Tau Chua - អាហារពេញនិយមរបស់ជនជាតិម៉ុង នៅលើខ្ពង់រាបថ្ម Dong Van

(VOVWORLD) - មកដល់តំបន់ខ្ពង់រាបថ្ម Dong Van (ខេត្ត Ha Giang សព្វថ្ងៃជាខេត្ត Tuyen Quang) ភ្ញៀវទេសចរណ៍អាចរីករាយទទួលទានមុខម្ហូបជាច្រើនមុខដែលធ្លាប់ស្គាល់ របស់ជនជាតិម៉ុង នៅតាមប្រជុំផ្សារនៃតំបន់ព្រៃភ្នំដូចជា៖ សត្វ mèn mén, ស៊ុប thắng cố, នុំ  Day... ក្នុងនោះមានមុខម្ហូប “Tau Chua” ផងដែរ។ ត្រូវបានធ្វើឡើងពីគ្រាប់សណ្តែកសៀង និងបន្លែ Tau Chua ដែលត្រូវបានគេស្គាល់ថាជា សណ្តែកជូរ គឺជាមុខម្ហូបប្រចំាតំបន់របស់ជនជាតិម៉ុង តាំងពីយូរយារណាស់មកហើយ។

លោកស្រី Hau Thi Chau អាយុ ៧០ ឆ្នាំ នៅឃុំ Thanh Van ស្រុក Quan Ba ខេត្ត Ha Giang (បច្ចុប្បន្នជាឃុំ Nghia Thuan ខេត្ត Tuyen Quang) បានឲ្យដឹងថា តាំងពីតូចមក លោកស្រីធ្លាប់បានឃើញជីដូន និងអ្នកម្តាយធ្វើម្ហូប Tau Chua ហើយ។ រហូតមកដល់ពេលនេះ មុខម្ហូបនេះនៅតែមិនអាចខ្វះបានក្នុងពេលបាយរបស់គ្រួសារជនជាតិម៉ុងនៅទីនេះនៅឡើយ៖

“ជនជាតិម៉ុង មានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយប្រភេទដែលមានឈ្មោះថា Tau Chua។ តាំងពីខ្ញុំកើតមកនិងធំដឹងក្តី ខ្ញុំឃើញចាស់ទុំធ្វើម្ហូបនេះ។ តាំងពីយូរណាស់មក អ្នករាល់គ្នាក្នុងតំបន់គឺសុទ្ធតែចេះធ្វើម្ហូបនេះ និងចេះធ្វើម្ហូបយ៉ាងឆ្ងាញ់។ ឥឡូវជីដូននិងអ្នកម្ដាយ ក៏បានបង្រៀនរូបមន្តធ្វើម្ហូបនេះឲ្យកូនចៅជនជាតិម៉ុងទាំងអស់ ហើយអ្នកណាក៏អាចធ្វើម្ហូបបានដែរ”។

គ្រឿងផ្សំសំខាន់របស់ម្ហូប Tau Chua គឺសណ្តែកសៀង។ បន្ទាប់ពីត្រាំ សណ្តែកសៀងនឹងបានយកទៅកិនលាយជាមួយទឹក ដើម្បីចេញជាល្បាយដែលធានាបាននូវភាពរលោងនៃទឹកសណ្តែក និងរក្សារសជាតិធម្មជាតិ។ បន្ទាប់មក ល្បាយទឹកសណ្ដែកនឹងត្រួវបានដាំ ហើយពេលវាពុះ ប្រជាជនបានដាក់បន្ថែមទឹកជូរ ដែលជាគ្រឿងទេសធ្វើពីស្លឹកជូរ បេះពី ព្រៃ។

ទឹកជូរនេះមិនត្រឹមតែជួយបង្កើនរសជាតិជូរស្រាលប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឲ្យទឹកសណ្តែក ទៅជាបបរសណ្ដែកខាប់ផងដែរ។ ចំណុចបន្ទាប់របស់ Tau Chua គឺស្ពៃក្តោបឆ្មា ដែលជាបន្លែពិសេសនៃតំបន់ខ្ពង់រាប Ha Giang។ បន្ទាប់ពីរើសស្ពៃក្តោបរួច លាងវាអោយស្អាត រួចហាន់ជាចំនិតតូចៗ ហើយដាក់វាចូលបបរសណ្ដែក ពេលវាពុះ បង្កើតបានជារស់ជាតិសម្បូរ ពោលគឺមានរស់ជាតិឈ្ងុយឆ្ងាញ់របស់សណ្តេកសៀងនិងរសជាតិឆ្ងាញ់ផ្អែមពីស្ពៃក្តោបឆ្មា។ លោក Cay ជនជាតិ Mong ឃុំ Meo Vac ខេត្ត Tuyen Quang (មុននេះហៅថា ទីរួមស្រុក Meo Vac ខេត្ត Ha Giang) បានឲ្យដឹងថា៖ “មុនពេលញ៉ាំ Tau Chua អ្នកត្រូវដាក់បន្លែគឺស្ពៃក្តោបជាមុន បន្ទាប់មកទើបដាក់ទឹកស៊ុបបន្លែជូរ។ ប៉ុន្តែអ្នកត្រូវរង់ចាំឆ្នាំងទឹកឱ្យពុះមុននឹងដាក់បន្លែចូល”។

ម្ហូបនោះត្រូវបានផ្សំជាមួយគ្រឿងទេសល្មមៗ អាចទទួលទានបានទាំងរសជាតិជូរ ឬប្រៃ ទៅតាមចំណូលចិត្ត និងទម្លាប់របស់គ្រួសារនីមួយៗ ហើយចុងក្រោយ ដាក់បន្ថែមជី ស្លឹកខ្ទឹម ដើម្បីធ្វើឱ្យម្ហូប Tau Chua មានក្លិនឈ្ងុយឆ្ងាញ់ ភ្ញោចរសជាតិរបស់អ្នកទទួលទាន។ លោក Pham Van Thanh ភ្ញៀវទេសចរមកពីទីក្រុងហាណូយ មកទស្សនាខ្ពង់រាបថ្ម Dong Van ដែលលោកបានភ្លក់រស់ជាតិម្ហូប Tau Chua ជាលើកដំបូង បានចែករំលែកថា៖ “ខ្ញុំមកតំបន់ខ្ពង់រាបថ្ម Dong Van ជាលើកដំបូង ខ្ញុំបានទៅផ្សារ ហើយទទួលទានម្ហូបអាហារប្រចាំតំបន់ ខ្ញុំឃើញថាវាឆ្ងាញ់ណាស់។ ក្រៅពីភ្លក់រស់ជាតិ Mèn mén, ស៊ុប thắng cố  ឬផឹកស្រាពោត... មានម្ហូបមួយមុខដែលធ្វើអោយខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺ Tẩu Chúa។ មុខម្ហូបមិនរញ៉ែរញ៉ៃទេ តែងាយស្រួលញ៉ាំ ឆ្ងាញ់   ហើយបន្សល់ទុកនូវចំណាប់អារម្មណ៍មិនអាចភ្លេចបាន ដល់អ្នកទទួលទានមុខម្ហូបនេះ”។

តាមលោកស្រី Hau Thi Chau ថា Tau Chua បានក្លាយជាមុខម្ហូបដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ជនជាតិ Mong នៅខេត្ត Ha Giang។ ហេតុដូច្នេះហើយ ទោះបីជាជីវភាពសម័យទំនើប ជាមួយនឹងការផ្លាស់ប្តូរជាច្រើន និងការជ្រាបចូលមុខម្ហូបថ្មីៗជាច្រើនពីជនជាតិផ្សេងទៀតក៏ដោយ ក៏ម្ហូប Tẩu Chúa នៅតែត្រូវបានគ្រួសារជនជាតិម៉ុងជាច្រើនរក្សាយ៉ាងយកចិត្តទុកដាក់ ដោយចាត់ទុកជាម្ហូបពិសេសរបស់ជនជាតិខ្លួនអញ្ជឹង។

“Tẩu Chúa មិនត្រឹមតែជាមុខម្ហូបប៉ុណ្ណោះទេ ថែមទាំងជាមោទនភាព និងជាព្រលឹងរបស់ជនជាតិម៉ុងផងដែរ។ ក្នុងនាមជាជនជាតិម៉ុង អ្នកត្រូវតែស្គាល់មុខម្ហូបនេះ ហើយត្រូវរក្សាវាទុក។ Tau Chua មិនត្រឹមតែមានប្រជាជនម៉ុងនិយមចូលចិត្តប៉ុណ្ណោះទេ ប៉ុន្តែជនជាតិផ្សេងទៀតក៏ចូលចិត្តដែរ។ ខ្ញុំតែងតែរំលឹក និងបង្រៀនកូនៗ និងចៅៗរបស់ខ្ញុំ ឱ្យបន្តថែរក្សាមុខម្ហូបប្រពៃណីដែលមានតាំងពីយូរយារណាស់មកហើយនេះ របស់ជនជាតិម៉ុង”។

បច្ចុប្បន្ននេះ ជីវភាពសេដ្ឋកិច្ចរបស់គ្រួសារជនជាតិ Mong ជាច្រើននៅតំបន់ខ្ពង់រាបថ្ម Dong Van មានជីវភាបប្រសើរឡើង ប៉ុន្តែការធ្វើម្ហូបពីសណ្តែកសៀងនៅតែជាមុខម្ហូបប្រពៃណី និងទាក់ទាញ។ មកដល់ទឹកដីនៅចុងខាងជើងបំផុតនៃមាតុភូមិ ភ្ញៀវទេសចរមិនគួរភ្លេចទទួលទានជាមួយ Tau Chua នៅផ្សារ ដើម្បីទទួលយកបទពិសោធន៍នៃអាហារឆ្ងាញ់ៗ ដែលមិនអាចបំភ្លេចបានរបស់ជនជាតិ Mong នៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ