កងទ័ពវៀតណាមនាំយកបុណ្យតេតកុមារដល់ប្អូនៗកុមារនៅអាហ្វ្រិក
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃដើមខែមិថុនា ខណៈពេលដែលប្អូនៗ កុមារនៅជុំវិញពិភពលោកកំពុងរីករាយនឹងទិវាកុមារអន្តរជាតិ (ថ្ងៃទី ១ ខែមិថុនា) គឺនៅក្នុងទឹកដីដែលហែកហួរដោយសង្រ្គាម ដូចជាប្រទេសស៊ូដង់ខាងត្បូង ស្នាមញញឹមរបស់ប្អូនៗ កុមារតែងតែផុយស្រួយ និងកម្រណាស់។ ដោយក្តីស្រឡាញ់ និងស្មារតីចែក រំលែកការទទួលខុសត្រូវ កងទ័ពមួកខៀវមកពីប្រទេសវៀតណាម បាននាំមកនូវស្នាមញញឹម និងភាពសប្បាយរីករាយជូនដល់ប្អូនៗកុមារ នៅទីនេះ។
កងទ័ពវៀតណាមជួយឧបត្ថម្ភក្តារសរសេរ ប៊ិច និងសៀវភៅកត់ត្រាសម្រាប់សាលាក្នុងឧិការបុណ្យតេតកុមារ |
ជីវភាពរស់នក្នុងជំរុំការពារប្រជាជន (IDP camp) ជាដំបូលផ្ទះរបស់ប្រជាជនជាង ១២០.០០០ នាក់ ដែលរងផលប៉ះពាល់ដោយជម្លោះនៅស៊ូដង់ខាងត្បូង គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ អំពីការលំបាកដែលកុមារនៅទីនេះកំពុងស៊ូទ្រាំជារៀងរាល់ថ្ងៃ។
សាលាបឋមសិក្សា Banpa គឺជាសាលាតែមួយគត់ ក្នុងចំណោមសាលាចំនួន ៤ កន្លែង ប៉ុណ្ណោះ នៅក្នុងតំបន់ការពារប្រជាជន ក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលនៅតែដំណើរការសិក្សា។ ថ្វីត្បិតតែមានសិស្សជាង ២.២០០0 នាក់ ប៉ុន្តែសាលាមានបន្ទប់រៀនបណ្ដោះអាសន្នចំនួន ១១ ប៉ុណ្ណោះ ដែលធ្វើពីដែកនិងឈើ គ្មានទ្វារ គ្មានកង្ហារ គ្មានពន្លឺ មានតែក្តារខៀនសម្រាប់គ្រូបង្រៀន និងកៅអីពីរបីជួរសម្រាប់ក្មេងៗ អង្គុយយ៉ាងណែន សម្រាប់រៀនអក្សរ
នៅចំពោះមុខស្ថានភាពនោះ កងទ័ព កម្មាភិបាល និងបុគ្គលិកនៃមន្ទីរពេទ្យកម្រិត ២ លេខ ៦ នៃបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង ដែលកំពុងបំពេញបេសកកម្មនៅទីនេះ បានធ្វើសកម្មភាពប្រកបដោយអត្ថន័យ ក្នុងឱកាសទិវាកុមារអន្តរជាតិ (១ មិថុនា)។
ផ្តល់ជូនថ្នាំសំលាប់មេរោគ សាប៊ូ និងរៀបចំវគ្គបណ្តុះបណ្តាអំពីអនាម័យ និងការបង្ការការរីករាលដាលជំងឺ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស |
មិនត្រឹមតែជួយដល់សាលាជាមួយនឹងសម្ភារៈសំខាន់ៗដូចជា ក្តារសរសេរ ប៊ិច សៀវភៅកត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែកម្មាភិបាលវៀតណាមក៏បានប្រគល់អំណោយចំនួន ២៥០ កញ្ចប់ ដល់សិស្សពូកែទៀតផង។ អំណោយទោះបីតិចតួចក្តី ប៉ុន្តែជាប្រភពលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់ប្អូនៗកុមារទាំងអស់នេះ ដែលកំពុងធំធាត់ក្នុងគ្រាលំបាក។ លោក Gabriel gatduel នាយកសាលាបឋមសិក្សា Banpa ស៊ូដង់ខាងត្បូង បានសំណេះសំណាលថា៖ “យើងវាយតម្លៃខ្ពស់ចំពោះសកម្មភាពគាំទ្ររបស់កងកម្លាំង រក្សាសន្តិភាព វៀតណាមនៅស៊ូដង់ខាងត្បូង ជាពិសេសការរួមចំណែករបស់ក្រុមវៀតណាម ក្នុងសកម្មភាពជួយឧបត្ថម្ភវិស័យអប់រំរបស់ប្រទេសយើង។ ការជួយឧបត្ថម្ភទាំងនេះមានតម្លៃណាស់ ជួយកុមារទទួលបានចំណេះដឹង ជួយពួកគេរៀនអាននិងចេះសរសេរ។ សូមអរគុណចំពោះការជួយឧបត្ថម្ភរបស់ក្រុមបេសក កម្មវៀតណាម”។
មិនត្រឹមតែប៉ុណ្ណោះ នៅចំពោះមុខការរីករាលដាលនៃជំងឺអាសន្នរោគដ៏ស្មុគស្មាញនៅក្នុងតំបន់ IDP ក្រុមការងារថែមទាំងជួយដល់សាលាជាមួយនឹងថ្នាំសំលាប់មេរោគ សាប៊ូ និងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីអនាម័យ និងការបង្ការការរីករាលដាលដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទៀតផង។ នោះមិនត្រឹមតែជាអំណោយជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចែករំលែក និងផ្សព្វផ្សាយក្តីស្រឡាញ់ពីកងទ័ពមួកខៀវបង្កប់ដោយបេះដូងវៀតណាមផងដែរ។
កងទ័ពវៀតណាមនាំបុណ្យតេតកុមារដល់ប្អូនៗ កុមារអាហ្វ្រិក |
ការខ្វះខាតទឹកស្អាត អាហារ សេវាវេជ្ជសាស្រ្ត និងការអប់រំ គឺជាស្ថានការពិតអស់ជាច្រើនឆ្នាំមកហើយ។ អនុសេនីយ៍ឯក Do Thi Dieu Huyen ដែលជាយុទ្ធនារីក្មេងជាងគេក្នុងចំណោមកងទ័ពមួកខៀវនៃមន្ទីរពេទ្យកម្រិត ១ លេខ ៦ បានចែករំលែកថា នាងនិងមិត្តរួមក្រុមស្រឡាញ់ក្មេងៗនៅទីនេះ ព្រោះពួកគេត្រូវធំធាត់នៅកណ្តាលធូលី ពន្លឺព្រះអាទិត្យដ៏អាក្រក់ និងដំបូលផ្ទះសាមញ្ញ។ ពួកគេភាគច្រើនមិនមានស្បែកជើង មិនមានកាបូបសាលា ប្អូនៗជាច្រើននាក់ មិនដែលកាន់សៀវភៅកំប្លែង ឬពណ៌នៅឡើយ។ ទិវាកុមារអន្តរជាតិគឺកាន់តែមិនស្គាល់សម្រាប់ពួកគេ។ ដូច្នេះហើយខ្ញុំចង់ផ្សព្វផ្សាយសេចក្ដីស្រឡាញ់ដល់ប្អូនៗ៖
“ប្រការ ដែលយើងទទួលបានបន្ទាប់ពីសកម្មភាពស្ម័គ្រចិត្តនីមួយៗបែបនេះគឺសុភមង្គល ព្រោះយើងបាននាំមកនូវភាពរីករាយ និងសំណើច ទោះបីជាតិចតូចក្តី ដល់ប្អូនៗ កុមារនៅទីនេះ។ នេះជាកម្លាំងចិត្តដ៏ធំធេងមួយសម្រាប់យើងបន្តបំពេញបេសកកម្ម”។
គិតត្រឹមខែឧសភា ឆ្នាំ ២០២៥ វៀតណាមបានបញ្ជូនកម្មាភិបាល និងបុគ្គលិកប្រហែល ១.១០០ នាក់ ទៅចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពនៅបេសកកម្មចំនួន ៣ នៅអាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង អាប៊ីយ និងទីស្នាក់ការអង្គការសហប្រជាជាតិ។ ពួកគេកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាររបស់ខ្លួន ទាំងយប់ទាំងថ្ងៃនៅក្នុងកន្លែងមនុស្សធម៌របស់ពិភពលោក។ មន្ទីរពេទ្យវាលកម្រិត២ លេខ ៦ គឺជាឧទាហរណ៍ ដែលមិនត្រឹមតែនាំមកនូវជំនាញវេជ្ជសាស្រ្តប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយតម្លៃនៃសន្តិភាពនិងទឹកចិត្តមេតាករុណាទៀតផង។ នាយឧត្តមសេនីយ៍ Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានអះអាងថា៖ “មកទល់នឹងពេលនេះ មន្ទីរពេទ្យកម្រិត ២ របស់វៀតណាម ត្រូវបានថ្នាក់ដឹកនាំ និងសហការី វាយតម្លៃខ្ពស់។ យើងតែងតែបញ្ជាក់អំពីជំណាញវិជ្ជាជីវៈរបស់យើង និងស្មារតីទទួលខុសត្រូវខ្ពស់នៅពេលបំពេញភារកិច្ចនៅបេសកកម្ម”។
នៅកណ្តាលទឹកដីអាហ្រ្វិកដ៏ក្តៅហួសហែងនិងពោរពេញដោយក្តីលំបាក វត្តមានរបស់កងទ័ពវៀតណាមបាននឹងកំពុងបំភ្លឺក្តីសង្ឃឹម និងនាំមកនូវភាពរីករាយក្នុងក្រសែភ្នែករបស់កុមារស៊ូដង់ខាងត្បូង៕