គំនូរលើជញ្ជាំងរីកសាយភាយភាពស្រស់ស្អាត

(VOVWORLD) -  នាពេលថ្មីៗនេះ នៅលើជញ្ជាំងចាស់ ដុសផ្សិតតាមដងផ្លូវមួយចំនួនក្នុងខ័ណ្ឌThu Duc នៃទីក្រុងហូជីមិញ ត្រូវបានតុបតែងដោយរូបភាពរស់រវើកនិងទាក់ទាញភ្នែកណាស់។ នោះជាលទ្ធផលនៃការច្នៃប្រឌិត ការខិតខំប្រឹងប្រែងរបស់អតីតយុទ្ធជនដើម្បីអបអរសាទរមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ហើយថែមទាំងចូលរួមចំណែកក្នុងការផ្សព្វផ្សាយនូវសារអប់រំប្រជាជនអនុវត្តរបៀបរស់នៅបែបស៊ីវិល័យនិងទំនើបផងដែរ។

គំនូរលើជញ្ជាំងរីកសាយភាយភាពស្រស់ស្អាត - ảnh 1ផ្ទាំងគំនូរជញ្ជាំងត្រូវបានស្នើឡើងដោយសមាគមអតីតយុទ្ធជននៃសង្កាត់ Binh Chieu (រូបថត៖ VOV) 

កាលពីមុននេះ ផ្លូវលេខ ២១ និង ២២ ធ្លាប់ជាចំណុចខ្មៅដែលពេញទៅដោយសំរាមនៅទីប្រជុំជនលេខ១ សង្កាត់ Binh Chieu ខ័ណ្ឌ Thu Duc នៃទីក្រុងហូជីមិញ។ ជញ្ជាំងឥដ្ឋមានកម្ពស់ ៣ ម៉ែត្រ ស្ថិតតាមបណ្តោយផ្លូវទាំងពីរនេះ គឺត្រូវជនខិលខូចគូរផ្តេសផ្តាស  បិទផ្សាយពាណិជ្ជកម្មលើជញ្ជាំងនិងចាកសំរាមសំរាមបំពុលបរិស្ថាន និងគួរឲ្យអាក្រក់មើលណាស់។ ចាប់តាំងពីឆ្នាំ ២០១៨ មក សមាគមអតីតយុទ្ធជនបានស្នើឱ្យគូររូបគំនូរលើជញ្ជាំងដើម្បីផ្សព្វផ្សាយនិងលើកទឹកចិត្តដល់ប្រជាជននិងអង្គការមហាជនឱ្យរួមគ្នាកសាងតំបន់លំនៅដ្ឋានវប្បធម៌និងថែរក្សាអនាម័យ។ គ្រាន់តែជាងមួយខែក្រោយមកគំនូរចំនួន ១៣ ផ្ទាំង ជាប់ក្បែរគ្នា ដែលមានប្រវែងជិត ៤០ ម៉ែត្រត្រូវបានបង្ហើយយ៉ាងស្អាត។

នៅឆ្នាំ ២០១៩ ដោយប្រសិទ្ធភាពពីចង្កោមគំនូរដែលខ្លួនបានអនុវត្តន៍នោះ សមាគមអតីតយុទ្ធជននៃសង្កាត់ Binh Chieu បានបន្តគូររូបគំនូរ ក្រោមចំណងជើងថា “វៀតណាម - កំណាត់ផ្លូវប្រវត្តិសាស្ត្រ”។ បន្ទាប់ពី ២ ខែមក គំនូរចំនួន ២១ ផ្ទាំង ដែលមានប្រវែងសរុប ៦៣ ម៉ែត្រ ដែលបង្ហាញពីប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ ត្រូវបានបង្ហើយជាស្ថាពរ។ ផ្ទាំងគំនូរទាំងនេះ បានស្តែងចេញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ ចាប់ពីអំឡុងពេលបណ្តាស្តេច Hung កសាងប្រទេស ការតស៊ូដ៏យូរអង្វែងដើម្បីរំដោះប្រទេសជាតិ រហូតដល់ទទួលបានជ័យជំនះទាំងស្រុង នៃមហាជ័យជំនះដ៏អស្ចារ្យនិទាឃរដូវ ឆ្នាំ១៩៧៥ រំដោះខាងត្បូង ឯកភាពប្រទេសជាតិ។

គំនូរលើជញ្ជាំងរីកសាយភាយភាពស្រស់ស្អាត - ảnh 2ដងផ្លូវ“ វៀតណាម - កំណាត់ផ្លូវប្រវត្តិសាស្ត្រ” អនុវត្តនៅឆ្នាំ ២០១៩ (រូបថត៖ VOV)

យោងតាមប្រសាសន៍របស់លោក Nguyen Ngoc Anh ប្រធានសមាគមអតីតយុទ្ធជននៃសង្កាត់ Binh Chieu បានឱ្យដឹងថា នៅដើមឆ្នាំ ២០២០ សមាគមបានគូរនូវរូបគំនូដោយផ្សព្វផ្សាយអំពីគោលនយោបាយរបស់បក្ស រដ្ឋ និងអបអរសាទរ មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ ក្រោយរយៈពេលជិត ៣ ខែមក សមាគមបានគូរបង្ហើយគំនូរចំនួន ២៥ ផ្ទាំង ដែលមានប្រវែងសរុប ២០០ ម៉ែត្រ ដោយឆ្លុះបញ្ចាំងពីការឆ្លើយតបយ៉ាងសកម្មរបស់ប្រជាជនគ្រប់ស្រទាប់ ក្នុងការចលនាកសាងជីវភាពវប្បធម៌ ទីក្រុងស៊ីវិល័យ រួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក Nguyen Ngoc Anh បានឲ្យដឹងថា៖ “ផ្ទាំងគំនូរទាំងនេះមិនត្រឹមតែអប់រំក្មេងជំទង់និងប្រជាជនឱ្យយល់ពីប្រពៃណីប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀត ណាមប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ប្រពៃណីនោះនៅក្នុងសម័យកាល និងជួយប្រជាជនយល់ដឹងកាន់តែច្បាស់អំពីកិច្ចការពារបរិស្ថាន មិនចោលសំរាមផ្តេសផ្តាស មិនផ្សព្វផ្សាយពាណិជ្ជកម្ម ដែលធ្វើឲ្យរូបភាពទីក្រុងអាក្រក់មើលណាស់”។

ចំណង់ចំណូលចិត្តនិងផលិតផលជាគំនូរចម្រុះពណ៌ដ៏ស្រស់ស្អាតរបស់អតីតយុទ្ធជនបានធ្វើឲ្យប្រជាជនក្នុងតំបន់មានការភ្ញាក់ផ្អើល កោតសរសើរនិងពេញចិត្តប្រតិបត្តិតាមរយៈអត្ថន័យដែលឆ្លុះបញ្ជាំងនៅលើផ្ទាំងគំនូរនីមួយៗ។  លោក Tran Xuan Vinh ប្រជាជនមួយនាក់នៅផ្លូវលេខ ២១ សង្កាត់ Binh Chieu បានឲ្យដឹងថា៖ “ពីមុននេះ ផ្លូវដែលមិនទាន់មានគំនូលើជញ្ជាំង ប្រជាជនតែងតែចាកសំរាម ហើយតាំងពីពេលមានគំនូរ លើជញ្ជាំងមក អ្នកស្រុកហាក់ដូចជា ផ្លាស់ប្តូរមនសិការរបស់ខ្លួន ដោយលែងចោលសំរាមតែម្តង”។

គំនូរលើជញ្ជាំងរីកសាយភាយភាពស្រស់ស្អាត - ảnh 3ផ្ទាំងគំនូរខ្លះរបស់សមាគមអតីតយុទ្ធជននៃសង្កាត់ Binh Chieu 

យោងតាមលោកស្រី Truong Hoang Yen លេខាគណៈកម្មាធិការបក្ស សង្កាត់ Binh Chieu ថា សំណង់គូរគំនូររបស់សមាគមអតីតយុទ្ធជន បានអូសបន្លាយអស់រយៈពេល ២ ឆ្នាំហើយ ដែលមានអត្ថន័យយ៉ាងធំធេងក្នុងការឃោសនានិងផ្សព្វផ្សាយពីគោលនយោបាយរបស់បក្ស រដ្ឋនិងប្រវត្តិសាស្ត្រនៃការកសាងនិងការពារប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានេះ ដែរ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលំអរការបំពុលបរិស្ថាន៖ “ក្នុងរយៈពេល ៣ ដំណាក់កាល គម្រោងគូរគំនូរសរុបមានទំហំ ៥៤៨ ម៉ែត្រក្រឡា។ ក្រៅពីការផ្សព្វផ្សាយអំពីគោលនយោបាយនិងប្រវត្តិសាស្រ្តមក ការងារនេះក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមរួមគ្នាថែរក្សាសម្រស់ទីក្រុងក៏ដូចជារក្សាអនាម័យបរិស្ថាន”។

មិនត្រឹមតែស្ថិតក្នុងការគូររូបឃោសនាប៉ុណ្ណោះទេ សមាគមអតីតយុទ្ធជនសង្កាត់ Binh Chieu ថែមទាំងបំផុសចលនាប្រឡងប្រណាំងអបអរសាទរមហាសន្និបាតបក្សលើកទី ១៣ នោះគឺគូរផ្ទាំងរូបភាពឃោសនាដែលមានលក្ខណៈរស់រវើកដើម្បីជួយប្រជាជនយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ