ធ្វើពិពិធកម្មដំណោះស្រាយកៀរគរទុនក្នុងបរិបទថ្មី

(VOVWORLD) - នាបច្ចុប្បន្ននេះ ក្រោមឥទិ្ធពលយ៉ាងខ្លាំងក្លានៃបដិវត្តឧស្សាហកម្មលើកទី ៤ និងផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោកនោះ ការកៀរគរទុនសម្រាប់ផលិតកម្ម ធ្វើអាជីវកម្មគឺជាបញ្ហាដ៏សំខាន់មួយ ដែលមានលក្ខណៈស្លាប់រស់ចំពោះសហគ្រាស។ ដូច្នេះរដ្ឋាភិបាលវៀតណាមបានអនុវត្តគោលនយោបាយជួយឧបត្ថម្ភជាច្រើន  ដល់សហគ្រាស សំដៅធានាទីផ្សារទុន កាត់បន្ថយប្រាក់ ចំណាយប្រតិបត្តិការនិងរក្សាស្ថានភាពហិរញ្ញវត្ថុផងដែរ។
ធ្វើពិពិធកម្មដំណោះស្រាយកៀរគរទុនក្នុងបរិបទថ្មី - ảnh 1សហគ្រាសជាច្រើនកំពុងត្រូវការប្រភពទុន ដើម្បីប្រតិបត្តិការ (រូបថត៖ VOV)

ក្នុងនាមជាអង្គភាពមួយ ដែលមានឯកទេស ផលិតកម្មម៉ូដសំលៀកបំពាក់ក្នុងស្រុកនោះ លោកស្រី Le Ha Minh នាយិកាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Eco Garment វៀតណាមបានឲ្យដឹងថា៖ ជំងឺរាតត្បាតកូវីដ ១៩ គឺជាផលប៉ះពាល់ដំបូងបង្អស់ទៅលើប្រភពទុនរបស់សហគ្រាស។ ជាពិសេសគឺនៅពេលដែលទីផ្សារនាំចេញជួបការលំបាកនោះ សហគ្រាសបានប្តូរទៅរកទីផ្សារក្នុងស្រុកឬស្វែងរកទីផ្សារនាំចេញថ្មី ប៉ុន្តែការធ្វើអាជីវកម្មបានធ្លាក់ចុះ ដោយប៉ះពាល់យ៉ាងខ្លាំងដល់លំហូរសាច់ប្រាក់របស់សហគ្រាស។ លោកស្រី Le Ha Minh បានចែករំលែកថា៖ “សហគ្រាសតែងតែ ទទួលបានប្រភពទុនភាគច្រើនពីបណ្ដាអង្គការឥណទាននិងធនាគារ។ ប៉ុន្តែ សម្រាប់យើងខ្ញុំ បើទោះបីប្រភពឥណទានរបស់វៀតណាមមានទំហំធំធេងណាស់ក៏ដោយ ប៉ុន្តែ ដើម្បីទទួលនិងបំពេញតាមតម្រូវការលក្ខខ័ណ្ឌរបស់ធនាគារគឺជាឧបសគ្គមួយ។ នៅពេលសហគ្រាសជួបការលំបាក ទើបទៅរកធនាគារ ដើម្បីស្វែងរកប្រភពទុន ប៉ុន្តែលក្ខខ័ណ្ឌរបស់ធនាគារគឺខ្ពស់ពេកសម្រាប់យើងខ្ញុំ ក្នុងការបំពេញតាមបទដ្ឋានទាំងនេះ”។

សម្រាប់សហគ្រាសជាច្រើន ជាពិសេសគឺសហគ្រាសខ្នាតតូចនិងមធ្យមគឺប្រភពទុនតែងតែជាបញ្ហាឧបសគ្គ។ ទោះយ៉ាងណាក៏ដោយ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនៅវៀតណាមបានលេចចេញនូវទម្រង់កៀរគរប្រភពទុន និងការផ្ដល់ហិរញ្ញប្បទានថ្មីជាច្រើនដូចជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ(Fintech) ការផ្តល់ប្រាក់កម្ចី (P2P) ការប្រមូលទុនសហគមន៍ (Crowdfunding) ការផ្តល់ហិរញ្ញប្បទានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប៉ុន្តែដោយសារតែ ហេតុផលផ្សេងៗគ្នា បានជាសហគ្រាសភាគច្រើនបានខ្ចីប្រាក់កម្ចីពីធនាគារពាណិជ្ជកម្មវិញ។ ប្រការនេះបានធ្វើឲ្យតម្លៃប្រភពប្រាក់កម្ចីខ្ពស់ សម្ពាធសងបំណុលច្រើន ហើយជះឥទ្ធិពលអវិជ្ជមានដល់ប្រសិទ្ធភាពនៃផលិតកម្ម និងអាជីវកម្មរបស់សហគ្រាស។ ដូច្នេះហើយ យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា៖ ការធ្វើពិពិធកម្មទម្រង់កៀគរទុនបានជួយសម្រួលដល់សហគ្រាស ហើយសហគ្រាសនានាចំបាច់ត្រូវលើកកម្ពស់គុណភាពអភិបាលកិច្ចសហគ្រាស សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនិងប្រសិទ្ធភាពប្រតិបត្តិការ។ ប្រការនេះនឹងជួយសហគ្រាសលើកកម្ពស់លទ្ធភាពទទួលបានបណ្ដាប្រភពទុន និងកៀរគរទុននៅលើផ្សារមូលបត្រតាមរយៈការចេញផ្សាយមូលបត្រសហគ្រាស។

លោកបណ្ឌិត Can Van Luc អ្នកជំនាញខាងហិរញ្ញវត្ថុនិងធនាគារបានមានប្រសាសន៍ថា៖ នាបច្ចុប្បន្ននេះ ទីផ្សារទុននៅវៀតណាមគឺមានទំហំតូច បើប្រៀបធៀបទៅនឹងប្រទេសជាច្រើនក្នុងតំបន់។ ដូច្នេះហើយ សហគ្រាសត្រូវមានតម្លាភាពក្នុងប្រតិបត្តិការនិងរបាយការណ៍ហិរញ្ញវត្ថុហើយត្រូវបង្កើនការយល់ដឹងអំពីហិរញ្ញវត្ថុ - ហិរញ្ញប្បទាន ការធានា និងបណ្ដាគោលការណ៍ជួយឧបត្ថម្ភសហគ្រាស។ ក្រៅពីនេះ បណ្ដាគោលការណ៍ ដំណោះស្រាយជួយឧបត្ថម្ភអំពីហិរញ្ញប្បទាន ហិរញ្ញវត្ថុ ការលើកលែងពន្ធ សម្រាប់សហគ្រាសគឺចាំបាច់ត្រូវដាក់ចេញលក្ខ័ណ្ឌងាយស្រួលអនុវត្តន៍ ក៏ដូចជាកាត់បន្ថយបែបបទផងដែរ។ លោកបានអះអាងថា៖ “យើងត្រូវរៀបចំកញ្ចប់ជំនួយឲ្យបានសមស្របជាងមុន។ ឧទាហរណ៍ថា ក្នុងឆ្នាំ ២០២០ កញ្ចប់សន្តិសុខសង្គម ក្នុងតម្លៃ ១៦ ទ្រីលានដុងដែលមាន អត្រាការប្រាក់ ០% ជាមួយលក្ខខ័ណ្ឌមិនសមស្របឡើយ ដូច្នេះហើយ សហគ្រាសមិនអាចទទួលបានកញ្ចប់ជំនួយនេះឡើយ។ ឥឡូវនេះ យើងត្រូវរៀបចំឡើងវិញឱ្យកាន់តែសមស្របជាងមុន ដោយកាត់បន្ថយបែបទថែមទៀត។ ទន្ទឹមនឹងនេះ ត្រូវជំរុញខ្លាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានផងដែរ”។

ក្នុងបរិបទបច្ចុប្បន្ននេះ ទីផ្សារឥណទានកំពុងរងសម្ពាធយ៉ាងខ្លាំងនៅពេលដែលត្រូវផ្តល់ប្រភពទុនរយៈពេលខ្លីសម្រាប់សហគ្រាសផង និងត្រូវផ្ដល់ប្រភពទុនរយៈពេលមធ្យមនិងវែងសម្រាប់ខឿនសេដ្ឋកិច្ចផង។ ដោយផ្អែកលើបទពិសោធន៍ អនុវត្តន៍របស់ប្រទេសជឿនលឿនជាច្រើននៅលើពិភពលោកបានឲ្យដឹងថា ទីផ្សារមូលបត្រកំពុងត្រូវបានចាត់ទុកថាជាបណ្តាញកៀរគរទុនប្រកបដោយប្រសិទ្ធភព ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពរបស់ទីផ្សារហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ដោះស្រាយអតុល្យភាពរវាងទីផ្សារឥណទាននិងទីផ្សារទុន រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស។លើលពីនេះទៅទៀត ដើម្បីបន្តរក្សាប្រតិបត្តិការនោះ សហគ្រាសចាំបាច់ត្រូវលើកកំពស់គុណភាពអភិបាលកិច្ចសហគ្រាស ក៏ដូចជាគ្រប់គ្រងហានិភ័យឱ្យកាន់តែមានលក្ខណៈជំនាញជាងមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ