សារមន្ទីរ៖ បរិយាកាសវប្បធម៌ដ៏រស់រវើក

(VOVWORLD) - ដោយមានតួនាទីបង្កើតកន្លែងទទួលបទពិសោធន៍អប់រំដ៏ទូលំទូលាយ បណ្ដាសារមន្ទីរនៅទីក្រុងហាណូយបានផ្លាស់ប្ដូរថ្មីវិធីសាស្រ្តប្រតិបត្តិការរ ដោយនាំយកផលិតផលវប្បធម៌ខិតមកជិតសាធារណជន។ ខ្លឹមសារអប់រំ និងបទពិសោធន៍ជាច្រើនដែលផ្សារភ្ជាប់នឹងការតាំងបង្ហាញ កិច្ចសន្ទនា មិនត្រឹមតែទាក់ទាញអ្នកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តស្មារតីសិក្សា ជំរុញការស្វែងយល់និងការច្នៃប្រឌិតរបស់សាធារណជន ទៀតផង។

នៅទីក្រុងហាណូយ មានសារមន្ទីរប្រហែល ២០ និងវិចិត្រសាលជាច្រើនកន្លែង ដែលត្រូវបានបែងចែកជាពីរប្រធានបទ៖ ប្រធានបទប្រវត្តិសាស្ត្រ យោធា និងប្រធានបទវប្បធម៌ សិល្បៈ និងសង្គម។ ការផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌ និងសិល្បៈជាមួយនឹងជីវភាពសម័យទំនើប បានធ្វើឱ្យសារមន្ទីរកាន់តែខិតមកជិតសាធារណជន។

សារមន្ទីរ៖ បរិយាកាសវប្បធម៌ដ៏រស់រវើក - ảnh 1សិស្សានុសិស្សចូលរួមក្នុង "មេរៀនប្រវត្តិសាស្ត្រ" នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ។
(រូបថត៖ Thu Minh/Nhan Dan)

ស្ថិតនៅលើវិថី Trang Tien សារមន្ទីរប្រវត្តិសាស្ត្រជាតិគឺជាសំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលរបស់រដ្ឋធានី ដែលរក្សាទុក វត្ថុ ឯកសារប្រវត្តិសាស្ត្រ និងវប្បធម៌ជាង ២០០.០០០ របស់វៀតណាម រួមជាមួយនឹងវត្ថុបុរាណនិងរតនៈសម្បត្តិជាតិ...ជារៀងរាល់ថ្ងៃ សារមន្ទីរទទួលសាធារណជនមកទស្សនា និងស្វែងយល់អំពីបេតិកភណ្ឌ ក្នុងនោះយុវជនស្រូបយកចន្លោះពី ៦០-៧០%។

ការអប់រំគឺជាសកម្មភាពប្រៀបខ្លាំង របស់សារមន្ទីរប្រវត្តិសាស្ត្រជាតិ។ បច្ចុប្បន្ននេះ សារមន្ទីរបានកសាង ផលិតផលចំនួនបីកញ្ចប់ ដើម្បីផ្តល់ជូនភ្ញៀវទស្សនាប្រភេទនីមួយៗ។ នោះគឺ៖ ការរៀបចំសកម្មភាពអប់រំដោយផ្ទាល់សម្រាប់ក្រុមគ្រួសារ ឪពុកម្តាយនិងកូន ដើម្បីចូលរួមក្នុងសកម្មភាពអន្តរកម្ម និងទទួលបានបទពិសោធន៍; ការតភ្ជាប់អង្គភាពទេសចរណ៍ដើម្បីកសាងកម្មវិធីសម្រាប់សាលារៀនតាមរយៈសកម្មភាពក្រៅកម្មវិធីសិក្សា;សកម្មភាពអប់រំជំនាញ តាមរយៈការរៀបចំសិក្ខាសាលា ការជួបប្រាស្រ័យនិងកិច្ចសន្ទនា សម្រាប់សាធារណៈជន។ លោកស្រីបណ្ឌិត Lu Thi Thanh Le ប្រធានដេប៉ាតឺម៉ង់សិក្សាអន្តរផ្នែកនិងសិល្បៈនៃសាកលវិទ្យាល័យជាតិហាណូយ បានឲ្យដឹងថា៖

“សារមន្ទីរគឺជាទីកន្លែងទាក់ទាញអង្គភាព និងអង្គការជាច្រើនមកសហការ និងអភិវឌ្ឍន៍កម្មវិធីអប់រំសហគមន៍។ នឹងមានកម្មវិធីរៀបចំដោយសារមន្ទីរខ្លួនឯង ឬកម្មវិធីដែលសារមន្ទីរសហការជាមួយភាគីផ្សេងទៀតដើម្បីអនុវត្តន៍។ លើសពីនេះទៅទៀត នៅមានកម្មវិធីសង្គមដែលភាគីផ្សេងទៀត រៀបចំនៅក្នុងសារមន្ទីរដើម្បីបង្កើនបទពិសោធន៍អប់រំ”។

សារមន្ទីរ៖ បរិយាកាសវប្បធម៌ដ៏រស់រវើក - ảnh 2កុមារីម្នាក់បង្ហាញស្នាដៃសិល្បៈគំនូរសូត្ររបស់ខ្លួន នៅសារមន្ទីរហាណូយ។ រូបថត៖ Le Chi/VOV5

នៅសារមន្ទីរហាណូយ ពាក្យគន្លឹះ “សម្រាប់គ្រួសារទាំងមូល” គឺជាកត្តាមួយដែលនាំមកនូវភាពជោគជ័យដល់សកម្មភាពអប់រំបេតិកភណ្ឌនិងប្រវត្តិសាស្ត្រនៅទីនេះ។ ជាមួយនឹងប្រៀបខ្លាំងដែលរក្សាទុកសម្បត្តិបេតិកភណ្ឌនៃឯកសារ និងវត្ថុជាង ៧៣០០០ អំពីប្រវត្តិសាស្ត្ររដ្ឋធានី និងបរិវេណធំទូលាយនោះ សារមន្ទីរបានរៀបចំសកម្មភាពអប់រំគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលផ្សារភ្ជាប់នឹងបេតិកភណ្ឌវប្បធម៌អរូបី ហើយក្លាយជាគោលដៅសម្រាប់គ្រួសារជាច្រើន។ អ្នកស្រី Phuong Thanh នៅខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ បានចែករំលែកថា៖

“នេះជាលើកទីមួយហើយដែលកុមារអាចទៅមើលវត្ថុបុរាណដោយផ្ទាល់។ តាមរយៈនោះ គាត់នឹងមានចំណេះដឹងគ្រប់គ្រាន់ និងស៊ីជម្រៅបន្ថែមទៀត”។

នៅពេលមកទស្សនាការតាំងពិពណ៌ និងទទួលបទពិសោធន៍នៅសារមន្ទីរនានាក្នុង ទីក្រុងហាណូយ ភ្ញៀវទេសចរអាចយល់ដឹងថែមទៀតអំពីវប្បធម៍ជាតិ និងរបរសិប្បកម្មប្រពៃណីដូចជា៖ បទពិសោធន៍ស្លៀកសំលៀកបំពាក់បុរាណវៀតណាម ស្វែងយល់និងហាត់ស្មូនរូប to he របរធ្វើមួកដួនភូមិ Chuong អំបុក Me Tri បទពិសោធន៍ស្មូនគ្រឿងភាជន៍ Bat Trang ទស្សនារបាំអាយ៉ងទឹក Dao Thuc សាកល្បងសរសេរអក្សរផ្ចង់។ លោក Dang Minh Ve នាយករងសារមន្ទីរហាណូយបានឲ្យដឹងថា៖

"យុវជន សិស្សានុសិស្ស និងនិស្សិតនៅទីក្រុងហាណូយ និងបណ្ដាខេត្តក្រុងភាគខាងជើង គឺជាមុខសញ្ញា ដែលយើងខ្ញុំផ្ដោតលើក្នុងការងារអប់រំ។ ជាមួយនឹងវត្ថុបុរាណដើម យើងខ្ញុំនឹងអប់រំដោយផ្ទាល់តាមរយៈវត្ថុបុរាណនោះ"។

និន្នាការអប់រំបច្ចុប្បន្ននៅក្នុងសារមន្ទីរនាបច្ចុប្បន្ន ត្រូវបានយកចិត្តទុកដាក់កាន់តែច្រើន ដោយនាំមកនូវបទពិសោធន៍ដ៏មានអត្ថន័យជាច្រើនដល់សាធារណជនដែលមកទស្សនា។ ការអភិវឌ្ឍ និងរៀបចំសកម្មភាពអប់រំនៅសារមន្ទីមិនត្រឹមតែរួមចំណែកនាំកម្មវិធីបទពិសោធន៍បេតិកភណ្ឌវប្បធម៍វៀតណាមឲ្យកាន់តែខិតជិតដល់សាធារណជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យសារមន្ទីរក្លាយជាគោលដៅគួរឱ្យចាប់អារម្មណ៍ និងមានប្រយោជន៍ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ