វៀតណាមនឹងប្រកាសពីគំនិតផ្តួចផ្តើមពីរស្តីពី SDGs និងសិទ្ធិមនុស្សនៅក្នុងសម័យប្រជុំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
(VOVWORLD) - កិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបើកនាថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកឯកអគ្គរដ្ឋទូត ម៉ាយ ផាន យុង (ជួរកណ្តាល ខាងស្តាំបំផុត) និងគណៈប្រតិភូអន្តរក្រសួងវៀតណាម នៅក្នុងសម័យប្រជុំបើក ថ្ងៃទី ២៣ ខែកុម្ភៈ (រូបថត៖TTXVN) |
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានបញ្ជាក់ជាថ្មីអំពីតួនាទីដែលមិនអាចជំនួសបានរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងយន្តការពាក់ព័ន្ធរបស់ខ្លួន ក្នុងនោះមានយន្តការត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ដោយចាត់ទុក នេះជាឧបករណ៍សំខាន់ៗ សំដៅបង្ខំឲ្យប្រទេសនានា ទទួលខុសត្រូវ និងការពារសេចក្តីថ្លៃថ្នូររបស់មនុស្សនៅក្នុងបរិបទពិភពលោកដែលមិនស្ថិតស្ថេរបច្ចុប្បន្ន។
នៅក្នុងសម័យប្រជុំនេះ គណៈប្រតិភូវៀតណាម ដឹកនាំដោយឯកអគ្គរដ្ឋទូត ម៉ាយ ផាន យុង ប្រធានគណៈប្រតិភូវៀតណាមប្រចាំទីក្រុងហ្សឺណែវ នឹងចូលរួមយ៉ាងសកម្ម និងរួមចំណែកដល់ការពិភាក្សាលើបញ្ហាសំខាន់ៗ ជាច្រើន រួមទាំងការប្រែប្រួលអាកាសធាតុ សិទ្ធិកុមារ សិទ្ធិទទួលបានអាហារ សិទ្ធិជនពិការ និងកង្វល់រួមផ្សេងទៀតរបស់សហគមន៍អន្តរជាតិ។ គណៈ ប្រតិភូវៀតណាមគ្រោងនឹងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការពិគ្រោះយោបល់លើសេចក្តីសម្រេចចំនួន ៣៦ នៃសម័យប្រជុំនេះ ហើយនឹងមានគំនិតផ្តួចផ្តើមពីរគឺ៖ សេចក្តីប្រកាសរួមស្តីពីសមភាពយេនឌ័រក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs); រៀបចំព្រឹត្តិការណ៍បន្ថែមជាមួយកូរ៉េខាងត្បូង ជប៉ុន និងថៃ ស្តីពីផលប៉ះពាល់សិទ្ធិមនុស្សនៃការឆបោកតាមអ៊ីនធឺណិត។
សម័យប្រជុំលើកទី ៦១ គ្រោងនឹងមានរយៈពេលរហូតដល់ថ្ងៃទី ៣១ ខែមីនា ហើយនឹងរួមបញ្ចូលវគ្គសន្ទនា និងពិភាក្សាជាច្រើន៖ វគ្គពិភាក្សាតាមប្រធានបទចំនួន ៧ លើប្រធានបទផ្សេងៗ; វគ្គសន្ទនាចំនួន ៣០ ជាមួយនីតិវិធីពិសេស; ការពិនិត្យ និងការពិភាក្សាលើរបាយការណ៍ប្រធានបទចំនួន ៨៤; និងការអនុម័តរបាយការណ៍ត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) របស់ប្រទេសចំនួន ១៤៕