Ba Ria - Vung Tau នាំមុខគេ​នៅទូទាំង​ប្រទេសក្នុងការទាក់ទាញ FDI

(VOVWORLD) - នាប៉ុន្មានខែដើមឆ្នាំនេះ ខេត្ត Ba Ria - Vung Tau មានគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចុះបញ្ជីថ្មីចំនួន ១៨គម្រោង ដោយមានទុនវិនិយោគសរុបជាង ១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៤២ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនគម្រោងដែលបានកែសម្រួលបង្កើនដើមទុនក៏បានកើនឡើង ១,៣ ដងផងដែរ។ ជាមួយនឹងតួលេខខាងលើ នេះជាលើកដំបូងហើយ ដែលខេត្ត Ba Ria - Vung Tau នាំមុខគេនៅទូទាំងប្រទេស ក្នុងការទាក់ទាញទុន FDI ។ លទ្ធផលនេះគឺសម្រេចបានដោយមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាពីអាជ្ញាធរមូលដ្ឋាន។

ក្នុងនាមជាមណ្ឌលឧស្សាហកម្មឯកទេសតែមួយគត់នៅវៀតណាម កាលពីឆ្នាំ ២០១៨ មណ្ឌលឧស្សាហកម្ម Phu My ៣ (ឃុំ Phuoc Hoa ទីក្រុង Phu My ខេត្ត Ba Ria - Vung Tau) ត្រូវបានសាងសង់ឡើងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាមនិងជប៉ុន។ មកទល់ពេលនេះ Phu My ៣ បានទាក់ទាញវិនិយោគិនចំនួន ៤៤ ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ គីមី និងគីមីឥន្ធនៈ មកពីជប៉ុន កូរ៉េខាងត្បូង ចិន និងសមាជិកសហភាពអឺរ៉ុប (EU)មួយចំនួន  ជាមួយនឹងដើមទុនសរុបចំនួន ៣ ពាន់លានដុល្លារអាមេរិក។

Ba Ria - Vung Tau នាំមុខគេ​នៅទូទាំង​ប្រទេសក្នុងការទាក់ទាញ FDI - ảnh 1ប្រព៍ន្ធគីមីឥន្ធនៈភាគខាងត្បូង មានទុនវិនិយោគសរុបចំនួន ១៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ១/៣ នៃដើមទុនសរុបរបស់ប្រទេសថៃដែលបានវិនិយោគនៅវៀតណាម។ រូបថត៖ Luu Son

លោក Kazama Toshio សមាជិកក្រុមប្រឹក្សាភិបាល អគ្គនាយករង Phu My ៣ បានឲ្យដឹងថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ Phu My ៣ បានទាក់ទាញវិនិយោគិន FDI ចំនួន ៦ នាក់ដែលមានដើមទុនសរុប ៥០០ លានដុល្លារអាមេរិក។ មកទល់ពេលនេះ វិនិយោគិនចំនួន២ ទទួលបានអាជ្ញាប័ណ្ណហើយ ខណៈដែលវិនិយោគិន ៤នាក់ទៀត កំពុងបំពេញបែបបទសុំអាជ្ញាបណ្ណ។ ដោយពន្យល់ពីការទាក់ទាញរបស់ Ba Ria-Vung Tau ទៅកាន់វិនិយោគិនបរទេស លោក Kazama Toshio បានបញ្ជាក់ថា៖  “សម្រាប់ខេត្ត Ba Ria - Vung Tau គម្រោងដូចជា៖ ផ្លូវល្បឿនលឿន Bien Hoa - Vung Tau; Ben Luc - Long Thanh និងស្ពាន Phuoc An (តភ្ជាប់ Ba Ria-Vung Tau ជាមួយ Dong Nai) កំពុងបញ្ចប់ការសាងសង់ជាបណ្តើរៗ ហើយរំពឹងថានឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២៥។ គម្រោងទាំងនេះនឹងជួយ Phu My ៣ មិនត្រឹមតែតភ្ជាប់ទៅកាន់តំបន់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតភ្ជាប់ទៅតំបន់ដីសណ្ដទន្លេ Cuu Long ខេត្ត Dong Nai និង ខេត្ត Binh Duong កាន់តែលឿននិងងាយស្រួលទៀតជាង”។

ដោយកំណត់ថា ដើម្បីទាក់ទាញការវិនិយោគ FDI ហេដ្ឋារចនាសម្ព័ន្ធគឺជាបញ្ហាសំខាន់ណាស់ ក្រៅពីការពន្លឿនការសាងសង់ប្រព័ន្ធគមនាគមន៍ក្នុងខេត្ត Ba Ria-Vung Tau ក៏បានជំរុញប្រព័ន្ធគមនាគមន៍អន្តរខេត្ត និងអន្តរតំបន់ផងដែរ។ ក្នុងឆ្នាំ ២០២៣ ខេត្ត Ba Ria-Vung Tau បានចាប់ផ្តើមសាងសង់គម្រោងធំៗចំនួន ៣ (ឆ្លងកាត់ទីរួមខេត្ត Phu My) រួមមាន៖ ផ្លូវល្បឿនលឿន Bien Hoa - Vung Tau ; ស្ពាន Phuoc An ; គម្រោងជួសជុលនិងពង្រីកខ្សែផ្លូវឆ្នេរសមុទ្រ Vung Tau - Binh Thuan (ផ្លូវ ៩៩៤)។ លោក Nguyen Van Thắm ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Phu My បានឲ្យដឹងថា ៖ “ដើម្បីបម្រើដល់ប្រព័ន្ធកំពង់ផែ Cai Mep - Thi Vai ខេត្តកំពុងដាក់ពង្រាយផ្លូវលេខ ៩៩១B តភ្ជាប់ផ្លូវលេខ ៩៩២ និងច្រកចូលផ្លូវល្បឿនលឿន Bien Hoa - Vung Tau។ ខេត្តក៏កំពុងរៀបចំផែនការវិនិយោគលើផ្លូវក្រវ៉ាត់ក្រុងលេខ៤ (ទីក្រុងហូជីមិញ) ដើម្បីតភ្ជាប់ជាមួយ Dong Nai និងច្រកចូលផ្លូវល្បឿនលឿន Bien Hoa - Vung Tau។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខាងលើនឹងក្លាយជាលក្ខខណ្ឌមួយសម្រាប់វិនិយោគិននឹងនរចិត្តនៅពេលវិនិយោគ”។

Ba Ria - Vung Tau នាំមុខគេ​នៅទូទាំង​ប្រទេសក្នុងការទាក់ទាញ FDI - ảnh 2លោក Kazama Toshio សមាជិកក្រុមប្រឹក្សាភិបាល អគ្គនាយករង Phu My ៣ បានចាត់ទុកថា  Ba Ria - Vung Tau មានគុណសម្បត្តិជាច្រើនក្នុងការទាក់ទាញវិនិយោគិនបរទេស។ រូបថត៖ Luu Son

មិនត្រឹមតែមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍អភិវឌ្ឍន៍ និងទីតាំងភូមិសាស្រ្តអំណោយផលប៉ុណ្ណោះទេ វិនិយោគិន FDI ជាច្រើនបានសម្រេចចិត្តវិនិយោគនៅខេត្ត Ba Ria - Vung Tau ដោយសារបរិយាកាសវិនិយោគអំណោយផល ហើយអាជ្ញាធរមូលដ្ឋានតែងតែចែករំលែក និងអមដំណើរជាមួយវិនិយោគិន។

យោងតាមលោក Chansak Chirawatpongsa នាយកក្រុមហ៊ុនចម្កាត់គីមីឥន្ធនៈ Long Son (LSP) បានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការនៅវៀតណាមក្នុងឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ LSP តែងតែទទួលបានការគាំទ្រយ៉ាងល្អ ទាក់ទងនឹងនីតិវិធីរដ្ឋបាល ដីធ្លី និងគោលនយោបាយពន្ធដារ៖  “ខេត្ត Ba Ria - Vung Tau មានជួរកម្មាភិបាលដែលមានសមត្ថភាពខ្ពស់ មកពីមន្ទីរ និងសាខានានា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រគ្រប់នីតិវិធីទាំងអស់សម្រាប់វិនិយោគិន FDI រួមទាំង LSP ផងដែរ។ ពួកគេជានិច្ចកាលអមដំណើរ និងយល់ដឹងវិនិយោគិន។ អាជ្ញាធរខេត្ត Ba Ria - Vung Tau ក៏បានផ្តល់ប្រឹក្សាយ៉ាងទាន់ពេលវេលាសម្រាប់ LSP ក្នុងការអភិវឌ្ឍន៍គម្រោងផងដែរ”។

ខេត្ត Ba Ria-Vung Tau ក៏យកចិត្តទុកដាក់លើការបង្កើតមូលនិធិដីធ្លីស្អាត ប្រកបដោយតម្លាភាព ផ្តល់ព័ត៌មាន និងនីតិវិធីរដ្ឋបាល ដើម្បីឱ្យវិនិយោគិនទទួលបាននិងសម្រេចចិត្តវិនិយោគ។ លោក Le Ngoc Linh នាយកមន្ទីរផែនការ និងវិនិយោគខេត្ត Ba Ria - Vung Tau បានបញ្ជាក់ថា៖ “ក្នុងការទាក់ទាញការវិនិយោគ ខេត្ត Ba Ria - Vung Tau ជានិច្ចកាលកំណត់ទស្សនៈនៃការទាក់ទាញការវិនិយោគដោយមានការជ្រើសរើសដោយជ្រើសរើសគម្រោងធំៗ ជាមួយនឹងបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាខ្ពស់ ស្និទ្ធស្នាលជាមួយបរិស្ថាន និងមិនប្រើប្រាស់កម្លាំងពលកម្មច្រើនពេក។ ខេត្តតែងតែយកចិត្តទុកដាក់លើការកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មរបស់ធុរកិច្ច ដោយប្តេជ្ញារួមដំណើរជាមួយធុរកិច្ចក្នុងស្រុក និងបរទេស ដើម្បីធានាឱ្យវិនិយោគិនសម្រេចបានលទ្ធផលល្អបំផុត”។

ការនាំមុខគេនៅទូទាំងប្រទេសក្នុងការទាក់ទាញទុន FDI នាប៉ុន្មានខែដើមឆ្នាំបានបង្ហាញថា ដំណោះស្រាយកំណែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគ ការពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់ ... បាននាំមកនូវលទ្ធផលប្រកបដោយប្រសិទ្ធភាពសម្រាប់ខេត្ត Ba Ria - Vung Tau។ លទ្ធផលវិជ្ជមានទាំងនេះ បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ខេត្តក្លាយជាកត្តាជំរុញការអភិវឌ្ឍដ៏សំខាន់មួយរបស់ភូមិភាគអាគ្នេយ៍នាពេលអនាគត និងជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ចសមុទ្រជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ