កុំព្យូទ័រ Thanh Giong អនុវត្តន៍​សេចក្តីប្រាថ្នា “Make in Vietnam“

(VOVWORLD) - ពីអង្គភាពមួយដែលមានឯកទេសក្នុងការនាំចូលនិងចែកចាយកុំព្យូទ័រ ក្រុមហ៊ុនភាគហ៊ុនផ្សព្វផ្សាយនិងកុំព្យូទ័រ Thanh Giong បានអភិវឌ្ឍន៍ក្នុងទិសដៅផលិតនិងដំឡើងកុំព្យូទ័រជាមួយគោលបំណងចង់បង្កើតផលិតផលកុំព្យូទ័រ "Make in Vietnam"។ រយៈពេលជិត ២០ឆ្នាំចាប់តាំងពីការបង្កើត រហូតមកដល់ពេលនេះ ម៉ាកយីហោកុំព្យូទ័រ Thanh Giong បានខិតខំនាំយកបញ្ញានិងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាមពីដំបូងទីក្នុងវិស័យនេះ ស្ទុះឈានឡើង ជាមួយនឹង "កម្លាំងពលំ Phu Dong" ។
 
ក្រោយរយៈពេលជិត ២០ឆ្នាំនៃការកសាង រហូតមកដល់ឥឡូវនេះ Thanh Giong បានក្លាយជាម៉ាកយីហោកុំព្យូទ័រមួយក្នុងចំណោមម៉ាកយីហោកុំព្យូទ័រដ៏មានកិត្យានុភាពទាំង៥ របស់វៀតណាម ដោយផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យាថ្មីៗជាច្រើន ជាមួយនឹងគ្រឿងបន្លាស់ចំនួន៦៦% ត្រូវបានផលិតក្នុងស្រុក។ ក្រុមហ៊ុនមានផលិតផលសំខាន់ៗចំនួន ៤ គឺកុំព្យូទ័រឯកជន កុំព្យូទ័រការិយាល័យ កុំព្យូទ័រអាជីវកម្ម និងកុំព្យូទ័រគម្រោង។
កុំព្យូទ័រ Thanh Giong អនុវត្តន៍​សេចក្តីប្រាថ្នា “Make in Vietnam“ - ảnh 1កុំព្យូទ័រ Thanh Giong ទទួលបានពានរង្វាន់ Sao Sang (ផ្កាយកំពុងរះ) ជាមួយកិត្តិនាម "អ្នកផ្គត់ផ្គង់ផលិតផល ព្យូទ័រ Thanh Giong - SSTC MAKE IN VIETNAM ត្រូវបានពេញនិយម"។ រូបថត៖ Thanh Giong Computer

កុំព្យូទ័រម៉ាក Thanh Giong បានស្ថិតក្នុង Top ៣ ផលិតផលវៀតណាម ដែលពេញនិយមបំផុតដោយអ្នកប្រើប្រាស់ក្នុងឆ្នាំ ២០២២។ ក្នុងខែឧសភាឆ្នាំ២០២៤ នេះ កុំព្យូទ័រ Thanh Giong ទទួលបានពានរង្វាន់ Sao Sang (ផ្កាយកំពុងរះ) ជាមួយកិត្តិនាម "អ្នកផ្គត់ផ្គង់ផលិតផល ព្យូទ័រ Thanh Giong - SSTC MAKE IN VIETNAM ត្រូវបានពេញនិយម"។ លើសពីនេះទៅទៀត Thanh Giong ក៏ទទួលបានពានរង្វាន់បច្ចេកវិទ្យាជាច្រើនទៀតក្នុងពេលថ្មីៗនេះ។ ដោយរំលឹកពីដំណើរចាប់ផ្តើមអាជីវកម្មរបស់ខ្លួន លោក Lai Hoang Duong នាយកក្រុមហ៊ុនភាគហ៊ុនផ្សព្វផ្សាយនិងកុំព្យូទ័រ Thanh Giong បានចែករំលែកថា៖ “នៅពេលដែលយើងខ្ញុំបានបង្ហាញខ្លួននៅលើទីផ្សារ ទោះបីជាប្រទេសយើងបានបើកចំហរួចហើយក៏ដោយ ប៉ុន្តែប្រភពព័ត៌មាននៅមានកម្រិត។ ដូច្នេះ ប្រភពផ្គត់ផ្គង់សម្រាប់ផលិតកម្មក៏ពឹងផ្អែកយ៉ាងខ្លាំងទៅលើអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនក្នុងស្រុក។ ពួកគេគ្រប់គ្រងទីផ្សារទាំងស្រុង ដូច្នេះ ការលក់ថ្លៃឬលក់ថោកគឺយើងត្រូវរាប់រងទាំងស្រុង។ ទីពីរគឺការលំបាកអំពីដើមទុន ដើម្បីធ្វើអាជីវកម្មគឺត្រូវមានដើមទុន ដើម្បីទិញរោងចក្រ ទិញខ្សែសង្វាក់ផលិតកម្ម ទិញបច្ចេកវិទ្យា...។ នៅពេលនោះ បើនិយាយអំពីការផលិតកុំព្យូទ័រមួយគឺឆ្ងាយណាស់។ ប៉ុន្តែខ្ញុំឃើញថា វៀតណាមអាចធ្វើបានកុំព្យូទ័រថោកជាង និងមានមុខងារគ្រប់គ្រាន់ជាង។ ហើយបន្ទាប់ពីទទួលបានការឧបត្ថម្ភពីរដ្ឋ យើងខ្ញុំបានរៀបចំផែនការច្បាស់លាស់ដើម្បីបង្កើតផលិតផល”។

ជំនះលើការលំបាកនិងបញ្ហាប្រឈមជាច្រើនដូចជា៖ វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨ ជំងឺរាតត្បាត COVID-១៩ ក្នុងឆ្នាំ ២០២០-២០២១ ឬឱនភាពទីផ្សារបន្ទាប់ពីជំងឺរាតត្បាត... ក្រុមហ៊ុនកុំព្យូទ័រ Thanh Giong បានបង្ហាញពីភាពធន់របស់ខ្លួន ក្នុងដំណើរការអនុវត្តន៍សេចក្តីប្រាថ្នា Make in Vietnam។

លោកនាយក Lai Hoang Duong បានឲ្យដឹងថា ក្រុមហ៊ុនមានរូបមន្តផ្ទាល់ខ្លួនដើម្បីសម្រេចបានជោគជ័យ ដោយបង្កើតផលិតផលដែលធានាសុវត្ថិភាពព័ត៌មានខ្ពស់តាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា ការស្រាវជ្រាវនិងការរួមបញ្ចូលកម្មវិធីសុវត្ថិភាពជាច្រើន ដើម្បីការពារការលួចទិន្នន័យ ប្រកបដោយប្រសិទ្ធភាព។  

កុំព្យូទ័រ Thanh Giong អនុវត្តន៍​សេចក្តីប្រាថ្នា “Make in Vietnam“ - ảnh 2លោក Lai Hoang Duong នាយកក្រុមហ៊ុនភាគហ៊ុនផ្សព្វផ្សាយនិងកុំព្យូទ័រ Thanh Giong។ រូបថត៖ Thanh Giong Computer

“នៅក្នុងផលិតផលទាំងអស់ សុទ្ធតែមានចំណុចដែលយើងហៅថាចំណុចខ្សោយ ដរាបណាយើងបង្កើតផលិតផលដែលជំនះលើចំណុចខ្សោយទាំងនោះ យើងនឹងលក់ផលិតផលជាក់ជាពុំខាន។ ដូច្នេះ ចំណុចខ្សោយនៃផលិតផលបច្ចេកវិទ្យាព័ត៌មាន គឺអតិថិជនអាចបាត់បង់ទិន្នន័យនៅពេលប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន។ យើងបានបង្កើតផលិតផលដែលយកឈ្នះលើចំណុចខ្សោយទាំងនោះ និងការពារទិន្នន័យអ្នកប្រើប្រាស់។ ខ្ញុំគិតថានៅក្នុងទីផ្សារណាមួយ យើងត្រូវការស្វែងរកបំណងប្រាថ្នារបស់អតិថិជនត្រឹមត្រូវដើម្បីសម្រេចបានជោគជ័យ”។

ក្រៅពីការវិនិយោគលើរោងចក្រនិងខ្សែសង្វាក់ផលិតកម្មតាមស្តង់ដារឧស្សាហកម្ម ក្រុមហ៊ុនក៏បានសហការជាមួយសារជីវកម្ម C.P.R (ជប៉ុន) ដើម្បីផ្ទេរបច្ចេកវិទ្យាផលិតកុំព្យូទ័រនៅប្រទេសវៀតណាមតាមស្តង់ដារជប៉ុន។ លើសពីនេះ Thanh Giong ក៏សហការជាមួយសាជីវកម្មកុំព្យូទ័ររបស់សិង្ហបុរី ដើម្បីវិនិយោគលើខ្សែសង្វាក់បច្ចេកវិទ្យាផលិតកុំព្យូទ័រយួរដៃផងដែរ។ ក្រុមហ៊ុនបានបង្កើតនូវកុំព្យូទ័រប្រកបដោយសមកាលកម្ម និងមានស្ថេរភាពខ្ពស់ ដែលត្រូវបានពេញនិយមនៅលើទីផ្សារ។ លោក Nguyen Tuan Minh ប្រធានសមាគមគ្រឿងចក្រការិយាល័យវៀតណាមបានធ្វើអធិប្បាយថា៖ “វៀតណាមមានផលិតផលបច្ចេកវិទ្យាតិចតួចណាស់ ហើយ Thanh Giong គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យបច្ចេកវិទ្យា។ ត្រូវតែនិយាយថា ការបង្កើតផលិតផលបច្ចេកវិទ្យាគឺជាការងារដ៏លំបាកបំផុតក្នុងបរិបទដែលហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាមនៅតែមានកម្រិត។ ដើម្បីអភិវឌ្ឍនិងឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារ និងអះអាងពីម៉ាកយីហោវៀតណាមដូចសព្វថ្ងៃនេះ គឺជាជោគជ័យដ៏ធំធេងណាស់”។

រហូតមកដល់ពេលនេះ Thanh Giong បានផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យាដូចជាការគាំទ្រផ្នែកទន់ ការរចនាផលិតផលក្នុងតម្លៃសមរម្យ ប៉ុន្តែនៅតែបំពេញមុខងារយ៉ាងគ្រប់គ្រាន់។ ខ្សែផលិតផលរបស់ Thanh Giong ត្រូវបានជឿទុកចិត្ត និងប្រើប្រាស់ដោយអតិថិជនក្នុងស្រុក ហើយទទួលបានការយកចិត្តទុកដាក់នៅទីផ្សារបរទេស។ លោក Lai Hoang Duong បានបញ្ជាក់ថា៖ “យើងខ្ញុំកំពុងបង្កើតគំរូដែលបំពេញស្តង់ដារនៅក្នុងប្រទេសជប៉ុន ហើយខ្ញុំសង្ឃឹមថានាពេលខាងមុខ យើងនឹងទទួលបានវិញ្ញាបនបត្រប្រតិបត្តិការនៅក្នុងទីផ្សារជប៉ុន។ នាពេលថ្មីៗនេះ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើកដំបូង (MOU) ជាមួយប្រទេសស្រីលង្កា និងម៉ាឡេស៊ី ហើយប្រទេសមីយ៉ាន់ម៉ាក៏បានយល់ព្រមអនុញ្ញាតឱ្យមានការបញ្ជូនគំរូផងដែរ។ នៅពេលដែលពួកគេទទួលយកគំរូនេះ ខ្ញុំសង្ឃឹមថា កុំព្យូទ័រ Thanh Giong នឹងមានវត្តមាននៅក្នុងទីផ្សារទាំងនេះឱ្យបានឆាប់ៗ”។

វៀតណាមត្រូវបានចាត់ទុកជាទីផ្សារដ៏គួរឲ្យទាក់ទាញសម្រាប់ការអភិវឌ្ឍផលិតផលបច្ចេកវិទ្យាព័ត៌មាន។ តាមការព្យាករណ៍ តម្រូវការអំពីឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាខ្ពស់នឹងកាន់តែកើនឡើងនាពេលអនាគតដ៏ខ្លី ជាមួយនឹងអត្រាកំណើនជួរមុខនៅលើពិភពលោក ជាពិសេសឧស្សាហកម្មផ្នែករឹងនឹងមានការរីកចម្រើនខ្លាំង ដោយងាកទៅរកនិន្នាការនៃឧបករណ៍ចល័តដូចជាកុំព្យូទ័រយួរដៃ។ ដើម្បីឆ្លៀតយកឱកាសនោះ Thanh Giong បានស្នើយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដោយផ្តោតលើផលិតផលឯកទេសដែលមានតម្លៃខ្ពស់ និងជំរុញការនាំចេញកុំព្យូទ័រទៅកាន់ទីផ្សារបរទេស។ នេះគឺជាគោលដៅដែល Thanh Giong ឆ្ពោះទៅរក ក្នុងដំណើរការក្លាយទៅជាសហគ្រាសបច្ចេកវិទ្យា Make in Vietnam៕

ប្រតិកម្មទៅវិញ

ផ្សេងៗ