កសាងយុទ្ធសាស្ត្រថ្មីក្នុងការងារ​ជំរុញពាណិជ្ជកម្ម

(VOVWORLD) - ការងារជំរុញពាណិជ្ជកម្មកំពុងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពដើម្បីជួយសហគ្រាសវៀតណាមក្នុងការពង្រីកទីផ្សារនាំចេញ បង្កើនតម្លៃម៉ាកយីហោ និងរួមចំណែកលើកកម្ពស់កិត្យានុភាព ឋានៈ និងអំណាចទន់របស់ជាតិ។ ឆ្នាំ ២០២៦ ត្រូវបានចាត់ទុកជាឆ្នាំដ៏សំខាន់មួយសម្រាប់វិស័យជំរុញពាណិជ្ជកម្មវៀតណាម ក្នុងការអនុវត្តតាមទិសដៅយុទ្ធសាស្ត្រថ្មីៗ ដោយផ្តោតលើបច្ចេកវិទ្យា និងការតភ្ជាប់ដើម្បីបង្កើតរបកគំហើញថ្មីៗ។

យោងតាមមជ្ឈដ្ឋានសេដ្ឋវិទូបានឲ្យដឹងថា នៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត ពាណិជ្ជកម្មពិភពលោកកំពុងឈានចូលដំណាក់កាលនៃការរៀបចំឡើងវិញយ៉ាងស៊ីជម្រៅ; ទីផ្សារធំៗកំពុងរឹតបន្តឹងរបាំងបច្ចេកទេស និងតម្រូវឲ្យបង្កើនស្តង់ដារគុណភាព សុវត្ថិភាព ការបញ្ជាក់ប្រភពដើម ការទទួលខុសត្រូវសង្គម។ល។ ការផ្លាស់ប្តូរទាំងនេះ នឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើសកម្មភាពផលិតកម្ម និងនាំចេញរបស់សហគ្រាស។ លោក Truong Van Cam អនុប្រធាននិងជាអគ្គលេខាធិការសមាគមវាយនភណ្ឌវៀតណាម បានស្នើរថា៖ 

“យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រ និងការបង្កលក្ខខណ្ឌអំណោយផលពីនាយកដ្ឋានជំរុញពាណិជ្ជកម្មនៅឆ្នាំ ២០២៦ ដើម្បីបង្កើតប្រភពធនធានសម្រាប់ការងារជំរុញពាណិជ្ជកម្ម។ យើងត្រូវរៀបចំផែនការតាំងពីដមបូង ដើម្បីជៀសវាងភាពអកម្មក្នុងការនាំចេញ; បន្តរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ពន្លឿនពាណិជ្ជកម្ម; រក្សាកិច្ចប្រជុំជំរុញពាណិជ្ជកម្មជាប្រចាំជាមួយបណ្តាសភាពាណិជ្ជកម្ម។ យើងខ្ញុំបានចាត់ទុកនេះជាបញ្ហាដ៏មានប្រសិទ្ធភាពខ្ពស់ ដែលសហគ្រាសមានការយកចិត្តទូកដាក់យ៉ាងខ្លាំង”

កសាងយុទ្ធសាស្ត្រថ្មីក្នុងការងារ​ជំរុញពាណិជ្ជកម្ម - ảnh 1រូបភាព៖ VGP

ក្នុងផែនការសកម្មភាពជំរុញពាណិជ្ជកម្ម ដំណាក់កាល ២០២៦ – ២០៣០ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានកំណត់គោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការនាំចេញប្រកបដោយចីរភាព ការផ្លាស់ប្តូររចនាសម្ព័ន្ធនាំចេញតាមទិសដៅកំណើនទាំងទំហំ និងគុណភាព; បង្កើនសមាមាត្រទំនិញឧស្សាហកម្មកែច្នៃ និងផលិតកម្ម ក្នុងទំហំនាំចេញសរុប។ ក្រៅពីនេះ ផែនការក៏បានទាមទារឱ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានូវម៉ាកយីហោជាតិ និងម៉ាកយីហោផ្នែកទំនិញ ដោយកសាងរូបភាពប្រទេសជាតិ អំពីផលិតផលដែលគួរឱ្យទុកចិត្ត ស្កេរភាព និងឆ្លាតវៃ។

ផែនការបានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខគឺ កំណើននាំចេញត្រូវបានរក្សានៅកម្រិតមធ្យមពី ៥-៦% ក្នុងមួយឆ្នាំ សមាមាត្រទំនិញកែច្នៃនិងផលិតកម្មនាំចេញសម្រេចបាន ៩០%។ កសាង និងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធអេកូឡូស៊ីជំរុញពាណិជ្ជកម្មឌីជីថលជាតិ ដោយធានាការតភ្ជាប់ទិន្នន័យពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន និងរួមបញ្ចូលនូវឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ (Big Data) បច្ចេកវិទ្យា Blockchain និងប្រព័ន្ធពាណិជ្ជកម្ម B2B ឆ្លងដែន។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឱ្យដឹងថា៖

កសាងយុទ្ធសាស្ត្រថ្មីក្នុងការងារ​ជំរុញពាណិជ្ជកម្ម - ảnh 2លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។ រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម

“យើងខ្ញុំបន្តអនុវត្តដោយច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាពនូវវិធីសាស្ត្រជំរុញពាណិជ្ជកម្មនានា ដែលក្នុងនោះស្នូលគឺកម្មវិធីថ្នាក់ជាតិស្តីពីការជំរុញពាណិជ្ជកម្ម ដោយសហការជាមួយមូលដ្ឋាននានា ដើម្បីដាក់ចេញនូវវិធីសាស្ត្រជាក់ស្តែងថ្មី។ យើងបានឃើញថា ជាមួយនឹងគោលដៅក្លាយជាប្រទេសឧស្សាហកម្មនៅឆ្នាំ២០៣០ និងជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ នោះតម្រូវការនាំចូលគ្រឿងចក្រ ឧបករណ៍ ក៏ដូចជាការផ្លាស់ប្តូរថ្មី និងការផ្ទេរ បច្ចេកវិទ្យាគឺធំធេងណាស់...។ ទាំងនេះក៏ជាភារកិច្ចដ៏សំខាន់បំផុតក្នុងការងារជំរុញពាណិជ្ជកម្មផងដែរ”

សេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីរបក់គំហើញក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ សេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនរបស់ការិយាល័យនយោបាយ និងផែនការកម្មវិធី Go Global ដំណាក់កាល ២០២៦-២០៣៥ បានដាក់ចេញតម្រូវការថ្មីសម្រាប់សកម្មភាពជំរុញពាណិជ្ជកម្មក្នុងដំណាក់កាល ២០២៦-២០៣០។ ទីមួយ គឺធ្វើពិពិធកម្មទីផ្សារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ ក្នុងនោះ សម្រាប់ទីផ្សារប្រពៃណី (អាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន កូរ៉េខាងត្បូង និងអាស៊ាន) ត្រូវបន្តពង្រឹង និងលើកកម្ពស់ការជ្រៀតចូលទីផ្សារ ដោយផ្តោតលើកម្រិតមធ្យមនិងកម្រិតខ្ពស់ បំពេញស្តង់ដារបៃតង និងការបញ្ជាក់ប្រភពដើម។ ចំពោះទីផ្សារដែលមានសក្តានុពល ត្រូវបង្កើននិងជំរុញខ្លាំងការងារជំរុញពាណិជ្ជកម្មទៅតាមផ្នែកទំនិញ ស្រាវជ្រាវទីផ្សារយ៉ាងស៊ីជម្រៅ និងពង្រីកបណ្តាញដៃគូ។ ទន្ទឹមនឹងនោះ ត្រូវអភិវឌ្ឍប្រព័ន្ធជំរុញពាណិជ្ជកម្មជាតិ ដោយតភ្ជាប់-ទំនើប-វិជ្ជាជីវៈ លើកកម្ពស់សមត្ថភាពសម្រាប់សមាគមផ្នែកទំនិញ និងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មមូលដ្ឋាន ធ្វើឌីជីថលលើមូលដ្ឋានទិន្នន័យ និងការគ្រប់គ្រងបណ្តាញជំរុញពាណិជ្ជកម្ម ក៏ដូចជាពង្រឹងហេដ្ឋារចនាសម្ព័ន្ធជំរុញពាណិជ្ជកម្មផងដែរ។ លោក Nguyen Viet San អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារបរទេស បានឱ្យដឹងថា៖ “បន្តអនុវត្តសកម្មភាពគាំទ្រសហគ្រាសតាមទិសដៅជាក់ស្តែង និងស៊ីជម្រៅផ្អែកលើទីផ្សារ និងផ្នែកទំនិញនីមួយៗ រៀបចំគណៈប្រតិភូជំរុញពាណិជ្ជកម្មទៅកាន់ទីផ្សារថ្មីៗ និងទីផ្សារគោលដៅដែលមានសក្តានុពល; ជំរុញខ្លាំងការអនុវត្តទម្រង់ជំរុញពាណិជ្ជកម្មថ្មីៗ រួបញ្ចូលដោយផ្ទាល់ជាមួយនឹងឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន; ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធការិយាល័យពាណិជ្ជកម្មរបស់វៀតណាម ក្នុងការជ្រើសរើសដៃគូ និងអ្នកបញ្ជាទិញ”
កសាងយុទ្ធសាស្ត្រថ្មីក្នុងការងារ​ជំរុញពាណិជ្ជកម្ម - ảnh 3អនុរដ្ឋមន្ត្រី Nguyen Sinh Nhat Tan ប្រកាសរបាយការណ៍ជំរុញពាណិជ្ជកម្មដំណាក់កាល ២០២១-២០២៥ និងទិសដៅយុទ្ធសាស្ត្រ ផែនការសកម្មភាពជំរុញពាណិជ្ជកម្មដំណាក់កាល ២០២៦-២០៣០។ រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម

ដំណាក់កាល ២០២៦–២០៣០ មានអត្ថន័យយ៉ាងសំខាន់ចំពោះដំណើរការលើកកម្ពស់ឋានៈរបស់វៀតណាមក្នុងខ្សែសង្វាក់តម្លៃសកល។ ប្រព័ន្ធអេកូឡូស៊ីជំរុញពាណិជ្ជកម្មដែលកំពុងត្រូវបានកសាង នឹងរួមចំណែកក្នុងការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព និងរួមដំណើរជាមួយសហគ្រាសវៀតណាមក្នុងដំណើរការពង្រីកទីផ្សារ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ