បិទសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៥
(VOVWORLD) - ក្រោយរយៈពេល ៤០ ថ្ងៃ ប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ក្នុងទីក្រុងហាណូយ សម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៥ បានបិទបញ្ចប់នារសៀល ថ្ងៃទី១១ ខែធ្នូ។
លោកអគ្គលេខាបក្ស តូ ឡឹម លោកប្រធានរដ្ឋ លឿង គឿង លោក នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋ ចូលរួមសម័យប្រជុំបិទ។ (រូបថត៖ រដ្ឋសភា) |
លោកអគ្គលេខាបក្ស តូ ឡឹម លោកប្រធានរដ្ឋ លឿង គឿង លោក នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋ និងសមាជិកសភាបានចូលរួមសម័យបិទ។ សម័យប្រជុំលើកទី១០ មានសារៈសំខាន់ ពិសេស ដោយអនុវត្តន៍របៀបវារៈនៃសម័យប្រជុំធម្មតាផង និងបូកសរុបសមិទ្ធផលនៃ អាណត្តិទី ១៥ (២០២១-២០២៦) ផង។
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ថ្លែងសុន្ទរកថាបិទសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៥។ (រូបថត៖ រដ្ឋសភា) |
ថ្លែងនៅក្នុងសម័យបិទ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានអះអាងថា សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៥ បានសម្រេចរួចរាល់របៀបវារៈដែល បានគ្រោងទុក។ ទាក់ទងនឹងការងារនីតិបញ្ញត្តិ រដ្ឋសភាបានបោះឆ្នោតអនុម័តលើ សេចក្តីព្រាងច្បាប់ក្នុងបរិមាណច្រើនបំផុតតាំងពីមុនមកសម្រាប់សម័យប្រជុំតែមួយ។ បទប្បញ្ញត្តិជាច្រើនបង្ហាញពីការផ្លាស់ប្ដូរថ្មីនៃផ្នត់គំនិត និងយន្តការរបកគំហើញលើ ស្ទើរតែគ្រប់វិស័យ។
“រដ្ឋសភាបានពិចារណា ពិភាក្សា និងបោះឆ្នោតអនុម័តលើច្បាប់ចំនួន ៥១ និងសេចក្តីសម្រេចចិត្តចំនួន ៣៩។ នេះគឺជាទម្ងន់ការងារនីតិបញ្ញត្តិដ៏ធំ ដែលស្រូប យកជិត ៣០% នៃចំនួនច្បាប់ និងសេចក្តីសម្រេចចិត្តសរុបដែលបានអនុម័តក្នុង អាណត្តិទាំងមូល។ ច្បាប់ និងសេចក្តីសម្រេចចិត្តដែលបានអនុម័ត បានបំពេញតាម តម្រូវការជាក់ស្ដែងដោយទាន់ពេលវេលា ហើយបានបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ ដំណាក់កាលថ្មី”។
ទិដ្ឋភាពទូទៅនៃសម័យបិទ។ (រូបថត៖ រដ្ឋសភា) |
រួមជាមួយនឹងការងារនីតិបញ្ញត្តិ ការងារឃ្លាំមើល រដ្ឋសភាបានពិចារណា និង សម្រេចលើបញ្ហាយុទ្ធសាស្ត្រជាច្រើន និងពិភាក្សាយ៉ាងហ្មត់ចត់អំពីសេចក្តីព្រាង ឯកសារដែលដាក់ជូនមហាសន្និបាតលើកទី ១៤ របស់បក្ស។ ដោយសង្កត់ធ្ងន់លើ ភារកិច្ច និងតម្រូវការក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើថា៖
“បន្ទាប់ពីសម័យប្រជុំនេះ រដ្ឋសភាស្នើឱ្យរដ្ឋាភិបាល ក្រសួង ផ្នែក និងមូលដ្ឋាន នានា អនុវត្តន៍ឲ្យបានឆាប់នូវច្បាប់ និងសេចក្តីសម្រេចចិត្តដែលរដ្ឋសភាបានអនុម័ត ដោយប្តេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅកំណើន និងគោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស សម្រាប់ដំណាក់កាល ២០២៦-២០៣០; ថែទាំជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែ ប្រសើរឡើង ជាពិសេសនៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះ ធម្មជាតិ ព្យុះ និងទឹកជំនន់”៕