បើកជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤៖ តភ្ជាប់អាណិកជនវ័យក្មេងវៀតណាមជាមួយស្រុកកំណើត
(VOVWORLD) - នាយប់ថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងហាណូយ ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ បានបើកជាផ្លូវការដោយប្រធានបទ “ប្រទេសពោរពេញដោយក្ដីសប្បាយរីករាយ”។ កម្មវិធីនេះបានទាក់ទាញអាណិកជនវៀតណាមវ័យក្មេងចំនួន ១២០ នាក់ មកពី ប្រទេស និងតំបន់ដែនដីចំនួន ២៨ ជុំវិញពិភពលោកមកចូលរួម។
លោកស្រី Le Thi Thu Hang ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ថ្លែងនៅពិធីបើក។ (រូបថត៖ VOV) |
ជំរុំរដូវក្ដៅវៀតណាម គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយគណៈ កម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស ដើម្បីបង្កើតឱកាសសម្រាប់ អាណិកជនវៀតណាមជំនាន់វ័យក្មេង ស្វែងយល់អំពីឫសគល់របស់ខ្លួន ហើយតភ្ជាប់ ជាមួយមាតុភូមិផងដែរ។ ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅ ឯបរទេសបានសង្កត់ធ្ងន់ថា៖
“កម្មវិធីជំរុំរដូវក្តៅវៀតណាមគឺសំដៅបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនជំនាន់ក្រោយដើម្បីផ្សាភ្ជាប់ជាមួយមាតុភូមិ ប្រទេសជាតិ ហើយទទួលបានបទពិសោធន៍ និងពង្រីកការយល់ដឹងផ្នែកវប្បធម៌របស់ពួកគេ។ នេះក៏ជាឱកាសសម្រាប់យុវជន វៀតណាមជុំវិញពិភពលោក ប្រាស្រ័យទាក់ទង និងតភ្ជាប់ជាមួយគ្នាទៅវិញទៅមក អាស្រ័យហេតុនេះ យល់ដឹងកាន់តែច្រើនអំពីបងប្អូនជនរួមជាតិរបស់ខ្លួន ជុំវិញពិភពលោក”។
អាណិកជនវ័យក្មេងវៀតណាមចូលរួមជំរុំរដូវក្ដៅឆ្នាំ២០២៤។ (រូបថត៖ VOV) |
ប្រតិភូដែលចូលរួមមានអាយុចាប់ពី ១៦ ដល់ ២៤ ឆ្នាំ ដែលជាមុខមាត់គំរូ មាន ស្នាដៃសិក្សាល្អ ហើយរួមចំណែកយ៉ាងសកម្មដល់សហគមន៍ជនវៀតណាមនៅឯ បរទេស។ ក្នុងពិធីបើកជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៤ កញ្ញា Nguyen Khue An អាយុ ១៦ ឆ្នាំមកពីចក្រភពអង់គ្លេសបានសម្តែងនូវសេចក្តីរីករាយដោយបានតភ្ជាប់ទំនាក់ ទំនងជាមួយមិត្តភក្តិមកពីគ្រប់ទិសទីលើពិភពលោក ដែលចែករំលែកឫសគល់វៀតណាមដូចគ្នា៖
“នេះគឺជាឱកាសដ៏អស្ចារ្យដើម្បីស្គាល់មិត្តថ្មី ស្វែងយល់ពីទេសភាពចម្រុះរបស់ វៀតណាម ទទួលទានមុខម្ហូបប្លែកៗ នៃតំបន់នីមួយៗ ហើយចូលរួមក្នុងសកម្មភាព មានប្រយោជន៍ជាច្រើនផងដែរ។ មិត្តភក្តិ និងបទពិសោធន៍ថ្មីៗក្នុងដំណើរកម្សាន្តនេះ នឹងជួយយើងខ្ញុំឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសវៀត ណាមដ៏ទំនើបដែលកំពុង អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួន”៕