សិប្បកម្ម​​គំនូរប្រជាប្រិយ Dong Ho ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការ UNESCO

(VOVWORLD) - សិប្បកម្មគំនូរប្រជាប្រិយ Dong Ho នៃខេត្ត Bac Ninh ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជាបន្ទាន់ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) នៅក្នុងសម័យប្រជុំលើកទី ២០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញា UNESCO ឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

នេះគឺជាបេតិកភណ្ឌវប្បធម៌អរូបីលើកទី ១៧ របស់វៀតណាមដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ។

សិប្បកម្ម​​គំនូរប្រជាប្រិយ Dong Ho ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការ UNESCO - ảnh 1អង្គការ UNESCO បានទទួលស្គាល់សិប្បកម្មគំនូរប្រជាប្រិយ Dong Ho ជាបេតិកភណ្ឌវប្បធម៌អរូបី នៅរសៀលថ្ងៃទី ៩ ខែធ្នូ។ រូបថត៖ VOV

សិប្បកម្មគំនូរប្រជាប្រិយ Dong Ho នៅខេត្ត Bac Ninh បានប្រសូត្រមកប្រហែល ៥០០ ឆ្នាំមុន។ សហគមន៍ប្រកបសិប្បកម្មនេះ បានបង្កើតគំនូរដែលមានលក្ខណៈពិសេស ទាក់ទងនឹងប្រធានបទ បច្ចេកទេសបោះពុម្ព ពណ៌ និងក្រាហ្វិក ដោយប្រើប្រាស់បច្ចេកទេសបោះពុម្ពលើឈើ។ ប្រធានបទនៃគំនូរភាគច្រើនរួមមានគំនូរសម្រាប់គោរពបូជា គំនូរអបអរសាទរ គំនូរប្រវត្តិសាស្ត្រ គំនូរជីវភាពប្រចាំថ្ងៃ គំនូរទេសភាព ដែលផ្សារភ្ជាប់នឹងទំនៀមទម្លាប់នៃការព្យួរគំនូរនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណី និងបុណ្យសែនព្រះខែ។

លោក ម៉ៃ សឺន (Mai Son) អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh បានឲ្យដឹងថា៖ “ការដែលគំនូរប្រជាប្រិយ Dong Ho ត្រូវបានចុះបញ្ជីដោយអង្គការ UNESCO គឺជាការទទួលស្គាល់របស់អន្តរជាតិ ចំពោះប្រភេទគំនូរប្រជាប្រិយ ដែលជាការរួមបញ្ចូលគ្នានៃបច្ចេកទេសសិប្បកម្មពិសេស ជាមួយនឹងអត្តសញ្ញាណវៀតណាម និងទស្សនវិជ្ជារបស់ប្រជាជនវៀតណាមដែលបានបង្ហាញនៅក្នុងគំនូរនីមួយៗ។ ការចុះបញ្ជីនេះ បានរួមចំណែកលើកកម្ពស់ឋានៈវប្បធម៌របស់ខេត្ត Bac Ninh នៅលើផែនទីបេតិកភណ្ឌពិភពលោក។ ដើម្បីត្រូវបានទទួលស្គាល់ដូចសព្វថ្ងៃនេះ យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមចំណែករបស់សហគមន៍ជន Dong Ho និងសិប្បករជាច្រើនជំនាន់ ដែលបានបង្កើត ថែរក្សា និងបង្រៀនគំនូរប្រជាប្រិយ Dong Ho អស់រយៈពេលរាប់រយឆ្នាំមកហើយ”។

បច្ចុប្បន្ននេះ វៀតណាមមានបេតិកភណ្ឌសរុបចំនួន ៣៧ ដែលត្រូវបានទទួលស្គាល់ និងដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការ UNESCO ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ