ពិធីបុណ្យទាននិទាឃរដូវនៅទូទាំងប្រទេសវៀតណាម

(VOVWORLD) -  សម្រាប់ប្រជាជនវៀតណាម និទាឃរដូវគឺជារដូវនៃពិធីបុណ្យទាន។ ពិធីបុណ្យទាននិទាឃរដូវត្រូវបានប្រារព្ធឡើងយ៉ាងច្រើនបំផុត បើប្រៀប ធៀបទៅនឹងរដូវផ្សេងៗទៀតក្នុងឆ្នាំ ហើយបានប្រព្រឹត្តទៅនៅគ្រប់តំបន់ទាំងអស់ទូទាំងប្រទេសជាតិ។ ដំណើរទស្សនាកម្សាន្តនានិទាឃៈរដូវ ទាំងក្មេងទាំងចាស់សប្បាយរីករាយនិងជូនពរគ្នាឆ្នាំថ្មីប្រកបដោយសុខសន្តិភាព និងវិបុលភាព។

ពិធីបុណ្យទាននិទាឃរដូវនៅទូទាំងប្រទេសវៀតណាម - ảnh 1ទិដ្ឋភាពបើកពិធីបុណ្យវត្ត Huong ឆ្នាំ ២០២០ (រូបថត៖ baotintuc.vn)

ពិធីបុណ្យប្រពៃណីនិទាឃៈរដូវគឺជាសកម្មភាពរួមបញ្ចូលគ្នាមួយដែលរួមមានការយល់ឃើញនិងទស្សនៈរបស់ប្រជាជនលើជំនឿសាសនា វប្បធម៌និងសិល្បៈនៃក្រុមជនជាតិនីមួយៗ ចំពោះអ្វីដែលជាអាថ៌កំបាំងដ៏ពិសិដ្ឋនៃពិភពទេវភាព ក៏ដូចជាភាពសាមញ្ញនិងការពិតនៃជីវភាពប្រចាំថ្ងៃ។ តម្រូវការសម្រាប់ជីវភាពវប្បធម៍ខាងព្រលឹងវិញ្ញាណនិងសាសនា តាមរយៈពិធីបុណ្យទាននិទាឃៈរដូវ បានក្លាយជាសោភ័ណភាពមួយនៅក្នុងទំនៀមទម្លាប់របស់ប្រជាជនវៀតណាម ដែលត្រូវបានអភិរក្សនិងមរតកពីជំនាន់មួយទៅជំនាន់មួយ។ មកទស្សនាពិធីបុណ្យទាន មនុស្សគ្រប់រូបទំនងជាគ្មានកង្វល់ គ្មានទុក្ខព្រួយ ហើយកាន់តែមានជំនឿនិងសុទិដ្ឋិ និយមលើអ្វីៗដែលខ្លួនប្រាថ្នា។

ទន្ទឹមនឹងការអភិវឌ្ឍរបស់សង្គម ឆ្លងកាត់ពេលវេលា ពិធីបុណ្យទាននិទាឃរដូវ ជាពិសេសនៃពិធីបុណ្យប្រពៃណីកាន់តែបានរីកចម្រើនទាំងកំពស់និងខ្នាត ហើយរីកសាយភាយពាសពេញនិងទាក់ទាញសមាសធាតុសង្គមជាច្រើនចូលរួមផងដែរ។ លោកបណ្ឌិត Tran Huu Son អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសិល្បៈប្រជាប្រិយវៀតណាមបានឲ្យដឹងថា៖ “ពិធីបុណ្យទាននានិទាឃរដូវគឺជាពិធីបុណ្យចាប់ផ្តើមឆ្នាំថ្មី ហេតុដូច្នេះ អ្វីៗ ដែលយើងប្រាថ្នាចង់បានគឺសុទ្ធតែបានផ្តាំផ្ញើក្នុងពិធីបុណ្យទានទាំងនេះ។ នៅពេលទៅចូលរួមពិធីបុណ្យម្តងៗ ប្រជាជនមានអារម្មណ៍ជ្រះថ្លា ហាក់ដូចជាខ្លួនហៀបនឹងរកឃើញអ្វីមួយ ហើយមានអារម្មណ៍ដូចជាកំពុងត្រលប់មកផ្ទះវិញជាមួយសហគមន៍និងរស់នៅក្នុងបរិយាកាសមនុស្សសាស្ត្រ។ មនុស្សម្នាមកចូលរួមពិធីបុណ្យនិទាឃរដូវដោយស្មារតីរួបរួមគ្នា ដូចជាត្រលប់មកប្រភពដើមវិញអញ្ជឹង។ បរិយាកាសនៅដើមឆ្នាំធ្វើឱ្យមនុស្សគ្រប់គ្នាសុបិន្តអំពីអ្វីៗថ្មី សុបិនល្អបំផុត ស្រស់ស្អាតបំផុត និងជៀសវាងឧបទ្រុពចង្រៃ។ ដូច្នេះ មនុស្សគ្រប់គ្នាដែលចូលរួមក្នុងពិធីបុណ្យនិទាឃរដូវ បានធូរស្បើយក្នុងចិត្ត ទោះបីនៅមានកង្វល់ក្នុងជីវភាពប្រចាំថ្ងៃក៏ដោយក៏គ្រប់គ្នាសប្បាយចិត្តណាស់ផងដែរ”

ពិធីបុណ្យទាននិទាឃរដូវនៅទូទាំងប្រទេសវៀតណាម - ảnh 2បណ្ឌិត Nguyen Viet Chuc នាយកវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ Thang Long (រូបថត៖ hanoimoi.com.vn)

បច្ចុប្បន្ននេះ ជារៀងរាល់ឆ្នាំ ប្រទេសជាតិទាំងមូលមានពិធីបុណ្យទានទាំងធំទាំងតូចជាង ៨០០០ គិតជាមធ្យមក្នុងមួយថ្ងៃប្រទេសជាតិមានពិធីបុណ្យជិត ៣០។ ក្នុងនោះពិធីបុណ្យប្រវត្តិសាស្រ្តបដិវត្តមានចំនួន ៤%, ពិធីបុណ្យសាសនាមានចំនួន ១៦%, ពិធីបុណ្យប្រពៃណីមានចំនួន ៨០%, ហើយភាគច្រើនធ្វើឡើងនៅអំឡុងពេលនិទាឃរដូវ។ ពោលគឺ ពិធីបុណ្យវិហារស្តេច Hung (នៅខេត្ត Phu Tho) ពិធីបុណ្យវត្ត Huong (ហាណូយ) ពិធីបុណ្យទួល Dong Da  (ហាណូយ) និងពិធីបុណ្យយាយខ្មៅ (នៅខេត្ត Tay Ninh) ជាដើម សុទ្ធតែជាពិធីបុណ្យនិទាឃរដូវតាមប្រពៃណីដែលទាក់ទាញភ្ញៀវទេសចរជាច្រើនទាំងជិតនិងឆ្ងាយមកទស្សនា។ បណ្ឌិត Ban Tuan Nang នៅវិទ្យាស្ថានវប្បធម៌និងអភិវឌ្ឍន៍ បណ្ឌិត្យសភានយោបាយហូជីមិញបានឲ្យដឹង ថា៖ “ប្រទេសវៀតណាមមានក្រុមជនជាតិចំនួន ៥៤ ត្រូវបានចាត់ទុកជាសម្បត្តិវប្បធម៌ចំនួន ៥៤ ដែរ។ យ៉ាងណាមិញ ពិធីបុណ្យជាង ៨០០០ ដែលខ្ញុំគិតថាមិនប្រាកដថាជាតួរលេខចុងក្រោយនោះទេ ហើយអាចមានច្រើនជាងនេះទៅទៀត។ ពីព្រោះ តាមពិតក្រុមជនជាតិខ្លះបានបាត់បង់ពិធីបុណ្យទានផ្ទាល់ខ្លួន ហើយកំពុងទន្ទឹងរងចាំរដ្ឋនឹងវិនិយោគដើម្បីធ្វើឱ្យពិធីបុណ្យនេះរស់រានឡើងវិញ។ រដូវបុណ្យនិទាឃរដូវគឺជាតម្រូវ ការដើម្បីចែករំលែកអារម្មណ៍ខាងព្រលឹងវិញ្ញាណនិងជំនឿជាក់នៅក្នុងសហគមន៍”

ដូចទៅនឹងពិធីបុណ្យធម្មតាដែរ នៅក្នុងពិធីបុណ្យទាននិទាឃរដូវតាមប្រពៃណីតែងតែចែកជាពីរផ្នែកគឺពិធីសែននិងពិធីបុណ្យ។ អាស្រ័យលើពេលវេលា ទំហំនិងលក្ខណៈរបស់ក្រុមជនជាតិនីមួយៗ បានជាពិធីបុណ្យនីមួយៗ មានទំនាក់ទំនងខាងព្រលឹងវិញ្ញាណនិងសាសនាខុសគ្នា។ ហើយក្នុងឱកាសនេះ ប្រជាជនគោរពបូជាព្រះអាទិទេព បុព្វបុរស គោរពវីរបុរសជាតិដែលមានគុណូបការៈជំពោះប្រទេសជាតិ។  ពិធីបុណ្យនិទាឃរដូវបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រពៃណីប្រជាប្រិយ រួមចំណែកអភិរក្សនិងអភិវឌ្ឍន៍ក៏ដូចជាលើកកម្ពស់វប្បធម៌វៀតណាមផងដែរ។ បណ្ឌិត Nguyen Viet Chuc នាយកវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ Thang Long បានសង្កត់ធ្ងន់ថា៖ “នៅពេលនិយាយអំពីការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ពិតណាស់ត្រូវតែមានវប្បធម៌ប្រជាប្រិយ។ វប្បធម៌ប្រជាប្រិយមិនត្រឹមតែនិយាយអំពីការច្រៀងនិងការសម្តែងប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងគឺជាប្រាជ្ញារបស់ប្រជាជាតិទាំងមូលផងដែរ។ ប្រសិនបើអ្នករក្សាវប្បធម៌ប្រជាប្រិយបាន មានន័យថា អ្នកអាចរក្សាវប្បធម៌ជាតិបានពិតប្រាកដ”

និទាឃរដូវគឺជាការចាប់ផ្តើមនៃឆ្នាំថ្មី ដែលជាសញ្ញាបង្ហាញពីការអភិវឌ្ឍដ៏ចម្រុងចម្រើន។  រដូវផ្ការីកមកដល់នៅពេលដែលរុក្ខជាតិនិងផ្កាកំពុងរីកស្គុះស្គាយ បង្អួតសម្រស់ជាមួយមេឃនិងដីនិងទាក់ទាញដួងចិត្តរបស់មនុស្សគ្រប់គ្នា។ ពិធីបុណ្យទាននិទាឃរដូវបានបណ្ដុះអារម្មណ៍ប្រជាជន ដឹងគុណចំពោះបុព្វបុរស។ ពិធីបុណ្យនិទាឃរដូវ នាំមនុស្សឱ្យស្វែងរកសច្ច - ភាពល្អបរិសុទ្ធ - សោភណភាព គោរពអតីតកាល ឈានដល់អនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ