សិល្បករវ័យក្មេងនាំសិល្បៈចម្រៀងប្រជាប្រិយ cheo ទៅកាន់សាធារណជន

(VOVWORLD) - នាពេលថ្មីៗនេះ កំលោះមួយក្រុមនៅខេត្ត Nam Dinh បានបង្កើតក្រុមចម្រៀង “កំលោះៗនៃតំបន់ដី Nam Dinh” ដោយសម្តែងឈុតចម្រៀងប្រជាប្រិយ cheo។ ជាមួយនឹងស្ទីលបែបយុវវ័យនិងស្រស់ស្រាយ ការសម្តែងរបស់ក្រុមនេះ ទាក់ទាញការចាប់អារម្មណ៍និងស្រលាញ់រាប់អានរបស់អ្នកទស្សនាជាច្រើននៅលើបណ្តាញសង្គម រួមចំណែកនាំយកសិល្បៈចម្រៀងប្រជាប្រិយ Cheo ទៅកាន់សាធារណៈជន។

សិល្បករវ័យក្មេងនាំសិល្បៈចម្រៀងប្រជាប្រិយ cheo  ទៅកាន់សាធារណជន - ảnh 1សិល្បៈករ Lai Thanh Minh (ឆ្វេង) អ្នកដែលបង្កើតក្រុមកំលោះៗ នៃតំបន់ Nam Dinh  (រូបថត៖ VOV)

ដ្បិតតែមិនមានឆាកសំដែងដ៏ធំឬឈុតសម្លៀកបំពាក់សម្តែងដូចគេដូចឯងក៏ដោយ ប៉ុន្តែក្រុម “កំលោះៗ នៃតំបន់ដី Nam Dinh”  ត្រូវបានបង្កើតឡើងដោយសិល្បៈករចម្រៀង Cheo លោក Lai Thanh Minh ដែលលោកកំពុងធ្វើការនៅរោងមហោស្រពសិល្បៈប្រពៃណី ខេត្ត Nam Dinh។ ក្រុមបានថតឈុតសម្តែងរបស់ខ្លួននៅក្នុងបន្ទប់ហាត់សមរបស់ខ្លួន រួចហើយបង្ហោះលើបណ្ដាញសង្គម។ ទោះបីជាទើបតែបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ២០២១ ក៏ដោយ ក៏ឈុតសម្តែងរបស់សិល្បករបុរសវ័យក្មេងចំនួន ៦ នាក់នេះ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីបណ្តាញសង្គមនិងមានមនុស្សរាប់ពាន់នាក់ចែករំលែកយ៉ាងឆាប់រហ័សនៅក្នុងក្រុមដែលស្រឡាញ់សិល្បៈប្រពៃណីនៅលើបណ្តាញ facebook ។ សិល្បករ Lai Thanh Minh បាននិយាយថា៖ “ដោយសារស្ថានការណ៍ជំងឺរាតត្បាតកូវីដ្ឋ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហេតុដូច្នេះ  ទម្រង់សិល្បៈទូទៅនិងសិល្បៈចម្រៀង Cheo និយាយដោយឡែក មិនអាចសម្តែងបម្រើប្រជាជននិងមហាជនបានឡើយ។ ខ្ញុំមានគំនិតចង់ប្រមូលផ្តុំសិស្សមួយចំនួនរបស់ខ្លួនមកហាត់សមនិងថតឈុតសម្តែងនេះ បង្ហោះ លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយដល់មហាជនដែលស្រលាញ់សិល្បៈចម្រៀងប្រជា ប្រិយ cheo សំដៅបម្រើទស្សនិកជនផងក៏ដូចជាលើកស្ទួយសិល្បៈចម្រៀង cheo ដល់មហា ជនផង។ យើងមិនជ្រើសរើសសំលៀកបំពាក់សម្តែងនៅលើឆាកទេ ខ្ញុំជឿថា អ្វីដែលសាមញ្ញបំផុតគឺងាយស្រួលបំផុត និងទទួលបានប្រជាប្រិយភាពខ្លាំងបំផុតពីទស្សនិកជនជាពុំខាន”។

សមាជិកភាគច្រើននៅក្នុងក្រុម “កំលោះៗ នៃតំបន់ដី Nam Dinh”  គឺជានិស្សិតថ្នាក់បរិញ្ញាបត្រជំនាញច្រៀងចម្រៀង Cheo នៅសាកលវិទ្យាល័យល្ខោននិងភាពយន្ត។ Pham Quoc Huy និស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យសិល្បៈល្ខោននិងភាពយន្ត បានចែករំលែកថា៖ “ខ្ញុំមើលឃើញថា សិល្បៈចម្រៀងប្រជាប្រិយ cheo ជាសិល្បៈប្រពៃណីដ៏វិសេសវិសាលមួយរបស់ប្រជាជាតិ ហើយម្យ៉ាងទៀត ក្នុងសិល្បៈចម្រៀង cheo ខ្ញុំឃើញថាពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ និងមេរៀនដ៏ជ្រាលជ្រៅបំផុត។ ខ្ញុំចង់ក្លាយជាយុវជនជំនាន់ក្រោយម្នាក់ក្នុងការអភិរក្សនិងលើកតម្កើងប្រពៃណី ដោយបុព្វបុរសបន្សល់ទុកមក”។

សិល្បករវ័យក្មេងនាំសិល្បៈចម្រៀងប្រជាប្រិយ cheo  ទៅកាន់សាធារណជន - ảnh 2សិល្បៈករ  Lai Thanh Minh និងសិល្បករវ័យក្មេងនៃក្រុម (រូបថត៖ VOV)

ភាពសាមញ្ញនិងស្និទ្ធស្នាល រួមទាំងចំណង់ចំណូលចិត្តចំពោះសិល្បៈចម្រៀង cheo របស់សិល្បករវ័យក្មេងទាក់ទាញការចាប់អារម្មណ៍និងការនិយមចូលចិត្តយ៉ាងខ្លាំងរបស់សាធារណជន។ ដោយបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពច្រៀង និងលក្ខណៈរីកសុះសាយនៃឈុតសម្តែងរបស់សិល្បករវ័យក្មេងនៅតំបន់ដី Nam Dinh នេះ សិល្បករប្រជាជន Doan Thanh Binh គ្រូគំរូនៃភូមិ Cheo បាននិយាយថា៖ “ជាមួយនិងកម្លាំងយុវជន ដែលប្អូនៗត្រឹមតែរៀនឆ្នាំទី១ នៃសាកលវិទ្យាលយ័សិល្បៈនិងភាពយន្ត ដេប៉ាតឺម៉ង់មហោស្រពជាតិនិងល្ខោន ប៉ុន្តែប្អូនៗ ច្រៀងបានដូចច្នោះ ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំស្រលាញ់ក្រុមនេះខ្លាំងណាស់។ ការច្រៀងពាក្យពេជន៍យ៉ាងក្បោះក្បាយ គឺពិបាកណាស់ ជាពិសេសការដាក់សញ្ញាសួរ។ ប៉ុន្តែប្អូនៗ ធ្វើបានល្អណាស់ ខ្ញុំគិតថានេះគឺជាលក្ខណៈស្រស់ស្អាតក្នុងសិល្បៈប្រពៃណីនិយាយរួមនិងសិល្បៈចម្រៀង cheo និយាយដោយឡែកហើយយើងគួរតែរក្សាទុក”។

 ដោយមានសំឡេងពិរោះសណ្តំ ការសម្របសម្រួលស៊ីចង្វាក់គ្នារបស់ក្រុម សិល្បករវ័យក្មេងចំនួន ៦ នាក់បានសំដែងបទភ្លេងបុរាណយ៉ាងពីរោះ។ ការច្រៀងរបស់យុវជនមិនត្រឹមតែទទួលបានការឆ្លើយតបពីអ្នកស្រលាញ់សិល្បៈបុរាណប៉ុណ្ណោះទេថែមទាំងទាក់ទាញការចាប់អារម្មណ៍ពីយុវវ័យទៀតផង។ Trinh Thi Nga អ្នកស្តាប់នៅខេត្ត Ninh Binh មានអារម្មណ៍ថា៖ “ខ្ញុំកម្របានស្តាប់ចម្រៀង cheo ណាស់ ប៉ុន្តែតាំងពីមើលឃ្លីបក្រុមកំលោះក្មេងៗនៅ Nam Dinh ច្រៀង cheo បុរាណមក ខ្ញុំមិននឹកស្មានថា សំលេងនឹងពិរោះបែបនេះទេ។ យុវជន ៦ នាក់ច្រៀងដោយស៊ីចង្វាក់គ្នាខ្លាំងណាស់។ ស្តាប់ហើយចង់ស្តាប់ទៀត ខ្ញុំបានតាមដាន facebook page ដើម្បីអាប់ដេតឈុតសម្តែងថ្មីៗដែរ”។

ក្នុងនាមជាអ្នកស្រលាញ់ចង្វាក់ចម្រៀងបុរាណ អ្នកស្រី Nguyen Hong Hai នៅខេត្ត Thanh Hoa បាននិយាយថា៖ “ខ្ញុំបានមើលឃ្លីប ខ្ញុំឃើញគេច្រៀងបានពីរោះណាស់ សម្តែងបែបធម្មជាតិ និរន្តរ៍តែស៊ីចង្វាក់គ្នាខ្លាំងណស់។ ឃ្លីបច្រៀងចម្រៀង cheo  របស់ក្រុមនេះ ទោះបីមិនស្លៀកឈុតសម្តែង ប៉ុន្តែមានភាពស្និទ្ធស្នាលក្នុងការរស់នៅប្រចាំថ្ងៃ ក្មេងៗជំនាន់ក្រោយ ច្រៀងចម្រៀងប្រជាប្រិយ cheo ពិរោះណាស់ សម្លេងកក់ក្តៅ ហាក់ដូចជាពោរពេញទៅដោយមន្តស្នេហ៍អាជីពអញ្ជឹង”។

នាពេលថ្មីៗនេះ  “ក្រុមកំលោះៗ នៃតំបន់ដី Nam Dinh”  និងក្រុមចម្រៀង Cheo មកពីទីក្រុងហាណូយ, Thai Binh និង Ninh Binh ... បានសម្តែងនៅតាមវិទ្យាល័យនានាក្នុងខេត្ត Nam Dinh។ “ក្រុមបុរសៗនៃតំបន់ដី Nam Dinh”  តែងតែសម្តែងដោយមិនគិតថ្លៃនៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌នៃវិថីបុរាណនៅលេខ ៥០ Dao Duy Tu ទីក្រុងហាណូយ ដើម្បីផ្សព្វផ្សាយសិល្បៈចម្រៀងប្រពៃណី Cheo របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ