ភូមិជនជាតិ Mong អភិវឌ្ឍន៍ទេសចរណ៍សហគមន៍
(VOVWORLD) - ភូមិ Ta So ១ សង្កាត់ Moc Chau ខេត្ត សឺនឡា គឺជាកន្លែងតាំងទីលំនៅរបស់ប្រជាពលរដ្ឋជនជាតិ Mong។ នេះគឺជាភូមិដ៏សាមញ្ញដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលសង្កាត់ Moc Chau។ ធ្លាប់ចេះតែការបេះពោតនិងដាំស្រូវប៉ុណ្ណោះ ប្រជាពលរដ្ឋជនជាតិ Mong នៅទីនេះបានផ្លាស់ប្តូរ ក្លាយជាអ្នកផ្ដល់សេវាទេសចរណ៍សហគមន៍។ ក្រៅពីពឹងផ្អែកលើទេសភាពធម្មជាតិ ប្រជាពលរដ្ឋជនជាតិ Mong ក៏ផ្តោតលើការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណជនជាតិខ្លួន ដើម្បីទាក់ទាញ និងរក្សាភ្ញៀវទេសចរផងដែរ។
ប្រជាពលរដ្ឋជនជាតិ Mong រួមគ្នារក្សាអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ខ្លួន សម្រាប់អភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ (រូបថត៖ Huyen Trang/VOV5) |
ដោយឆ្លៀតពេលប៉ូន្មានថ្ងៃដែលមានភ្ញៀវទេសចរតិចតួច លោក Mua A Nha កំពុងតុបតែងលម្អផ្ទះស្នាក់នៅបែប ហូមស្ទេ របស់ខ្លួន ហើយថែទាំចម្ការព្រូនជិត ១ ហិកតា។ មុនឆ្នាំ ២០១៩ លោក Mua A Nha ចេះតែធ្វើស្រែចំការ ដាំដំណាំពោតស្រូវប៉ុណ្ណោះ។ ក្រោយមក នៅពេលដែលគម្រោងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍បានមកដល់ភូមិ លោក Nha បានក្លាយជាអ្នកត្រួសត្រាយផ្លូវម្នាក់ក្នុងវិស័យទេសចរណ៍នៅភូមិ Ta So ១។ នៅលើទឹកដីរបស់ខ្លួន លោកនិងក្រុមគ្រួសារបានសាងសង់ផ្ទះតូចៗសម្រាប់ភ្ញៀវមកស្នាក់នៅ។ រហូតមកដល់បច្ចុប្បន្ន គ្រួសារលោក Mua A Nha បានក្លាយជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលធ្វើទេសចរណ៍សហគមន៍ដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងភូមិ Ta So ១។ លោក Mua A Nha បានឲ្យដឹងថា៖
«តាមរយៈការធ្វើទេសចរណ៍ ខ្ញុំអាចថែរក្សាលក្ខណៈវប្បធម៌របស់ជនជាតិ Mong។ ផ្ទះហូមស្ទេរបស់ខ្ញុំ ត្រូវបានតុបតែងដោយក្បូរក្បាច់រចនានិងក្រណាត់ចរបាប់របស់ជនជាតិ Mong។ ពេលខ្ញុំសាងសង់ផ្ទះហូមស្ទេនេះ ខ្ញុំចង់គំរបវាដោយឈើមួយស្រទាប់ ដើម្បីឲ្យភ្ញៀវទេសចរមានអារម្មណ៍ថា ពួកគេកំពុងមកកាន់តំបន់ធម្មជាតិ ជាមួយនឹងអត្តសញ្ញាណវប្បធម៌របស់ប្រជាពលរដ្ឋជនជាតិ Mong។ ចាប់តាំងពីធ្វើទេសចរណ៍មក សេដ្ឋកិច្ចរបស់ខ្ញុំមានស្ថិរភាពជាងការដាំស្រូវពោត»។
ផ្ទះឈើបុរាណ ៥ ល្វែង ឆ្លុះបញ្ចាំងពីរបៀបរស់នៅរបស់គ្រួសារជនជាតិ Mong កាលពីអតីតកាល។ (រូបថត៖ Huyen Trang/VOV5) |
ស្ថិតមិនឆ្ងាយប៉ុន្មានពីនោះទេ ក្នុងផ្ទះបុរាណមួយដែលត្រូវបានសាងសង់តាំងពីឆ្នាំ ១៩៦៤ លោក Mua A Pha កំពុងធ្វើពិធីខាងព្រលឹងវិញ្ញាណជាប្រពៃណី។ ចាប់តាំងពីទេសចរណ៍សហគមន៍អភិវឌ្ឍន៍នៅក្នុងភូមិ ផ្ទះបុរាណនេះត្រូវបានអភិរក្សនិងក្លាយជាគោលដៅសម្រាប់ភ្ញៀវមកទស្សនា និងស្វែងយល់អំពីជីវភាពរស់នៅរបស់ជនជាតិ Mong។ លោក Mua A Pha បាននិយាយថា៖
«មានផ្ទះមួយចំនួនទៀតនៅក្នុងភូមិដែរ ប៉ុន្តែពួកគេបានផ្លាស់ប្តូរផ្នែកខាងក្នុងទាំងស្រុងហើយ។ ចំណែកផ្ទះរបស់ខ្ញុំនៅតែរក្សាបានស្ទើរតែដូចកាលពីដំបូង។ ពេលភ្ញៀវមក ខ្ញុំនឹងឧទ្ទេសនាមអំពីលម្អិតនីមួយៗ។ ដំបូងឡើយ ពេលភ្ញៀវមកដល់ មានល្វែងសម្រាប់អញ្ជើញភ្ញៀវផឹកទឹក និងផ្ទះបាយវិញ្ញាណ។ ល្វែងកណ្តាលត្រូវបានគេហៅថាល្វែងធំ ដែលមានទីតាំងដាក់អាសនៈចំនួនបី មានសសរទ្រដំបូល និងទ្វារធំសម្រាប់ទទួលនិងជូនដំណើរកូនក្រមុំ ឬដង្ហែសព។ បន្ទាប់មក គឺបន្ទប់គេងធំរបស់ម្ចាស់ផ្ទះ នៅទល់មុខផ្ទះបាយវិញ្ញាណ។ បន្ទប់កូនប្រុសច្បងនៅបន្ទាប់ទៀត»។
នៅក្រោមរានហាលមុខផ្ទះ អ្នកស្រី Hang Thi Chu កំពុងត្រៀមចង្ក្រានអុសតូចមួយ ចានមួយ និងក្រមួនឃ្មុំមួយចំណែកដើម្បីគូរក្បូរក្បាច់រចនា។ ការគូរដោយក្រមួនឃ្មុំគឺជាសិល្បៈតុបតែងសំលៀកបំពាក់ដ៏ស្មុគស្មាញនិងប្រណិតរបស់ស្ត្រីជនជាតិ Mong។
«ក្នុងរយៈពេលមួយថ្ងៃ ត្រឹមតែគូរបន្ទាត់ត្រង់បានប៉ុណ្ណោះ។ ចំណែកការគូរក្បូរក្បាច់រចនា ត្រូវចំណាយពេលប្រហែលបីថ្ងៃ។ យើងគូរក្បូរក្បាច់រចនាលើបន្ទះក្រណាត់ ដើម្បីពេលស្លៀកពាក់វាមើលទៅស្រស់ស្អាតណាស់ ហើយក្បូរក្បាច់រចនាមានពណ៌ស្រស់ឆើតឆាយ។ ការគូរដោយក្រមួនឃ្មុំលឿនជាង ប៉ុន្តែត្រូវការជ្រលក់ពណ៌ក្រណាត់ទៀត ដូច្នេះវាចំណាយពេលយូរជាងការប៉ាក់។ នៅពេលដែលភ្ញៀវទេសចរមកទីនេះ ពួកគេចូលចិត្តបទពិសោធន៍គូរដោយក្រមួនឃ្មុំបំផុត ព្រោះពួកគេមិនធ្លាប់ធ្វើពីមុនទេ ហើយចង់សាកល្បងណាស់»។
ការតុបតែងផ្ទះស្នាក់នៅជាមួយលំនាំប៉ាក់ និងក្បូរក្បាច់រចនាដ៏ពិសេសដោយឡែករបស់ជនជាតិ Mong។ (រូបថត៖ Huyen Trang/VOV5) |
ពីមុន Ta So ១ គឺជាភូមិមួយនៅតំបន់ភ្នំ ដែលស្ទើរតែផ្ដាច់ទាំងស្រុងពីខាងក្រៅ។ ប្រជាជននៅទីនេះរស់នៅដោយឯកោ ដោយមានទំនាក់ទំនងតិចតួចជាមួយមនុស្សចម្លែក។ យ៉ាងណាមិញ ចាប់តាំងពីអភិវឌ្ឍទេសចរណ៍សហគមន៍មក ក្រៅពីសេដ្ឋកិច្ចដែលមានស្ថិរភាព ប្រជាពលរដ្ឋជនជាតិ Mong នៅទីនេះ ក៏មានឱកាសអភិវឌ្ឍន៍បំណិនជីវិតជាច្រើនផ្សេងទៀត។ លោក Mua A Di មេភូមិ Ta So ១ បាននិយាយថា៖
«ភ្ញៀវទេសចរមកភូមិ Ta So ១ អាចទទួលបានបទពិសោធន៍និងលេងល្បែងកំសាន្តជាច្រើនរបស់អ្នកស្រុកដូចជា៖ ល្បែងបោះអង្គញ់ ល្បែងជល់មាន់ និងបូកនំបាយស្អិត។ ជាពិសេស ភូមិ Ta So ១ នៅតែរក្សាបាននូវលក្ខណៈស្រស់ស្អាតប្រពៃណីមួយចំនួនដូចជា៖ ការធ្វើគែន ផ្ទះបុរាណ ជាដើម។ មុនពេលមានទេសចរណ៍ អ្នកភូមិត្រឹមតែដាំដំណាំពោតប៉ុណ្ណោះ។ ក្រោយពីមានទេសចរណ៍មក អ្នកភូមិបានចាប់ផ្តើមជួសជុលផ្លូវភូមិ តុបតែងផ្ទះ។ ជីវភាពរស់នៅរបស់អ្នកភូមិត្រូវបានលើកស្ទួយ បើធៀបនឹងការដាំពោត ហើយយើងមានពេលវេលាដើម្បីធ្វើការងារជាច្រើនទៀតដូចជា ថែទាំផ្លែឈើ ស្វាគមន៍អ្នកទេសចរ និងប្រាស្រ័យទាក់ទងជាមួយបងប្អូនជនរួមជាតិកាន់តែច្រើនផងដែរ»។
ការអភិវឌ្ឍទេសចរណ៍ដោយផ្សាភ្ជាប់ជាមួយនឹងការថែរក្សាអត្តសញ្ញាណជនជាតិ។ នេះជាការអះអាងរបស់ប្រជាពលរដ្ឋជនជាតិ Mong នៅភូមិ Ta So ១។ ពួកគេយល់ថា ក្រៅពីសម្រស់ធម្មជាតិ អត្តសញ្ញាណគឺជាកត្តាដែលទាក់ទាញផ្ញៀវទេសចរមកពីគ្រប់ទិសទី។ ជនជាតិ Mong នៅ Ta So កំពុងលើកកំពស់តម្លៃប្រពៃណីទាំងនេះដើម្បីនិទានរឿងដ៏វិសេសវិសាលអំពីភូមិរបស់ខ្លួន៕