ការនាំចេញឆ្នាំ ២០២៦ ឆ្ពោះទៅរកគោលដៅកំណើនថ្មី
(VOVWORLD) - ការនាំចេញនៅឆ្នាំ ២០២៦ កំពុងចាប់ផ្តើមដំណើរថ្មីមួយ ដោយបង្កើនប្រាក់ចំណូលផង និងរៀបចំរចនាសម្ព័ន្ធកំណើនឡើងវិញផង។ នៅពេលដែល រដ្ឋាភិបាលដាក់ចេញគោលដៅកំណើននាំចេញ ១៥-១៦% នៅឆ្នាំនេះ ស្មើនឹង ៥៤៦-៥៥០ ពាន់លានដុល្លារ បញ្ហាសាកល្បងមិនគ្រាន់តែជាបញ្ហាទីផ្សារនោះទេ ប៉ុន្តែជាបញ្ហានៃគុណភាព ស្វ័យភាព និងភាពធន់នៃសេដ្ឋកិច្ចផងដែរ។
វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្មក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា ហើយចំនួនទីផ្សារដែលទទួលបានប្រាក់ចំណូលលើសពី ១ ពាន់លានដុល្លារបានកើនឡើងគួរឱ្យកត់សម្គាល់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បន្តដើរតួនាទីជា "គំនាស់" ជាពិសេស FTA ជំនាន់ថ្មីដូចជា CPTPP EVFTA និង RCEP បានបើកចេញបរិយាកាសទីផ្សារដ៏មានគុណភាព និងស្តង់ដារខ្ពស់។
ការនាំចេញឆ្នាំ ២០២៦ កំពុងចាប់ផ្តើមដំណើរថ្មីមួយ។ (រូបភាព៖ VOV) |
ទោះជាយ៉ាងណាក៏ដោយ អតិរេកពាណិជ្ជកម្មជាបន្តបន្ទាប់ មិនស្មើនឹងកម្លាំងផ្ទៃក្នុងដ៏ខ្លាំងក្លានោះទេ។ សមមាត្រតម្លៃបន្ថែមក្នុងស្រុកនៅក្នុងវិស័យនាំចេញសំខាន់ៗជាច្រើននៅតែមានកម្រិត; ការពឹងផ្អែកយ៉ាងខ្លាំងទៅលើការវិនិយោគផ្ទាល់ពីបរទេស(FDI) និងវត្ថុធាតុដើមនាំចូល ធ្វើឱ្យខឿនសេដ្ឋកិច្ចងាយរងគ្រោះនៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលត្រូវបានរំខាន។ ដូច្នេះហើយ "គោលដៅកំណើនថ្មី" នៅឆ្នាំ ២០២៦ គឺជាចំណុចនៃការផ្លាស់ប្តូររចនាសម្ព័ន្ធ។ ជាក់ស្តែង គឺការបង្កើនបច្ចេកវិទ្យា បង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម ពង្រឹងសហគ្រាសក្នុងស្រុក និងជាពិសេសការបន្តធ្វើពិពិធកម្មទីផ្សារ។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានបញ្ជាក់ថា៖ "ការធ្វើពិពិធកម្មទីផ្សារនាំចូល-នាំចេញគឺជាគោលនយោបាយមួយដើម្បីកាត់បន្ថយហានិភ័យនៃការពឹងផ្អែកខ្លាំងពេក លើទីផ្សារនាំចេញ ឬនាំចូលណាមួយ។ នៅពេលមានទីផ្សារហើយ ជំហានបន្ទាប់គឺការលើកកម្ពស់ពាណិជ្ជកម្ម ដែលរួមមានការកសាងម៉ាកយីហោ និងការប្រើប្រាស់វិធានការដូចជាការត្រួតពិនិត្យ ឬការតាមដានប្រភពដើម។ វិធានការទាំងនេះជួយឱ្យកិច្ចខិតខំប្រឹងប្រែងជំរុញពាណិជ្ជកម្មរបស់យើងកាន់តែមានប្រសិទ្ធភាព”។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទនៃលិទ្ធិគាំពារនិយមកាន់តែកើនឡើង ការធ្វើពិពិធកម្មមិនគ្រាន់តែជាការបើកទីផ្សារបន្ថែមទៀតនោះទេ ប៉ុន្តែអំពីការលើកកម្ពស់ស្តង់ដារផលិតផល ដើម្បីបំពេញតាមស្តង់ដារជាច្រើនក្នុងពេលដំណាលគ្នាទៀតផង។
តម្រូវការសម្រាប់ការតាមដានប្រភពដើម ស្តង់ដារពលកម្ម បរិស្ថាន និងជាពិសេសយន្តការកែប្រែកាបូនឆ្លងដែន កំពុងបង្កើតជា "របាំងបច្ចេកទេស" ថ្មីមួយ។ ប្រសិនបើសហគ្រាសមិនផ្លាស់ប្តូរបៃតងយ៉ាងឆាប់រហ័សទេ អត្ថប្រយោជន៍ពីការចំណាយទាបនឹងត្រូវបានលុបចោល។ ផ្ទុយទៅវិញ ប្រសិនបើយើងដើរឈានមុខគេក្នុងតម្លាភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងបច្ចេកវិទ្យាស្អាត សហគ្រាសវៀតណាមអាចប្រែក្លាយហានិភ័យទៅជាគុណសម្បត្តិប្រកួតប្រជែង។ ម្ចាស់ការបោះជំហានទៅមុខដោយការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាថ្មីៗ ក្នុងផលិតកម្ម និងបង្កើនតម្លៃគឺជាវិធីសាស្រ្តដែលសហគ្រាសវៀតណាមជាច្រើនកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ លោក Le Xuan Vy អនុប្រធានក្រុមហ៊ុន TNG Investment and Trading Joint Stock បានថ្លែងថា៖ “យើងកំពុងផ្តោតយ៉ាងខ្លាំងលើការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព គុណភាពផលិតផល និងបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយសហគ្រាស និងផលិតផលនាំចេញផ្សេងទៀត។ ការអនុវត្តបច្ចេកវិទ្យាថ្មីជួយសហគ្រាសឱ្យកែលម្អការរចនានិងគុណភាពផលិតផល ហើយបំពេញតម្រូវការកាន់តែខ្ពស់របស់អតិថិជន។ យើងបានកំណត់យុទ្ធសាស្ត្រស្នូលជាការវិនិយោគលើបច្ចេកវិទ្យា និងធនធានមនុស្ស។ ទាំងនេះគឺជាកត្តាសំខាន់ចំនួនពីរសម្រាប់សហគ្រាស ដើម្បីដោះស្រាយបញ្ហានៃការបង្កើនសមត្ថភាពប្រកួតប្រជែង ការរក្សាកំណើន និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពក្នុងដំណាក់កាលបច្ចុប្បន្ន”។
ការនាំចេញវាយនភណ្ឌនិងសម្លៀកបំពាក់ សម្រេចបានគោលដៅ ៥០ ពាន់លានដុល្លារនៅឆ្នាំ ២០២៦។ រូបថត៖ VOV |
នៅក្នុងបរិបទនៃការប្រកួតប្រជែងបច្ចេកវិទ្យាសកលយ៉ាងខ្លាំងក្លា ប្រទេសវៀតណាមកំពុងជំរុញការនាំចេញសេវាកម្ម ចាប់ពីបច្ចេកវិទ្យាព័ត៌មាន និងឡូជីស្ទិក រហូតដល់ហិរញ្ញវត្ថុ ទេសចរណ៍ និងការអប់រំ។ នេះមិនត្រឹមតែជួយធ្វើពិពិធកម្មប្រភពរូបិយប័ណ្ណបរទេសប៉ុណ្ណោះទេ ថែមទាំងបង្កើនប្រាក់ចំណេញ និងកាត់បន្ថយការពឹងផ្អែកលើធនធានទៀតផង។ នេះគឺជាទិសដៅសមស្របនឹងគោលដៅនៃការផ្លាស់ប្តូរគំរូកំណើន ឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងសេដ្ឋកិច្ចឌីជីថល។
គួរឲ្យកត់សម្គាល់ថា បច្ចុប្បន្ននេះ ក្រៅពីផលិតផលសំខាន់ៗបែបប្រពៃណី សហគ្រាសក៏កំពុងផ្តោតលើការបង្កើតផលិតផលដែលមានសក្តានុពលនាំចេញផងដែរ។ យោងតាមលោក ផាន់ ឌឹក ហៀវ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា នៅក្នុងយុគសម័យឌីជីថល ផលិតផលប្រកបដោយភាពច្នៃប្រឌិត ឬវេទិកាសេវាកម្មឌីជីថលអាចក្លាយជាទំនិញនាំចេញបានយ៉ាងពិតប្រាកដ ប្រសិនបើមានការឧបត្ថម្ភយ៉ាងត្រឹមត្រូវ៖ “យុទ្ធសាស្ត្រនាំចេញត្រូវតែរួមបញ្ចូលសេវាកម្ម ដោយឆ្លៀតយកឱកាសទាំងអស់ និងផលិតផលទាំងអស់។សហគ្រាស ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ប្រសិនបើមានផលិតផលគឺសុទ្ធតែមានសក្តានុពលនាំចេញ។ វិធីសាស្រ្តអភិក្រមជាយុទ្ធសាស្ត្រថ្មីត្រូវតែមានភាពទូលំទូលាយជាង”។
ឆ្នាំ ២០២៦ គឺជាឆ្នាំដ៏សំខាន់សម្រាប់វដ្តកំណើនថ្មីមួយ។ ជាមួយនឹងការផ្លាស់ប្តូរផ្នត់គំនិតពីការប្រដេញតាមចំណូលនាំចេញទៅជាការបង្កើតតម្លៃ គុណភាពកំណើននាំចេញរបស់វៀតណាមនឹងត្រូវបានកំណត់ សម្រាប់ដំណាក់កាលបន្ទាប់។ ដូច្នេះហើយ "គោលដៅកំណើនថ្មី" សម្រាប់ការនាំចេញនៅឆ្នាំ ២០២៦ មិនគ្រាន់តែជាតួរលេខប៉ុណ្ណោះ ប៉ុន្តែជារបត់របស់ការប្រកួតប្រជែងពិតប្រាកដ របស់ស្វ័យភាពយុទ្ធសាស្ត្រ និងរបស់សេដ្ឋកិច្ច ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅដោយមិនពឹងផ្អែកលើអ្នកដទៃ។ នៅពេលដែលកំណើនត្រូវបានដាក់លើគុណភាព ការធ្វើបៃតង និងនវានុវត្តន៍ គឺការនាំចេញពិតនឹងក្លាយជាកម្លាំងចលករប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍរយៈពេលវែង៕