វៀតណាម – ចំណុចភ្លឺនៃសេដ្ឋកិច្ចអាស៊ាន ជាមួយនឹងគោលនយោបាយបើក​ចំហ និងធ្វើសមាហរណកម្មស៊ីជម្រៅ

(VOVWORLD) - ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វៀតណាមបានលេចចេញជាខឿនសេដ្ឋកិច្ចដែលមានកំណើនលឿន និងស្ថិរភាពបំផុតនៅក្នុងតំបន់។ ភាពជោគជ័យនេះ មួយផ្នែកគឺដោយសារតែគោលនយោបាយបើកចំហ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាម។ ក្នុងឱកាសនៃមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាមនាពេលខាងមុខ អ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅថៃ បានធ្វើបទសម្ភាសជាមួយលោកបណ្ឌិត Watcharas Leelawath – អតីតនាយកវិទ្យាស្ថានមេគង្គ និងជាអ្នកជំនាញសេដ្ឋកិច្ចនិងពាណិជ្ជកម្មថៃនិងអាស៊ាន – អំពីចំណុចភ្លឺនៃសេដ្ឋកិច្ចវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ដោយវាយតម្លៃពីការតម្រងទិសគោលនយោបាយសេដ្ឋកិច្ចទូទៅរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បើធៀបនឹងខឿនសេដ្ឋកិច្ចដែលកំពុងរីកចម្រើនផ្សេងៗទៀត លោកបណ្ឌិត Watcharas Leelawath បានសម្តែងការកោតសរសើរចំពោះភាពជោគជ័យរបស់វៀតណាម ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤៖ កំណើនសេដ្ឋកិច្ច ការវិនិយោគផ្ទាល់ពីបរទេស ការកាត់បន្ថយភាពក្រីក្រ និងពាណិជ្ជកម្មសកលរវាងវៀតណាម និងខឿនសេដ្ឋកិច្ចពិភពលោក។

វៀតណាម – ចំណុចភ្លឺនៃសេដ្ឋកិច្ចអាស៊ាន ជាមួយនឹងគោលនយោបាយបើក​ចំហ និងធ្វើសមាហរណកម្មស៊ីជម្រៅ - ảnh 1លោកបណ្ឌិត Watcharas Leelawath – អតីតនាយកវិទ្យាស្ថានមេគង្គ និងជាអ្នកជំនាញសេដ្ឋកិច្ចនិងពាណិជ្ជកម្មថៃនិងអាស៊ាន

“ដោយក្រឡេកមើលកំណើនសេដ្ឋកិច្ចក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ វៀតណាមសម្រេចបានប្រហែល ៦-៧% ក្នុងមួយឆ្នាំ។ តួលេខនេះគឺខ្ពស់ជាងបើប្រៀបធៀបនឹងសេដ្ឋកិច្ចដទៃទៀត ជាឧទាហរណ៍ប្រទេសថៃ ដែលមានប្រហែល ១-២% តែប៉ុណ្ណោះ។ សូម្បីតែក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ ក៏ដោយ សេដ្ឋកិច្ចវៀតណាមនៅតែមានកំណើនវិជ្ជមាន ខណៈដែលប្រទេសជាច្រើនមានកំណើនអវិជ្ជមាន។ វៀតណាមបានងើបឡើងវិញយ៉ាងឆាប់រហ័ស ពីកម្រិត ២% ឡើងដល់ ៨%។ ប្រការនេះ ពិតជាគួរឱ្យកត់សម្គាល់ណាស់ ហើយបង្ហាញពីកំណើនដ៏រឹងមាំក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ ក៏កំពុងកើនឡើងផងដែរ។ ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ យោងតាមរបាយការណ៍ អត្រាភាពក្រីក្របានថយចុះយ៉ាងខ្លាំង ពី ១៤% ក្នុងឆ្នាំ ២០១០ មកត្រឹម ៤% ក្នុងឆ្នាំ ២០២៣”

យោងតាមលោកបណ្ឌិត Watcharas Leelawath ភាពជោគជ័យនៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមអស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ គឺដោយមានគោលមាគ៌ា និងគោលនយោបាយត្រឹមត្រូវ និងទាន់ពេលវេលារបស់បក្ស និងរដ្ឋាភិបាលវៀតណាម។ ក្នុងនោះ ក្របខ័ណ្ឌគោលនយោបាយបើកចំហ របស់វៀតណាមបានទាក់ទាញវិនិយោគិនអន្តរជាតិជាច្រើន។

“ក្របខ័ណ្ឌគោលនយោបាយបើកចំហរបស់វៀតណាមធ្វើឱ្យប្រទេសនេះមានភាពទាក់ទាញយ៉ាងខ្លាំង។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសជាច្រើនជុំវិញពិភពលោក។ ប្រការនេះជួយសេដ្ឋកិច្ចវៀតណាមឱ្យក្លាយជាសេដ្ឋកិច្ចតាមទិសនាំចេញ។ នៅពេលដែល បើកពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត និងអនុវត្តអត្រាពន្ធសូន្យចំពោះដៃគូ FTA វៀតណាមមានសក្តានុពលក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ នៅពេលដែល FDI ចូលមក វានឹងបង្កើតការងារកាន់តែច្រើនសម្រាប់ប្រទេសជាតិ។ វិនិយោគិនជ្រើសរើសវៀតណាមជាមជ្ឈមណ្ឌលផលិតកម្ម ពីព្រោះនៅពេលនាំចេញទៅកាន់ប្រទេសដៃគូ ទំនិញទទួលបានអត្រាពន្ធសូន្យ។ បច្ចុប្បន្ន វៀតណាមមាន FTA ចំនួន ១៥ ជាមួយប្រទេសចំនួន ៥៣ ដែលជាតួរលេខដ៏គួរឱ្យកត់សម្គាល់ និងជាគុណសម្បត្តិដ៏អស្ចារ្យ”

វៀតណាម – ចំណុចភ្លឺនៃសេដ្ឋកិច្ចអាស៊ាន ជាមួយនឹងគោលនយោបាយបើក​ចំហ និងធ្វើសមាហរណកម្មស៊ីជម្រៅ - ảnh 2លោកបណ្ឌិត Watcharas Leelawath ធ្វើបទសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅថៃ។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត Watcharas Leelawath ក៏បានកត់សម្គាល់ថា ទោះបីជាសម្រេចបាននូវភាពជោគជ័យផ្នែកសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ជាច្រើនក៏ដោយ ក៏វៀតណាមនៅតែប្រឈមមុខនឹងឱកាស និងបញ្ហាប្រឈមជាច្រើននៅក្នុងទសវត្សរ៍ខាងមុខ ជាពិសេសក្នុងការកែទម្រង់បទប្បញ្ញត្តិឱ្យសមស្របតាមស្តង់ដារអន្តរជាតិ។ ដូច្នេះ នៅពេលដែលវៀតណាមកែទម្រង់បទប្បញ្ញត្តិរបស់ខ្លួន ជាពិសេសបទប្បញ្ញត្តិទាក់ទងនឹងបរិស្ថាន ដើម្បីឱ្យសមស្របតាមស្តង់ដារអន្តរជាតិ វានឹងបើកចេញឱកាសសម្រាប់ការនាំចេញទៅកាន់ពិភពលោក។ នេះជាចំណុចវិជ្ជមានមួយ។ បច្ចុប្បន្ន វៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្ម ប៉ុន្តែផ្នែកផលិតកម្មដែលវៀតណាមទទួលបាន មានតម្លៃទាបជាងបើធៀបនឹងដំណាក់កាលផ្សេងទៀត។ ដូច្នេះហើយ តើវៀតណាមអាច «ឡើងកម្រិតក្នុងខ្សែសង្វាក់តម្លៃ» យ៉ាងដូចម្តេច? វៀតណាមត្រូវការដំណោះស្រាយដើម្បីឈានទៅកម្រិតខ្ពស់ជាងនៅក្នុងខ្សែសង្វាក់តម្លៃនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ