ដំណើររុករក តាវ៉ាន (Tả Van) នៅតាមផ្លូវជម្រាលភ្នំ

(VOVWORLD) - ប្រសិនបើលោកអ្នកមិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីឡើងភ្នំ Fansipan (កំពូលភ្នំខ្ពស់បំផុតរបស់វៀតណាម) នៅឡើយ ប៉ុន្តែនៅតែចង់រុករកជួរភ្នំ ហ័ងលៀនសឺន (លាតសន្ធឹងប្រហែល ១៨០ គីឡូម៉ែត្រ នៅតំបន់ភាគពាយ័ព្យវៀតណាម) នោះ តាវ៉ាន (Tả Van) គឺជាជម្រើសដ៏សមរម្យមួយ។ 
ដំណើររុករក តាវ៉ាន (Tả Van) នៅតាមផ្លូវជម្រាលភ្នំ - ảnh 1ទេសភាពដ៏ស្រស់ស្អាតនៃផ្លូវដែលឆ្លងកាត់ព្រៃឫស្សីដ៏ស្ងប់ស្ងាត់។ (រូបថត៖ Huyen Trang/VOV5)

ខ្សែផ្លូវនេះឆ្លងកាត់តំបន់ដ៏រហោស្ថាន ដែលផ្ដល់ឱកាសគយគន់ទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងសម្របខ្លួន ទៅក្នុងជីវភាពរបស់សហគមន៍ជនជាតិភាគតិច ដែលជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។

ដំណើររុករកនេះដើរតាមផ្លូវកោងតាមបណ្តោយជម្រាលភ្នំ ហ័ងលៀនសឺន ដែលព័ទ្ធជុំវិញភូមិនានាស្ថិតនៅតាមជើងភ្នំ។ ដោយមានប្រវែងពី ៨ ដល់ ១២ គីឡូម៉ែត្រ និងឆ្លងកាត់ភូមិនានាតាមជ្រលងភ្នំ មឿងហ័រ ភ្ញៀវទេសចរអាចដើរតាមផ្លូវលំរយៈពេលពី ៣ ដល់ ៥ ម៉ោងអាស្រ័យលើបទពិសោធន៍របស់ពួកគេ។

ដំណើររុករក តាវ៉ាន (Tả Van) នៅតាមផ្លូវជម្រាលភ្នំ - ảnh 2ទេសភាព តាវ៉ាន មើលពីខាងលើ។ (រូបថត៖ VOV5)

ឃុំ តាវ៉ាន មានចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីមជ្ឈមណ្ឌល សាប៉ា ខេត្តឡាវកាយ។ នេះជាកន្លែងរស់នៅរបស់ប្រជាពលរដ្ឋជនជាតិ Mong, Giay និង Dao ក្រហម។ ក្នុង នោះ ភូមិតាវ៉ានធ្លាប់ត្រូវបានកាសែត South China Morning Post របស់ហុងកុងជ្រើសរើសជាភូមិមួយក្នុងចំណោមភូមិដ៏ស្រស់ស្អាតបំផុតទាំង ៦ នៅអាស៊ីក្នុងខែកក្កដា ឆ្នាំ២០២៥។

ដំណើររុករក តាវ៉ាន (Tả Van) នៅតាមផ្លូវជម្រាលភ្នំ - ảnh 3ភ្ញៀវទេសចរអាចសម្រាកនៅទឹកជ្រោះមុនពេលបន្តដំណើរ។ (រូបថត៖ VOV5)

ចាប់ផ្តើមពីចំណោតតូចមួយដែលនាំឡើងភ្នំ ជីវភាពរបស់អ្នកភូមិ បានលេចចេញបន្តិចម្តងៗយ៉ាងជិតស្និទ្ធ និងពិតប្រាកដ។ ផ្ទាំងគំនូរភូមិដ៏សុខសាន្តមួយ ឆ្លុះបញ្ចាំងយ៉ាងរស់រវើកអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជនជាតិ Mong, Giay, Dao។ លោកស្រី Elena ជាអ្នកទេសចរជនជាតិអ៊ីតាលីម្នាក់ បាននិយាយថា៖

“យើងទើបតែមកដល់ទីនេះពេលព្រឹក ហើយយើងនឹងចេញដំណើរនាព្រឹកថ្ងៃស្អែក។ យើងមានរយៈពេលតែមួយថ្ងៃនៅសាប៉ាប៉ុណ្ណោះ។ ដំណើរកម្សាន្តនេះ ផ្លូវនេះពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ Lai បានចែករំលែកច្រើនជាមួយយើង អំពីប្រពៃណីរបស់បណ្ដាជនជាតិនៅទីនេះ ដែលជារឿងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់”។

Chảo Mẩy Lai ជាជនជាតិ Dao ក្រហមម្នាក់។ អស់រយៈពេល ៣ ឆ្នាំកន្លងមក Laiបានធ្វើការងារបន្ថែមជាមគ្គុទេសទេសចរណ៍សម្រាប់ដំណើររុករកតាវ៉ាននេះ។ ជាអ្នកស្រុកដែលស្គាល់គ្រប់ច្រកល្ហក និងយល់ពីជីវភាពរបស់ជនជាតិខ្លួនក៏ដូចជាជនជាតិដទៃទៀត Lai មានចំណេះដឹងជាក់ស្តែងដើម្បីចែករំលែករឿងរ៉ាវដ៏ជិតស្និទ្ធ និងរស់រវើកជាមួយភ្ញៀវទេសចរ។

“ប្រសិនបើភ្ញៀវមកទីនេះហើយចង់មានបទពិសោធន៍ថ្មីថ្មោង ខ្ញុំនឹងនាំពួកគេឡើងលើភ្នំ។ ទៅបេះរុក្ខជាតិឱសថ សម្រាប់ងូតទឹកឬផឹក។ ដូច្នេះ ភ្ញៀវទេសចរនឹងមានបទពិសោធន៍ថ្មី។ ពួកគេដឹងថាអ្នកស្រុករស់នៅយ៉ាងដូចម្ដ៉េច ឬគ្រាន់តែដើរលេងកម្សាន្តប៉ុណ្ណោះ។ ភ្ញៀវជាច្រើននៅពេលដែលវិលត្រឡប់មកផ្ទះវិញ គេបានណែនាំអ្នកដទៃឱ្យមកទីនេះ”។

ដំណើររុករក តាវ៉ាន (Tả Van) នៅតាមផ្លូវជម្រាលភ្នំ - ảnh 4ស្ត្រីជនជាតិ Dao ក្រហមអង្គុយប៉ាក់តាមដងផ្លូវ ជារូបភាពដែលអ្នកអាចប្រទះឃើញនៅពេលធ្វើដំណើរឆ្លងកាត់ភូមិនានា។ (រូបថត៖ VOV5)

ខ្សែផ្លូវតាមជម្រាលភ្នំដើម្បីរុករកតាវ៉ាន នឹងនាំភ្ញៀវទេសចរទទួលអារម្មណ៍ផ្សេងៗគ្នាជាច្រើន។ ពេលខ្លះវាជាភាពថ្មីថ្មោង នៅពេលឆ្លងកាត់កំណាត់ផ្លូវថ្មដ៏រដិបរដុប ពេលខ្លះវាជាអារម្មណ៍ផ្សងព្រេង និងប្រុងប្រយ័ត្ននៅពេល ដើរតាមល្បាក់ទឹកជ្រោះជ្រៅ។ ឬពេលវេលាដែលអ្នកឈរខ្ពស់ពីលើ គយគន់ទាំងស្រុងទេសភាពដ៏ស្រស់ស្អាត និងរ៉ូម៉ែនទិកនៃភូមិនានា ដោយមានចំណុចលេចធ្លោជាបឹង Seo Mý Tỉ ពណ៌ខៀវថ្លា ដូចជាគ្រាប់ត្បូងដែលលាក់ខ្លួននៅក្នុងតាវ៉ាន។ ជាពិសេសក្នុងរដូវស្រូវទុំ ភ្ញៀវក៏អាចគយគន់ទេសភាពពណ៌មាសនៃវាលស្រែកាំជណ្ដើរផងដែរ។ អ្នកស្រី Laura ជាអ្នកទេសចរអឺរ៉ុបម្នាក់ បាននិយាយថា៖

“កន្លែងនេះពិតជាស្រស់ស្អាតម៉ែនទែន។ ធម្មជាតិមានភាពស្ងប់ស្ងាត់មិនគួរឱ្យជឿ ហើយខ្ញុំពិតជាស្រឡាញ់កន្លែងនេះណាស់។ នេះជាលើកដំបូងដែលខ្ញុំបានមកទស្សនាតំបន់នេះនៃប្រទេសវៀតណាម ហើយក៏ជាលើកដំបូងដែលខ្ញុំមកវៀតណាមផងដែរ។ ពិតជាប្រទេសដ៏អស្ចារ្យមួយ”។

ដំណើររុករក តាវ៉ាន (Tả Van) នៅតាមផ្លូវជម្រាលភ្នំ - ảnh 5ដើរតាមដងអូរ មឿងហ័រ ភ្ញៀវទេសចរអាចស្តាប់សូរសំឡេងទឹកហូរ និងគយគន់ទេសភាពដ៏ស្រស់ស្អាតនៃភូមិតាវ៉ាន។ (រូបថត៖ VOV5)

ចាប់តាំងពីខ្សែផ្លូវនេះត្រូវបានគេស្គាល់ដល់មក ប្រជាពលរដ្ឋជនជាតិភាគតិច នៅទីនេះក៏បានចូលរួមធ្វើទេសចរណ៍ផងដែរ។ អ្នកខ្លះបានទៅសិក្សាដើម្បីលើកកំពស់ចំណេះដឹង អ្នកខ្លះទៀត បើកហាងតូចៗដែលបម្រើមុខម្ហូបប្រចាំតំបន់ សម្រាប់ភ្ញៀវទេសចរនៅលើដំណើរដ៏វែងឆ្ងាយ។ លោក Thầu A Khải ជាជនជាតិ Mong ម្នាក់ បាននិយាយថា៖

“ដំបូងឡើយ ខ្ញុំត្រូវរៀនភាសាបរទេស បន្ទាប់មកចូលរៀនវគ្គសិក្សាមួយដើម្បីទទួលបានប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍។ ជាទូទៅ ខ្ញុំស្រឡាញ់ការងារនេះនិងសប្បាយចិត្ត។ ប្រសិនបើភ្ញៀវទេសចរចង់ទៅឆ្ងាយ ខ្ញុំអាចនាំគេទៅឆ្ងាយ ចំណែកឯអ្នកដែលមិនស្រួលខ្លួន ខ្ញុំនឹងផ្តល់ជូនដំណើរខ្លីៗ។ យើងឆ្លងកាត់ភូមិ ព្រៃឫស្សី និងទឹកជ្រោះ”។

មានភ្ញៀវទេសចរតិចតួចណាស់ដែលជ្រើសរើសធ្វើដំណើរតាមដងអូរ មឿងហ័រក្នុងកំណាត់ផ្លូវចុងក្រោយនៃដំណើរកម្សាន្ត។ ព្រោះនេះជាផ្លូវដែលពិបាកធ្វើដំណើរ ហើយត្រូវការបទពិសោធន៍។ ទោះជាយ៉ាងណាក៏ដោយ នៅពេលគយគន់វាលស្រែកាំជណ្ដើរនៅសងខាងអូរ ហើយនៅខាងឆ្ងាយៗជាភូមិនានាដែលបែរខ្នងមកលើជួរភ្នំហ័ងលៀនសឺនដែលគ្របដណ្ដប់ដោយពពកនោះ មនុស្សម្នាក់ៗនឹងមានអារម្មណ៍ពិសេស អំពីសម្រស់ដ៏រហោស្ថាននិងសុខសាន្តនៃទឹកដីតាវ៉ាននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ