សហរដ្ឋអាមេរិកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីធានាភាពជោគជ័យនៃឆ្នាំ APEC ២០២៧
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ដើម្បីចូលរួមការចរចាជុំទី៦ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងវៀតណាម និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ង្វៀន មិញហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបធ្វើការជាមួយលោកស្រី Allison Hooker អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Casey Mace ប្រធានមន្ត្រីជាន់ខ្ពស់ APEC របស់សហរដ្ឋអាមេរិក លោក Charles Freeman អនុប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ APEC។
លោកស្រី ង្វៀន មិញហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជួបធ្វើការជាមួយលោកស្រី Allison Hooker អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។ (រូបថត៖ VOV-Washington) |
នៅក្នុងជំនួបធ្វើការជាមួយលោកស្រី Allison Hooker អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ង្វៀន មិញហាំង បានអះអាងថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក ហើយមានបំណងចង់ឲ្យភាគីទាំងពីររក្សាការជួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនានា ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកស្រី អនុរដ្ឋមន្ត្រីការបរទេស ង្វៀន មិញហាំង បានសង្កត់ធ្ងន់ថា ការធ្វើជាម្ចាស់ផ្ទះនៃឆ្នាំ APEC ២០២៧ គឺជាសកម្មភាពកិច្ចការបរទេសពហុភាគីដ៏សំខាន់បំផុតរបស់វៀតណាមក្នុងរយៈពេលខាងមុខ ហើយវៀតណាមបាននិងកំពុងត្រៀមរៀបចំយ៉ាងសកម្មលើគ្រប់
វិស័យ។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Allison Hooker បានសម្តែងគោលបំណងថា ទំនាក់ទំនងទ្វេភាគីនឹងបន្តសន្ទុះអភិវឌ្ឍន៍ដ៏វិជ្ជមាន ក្នុងនោះមានការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដែលមានតុល្យភាព និងយុត្តិធម៌ តាមនោះបង្កើតមូលដ្ឋានសម្រាប់ជំរុញទំនាក់ទំនងទ្វេភាគីក្នុងវិស័យផ្សេងៗ។ លោកស្រីអនុរដ្ឋមន្ត្រីការបរទេស Allison Hooker បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះនៃឆ្នាំ APEC ជាលើកទីបី ដោយទទួលស្គាល់ស្មារតីសកម្មរបស់វៀតណាមក្នុងការងារត្រៀមរៀបចំសម្រាប់ឆ្នាំ APEC ២០២៧ ព្រមទាំងបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀត
ណាម ដើម្បីធានាភាពជោគជ័យនៃឆ្នាំ APEC ២០២៧៕