សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមឈានទៅកាន់ពិភពលោក

(VOVWORLD) - សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទាំងបរិមាណនិងសមត្ថភាពប្រកួតប្រជែង។ សហគមន៍អាជីវកម្មបច្ចេកវិទ្យាវៀតណាមបាននិងកំពុងផ្តល់ផលិតផល សេវាកម្មនិងដំណោះស្រាយឌីជីថល សម្រាប់ការពន្លឿនការផ្លាស់ប្តូរ ឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនិងសង្គម ឌីជីថលរបស់ប្រទេសជាតិ រួមចំណែកកាត់បន្ថយគម្លាតឌីជីថលសកលលោក រួមដៃគ្នាជាមួយ សហគមន៍ធុរកិច្ចអន្តរជាតិ ដើម្បីកសាងពិភព ឌីជីថល។ ក្នុងចំណោមនោះ មានអាជីវកម្មជាច្រើនបានត្រួសត្រាយចូលទីផ្សារពិភពលោក និងទទួលបានជោគជ័យផងដែរ។

សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមឈានទៅកាន់ពិភពលោក - ảnh 1បរិយាកាសការងារនៅ VMO Holdings (រូបថត៖ VMO Holdings)

ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលបានក្លាយជាវិស័យសេដ្ឋកិច្ចស្នូលរបស់ប្រទេសជាតិទាំងមូល បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល។ ប្រាក់ចំណូលពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤ ត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបាន ១១៨ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមមិនត្រឹមតែឆ្លុះបញ្ចាំងនៅក្នុងផលិតផលដំណោះស្រាយបច្ចេកវិទ្យាឌីជីថល Make in Vietnam ទទួលខុសត្រូវលើការផ្លាស់ប្តូរឌីជីថលជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញតាមរយៈការរុករកទីផ្សារបរទេសផងដែរ។ វៀតណាមមានសហគ្រាសបច្ចេកវិទ្យាឌីជីថលជាង ១.៥០០ ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ៣៣ ដែលផ្តោតជាសំខាន់ក្នុងប្រទេស៖ សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា សហរដ្ឋអាមេរិក ...។  សហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាមមិនត្រឹមតែផលិតប៉ុណ្ណោះទេ ថែមទាំងបង្កើតផលិតផលនិងដណ្តើមទីផ្សារបរទេសទៀតផង។ នៅឆ្នាំមុន អាជីវកម្មទាំងនេះទទួលបានប្រាក់ចំណូលប្រហែល ៧,៥ ពាន់លានដុល្លារអាមេរិកពីទីផ្សារបរទេសផងដែរ។ ក្នុងឆ្នាំ ២០២៥ខាងមុខ  ចំនួននេះត្រូវបានគេប៉ាន់ប្រមាណថា សម្រេចបាន ១០ ពាន់លានដុល្លារអាមេរិកជាពុំខាន។

VMO Holdings គឺជាសហគ្រាសបច្ចេកវិទ្យាឌីជីថលមួយក្នុងចំណោមសហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមដែលទទួលបានជោគជ័យ ក្នុងដំណើរ "ឆ្ពោះទៅសកលលោក"។ ចាប់តាំងពីឆ្នាំ ២០១២មក នៅពេលដែលរលកនៃការអភិវឌ្ឍកម្មវិធីទូរស័ព្ទបានផ្ទុះឡើងយ៉ាងខ្លាំង សហស្ថាប និកទាំង ៣ នៃអាជីវកម្មនេះគឺវិស្វករវ័យក្មេងដែលជក់ចិត្តនឹងបច្ចេកវិទ្យានិងអភិវឌ្ឍន៍គម្រោងតូចៗ សម្រាប់ក្រុមហ៊ុនបរទេស បានបង្កើតក្រុមហ៊ុនដោយមានបំណងចង់រួមចំណែកជួយផ្នែកព័ត៌មានវិទ្យាវៀតណាមលើកកម្ពស់ឋានៈរបស់ខ្លួនលើផែនទីបច្ចេកវិទ្យាពិភពលោក។ រហូតមកដល់បច្ចុប្បន្ន អាជីវកម្មនេះមានការិយាល័យតំណាងចំនួន ១០ នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដែលមានបុគ្គលិកជិត ១.២០០ នាក់។ លោកស្រី Nguyen Khanh Diep អគ្គនាយិការងក្រុមហ៊ុន ភាគហ៊ុនបច្ចេកវិទ្យា VMO Holdings បានឲ្យដឹងថា៖ “VMO Holdings បានបោះជំហានទៅកាន់ទីផ្សារបរទេសចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ពោលគឺចាប់ផ្តើមមានវត្តមាននៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ នៅពេលនោះ ទីផ្សារផ្លាស់ប្តូរឌីជីថលនៅវៀតណាមនៅតែថ្មីថ្មោង ហើយប្រាក់ចំណូល និងការលក់ពីទីផ្សារបរទេសមានភាពទាក់ទាញខ្លាំង”។

ក៏ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដែរ ក្រុមហ៊ុនភាគហ៊ុន Rikkei Soft បានជ្រើសរើសទិសដៅអភិវឌ្ឍន៍ក្នុងវិស័យផ្តល់សេវាកម្ម និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អង្គភាពអាជីវកម្មបានអភិវឌ្ឍន៍ប្រកបដោយជោគជ័យ និងនាំចេញផលិតផលបច្ចេក វិទ្យា Make in Vietnam ជាច្រើនទៅកាន់ទីផ្សារបរទេស។ លោក Ha Huy Luan អគ្គនាយករងក្រុមហ៊ុន Rikkei Soft បានចែករំលែកថា៖ “នៅឆ្នាំ ២០២៣ ប្រាក់ចំណូលសរុបរបស់ Rikkei Soft សម្រេចបានជិត ១.០០០ ពាន់លានដុង (ប្រហែល ៣៩ លានដុល្លារអាមេរិក) ដែលក្នុងនោះចំនួន ៨០% នៃប្រាក់ចំណូលបានមកពីទីផ្សារជប៉ុន, ចំនួន ១០% ពីទីផ្សារអឺរ៉ុប អាមេរិក និងអាស៊ីអាគ្នេយ៍ ចំនួន ១០% ពីទីផ្សារក្នុងប្រទេស។ នៅឆ្នាំនេះ យើងបានកំណត់គោលដៅកំណើនការលក់ ៧០% សម្រាប់ទីផ្សារអន្តរជាតិ ហើយនឹងរក្សាបាននូវអត្រាកំណើនខ្ពស់នេះនៅឆ្នាំបន្តបន្ទាប់”។

សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមឈានទៅកាន់ពិភពលោក - ảnh 2ជ្រុងមួយចំនួននៅក្នុងការិយាល័យបើកចំហរបស់ Rikkeisoft Da Nang  (រូបថត៖ dsa.org.vn)

ជោគជ័យរបស់ VMO Holdings, Rikkei Soft ក៏ដូចជាអាជីវកម្មបច្ចេកវិទ្យាឌីជីថលវៀតណាមជាច្រើនទៀតក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ ទីផ្សារធំៗ បានរួមចំណែកយ៉ាងសំខាន់ក្នុងការនាំប្រទេសវៀតណាមទៅកាន់គោលដៅខាងក្រៅផ្នែកទន់កំពូល ២ នៅអាស៊ីអាគ្នេយ៍នៅក្នុងសន្ទស្សន៍ទីតាំងសេវាកម្មសកលរបស់ Kearney។ សកម្មភាពផ្នែកសូហ្វវែរ និងបច្ចេកវិជ្ជាឌីជីថលគឺជាកម្លាំងប្រកួតប្រជែងមួយ របស់ធុរកិច្ចវៀត ណាមក្នុងនិងក្រៅប្រទេស រួមចំណែកលើកតម្កើងវៀតណាមលើផែនទីពិភពលោកនៃបច្ចេកវិទ្យាឌីជីថល។ 

អាជីវកម្មបច្ចេកវិទ្យាឌីជីថលក៏ជាអ្នកត្រួសត្រាយផ្លូវក្នុងយុទ្ធសាស្ត្រ “ឆ្ពោះទៅសកលលោក” និងគំនិតផ្តួចផ្តើម "Make in Vietnam" បង្កើតផលិតផលបច្ចេកវិទ្យាវៀតណាម និងដំណោះស្រាយដើម្បីដោះស្រាយបញ្ហាក្នុងប្រទេសនិងអន្តរជាតិ។ នេះជាសក្ខីភាពបញ្ជាក់ថា អង្គភាពអាជីវកម្មបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមកំពុងបបោះជំហានទៅកាន់ពិភពលោកជានិច្ច ដោយបញ្ជាក់ពីម៉ាកយីហោ និងសមត្ថភាពរបស់ខ្លួន។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍អាជីវកម្មខ្លួនឯង ភាពជាដៃគូរបស់ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ រួមជាមួយនឹងសមាគមក្នុងវិស័យព័ត៌មានវិទ្យា ក៏កំពុងបង្កើតឱកាសបន្ថែមទៀតសម្រាប់អាជីវកម្មដើម្បីឈានចូលទីផ្សារអន្តរជាតិសម្រាប់សហគ្រាសបច្ចេកវិទ្យាឌីជីថល។ លោក Trieu Minh Long ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា៖ “ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានអនុវត្តកម្មវិធីឧបត្ថម្ភសម្រាប់អង្គភាពអាជីវកម្មបច្ចេកវិទ្យាឌីជីថលរបស់វៀត ណាម បើកទូលាយទីផ្សារ និងទាញយកឱកាសវិនិយោគអាជីវកម្មនៅក្នុងប្រទេសនានាជុំវិញពិភពលោក។ កម្មវិធីនេះរួមមានសន្និសីទ និងវេទិកាទាំងក្នុងនិងក្រៅប្រទេស ដោយបានរៀបចំស្តង់នៅតាមបណ្តាប្រទេសជុំវិញពិភពលោក  ជាពិសេសរៀបចំកម្មវិធីតភ្ជាប់ធុរកិច្ចវៀតណាម និងដៃគូអន្តរជាតិនៅទូទាំងពិភពលោក”។

ដើម្បីនាំយកម៉ាកយីហោ Make in Vietnam ទៅកាន់ទីផ្សារក្នុងទ្វីបចំនួនប្រាំ អង្គភាពអាជីវកម្មបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមបាននិងកំពុងមានជំហានលោតផ្លោះតាមរយៈបច្ចេកវិទ្យាថ្មីៗ។  ការកសាងប្រព័ន្ធអេកូឡូស៊ីនៃផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam   ការនាំយកចំណេះដឹង និងបច្ចេកវិទ្យាឌីជីថលបោះជំហានទៅកាន់ពិភពលោក គឺជាគោលដៅដែលអង្គភាពអាជីវកម្មបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមកំពុងអនុវត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ