Ha Nam លើកកម្ពស់គុណសម្បត្តិជាគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ី
(VOVWORLD) - កាលពីខែកញ្ញាកន្លងទៅ ខេត្ត Ha Nam ត្រូវបានលើកតម្កើងជាលើកដំបូងជា "គោលដៅទេសចរណ៍ទើបលេចចេញជួរមុខនៅអាស៊ី" ក្នុងឆ្នាំ ២០២៤។ កាលពីឆ្នាំ ២០២៣ ខេត្ត Ha Nam ក៏ត្រូវបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards) លើកតម្កើងជា "គោលដៅវប្បធម៌ក្នុងស្រុកឈានមុខគេនៅលើពិភពលោក”។ នាបច្ចុប្បន្ន ខេត្ត Ha Nam កំពុងជំរុញការវិនិយោគ លើកកំពស់ពាណិជ្ជសញ្ញា ដើម្បីក្លាយជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ខេត្ត Ha Nam ស្ថិតនៅខាងត្បូងនៃទីក្រុងហាណូយដែលមានចម្ងាយប្រហែល ៦៥ គីឡូម៉ែត្រពីរដ្ឋធានី។ នេះគឺជាដែនដីសម្បូរទៅដោយសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ខាងវិញ្ញាណ វប្បធម៌ អេកូឡូស៊ី និងភោជនាហារ។
វត្ត Dia Tang Phi Lai ស្ថិតនៅភូមិ Ninh Trung ស្រុក Liem Son ខេត្ត Ha Nam។ រូថបត៖ Minh Sơn/Vietnam+ |
ខេត្ត Ha Nam មានគោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករដូចជា៖ បណ្តុំរមណីយដ្ឋានទេសភាពខាងវិញ្ញាណ Tam Chuc វត្ត Dia Tang Phi Lai វត្ត Ba Danh វិហារ Tran Thuong វត្ត Long Doi Son វិហារ So Kien ... ជាមួយនឹងភូមិសិប្បកម្មល្បីៗដូចជា ភូមិសូត្រ Nha Xa ភូមិតម្បាញផ្តៅឬស្សី Ngoc Dong និងភូមិធ្វើត្រីខ Vu Dai...។ ជាមួយនឹងប្រៀបខ្លាំងទាំងនេះ លោកស្រី Le Thi Thuy លេខាគណៈកម្មាធិការបក្សខេត្ត Ha Nam បានអះអាងថា៖ “ខេត្ត Ha Nam មានកិត្តិយសដោយត្រូវបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក លើកតម្កើងជាគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ី និងជាគោលដៅវប្បធម៌ក្នុងស្រុកឈានមុខគេរបស់អាស៊ី។ ប្រការនេះបានបង្ហាញថា ខេត្ត Ha Nam គឺជាមូលដ្ឋានមួយដែលមានការអភិវឌ្ឃន៍យ៉ាងឆាប់រហ័ស មានសក្តានុពល និងគុណសម្បត្តិសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍យ៉ាងខ្លាំង”។
ក៏ប៉ុន្តែ ដោយមិនពេញចិត្តនឹងលក្ខខណ្ឌនិងសមិទ្ធិផលដែលមានស្រាប់ ខេត្ត Ha Nam កំពុងអនុវត្តន៍គំនិតផ្តួចផ្តើមជាច្រើន ដើម្បីផ្លាស់ប្តូរមុខមាត់ទីក្រុង នាំខេត្ត Ha Nam ឡើងចំណាត់ថ្នាក់ជាបណ្ដើរៗ ក្លាយជាគោលដៅទេសចរណ៍ថ្នាក់តំបន់និងពិភពលោក។ ទន្ទឹមនឹងទេសចរណ៍ខាងវិញ្ញាណ ដែលជាប្រៀបខ្លាំងរបស់ខ្លួន ខេត្ត Ha Nam ក៏កំពុងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍទេសចរណ៍ជនបទ ដោយឈរលើមូលដ្ឋាននៃការទាញយកប្រកបដោយប្រសិទ្ធភាពនូវតម្លៃវប្បធម៌ប្រពៃណី និងបរិស្ថានទេសភាពក្នុងខេត្ត។ លោក Truong Quoc Huy អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Nam បានឲ្យដឹងថា៖ “យើងខ្ញុំកំពុងផ្តោតលើការអភិវឌ្ឍ ទីមួយគឺទេសចរណ៍ខាងវិញ្ញាណ ប៉ុន្តែដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្ត Ha Nam ត្រូវតែមានផលិតផលទេសចរណ៍ជាច្រើនបន្ថែមទៀត ក្នុងនោះខេត្តកំពុងផ្តោតលើវិស័យទេសចរណ៍កសិកម្ម។ នាពេលខាងមុខ យើងនឹងកសាងគំរូផលិតកម្មកសិកម្ម ដើម្បីផ្គត់ផ្គង់ដល់ប្រជាជននិងសហគ្រាស។ គំរូទេសចរណ៍ទាំងនេះមានបទពិសោធន៍កសិកម្ម ទាក់ទាញភ្ញៀវទេសចរឱ្យមកទទួលចំណេះដឹងបន្ថែមអំពីការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព”។
ភូមិតម្បាញសូត្រ Nha Xa ឃុំ Moc Nam (Duy Tien, Ha Nam) ជាគោលដៅដ៏ល្អសម្រាប់ស្វែងយល់ និងពិសោធន៍ សម្រាប់ភ្ញៀវទេសចរ។ រូបថត៖ The Trang/baohanam |
ខេត្ត Ha Nam មានគោលបំណងចង់ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ ក្រៅពី SunGroup រដ្ឋាភិបាលក៏ទើបបានអនុម័តលើគោលនយោបាយវិនិយោគគម្រោងមណ្ឌលឧស្សាហកម្ម Dong Van VI ដើម្បីបង្កើតភាពទាក់ទាញសម្រាប់ ខេត្ត Ha Nam និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការតភ្ជាប់និងអភិវឌ្ឍផលិតផលទេសចរណ៍អន្តរតំបន់ ។ ខេត្តកំណត់ពីរបៀបដែលផលិតផល និងសេវាកម្មទេសចរណ៍មានភាពទាក់ទាញគ្រប់គ្រាន់ ដូច្នេះភ្ញៀវទេសចរមិនត្រឹមតែមកកាន់ខេត្ត Ha Nam ក្នុងនិទាឃរដូវប៉ុណ្ណោះទេ ថែមទាំងនៅរដូវទាំងបួនក្នុងមួយឆ្នាំទៀតផង។ មិនត្រឹមតែទៅកាន់តំបន់ទេសចរណ៍ខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងមកកាន់ខេត្ត Ha Nam ដើម្បីទទួលបទពិសោធន៍វប្បធម៌ក្នុងតំបន់ មណីយដ្ឋាន និងរីករាយជាមួយបទពិសោធថ្មីថ្មោង និងគួរឱ្យទាក់ទាញជាច្រើនទៀតផង។
ប្រឈមមុខនឹងឱកាសដ៏វិសេសវិសាលរបស់ខេត្ត Ha Nam អនុប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាម លោក Nguyen Le Phuc បានឲ្យដឹងថា៖ “ខេត្ត Ha Nam ត្រូវជំរុញបន្ថែមទៀតនូវការប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយទំនើប និងកម្មវិធីបច្ចេកវិទ្យាឌីជីថល ដើម្បីតភ្ជាប់និងផ្សព្វផ្សាយរូបភាពទេសចរណ៍ក្នុងស្រុកទៅទូទាំងពិភពលោក។ ទី២ គឺជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ចាប់ពីប្រព័ន្ធសណ្ឋាគារនិងភោជនីយដ្ឋាន រហូតដល់តំបន់កម្សាន្ត អភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្លាតវៃ ចាប់ពីការកសាងប្រព័ន្ធព័ត៌មានឌីជីថលអំពីគោលដៅទេសចរណ៍ រហូតដល់ការបង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញផងដែរ”។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍រវាងគណៈកម្មាធិការប្រជាជនខេត្ត Ha Nam និងសាជីវកម្មមួយចំនួន។ រូបថត៖ Duc Huy/baohanam |
ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ ខេត្ត Ha Nam បានស្វាគមន៍ភ្ញៀវទេសចរណ៍ប្រមាណ ៤,២ លាននាក់ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍរបស់ផ្នែគនិងវិស័យជាច្រើន។
ជាមួយនឹងឧត្តមភាពនៃចរាចរណ៍និងប្រៀបខ្លាំងទេសចរណ៍ដែលមានស្រាប់ គម្រោងដែលបាននិងកំពុងអនុវត្តន៍នឹងរួមចំណែកបង្កើនការទាក់ទាញនៃខេត្ត Ha Nam ហើយគោលដៅនៃការទទួលភ្ញៀវទេសចរណ៍ពី ៥ ទៅ ៦ លាននាក់នៅឆ្នាំនេះ គឺអាចធ្វើបានទាំងស្រុង។ ខេត្ត Ha Nam មានបំណងចង់ទទួលភ្ញៀវទេសចរណ៍ចំនួន ១០ លាននាក់នៅឆ្នាំ ២០៣០ ហើយក្លាយជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ មិនអាចរំលងបាននៅពេលមកដល់វៀតណាម៕