(VOVWORLD) - ដោយស្ថិតនៅក្នុងប្រព័ន្ធព្រៃឈើដែលប្រើប្រាស់សម្រាប់គោលដៅពិសេសរបស់ប្រទេសវៀតណាម ព្រៃស្មាច់ ត្រា សឺ ស្ថិតនៅក្នុងឃុំ អាន គឺ ខេត្តអានយ៉ាង មានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីភាគខាងលិចនៃព្រំដែនវៀតណាម-កម្ពុជា។ នេះគឺជាព្រៃមួយក្នុងចំណោមព្រៃស្មាច់លិចទឹកដ៏ធំនិងស្រស់ស្អាតបំផុត នៅវៀតណាម ដែលមានប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប និងចម្រុះ ព្រមទាំងជាគោលដៅទេសចរណ៍អេកូឡូស៊ីដ៏វិសេសវិសាលនៅក្នុងតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូង។
ជ្រុងមួយនៃព្រៃស្មាច់ ត្រា សឺ។ (រូបថត៖ VOV-តំបន់ដីសណ្តទន្លេ Cuu Long) |
ព្រៃស្មាច់ ត្រា សឺ ត្រូវបានទទួលស្គាល់ថា ជាតំបន់ការពារទេសភាពក្នុងឆ្នាំ ២០០៥។ ព្រៃឈើនេះដើរតួនាទីយ៉ាងសំខាន់ ជា "សួតបៃតង" នៃតំបន់ដីសណ្តទន្លេ Cuu Long ហើយកំពុងត្រូវបានអភិរក្ស និងអភិវឌ្ឍន៍សម្រាប់ទេសចរណ៍អេកូឡូស៊ី ជាមួយនឹងតំបន់ស្នូលដែលលាតសន្ធឹងលើផ្ទៃដី ៨៤៥ ហិកតា និងតំបន់ទ្រនាប់ជាង ១១០០ ហិកតា។ ព្រៃស្មាច់ ត្រា សឺ គឺជាជម្រករបស់អំបូររុក្ខជាតិនិងសត្វរាប់រយប្រភេទ រួមទាំងប្រភេទនានាដែលត្រូវបានចុះបញ្ជីនៅក្នុង "សៀវភៅក្រហមវៀតណាម" ផងដែរ។
អ្នកទេសចរជាច្រើនជ្រើសរើសជិះទូក ដើម្បីទស្សនាព្រៃស្មាច់ ត្រា សឺ។ (រូបថត៖ VOV5) |
រដូវទឹកឡើង គឺជាពេលវេលាដ៏ស្រស់ស្អាតបំផុតដើម្បីរុករកព្រៃស្មាច់ ត្រា សឺ។ ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកាជារៀងរាល់ឆ្នាំ ទឹកហូរមក ធ្វើឲ្យព្រៃឈើរីកលូតលាស់យ៉ាងល្អ ជាមួយនឹងស្រទាប់ចកពណ៌បៃតងគ្របដណ្តប់លើផ្ទៃទឹក។ ព្រៃឈើក៏មានសម្រស់ដ៏ត្រចេះត្រចង់នៃផ្កាព្រលិត និងពណ៌លឿងភ្លឺនៃផ្កាស្នោផងដែរ។ ត្រី បង្គាហែលប្រដេញគ្នានៅក្រោមទឹក ខណៈដែលសត្វស្លាបជាច្រើនប្រភេទហោះហើរលើផ្ទៃមេឃ ដែលបង្កើតបានជាទេសភាពធម្មជាតិដ៏ស្រស់ស្រាយនិងសុខសាន្ត។
ស្ពានឫស្សីវែងបំផុតនៅវៀតណាមនៅក្នុងព្រៃស្មាច់ ត្រា សឺ។ (រូបថត៖ nhandan.vn) |
ព្រៃស្មាច់ ត្រា សឺ បានបង្កើតកំណត់ត្រាវៀតណាមចំនួនពីរក្នុងខែមករា ឆ្នាំ២០២០ រួមមាន៖ "ព្រៃស្មាច់ដ៏ស្រស់ស្អាតនិងល្បីល្បាញបំផុតនៅវៀតណាមសម្រាប់ធ្វើដំណើរកំសាន្តក្នុងរដូវទឹកឡើង" និង "ស្ពានឫស្សីវែងបំផុតនៅក្នុងព្រៃស្មាច់នៅវៀតណាម" (ជាង ១០គីឡូម៉ែត្រ)។ អ្នកស្រី Truc Ly មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់ទេសចរណ៍ព្រៃស្មាច់ ត្រា សឺ បាននិយាយថា៖
“ព្រៃស្មាច់ ត្រា សឺ បានបង្កើតកំណត់ត្រាវៀតណាមចំនួនពីរគឺ ព្រៃស្មាច់ធំជាងគេ និង ស្ពានឫស្សីមួយពាន់ជំហាន។ ព្រៃស្មាច់ ត្រា សឺ មានសត្វស្លាបចំនួន ៧០ ប្រភេទ ភាគច្រើនជាសត្វក្រៀល កុក និងខ្វែកប្រផេះ។ មានសេវាកម្មជិះទូកម៉ាស៊ីននិងទូកចែវ។ សម្រាប់ការចែវទូក មានចម្ងាយប្រហែល ២ គីឡូម៉ែត្រ ដោយធ្វើដំណើរយឺតៗក្នុងព្រៃស្មាច់ ដែលជាជម្រករបស់សត្វស្លាបជាច្រើនប្រភេទ។ បើយើងទៅក្នុងចន្លោះម៉ោង ៧ ដល់ ៩ ព្រឹក គឺប្រទះឃើញសត្វស្លាប សត្វកុក ជាច្រើន ព្រោះនេះជាពេលវេលាដែលសត្វស្លាបចេញទៅរកចំណី។ នៅពេលរសៀល ចាប់ពីម៉ោង ៤ ដល់ ៥ ល្ងាច សត្វស្លាបជាច្រើនត្រឡប់មកសំបុកវិញ។ ប្រសិនបើភ្ញៀវជិះទូកម៉ូទ័រ គឺធ្វើដំណើរប្រហែល ៤ គីឡូម៉ែត្រ ដោយភ្ញៀវទៅកាន់កណ្តាលព្រៃសម្រាប់ទស្សនា”។
ដើមឈើស្មាច់បុរាណនៅព្រៃត្រា សឺ។ (រូបថត៖ VOV5) |
ឆ្លងខ្លោងទ្វារចូលក្នុងព្រៃស្មាច់ ត្រា សឺ គឺស្ពាន ត្រា សឺ ដែលព័ទ្ធជំវិញដោយសួនផ្កា និងដើម
ឈើតុបតែងលម្អដែលត្រូវបានរចនាប្លែកៗនិងទាក់ទាញភ្នែក។ ស្ពានឫស្សីឆ្លងកាត់ព្រៃស្មាច់ ត្រា សឺ ដែលមានប្រវែងជាង ១០ គីឡូម៉ែត្រ ត្រូវបានសម្ពោធនៅឆ្នាំ ២០២០។ តាមបណ្តោយស្ពាន គេរៀបចំខ្ទមកណ្ដោះសម្រាកសម្រាប់ភ្ញៀវទេសចរ។ ស្ពានឫស្សីនាំទៅដល់កំពង់ផែទូកម៉ាស៊ីន ដែលនាំភ្ញៀវទេសចរទៅទស្សនាព្រៃស្មាច់។
ធ្វើដំណើរយ៉ាងយឺតៗតាមព្រែក ទូកដឹកភ្ញៀវទេសចរចូលជ្រៅទៅក្នុងព្រៃស្មាច់។ អ្នកស្រី Le Thi Nang អ្នកចែវទូកដឹកភ្ញៀវទេសចរទៅទស្សនាព្រៃស្មាច់ ត្រា សឺ បាននិយាយថា៖
“ទូកនេះធ្វើដំណើរជារង្វង់មួយ។ ទូកចែវដោយដៃ អាចដឹកភ្ញៀវទេសចរបាន ៤ នាក់។ នៅថ្ងៃដែលមានភ្ញៀវទេសចរច្រើន យើងធ្វើដំណើរពី ៦ ទៅ ៧ ដងក្នុងមួយថ្ងៃ។ ថ្ងៃសៅរ៍និងថ្ងៃអាទិត្យមមាញឹកបំផុត។ ភ្ញៀវទេសចរបរទេសមកពីបារាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ខណៈភ្ញៀវទេសចរក្នុងស្រុកមកពីកទីក្រុងហូជីមិញ និងហាណូយ ជាដើម។ ប្រសិនបើភ្ញៀវទេសចរជិះទូកម៉ូទ័រ ពួកគេអាចប្រទះឃើញកន្លែងចិញ្ចឹមឃ្មុំ។ មានគ្រួសារមួយនៅទីនេះដែលចិញ្ចឹមឃ្មុំបែបធម្មជាតិនៅក្នុងព្រៃ”។
ជាពិសេស ភ្ញៀវទេសចរអាចឡើងទៅកាន់ប៉មទស្សនា ជាកន្លែងដែលមានកែវយឺត ដែលអនុញ្ញាតឱ្យពួកគេគយគន់ទេសភាពព្រៃស្មាច់ទាំងស្រុង រួមទាំងភូមិរបស់ជនជាតិខ្មែរដែលរស់នៅក្បែរព្រៃផងដែរ។ លោក Enrico Eldighieri ជាភ្ញៀវទេសចរជនជាតិអ៊ីតាលី ក្នុងដំណើរកំសាន្តលើកដំបូងទៅកាន់ព្រៃស្មាច់ ត្រា សឺ បានសម្ដែងនូវអារម្មណ៍ថា៖
“មកទីនេះ ខ្ញុំពិតជាមានបទពិសោធន៍ដ៏អស្ចារ្យ និងមិនគួរឱ្យជឿទេ។ ខ្ញុំបានទៅទស្សនា រូងភ្នំ ពូលឿង និងឈូងសមុទ្រ ហាឡុង ប៉ុន្តែខ្ញុំគិតថា កន្លែងនេះកាន់តែល្អជាង។ ការអភិរក្សធម្មជាតិនៅទីនេះគឺល្អឥតខ្ចោះ។ មានសត្វស្លាបជាច្រើនប្រភេទ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើដ៏ធំល្វឹងល្វើយ។ ប្រសិនបើខ្ញុំមាន
ឱកាសទៅទស្សនាប្រទេសវៀតណាមម្តងទៀត ប្រាកដថាខ្ញុំនឹងទៅទស្សនាព្រៃស្មាច់ ត្រា សឺ ហើយឧទ្ទេសនាមវាដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំឲ្យមកទស្សនាទីនេះផងដែរ”។
ក្រៅពីតម្លៃខាងធនធានធម្មជាតិ ប្រព័ន្ធរុក្ខជាតិនិងសត្វដ៏សម្បូរបែប ព្រៃស្មាច់ ត្រា សឺ ក៏បង្កប់នូវកត្តាវប្បធម៌ពិសេសៗ របស់សហគមន៍ប្រជាជនដែលរស់នៅក្បែរព្រៃផងដែរ ជាមួយនឹងរបរសិប្បកម្មប្រពៃណីជាច្រើនដូចជា៖ ការត្បាញក្រណាត់ចរបាប់ ការចម្អិនស្ករត្នោត ការចម្រាញ់ប្រេងស្មាច់ និងការចិញ្ចឹមឃ្មុំយកទឹកឃ្មុំ។ ភ្ញៀវទស្សនាក៏អាចសាកភ្លក់មុខម្ហូបពិសេសៗនៃតំបន់ព្រែកទន្លេប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាមផងដែរ។
ព្រៃស្មាច់ ត្រា សឺ គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរនៅទាំងជិតនិងឆ្ងាយ នៅពេលមកទស្សនាខេត្តអានយ៉ាង។ កន្លែងនេះក៏បានក្លាយជាគោលដៅដ៏ល្អសម្រាប់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងអ្នកដែលស្រឡាញ់ការរុករកធម្មជាតិព្រៃផងដែរ៕