ពានរង្វាន់ VinFuture គឺជាពានរង្វាន់ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក
(VOVWORLD) - ពិធីប្រគល់ពានរង្វាន់ VinFuture ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ បានចូលរួមនិងថ្លែងមតិដឹកនាំ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ Vin Future ឆ្នាំ ២០២៤ (រូបថត៖ VOV) |
ស្នាដៃឆ្នើមចំនួន ៤ បានឈ្នះលើស្នាដៃគួរឲ្យចាប់អារម្មណ៍ជិត ១.៥០០ មកពីប្រទេសនិងតំបន់ដែនដីចំនួន ៨០ ជុំវិញពិភពលោក។ ពានរង្វាន់ធំ VinFuture ឆ្នាំ ២០២៤ ដែលមានតម្លៃ ៣ លានដុល្លារអាមេរិកបានទៅអ្នកវិទ្យាសាស្ត្រចំនួន ៥ នាក់គឺ៖ សាស្ត្រាចារ្យ Yoshua Bengio និងសាស្រ្តាចារ្យ Geoffrey E. Hinton (កាណាដា); លោក Jen-Hsun Huang, សាស្រ្តាចារ្យ Yann LeCun និងសាស្រ្តាចារ្យ Fei-Fei Li (សហរដ្ឋអាមេរិក) សម្រាប់ការចូលរួមចំណែកដ៏លេចធ្លោក្នុងការលើកកម្ពស់វឌ្ឍនភាព នៃ “ការរៀនសូត្រជ្រៅជ្រះ”។
រង្វាន់ពិសេសចំនួន ៣ ដែលរង្វាន់នីមួយៗ មានតម្លៃ ៥០០.០០០ ដុល្លារអាមេរិកលើកតម្កើងដល់ស្នាដៃ៖ “ការច្នៃប្រឌិតដើម្បីកែលម្អវ៉ាក់សាំងប្រភេទផឹក បង្ការជំងឺអាសន្នរោគនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍" “វឌ្ឍនភាពក្នុងការរចនាសម្ភារៈវត្ថុធាតុ polymer និងវិធីសាស្រ្តផ្សេងទៀតសម្រាប់កម្មវិធីជីវវេជ្ជសាស្ត្រ" និង "ការអភិវឌ្ឍន៍វិធីព្យាបាលដោយប្រើប្រាស់ CAR T សម្រាប់ព្យាបាលជំងឺមហារីកនិងជំងឺផ្សេងៗ”។ ស្នាដៃដែលបានលើកតម្កើងលើកនេះ សុទ្ធតែជាគំនិតផ្តួចផ្តើមរបកគំហើញ មិនត្រឹមតែផ្តល់នូវដំណោះស្រាយ ចំពោះបញ្ហាប្រឈមសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងអនាគតរបស់មនុស្សជាតិទៀត ផង។
ពានរង្វាន់ពិសេស VinFuture ២០២៤ សម្រាប់អ្នកវិទ្យាសាស្ត្រមកពីប្រទេសកំពុងអភិវឌ្ឍន៍ បានទៅបណ្ឌិត Firdausi Qadri មកពីប្រទេសបង់ក្លាដែស (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានចាត់ទុកថា៖ ជាមួយនឹងសារ “របកគំហើញប្រកបដោយលក្ខណៈមោះមុត” VinFuture ២០២៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដោយបន្តលើកតម្កើងការស្រាវជ្រាវ និងគំនិតផ្តួចផ្តើមមានលក្ខណទម្លោះទម្លាយ ផលប៉ះពាល់យ៉ាងទូលំទូលាយ ជួយមនុស្សជាតិយកឈ្នះលើការលំបាក និងឈានទៅកំពស់ថ្មី។
“ខ្ញុំសង្ឃឹមថា អ្នកវិទ្យាសាស្ត្រនិងសហគមន៍ធុរកិច្ច វិនិយោគិន ដៃគូអន្តរជាតិ និងក្នុងប្រទេសនឹងបន្តសហការយ៉ាងជិតស្និទ្ធ គាំទ្រ និងជួយឧបត្ថម្ភឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីវៀតណាមអាចបន្តមានការអភិវឌ្ឍឈានមុខគេក្នុងការលើកកំពស់សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អាស្រ័យហេតុនេះ រួមចំណែកក្នុងការបង្កើតរបកគំហើញ ដោយខិតខំប្រឹងប្រែងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមខ្ពស់នៅឆ្នាំ ២០៣០; ហើយដល់ឆ្នាំ ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់។ វៀតណាមប្តេជ្ញាបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ។
ជាមួយនឹងភាពជោគជ័យនៃរដូវកាលជាប់ៗគ្នាទាំង ៤លើក ពានរង្វាន់ VinFuture កាន់តែបញ្ជាក់ជំហររបស់ខ្លួនថា ជាពានរង្វាន់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក។ ជាពិសេស ម្ចាស់ពានរង្វាន់ VinFuture ជាច្រើននាក់បន្តទទួលបានការលើកតម្កើងនៅពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពជុំវិញពិភពលោក៕