ពិធីបួងសួងសូមរដូវអំណោយផលរបស់ជនជាតិ Tay - Nung នៅខេត្ត Thai Nguyen
(VOVWORLD) - ជនជាតិភាគតិចនៅខេត្ត Thai Nguyen មានពិធីពិសេសៗជាច្រើន ក្នុងនោះមានពិធីបួងសួងសូមឲ្យរដួវអំណោយផលរបស់ជនជាតិ Tay និង Nung ផងដែរ។ ពិធីនេះមានគោល បំណងថ្លែងអំណរគុណជូនដល់ពពួកទេវតាដែលបានប្រទានពរ និងបួងសួងឱ្យអាកាសធាតុអំណោយផល និងផលដំណាំសម្បូរហូរហារ។
ពិធីបួងសួងសូមរដូវអំណោយផល តែងតែអនុវត្តន៍ដោយព្រឹទ្ធាចារ្យភូមិ មេភូមិ ឬអ្នកដែលមានកិត្យានុភាពក្នុងចំណោមអ្នកភូមិ (រូបថត៖ Manh Phuong/VOV) |
ជនជាតិ Tay និង Nung នៅខេត្ត Thai Nguyen មានជីវភាពរស់នៅយ៉ាងជិតស្និទ្ធជាមួយការធ្វើកសិកម្មនិងចិញ្ចឹមសត្វ។ ផ្តើមចេញពីតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្តីសុបិន្តដ៏សាមញ្ញ ប្រជាជនបានបង្កើត និងថែរក្សាពិធីបុណ្យបួងសួងសូមរដូវអំណោយផល បន់ស្រន់ឲ្យមានទឹក ភ្លៀង និងខ្យល់គ្រប់គ្រាន់សម្រាប់ជីវភាព។ នេះជាពិធីបុណ្យប្រចាំតំបន់ ដក់ជាប់យ៉ាងជ្រៅដល់ជីវភាពនិងជំនឿរបស់ប្រជាជន។ លោក Luong Phuc Kiem ដែលជាម្ចាស់ផ្ទះនៃពិធីបុណ្យឆ្នាំនេះបានឲ្យដឹងថា៖ ពិធីបុណ្យសូមរដូវ អំណោយផល (ហៅម្យ៉ាងទៀតថា ពិធីបុណ្យ Lồng tồng ពិធីបុណ្យ Lùng tùng និងពិធីបុណ្យចុះវាលស្រែ) ដែលតែងតែបានប្រារព្ធឡើង ក្នុងខែទី ៥ ខែទី ៦ ខែទី ៨ និងទី ៩ (តាមប្រតិទិនច័ន្ទគតិ)៖
“ពិធីបុណ្យសូមឲ្យរដូវអំណោយផលរបស់ជនជាតិ Tay នៅខេត្ត Thai Nguyen ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបួងសួងសូមឱ្យអាកាសធាតុអំណោយផល ការប្រមូលផលដំណាំ និងចិញ្ចឹមសត្វបានល្អ”
ចំណែកលោក Nguyen The Anh នៅឃុំ Lam Vy បានចែករំលែកថា៖ “ពិធីបុណ្យសូមរដូវអំណោយផលគឺជាឱកាសមួយសម្រាប់សហគមន៍ក្នុងការចូលរួមក្នុងសកម្មភាពសាសនា និងវប្បធម៌ ពង្រឹងសាមគ្គីភាព និងចំណងមិត្តភាពក្នុងចំណោមសមាជិកភូមិ។ មានឱកាសមកទីនេះដើម្បីឆ្លងកាត់វប្បធម៌ជនជាតិ ... ជាឱកាសមកជួបជុំគ្នានៅទីនេះដើម្បីបួងសួងសុំសំណាងនិងជោគជ័យលើវិស័យជាច្រើន”។
អ្នកប្រារព្ធពិធីតំណាងឲ្យសហគមន៍ក្នុងការថ្វាយដង្វាយ និងបួងសួងនៅមុខអាសនៈរបស់ពពួកទេវតា (រូបថត៖ Manh Phuong/VOV) |
ពិធីសូមរដូវអំណោយផល តែងតែប្រព្រឹត្តទៅក្រោមអធិបតីភាព ព្រឹទ្ធាចារ្យ មេភូមិ ជាអ្នកមានកិត្យានុភាពជាមួយអ្នកភូមិ មានបទពិសោធន៍ក្នុងជីវិត យល់ដឹងពីប្រពៃណី និងវប្បធម៌របស់ប្រទេសជាតិ មានតួនាទីដឹកនាំ និងណែនាំក្នុងពិធី។ ម្ចាស់ពិធីនេះក៏ជាអ្នកតំណាងឲ្យសហគមន៍ទៅថ្វាយតង្វាយ និងបន់ស្រន់នៅមុខអាសនៈនៃព្រះអាទិពេទ ធ្វើពិធីបួងសួងសុំអាកាសធាតុអំណោយផល ការប្រមូលផលដ៏ច្រើនសន្ធឹកសន្ធាប់ និងធ្វើពិធីផ្សេងៗទៀតដូចជា បួងសូងសូមសេចក្តីសុខចម្រុងចម្រើនឬបណ្តេញ ឧបទ្រុធចង្រៃ។
គ្រូសែននិងម្ចាស់ពិធីបុណ្យនឹងសូត្រពិធីបន់ស្រន់ ដើម្បីសំដែងនូវការគោរពចំពោះពពួកទេវតាដែលបានប្រទានពរជ័យអោយដំណាំក្រោយៗទៀតទទួលបានផលច្រើនលើសឆ្នាំចាស់។ ដើម្បីជួយម្ចាស់ពិធីបុណ្យនិងគ្រូសែន សមាជិកនៃក្រុមធ្វើពិធីត្រូវរៀបចំដង្វាយ តុបតែងអាសនៈ និងជួយរៀបចំ ណែនាំ និងផ្សព្វផ្សាយចំណេះដឹងអំពីពិធីសូត្រមន្តដល់ក្មេងៗជំនាន់ក្រោយ ធានាថា ពិធីនឹងប្រព្រឹត្តទៅដោយរលូន និងស្របតាមប្រពៃណី។ សមាជិកក្នុងពិធីត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សុខភាពល្អ មានគ្រួសារចុះសម្រុងគ្នា និងកូនចៅច្រើន រស់នៅជាគំរូ និងត្រូវរួបរួមជាមួយភូមិ។ លោក Ma Van Tram សមាជិកក្នុងពិធីដែលមានការទុកចិត្តក្នុងការរៀបចំពិធីនេះជាច្រើនឆ្នាំមកហើយបានឲ្យដឹងថា៖
“ពិធីនេះ រួមមាន មាន់ អង្ករដំណើប ក្បាលជ្រូក ធូប និង ចង្ហាន់។ ក្រោយមកមានគ្រាប់ពួជរួមមាន ស្រូវ ពោត និងគ្រាប់សណ្តែក ត្រូវព្រះសង្ឃប្រគេនដល់ព្រះភូមិ។ សមាជិកដែលធ្វើពិធីនេះក៏ត្រូវមានគ្រួសារពេញលេញមានកូន មានប្ដីប្រពន្ធចុះសម្រុងនឹងមានគ្នាទាំងប្រុសទាំងស្រី”។
បន្ទាប់ពីពិធីបុណ្យ អ្នកភូមិ និងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីបានចូលរួមសកម្មភាពវប្បធម៌ដូចជា៖ ប្រកួតដាំស្រូវ ធ្វើនំ ចម្អិនអង្ករដំណើប ធ្វើម្ហូបប្រពៃណី បោះកោណ បិទភ្នែកចាប់ពពែ រាំឬស្សី រាំវង់ កន្ទ្រឹម តុងទីន រុញដំបង ទាញព្រ័ត្រ និងបាល់ទាត់ជាដើម។ ទាំងនេះគឺជាល្បែងប្រជាប្រិយដែលជួយក្រុមជនជាតិភាគតិចឱ្យមានភាពស្និទ្ធស្នាលជាមួយគ្នា ក៏ដូចជាជំរុញឱ្យមានមោទនភាពក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិខ្លួន។
ក្រោយពីធ្វើពិធីវប្បធម៌រួច គ្រឿងដង្វាយនឹងត្រូវបានចែកជូនដល់អ្នករាល់គ្នា ពិធីជប់លៀងរួមត្រូវបានគេប្រារព្ធឡើងជារឿយៗ ដែលគេហៅថា ទទួលលាភ។ មនុស្សគ្រប់គ្នាញ៉ាំ ជជែក និងចែករំលែកភាពរីករាយ និងការលំបាកក្នុងជីវិត។ នៅកន្លែងខ្លះ មនុស្សម្នាក៏រៀបចំដង្ហែព្រះពីផ្ទះសហគមន៍ទៅវាលស្រែ។ លោក Pham Quang Sang អតីតអនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Dinh Hoa (បច្ចុប្បន្នជាលេខាគណៈកម្មាធិ ការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Trung Hoi) ខេត្ត Thai Nguyen បានឲ្យដឹងថា៖ “យើងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌។ បន្តលើកកម្ពស់វប្បធម៌ល្អដើម្បីអភិវឌ្ឍទេសចរណ៍ សហគមន៍ដែលទាក់ទងនឹងវត្ថុបុរាណដែលមានស្រាប់”។
ពិធីបួងសួងសូមរដូវអំណោយផល ត្រូវបានក្រុមជនជាតិភាគតិច Tay-Nung ផ្សព្វផ្សាយមរតកទៅច្រើនជំនាន់នៅ Thai Nguyen ជាសកម្មភាពវប្បធម៌ប្រពៃណី និងសាសនាដ៏វិសេសវិសាលរបស់ប្រជាជន។ មិនមែនគ្រាន់តែជាពិធីកសិកម្មប៉ុណ្ណោះទេ ពិធីបុណ្យនេះក៏រួមចំណែករក្សា និងលើកតម្កើងតម្លៃប្រពៃណី បន្ថែមរូបភាពវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិវៀតណាម៕