(VOVWORLD) - ដោយទទួលបានចំណូលលើសពី ១ លាន ពាន់លានដុង (ជាង ៤០ ពាន់លានដុល្លារអាមេរិក) និងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ២០ លាននាក់ ទេសចរណ៍វៀតណាមក្នុងឆ្នាំ ២០២៥ ពិតជាបានងើបឡើងយ៉ាងខ្លាំងក្លាពីការលំបាកដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ- ១៩។
ភ្ញៀវទេសចរមកទស្សនាតំបន់បេតិកភណ្ឌនៅទីក្រុង ហ្វេ ក្នុងប៉ុន្មានថ្ងៃនិទាឃរដូវ។ (រូបថត៖ Le Hieu/VOV) |
ការងើបឡើងវិញនេះមិនត្រឹមតែត្រូវបានបង្ហាញដោយតួរលេខ ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងជីវភាពដ៏រស់រវើកនៅតាមគោលដៅទេសចរណ៍នានា នៅក្នុងក្រសែភ្នែកដ៏រីករាយរបស់ភ្ញៀវទេសចរ និងនៅក្នុងរបៀបដែលវៀតណាមត្រូវបានគេស្គាល់ដល់កាន់តែច្រើន ក្នុងនាមជាគោលដៅទេសចរណ៍ដ៏សម្បូរទៅដោយអត្តសញ្ញាណនៅលើផែនទីទេសចរណ៍ពិភពលោកទៀតផង។
ភ្ញៀវទេសចរកំពុងជិះទូកលើទន្លេ Huong ដ៏រ៉ូមែនទិក។ (រូបថត៖ Le Chi/VOV5) |
នាពេលរសៀលដ៏ស្ងប់ស្ងាត់នៅតាមមាត់ទន្លេ Huong ទីក្រុងហ្វេ លោក David Wilson ភ្ញៀវទេសចរមកពីប្រទេសអង់គ្លេស ដែលវិលត្រឡប់មកអតីតរាជធានីជាលើកទីពីរក្រោយពីជំងឺរាតត្បាត បានចែករំលែកថា៖
“នេះជាលើកទី២ហើយដែលខ្ញុំបានវិលត្រឡប់មក ហ្វេ វិញ ហើយខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ខ្ញុំមានអារម្មណ៍យ៉ាងច្បាស់ថា ទេសចរណ៍នៅទីនេះបានងើបឡើងវិញយ៉ាងខ្លាំងក្លា។ ទីតាំងបេតិកភណ្ឌត្រូវបានអភិរក្សកាន់តែប្រសើរ សេវាកម្មកាន់តែវិជ្ជាជីវៈ ហើយមនុស្សគ្រប់រូបមានភាពរួសរាយរាក់ទាក់បំផុត។ ខ្ញុំអាចទទួលបានអារម្មណ៍យ៉ាងច្បាស់អំពីកម្លាំងរស់ថ្មីនៃទេសចរណ៍វៀតណាម”។
ពីទីក្រុង ហ្វេ លំហូរភ្ញៀវទេសចរ រីកសាយភាយយ៉ាងខ្លាំងពាសពេញភូមិភាគកណ្តាលប្រទេស
វៀតណាម។ លោក Vuong Quoc Bao ជាមគ្គុទ្ទេសក៍ទេសចរណ៍នៅដាណាំង – ហុយអាន – ហ្វេ បាននិយាយថា៖
“ទីផ្សារ កូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) និងជប៉ុន បន្តរីកចម្រើនយ៉ាងល្អ រួមជាមួយនឹងការវិល
ត្រឡប់របស់ភ្ញៀវទេសចរអឺរ៉ុប ជាមួយនឹងនិន្នាការធ្វើដំណើរកំសាន្តដោយឯករាជ្យស្នាក់នៅរយៈពេលវែង និងស្វែងរកបទពិសោធន៍វប្បធម៌ប្រចាំតំបន់”។
ប្រការគួរឲ្យកត់សម្គាល់នោះ គឺការងើបឡើងវិញនេះមិនត្រឹមតែបង្ហាញតាមរយៈចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងបង្ហាញតាមរយៈការផ្លាស់ប្តូរគុណភាពទៀតផង។ ទេសចរណ៍
វៀតណាមកំពុងផ្លាស់ប្តូរបន្តិចម្តងៗពី "គោលដៅ" ទៅជា "បទពិសោធន៍" ពីការទស្សនាសុទ្ធសាធ ទៅជាដំណើរកម្សាន្តដោយផ្សាភ្ជាប់នឹងវប្បធម៌ ម្ហូបអាហារ សិល្បៈ និងជីវភាពសហគមន៍។
យោងតាមលោកស្រី Nguyen Le Mai Phuong នាយិកាក្រុមហ៊ុនទេសចរណ៍ Seni ភ្ញៀវទេសចរសព្វថ្ងៃនេះកំពុងស្វែងរកបទពិសោធន៍ដ៏ស៊ីជម្រៅ។ “ប្រភេទនានាដូចជា ទេសចរណ៍សហគមន៍ ទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍ថែទាំសុខភាព កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង។ ត្រូវការវិធីសាស្ត្រថ្មីមួយក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ ដោយផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកផលិតផលបទពិសោធន៍ដែលផ្សាភ្ជាប់ទៅនឹងវប្បធម៌ បទពិសោធន៍ម្ហូបអាហារ សិល្បៈប្រពៃណី និងទេសចរណ៍ថែទាំសុខភាព ដែលស្របតាមនិន្នាការគុណភាពខ្ពស់បច្ចុប្បន្ន”។
ភ្ញៀវទេសចររុករកតំបន់ទេសចរណ៍អេកូឡូស៊ី Trang An ខេត្ត និញប៊ិញ។ (រូបថត៖ Le Chi/VOV5) |
មិនត្រឹមតែទីក្រុង ហ្វេ ប៉ុណ្ណោះទេ ថែមទាំងតំបន់ជាច្រើនទៀតក៏កំពុងរៀបចំទីតាំងឡើងវិញយ៉ាងសកម្មផងដែរ។ នៅខេត្ត និញប៊ិញ វិស័យទេសចរណ៍ត្រូវបានកំណត់ថានឹងអភិវឌ្ឍន៍ដោយទន្ទឹងគ្នានឹងឧស្សាហកម្មវប្បធម៌ ដើម្បីបង្កើតជាចង្កោមវិស័យសេដ្ឋកិច្ចមុខព្រួញ។ លោក Nguyen Cao Tan នាយករងមន្ទីរទេសចរណ៍ខេត្ត និញប៊ិញ បានចាត់ទុកថា៖
“នាំយកតម្លៃពិសេសៗនៃតំបន់នីមួយៗដែលបង្កើតបានជារូបភាពនៃទេសចរណ៍វៀតណាម
ទៅកាន់ពិភពលោក ជ្រើសរើសទីផ្សារសំខាន់ៗដើម្បីកសាងម៉ាកយីហោជាតិ។ សម្រាប់ខាងមូលដ្ឋានវិញ យើងបន្តអភិវឌ្ឍន៍ផលិតផលដែលមានអត្តសញ្ញាណពិសេសៗរួមចំណែកដល់ការបង្កើតផែនទីចម្រុះពណ៌នៃទេសចរណ៍វៀតណាម”។
ឆ្នាំ 2025 ក៏បានកត់ត្រាសញ្ញាសម្គាល់ដ៏ពិសេសមួយផងដែរ នៅពេលដែលឋានៈនៃទេសចរណ៍
វៀតណាមត្រូវបានអះអាងយ៉ាងមុតមាំតាមរយៈកិត្តិនាមអន្តរជាតិជាច្រើន ដូចជាតំបន់ Yen Tu - Vinh Nghiem - Con Son, Kiep Bac ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាផ្លូវការ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក; ពិធីបុណ្យ Via Ba Chua Xu នៅភ្នំ Sam និងមុខរបរធ្វើគំនូរប្រជាប្រិយ Dong Ho គឺជាបេតិកភណ្ឌវប្បធម៌អរូបីដែលទទួលស្គាល់ដោយអង្គការយូណេស្កូ។
តំបន់ Yen Tu - Vinh Nghiem - Con Son, Kiep Bac ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាផ្លូវការ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ (រូបថត៖ Truong Giang/VOV) |
នៅលើឆាកទេសចរណ៍អន្តរជាតិ ប្រទេសវៀតណាមបានទទួលពានរង្វាន់គោលដៅបេតិកភណ្ឌ
ឈានមុខគេរបស់ពិភពលោកលើកទី ៦ ជាប់ៗគ្នា នៅពានរង្វាន់ទេសចរណ៍ពិភពលោក។ ខ្ពង់រាបថ្ម Dong Van ត្រូវបានលើកតម្កើង ជាលើកដំបូងជាគោលដៅវប្បធម៌ថ្នាក់មូលដ្ឋានឈានមុខគេរបស់ពិភពលោក; Moc Chau និង Tam Dao បន្តរក្សាឋានៈជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាព។
លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Thu Phuong នាយិកាវិទ្យាស្ថានវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍វៀតណាម បានចាត់ទុកថា៖ “ទីតាំងទេសចរណ៍មិនមែនគ្រាន់តែជាទីកន្លែងសម្រាប់ទៅទស្សនាប៉ុណ្ណោះទេ ថែមទាំងនឹងក្លាយជាលំហដែលយើងរស់នៅជាមួយគ្នា ទទួលបានបទពិសោធន៍ជាមួយគ្នា និងបង្កើតរបរចិញ្ចឹមជីវិតសម្រាប់សហគមន៍។ ទេសចរណ៍ដែលផ្អែកលើឧស្សាហកម្មវប្បធម៌នឹងរួមចំណែកដល់ការអភិរក្សបេតិកភណ្ឌ និងការកែលម្អគុណភាពជីវភាព នៅតាមគោលដៅទេសចរណ៍ ព្រមទាំងជំរុញសេដ្ឋកិច្ច បង្កើតការងារធ្វើ និងពង្រឹងទំនាក់ទំនងរវាងសហគមន៍មូលដ្ឋាន និងការអភិវឌ្ឍប្រកបដោយចីរភាព”។
ពី ហ្វេ និង និញប៊ិញ រហូតដល់ យៀនទឺ (ខេត្តក្វាងនិញ)... ពីតួរលេខគួរឱ្យចាប់អារម្មណ៍រហូតដល់រឿងរ៉ាវវប្បធម៌ដែលត្រូវបានច្នៃប្រឌិត ទេសចរណ៍វៀតណាមក្នុងឆ្នាំ ២០២៥ បានបង្ហាញពីមុខមាត់ដ៏ពោរពេញដោយទំនុកចិត្ត ត្រៀមខ្លួនចូលឆ្នាំ ២០២៦ជាមួយនឹងការរីកចម្រើនជាច្រើន៕