ក្រុមទំនាក់ទំនងអ៊ុយក្រែនពិភាក្សាអំពីជំនួយយោធាដល់ទីក្រុងគៀវ។ ណាតូមិនទាន់សម្រេចចិត្តលើសមាជិកភាពរបស់អ៊ុយក្រែន
(VOVWORLD) - នាថ្ងៃទី ២១ ខែមេសា រដ្ឋមន្ត្រីការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសក្រុមទំនាក់ទំនងអ៊ុយក្រែនបានជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាកាស Ramstein (អាល្លឺម៉ង់) ដើម្បីពិភាក្សាអំពីការបង្កើនជំនួយសម្រាប់អ៊ុយក្រែន។ នៅទីនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ថា កិច្ចប្រជុំបានផ្តោតលើបញ្ហាសំខាន់ៗចំនួនបីគឺ ការការពារដែនអាកាស គ្រាប់រំសេវ ភស្តុភារ និងវិធានការគាំទ្រផ្សេងៗទៀត។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីអ៊ុយក្រែន លោក Oleksii Reznikov ក្នុងកិច្ចប្រជុំនៅមូលដ្ឋានទ័ពអាកាស Ramstein ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣។ (រូបថត៖ AP/Matthias Schrader) |
លោកបានអំពាវនាវឲ្យមានការគាំទ្រជាក់ស្តែងរបស់ប្រទេសលោកខាងលិចសម្រាប់អ៊ុយក្រែន ក្រោយរយៈពេលជាង១ឆ្នាំនៃជម្លោះ។ យោងតាមលោក Austin សមាជិកក្រុមបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនសរុបចំនួនជាង៥៥ ពាន់លានដុល្លារ។
កាលពីម្សិលមិញផងដែរ រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី Anita Anand បានប្រកាសផ្តល់កញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃ ៣៩លាន CAD (ស្មើនឹងជិត ២៩ លានដុល្លារ) ដល់អ៊ុយក្រែន និងការរួមចំណែកដល់មូលនិធិរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ក្នុងការជួយឧបត្ថម្ភទីក្រុងគៀវ។
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត អង្គការណាតូបានបញ្ជាក់ថា ខ្លួនមិនទាន់សម្រេចចិត្តលើសមាជិកភាពរបស់អ៊ុយក្រែននៅឡើយទេ។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់កាលពីម្សិលមិញបានអះអាងថាប្រទេសសមាជិកណាតូបានឯកភាពថា បញ្ហាស្នូលនាបច្ចុប្បន្នគឺបន្តជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ដល់អ៊ុយក្រែន ដូច្នេះមិនទាន់មានការសម្រេចចិត្តលើការចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងអង្គការណាតូនោះទេ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សាបន្ត។
ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសសមាជិកទាំង ៥ របស់សហភាពអឺរ៉ុប (EU) ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី រូម៉ានី និងប៊ុលហ្គារី បានផ្ញើលិខិតរួមមួយទៅកាន់គណៈកម្មការអឺរ៉ុប (EC) ដែលស្នើសុំពង្រីកបញ្ជីផលិតផលអ៊ុយក្រែនដែលហាមឃាត់មិនឱ្យនាំចូលប្រទេសទាំងនេះ។ រដ្ឋមន្ត្រីទាំងនោះបានចាត់ទុកថា កានាំចូលផលិតផលកសិកម្មកាន់តែច្រើនពីអ៊ុយក្រែនបានបង្កឱ្យមានការរំខានដល់ទីផ្សារ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អ្នកផលិតកសិកម្មរបស់ EU ជាពិសេសនៅក្នុងប្រទេសសមាជិកជាប់ព្រំដែនអ៊ុយក្រែន ឬមានទីតាំងនៅជិតប្រទេសនេះ៕