ទស្សនាភូមិទេសចរណ៍សហគមន៍នៅស្រុក Yen Chau ខេត្ត Son La

(VOVWORLD) - ភូមិ Ban Kha ក្នុងឃុំ Sap Vat ស្រុក Yen Chau ខេត្ត Son La គឺជាកន្លែងដែលនៅតែរក្សាលក្ខណៈវប្បធម៌វិសេសវិសាលជាច្រើនរបស់ជនជាតិថៃ ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រង់។ ភូមិបាននិងកំពុងត្រូវបានវិនិយោគដើម្បីអភិវឌ្ឍន៍គំរូទេសចរណ៍សហគមន៍ ដែលតភ្ជាប់នឹងការកសាងជនបទថ្មី ក្លាយជាគោលដៅដ៏គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅពេលមកដល់ខេត្ត Son La ម្តងៗ។

ភូមិ Ban Kha មានចម្ងាយជិត ១០ គីឡូម៉ែត្រពីទីរួមស្រុក Yen Chau ស្រុក Yen Chau ខេត្ត Son La មានគ្រួសារចំនួន ៩០ រស់នៅ ដោយមានប្រជាជនជាង ៤២០នាក់ជាជនជាតិថៃ។ អញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរអាចលង់ខ្លួនទៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់និងសុខក្សេមក្សាន្តនៃភូមិថៃបុរាណ។ កន្លែងនេះមានទេសភាពព្រៃភ្នំដ៏ស្រស់ស្អាត មានចម្ការដាំស្វាយនិងដើមអម្ពិលបុរាណជាច្រើន។ លាតសន្ធឹងតាមដងទន្លេគឺវាលស្រែពណ៌ខៀវស្រងាត់។

បច្ចុប្បន្ននេះ ភូមិ Ban Kha មានផ្ទះឈើបុរាណជាច្រើនដែលមានស្ថាបត្យកម្មតាមបែបប្រពៃណីរបស់ជនជាតិថៃ ហ៊ុំព័ទ្ធជុះវិញដោយចម្ការដាំស្វាយនិងដើមអម្ពិលបុរាណ។ ប្រជាជននៅក្នុងភូមិនៅតែអភិរក្សនិងពង្រីកលក្ខណៈវប្បធម៌វិសេសវិសាលជាច្រើនរបស់ជនជាតិថៃ ដូចជាការច្រៀងចម្រៀងប្រជាប្រិយ និងការសំដែងឧបករណ៍ភ្លេងប្រពៃណី។ រក្សានូវសិប្បកម្មប្រពៃណី ដូចជាត្បាញក្រណាត់ ប៉ាក់កន្សែង Pieu តម្បាញ់សម្ភារៈប្រចាំថ្ងៃ ជាមួយនឹងពិធីបុណ្យនានា ដូចជា "Xen ban", "Xen lau no", "Dong sua"...។ ទាំងនេះគឺជាពិធីបុណ្យប្រពៃណី ដើម្បីបួងសួងសុំសេចក្តីសុខ អាកាសធាតិអំណោយផល និងប្រមូលផលបានល្អ។ លោក Quang Van Phanh អាយុ ៨០ ឆ្នាំ រស់នៅភូមិ Kha បាននិយាយថា៖ “ជារៀងរាល់ឆ្នាំ យើងខ្ញុំធ្វើពិធីសែនម្ដង។ បួងសួងសូមឲ្យអ្នកភូមិមានសុខភាពល្អ និងរកស៊ីមានបាន ; វាលស្រែប្រមូលផលបានច្រើន; បសុសត្វមានសុខភាពល្អនិងគ្មានជំងឺ”។

ទស្សនាភូមិទេសចរណ៍សហគមន៍នៅស្រុក Yen Chau ខេត្ត Son La - ảnh 1ប្រជាជនភូមិ Kha រៀបចំពិធីបុណ្យ "Dong sua" នៅក្នុងតំបន់ព្រៃរបស់ភូមិ។ រូបថត៖ Thu Thuy/VOV

ជាមួយនឹងសក្ដានុពលនិងគុណសម្បត្តិដែលមានស្រាប់ សមស្របសម្រាប់ការអភិវឌ្ឍទេសចរណ៍សហគមន៍ ភូមិ Ban Kha ត្រូវបានស្រុក Yen Chau  វិនិយោគលើការសាងសង់សំណង់ដូចជា៖ ខ្លោងទ្វារចូលភូមិ ចំណតរថយន្ត កន្លែងទទួលភ្ញៀវនៅចំណតរថយន្ត និងប្រព័ន្ធរថយន្តអគ្គិសនីដឹកភ្ញៀវទេសចរ ក៏ដូចជាកន្លែងលក់វត្ថុអនុស្សាវរីយ៍ កន្លែងអនាម័យ និងតុបតែងទេសភាពនៅក្នុងភូមិផងដែរ។

បច្ចុប្បន្ននេះ គ្រួសារជាច្រើននៅក្នុងភូមិ Ban Kha បានទទួលការបណ្តុះបណ្តាលផ្នែកទេសចរណ៍សហគមន៍។ ភូមិក៏បានជ្រើសរើសគ្រួសារដែលមានលទ្ធភាព ដើម្បីសាងសង់ផ្ទះ Homestay ភោជនីយដ្ឋានបម្រើម្ហូបអាហារជនជាតិភាគតិច ត្បាញក្រណាត់ ប៉ាកកន្សែង Pieu សិប្បកម្មត្បាញ់ផ្តៅឫស្សី ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ។ ភូមិក៏បានបង្កើតក្រុមសិល្បៈប្រជាប្រិយចំនួនពីរ ដោយរៀបចំការហ្វឹកហាត់និងសម្តែងចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងតន្ត្រីប្រជាប្រិយជាប្រចាំ។ អ្នកស្រី Vi Thi Thanh រស់នៅភូមិ Kha បានចែករំលែកថា៖ “គ្រួសារនាងខ្ញុំបានចុះឈ្មោះចូលរួមធ្វើទេសចរណ៍។ គ្រួសាររបស់ខ្ញុំបានទិញភួយនិងពូកថ្មី ដើម្បីត្រៀមទទួលភ្ញៀវ។ ពេលភ្ញៀវទេសចរណ៍មកដល់ យើងតែងតែរៀបចំម្ហូបអាហារជនជាតិថៃដូចជា បន្លែល្ហុង សម្ល Bon ត្រីអាំង... ដើម្បីបម្រើភ្ញៀវទេសចរ”

លោក Quang Van Chien អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Sap Vat បានមានប្រសាសន៍ថា៖ “យើងខ្ញុំបានសម្របសម្រួលជាមួយស្រុកនិងអង្គភាពផ្តល់ប្រឹក្សា ធ្វើការពិនិត្យនិងរៀបចំផែនការកសាងផ្លូវថ្នល់ក្នុងភូមិឡើងវិញ ហើយបង្កើតសហករណ៍ទេសចរណ៍ដើម្បីឱ្យប្រជាជនអាចរួមគ្នាធ្វើនិងដឹងពីរបៀបធ្វើទេសចរណ៍”

ទស្សនាភូមិទេសចរណ៍សហគមន៍នៅស្រុក Yen Chau ខេត្ត Son La - ảnh 2ការហ្វឹកហាត់សិល្បៈដើម្បីត្រៀមទទួលស្វាគមន៍និងបម្រើភ្ញៀវ។ រូបថត៖ Thu Thuy/VOV

យោងតាមលោក Lu Van Cuong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Yen Chau បានឲ្យដឹងថា ដើម្បីឲ្យភូមិ Ban Kha ក្លាយជាភូមិទេសចរណ៍សហគមន៍ដែលផ្សារភ្ជាប់នឹងការកសាងជនបទថ្មី គណៈកម្មាធិការប្រជាជនស្រុក Yen Chau កំពុងបង្កើតនិងណែនាំអំពីការអនុវត្តសំណុំលក្ខណៈវិនិច្ឆ័យស្តីពី បរិស្ថានវប្បធម៌នៅរមណីយដ្ឋានទេសចរណ៍សហគមន៍ភូមិ Ban Kha។ ទន្ទឹមនឹងនោះ រៀបចំវគ្គបណ្តុះបណ្តាល លើកកម្ពស់ការយល់ដឹងពីបរិយាកាសវប្បធម៌ កសាងស្តង់ដារនៃរបៀបរស់នៅ និងអាកប្បកិរិយាក្នុងការទំនាក់ទំនង ក៏ដូចជាក្នុងសកម្មភាពធ្វើអាជីវកម្មផ្សេងៗ។

“បច្ចុប្បន្ន យើងបានរៀបចំផែនការដើម្បីនាំប្រជាជនទៅទស្សនានិងសិក្សាបទពិសោធន៍នៅតាមតំបន់ទេសចរណ៍និងគោលដៅនានា ដែលមានលក្ខណៈស្រដៀងនឹងស្ថានភាពជាក់ស្តែងនៅក្នុងភូមិ។ យើងក៏នាំប្រជាជនទៅកន្លែងដែលមានកម្មវិធីបង្រៀនពីរបៀបធ្វើទេសចរណ៍ ដើម្បីឲ្យបងប្អូនប្រជាជនអាចចូលរួមសិក្សារៀនសូត្រផងដែរ”។

ស្រុក Yen Chau ក៏បានបង្កើតផែនការអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់ជនជាតិមួយចំនួនដូចជា Mong, Xinh Mun... សំដៅលើកកំពស់តម្លៃវប្បធម៌ប្រពៃណី ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍; សំដៅបង្កើតរបកគំហើញក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ