ចែវទូកកំសាន្ត រុករកព្រៃស្មាច់ U Minh Ha

(VOVWORLD) - មានទីតាំងមួយកន្លែងនៅពេលមកដល់ ភ្ញៀវទេសចរនឹងមានអារម្មណ៍ខុសប្លែកយ៉ាងច្បាស់ ចាប់ពីបរិយាកាសរហូតដល់លំហ ពីទេសភាពធម្មជាតិរហូតដល់ជីវភាពរស់នៅរបស់ប្រជាជន។ នោះគឺជាព្រៃកោងកាងទឹកសាប U Minh Ha នៅខេត្ត Ca Mau ជាកន្លែងដែលអ្នកធ្លាប់បានទៅទស្សនាម្ដងហើយ នឹងធ្វើឱ្យអ្នកចង់វិលត្រឡប់មកវិញច្រើនដងទៀត ដើម្បីស្វែងយល់ពីប្រការដ៏សាមញ្ញប៉ុន្តែគួរឱ្យទាក់ទាញ។

ចែវទូកកំសាន្ត រុករកព្រៃស្មាច់ U Minh Ha - ảnh 1ទេសភាពធម្មជាតិនៃព្រៃ U Minh Ha។ រូបថត៖ Tran Hieu/VOV

ទូកក្ដារបីសន្លឹក ដឹកភ្ញៀវទេសចរធ្វើដំណើរយ៉ាងយឺតៗ ចូលទៅក្នុងព្រៃស្មាច់។ នៅក្នុងបរិយាកាសដែលលឺតែសូរសំឡេងសត្វស្លាបយំ និងសំឡេងចែវទូកប៉ុណ្ណោះ ភ្ញៀវទេសចរអាចមើលឃើញយ៉ាងច្បាស់នូវសម្រស់ដ៏ស្ងប់ស្ងាត់នៃព្រៃស្មាច់ដ៏ធំល្វឹងល្វើយដែលកំពុងចូលដល់រដូវរីកផ្កា។ Con lung (កូនលុង) គឺជាពាក្យដែលអ្នកស្រុកហៅផ្លូវទឹកជ្រៅឆ្លងកាត់ព្រៃ។ នៅពេលដែលទូកបត់ចូលទៅកូនលង់ Ngoc Hoang ទីសក្ការៈបូជាលិចទឹកតូចមួយ បានផុសឡើង ហ៊ុំព័ទ្ធដោយដើមត្រែងទាបៗដែលបើកផ្លូវចូលដល់ទីសក្ការៈបូជានោះ។ លោក Pham Duy Khanh អ្នកចែវទូកដែលនាំភ្ញៀវទេសចរទៅទស្សនា បានចាប់ផ្តើមណែនាំអំពីព្រៃឈើដែលលោកបានផ្សាភ្ជាប់អស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។

“នេះជាទីសក្ការៈបូជាដែលឧទ្ទិសដល់អ្នកតាព្រៃឈើ។ អ្នកស្រុកអុជធូបនៅទីនេះក្នុងប៉ុន្មានថ្ងៃដែលពួកគេចូលក្នុងព្រៃឈើ ស្វែងយល់ពីព្រៃឈើ ឬប្រមូលកសិផល ត្រី បន្លែ ឬសំបុកឃ្មុំវិញ។ គោលបំណងគឺដើម្បីសុំឲ្យខ្លួនមានកម្លាំងនិងសុខភាពល្អក្នុងការងារ។ នេះគឺជាប្រព័ន្ធអេកូឡូស៊ីធម្មជាតិទាំងស្រុង។ ដើមស្មាច់ទាំងនេះមានអាយុពី ៥០ ទៅ ៧០ ឆ្នាំ។ មូលហេតុដែលដំបូលដើមស្មាច់នេះ មិនធំដូចដើមឈើដទៃទៀត គឺដោយសារតែនៅពេលស្លឹកឈើជ្រុះ វាបង្កើតជាជីមួយស្រទាប់នៅលើផ្ទៃទឹក។ ត្រូវចំណាយពេលជាង ២០ ឆ្នាំដើម្បីឱ្យឫសឈើភ្ជាប់នឹងដី។ ចាប់តាំងពីគ្រួសារខ្ញុំមកតំបន់នេះក៏ជិត៣០ឆ្នាំហើយ ប៉ុន្តែខ្ញុំនៅតែមិនទាន់ឃើញដើមឈើនេះលូតលាស់នៅឡើយទេ”។

ចែវទូកកំសាន្ត រុករកព្រៃស្មាច់ U Minh Ha - ảnh 2ការជិះទូកក្ដារបីសន្លឹកបែបប្រពៃណីអនុញ្ញាតឱ្យអ្នកទេសចរចូលទៅជិតប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងស្វែងយល់អំពីជីវភាពរបស់ប្រជាជនក្នុងតំបន់។ (រូបថត៖ baocamau.vn)

ដោយបានមកដល់តំបន់ដី U Minh Ha នេះអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ គ្រួសារលោក Pham Duy Khanh មានរយៈពេលជិត១០ឆ្នាំ ចូលរួមធ្វើទេសចរណ៍សហគមន៍។ ទាំងដាំព្រៃឈើ ការពារព្រៃឈើ និងទទួលភ្ញៀវទេសចរ លោក Pham Duy Khanh មានគោលបំណងចង់ចែករំលែកជាមួយភ្ញៀវទេសចរមកពីគ្រប់ទិសទី អំពីសេចក្តីស្រឡាញ់របស់ប្រជាជន U Minh Ha ចំពោះព្រៃឈើដែលពួកគេបានរស់នៅអស់ជាច្រើនជំនាន់ ក៏ដូចជារបៀបរស់នៅដ៏ពិសេសដោយឡែករបស់ប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងព្រែកទន្លេ។ ដោយបានរស់នៅទីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ លោក Khanh យល់ថា ព្រៃឈើ U Minh Ha មានទំហំធំល្វឹងល្វើយ ជាមួយនឹងសក្តានុពលអាជីវកម្មជាច្រើន ប៉ុន្តែវាមិនអាចពឹងផ្អែកលើព្រៃឈើសុទ្ធសាធបានទេ គឺត្រូវតែចាត់វិធានការដើម្បីអភិរក្សធនធានធម្មជាតិដ៏មានតម្លៃនេះផងដែរ។

“យើងមានអារម្មណ៍ថា នេះជាកន្លែងដែលយើងអាចបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួនចំពោះស្រុកកំណើត។ កន្លងមក មានគម្រោងចិញ្ចឹមត្រីនៅក្នុងតំបន់ព្រៃ U Minh Ha។ ក្នុងរយៈពេលប៉ុន្មានខែដើមរដូវ ត្រីពងកូនច្រើនណាស់ យើងអាចចាប់វាដាក់ក្នុងសំណាញ់ ចិញ្ចឹមវា ទុកឲ្យវាលូតលាស់ ហើយបក្រោយពីមួយរយៈ យើងអាចឲ្យវារកចំណីស៊ីតាមបែបធម្មជាតិ។ បន្ទាប់នោះ យើងដោះលែងវាត្រឡប់ទៅក្នុងបរិស្ថានខាងក្រៅវិញ គឺពួកវាស៊ាំតែម្ដង។ បច្ចុប្បន្ននេះ គំរូចិញ្ចឹមត្រីនៅតំបន់ U Minh មានប្រសិទ្ធភាពខ្លាំងណាស់”។

ចែវទូកកំសាន្ត រុករកព្រៃស្មាច់ U Minh Ha - ảnh 3អ្នកទេសចរសាកធ្វើជាកសិករ និងនេសាទត្រីនៅក្នុងតំបន់ព្រែកទន្លេ។ (រូបថត៖ baocamau.vn)

ការចាប់ត្រីចិញ្ចឹមនៅក្នុងបរិស្ថានធម្មជាតិដោយវិធីសាស្ត្រចាប់ត្រីបែបប្រពៃណីដោយប្រើឧបករណ៍សាមញ្ញៗ ដែលប្រជាជននៅ U Minh Ha ថែរក្សាតាំងពីសម័យដូនតាមក គឺជាបទពិសោធន៍នៃជីវភាពប្រចាំថ្ងៃដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។ បន្ទាប់មក នៅក្នុងខ្ទមតូចៗដែលបានដំឡើងនៅក្នុងព្រៃ ព័ទ្ធជុំវិញដោយជួរដើមឈើស្មាច់ ដែលបង្កើតជាផ្លូវធ្វើដំណើរនៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយ ភ្ញៀវទេសចរអាចសម្រាកលំហែកាយ ដុតត្រីស្រស់ពិសារ និងរីករាយជាមួយបរិយាកាសស្ងប់ស្ងាត់នៃទឹកដីនេះ។ អ្នកស្រី Le Nguyen Thuy Tien អ្នកទេសចរមកពីខេត្តដុងថាប បាននិយាយថា៖

“យើងបានឃើញដោយផ្ទាល់ភ្នែកអំពីការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជននៅ Ca Mau។ មានសត្វដែលយើងមិនធ្លាប់ឃើញពីមុនមកទេ។ ពេលខ្ញុំមកទីនេះ ខ្ញុំបានចាប់ត្រី និងអន្ទង់ យកមកបរិភោគ ហើយវាខុសគ្នាខ្លាំងណាស់ពីកន្លែងផ្សេងៗ។ វាឆ្ងាញ់ណាស់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំស្រឡាញ់ធម្មជាតិច្រើនជាង ហើយពីនោះ ខ្ញុំគិតថា ត្រូវការថែរក្សាបរិស្ថានបៃតង និងស្អាតនៅក្នុងប្រទេសយើងឲ្យបានកាន់តែច្រើន”។

ក្នុងពេលជាមួយគ្នានោះ អ្នកស្រី Do Nguyen Nhu Quynh នៅខេត្ត Dong Nai មានអារម្មណ៍ថា ដំណើរកំសាន្តរបស់នាងដូចការត្រឡប់មកផ្ទះវិញអញ្ចឹងដោយសារភាពស្មោះស្ម័គ្រនិងស្លូតបូតរបស់ប្រជាជននៅ U Minh Ha និងទេសភាពពិសេសនៅទីនេះ។

“នៅទីនេះ ខ្ញុំត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ បានជិះទូក ចាប់ត្រី អន្ទង់… និងចម្អិនអាហារ។ វាបានផ្តល់ឱ្យខ្ញុំនូវអារម្មណ៍កក់ក្ដៅដូចជាមួយក្រុមគ្រួសារអញ្ចឹង។ ទេសភាពជនបទសាមញ្ញនិងរហោស្ថាន ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំបានត្រឡប់ទៅស្រុកកំណើតវិញ។ ខ្ញុំត្រឹមតែគិតថា ព្រៃឈើសាមញ្ញណាស់ ប៉ុន្តែមិននឹកស្មានថា វានឹងស្រស់ស្អាត ហើយនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ច្រើនយ៉ាងដូច្នេះទេ”។

ព្រៃ U Minh Ha ត្រូវបានបង្ហាញនៅក្នុងស្នាដៃអក្សរសាស្ត្រ និងភាពយន្តជាច្រើន។ ប៉ុន្តែមានតែនៅពេលដែលអ្នកទៅទស្សនាដោយផ្ទាល់ទេ ទើបអ្នកអាចមើលឃើញយ៉ាងពេញលេញពីភាពស្រស់ស្អាតរបស់វា។ ហើយនៅពេលអ្នកចាកចេញពី U Minh Ha អ្នកនឹងប្រាថ្នាចង់បានឱកាស
វិលត្រឡប់មកវិញច្រើនដងទៀត ដើម្បីអង្គុយលើទូកក្ដារបីសន្លឹក រសាត់តាមព្រៃស្មាច់ដ៏ស្ងប់ស្ងាត់ និងទទួលបានអារម្មណ៍អំពីជីវភាពដ៏សុខសាន្តនិងយឺតយ៉ាវនៅក្នុងទឹកដីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ