុង - ហាណូយរាប់ពាន់ឆ្នាំ។ សំណង់នេះគឺជាស្នាដៃសិល្បៈសាធារណៈស្របនឹងលំហនិងទេសភាពបឹង Hoan Kiem និងជាទិសដៅដែលមិនអាចរំលងបានក្នុងដំណើរកម្សាន្តមកកាន់រដ្ឋធានីហាណូយ។ បង្គោលគីឡូម៉ែត្រលេខសូន្យ មានលក្ខណៈសម័យកាល លក្ខណៈជាតិ  និងបង្កើតបានជាចំណុចលេចធ្លោផ្នែកសិល្បៈ នៃបរិយាកាសខ័ណ្ឌ Hoan Kiem បង្កើតឲ្យមានអារម្មណ៍ទាក់ទាញសម្រាប់ភ្ញៀវទេសចរ”

យោងតាមលក្ខខ័ណ្ឌនៃការប្រឡងរចនាប្លង់បង្គោលគីឡូម៉ែត្រលេខសូន្យ គឺមានរង្វាន់លេខ ១ ចំនួន១រង្វាន់; រង្វាន់លេខ ២ មាន១រង្វាន់ និងរង្វាន់ទី ៣ មាន១រង្វាន់។ ក្រោយមក បន្ទាប់ពីជ្រើសរើសយករង្វាន់ជាផ្លូវការមក ដោយទទួលស្គាល់ថាមានស្នាដៃជាច្រើនដែលមានគុណភាពល្អ គណៈចាត់តាំងបានសម្រេចជម្រើស ២ បន្ថែមទៀត ដើម្បីប្រគល់រង្វាន់លើកទឹកចិត្ត។

ស្នាដៃទទួលបានរង្វាន់លេខ១ មានឈ្មោះថា “ក្លោងទ្វារចែងចាំងរស្មី” ដែលមានទីតាំងស្ថិតនៅទីធ្លាទល់មុខវិមានស្តេច Ly Thai To។ ចំណុចលេខធ្លោនៃស្នាដៃ “ក្លោងទ្វារចែងចាំងរស្មី” គឺការប្រើប្រាស់បច្ចេកវិទ្យាហ៊ីឡូមរ៉ាម ដែលមានពន្លឺដើម្បីបង្កើតច្រកទ្វារបញ្ចាំងរស្មីយ៉ាងត្រចះត្រចង់។  ការរចនានេះអាចត្រូវបានប្រើតាមគ្រប់ពិធីបុណ្យ ជាពិសេសក្នុងអំឡុងពេលចូលឆ្នាំថ្មី និងពិធីបុណ្យធំៗរបស់ប្រទេសជាតិ។ លោក Pham Thai Binh សមាជិកនៃក្រុមអ្នកនិពន្ធដែលទទួលបានរង្វាន់លេខ១ បានឲ្យដឹងថា៖ “យើងខ្ញុំបានសម្រេចចិត្ត ប្រើរូបចម្លាក់បញ្ចាំងពន្លឺ ពីព្រោះមានតែពន្លឺទេ ដែលមិនចំណាយកន្លែងរូបវន្តនិងនាំមកនូវប្រសិទ្ធភាព នៃបច្ចេកវិទ្យាយុគសម័យ។ សំណង់នេះពេលផុសឡើង គឺជាគោលដៅគួរចាប់អារម្មណ៍។ ពន្លឺចែងចាំងនៅទីនោះ ហើយមនុស្សនៅតែអាចដើរជុំវិញបាន និងកាន់តែមានប្រសិទ្ធភាពសម្រាប់អន្តរកម្មសង្គមដែរ”

នាពេលខាងមុខនេះ ក្នុងឱកាសរំលឹកខួបលើកទី ១០១០ ឆ្នាំថាំងឡុង - ហាណូយនៅខែតុលាឆ្នាំ ២០២០ ទីក្រុងហាណូយនឹងរៀបចំពិព័រណ៍មួយ ដោយតាំងបង្ហាញពីការរចនាប្លង់បង្គោលគីឡូម៉ែត្រលេខសូន្យ នៅទីធ្លានៃជំវិញបឹង Hoan Kiem។ តាមរយៈការតាំងបង្ហាញនេះ នឹងប្រមូលមតិយោបល់របស់ប្រជាជននិងអ្នកទស្សនាឱ្យជ្រើសរើស ប្លង់រចនាបង្គោលគីឡូម៉ែត្រលេខសូន្យណាដ៏ប្រណិតបំផុត ក្នុងឆ្នាំ ២០២០ ដើម្បីបើកការដ្ឋានសាងសង់គម្រោងឲ្យបានឆាប់ៗ។ នៅពេលបានបញ្ចប់ បង្គោលគីឡូម៉ែត្រលេខសូន្យនឹងក្លាយជាទិសដៅគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ