អង់គ្លេស៖ បាតុកម្មហិង្សាបន្តរីករាលដាលបន្ទាប់ពីការវាយប្រហារដោយកាំបិត
(VOVWORLD) - នាយប់ថ្ងៃទី ២ ខែសីហា ប៉ុស្តិ៍ប៉ូលីសមួយក្នុងទីក្រុងកំពង់ផែ Sunderland ភាគឦសាននៃចក្រភពអង់គ្លេស ត្រូវបានដុតបំផ្លាញ ខណៈដែលកងកម្លាំងប៉ូលីសបានព្យាយាមរារាំងក្រុមបាតុកររាប់រយនាក់ ក្នុងបរិបទកុបកម្មនៅក្នុងទីក្រុងជាច្រើនបានឈានដល់ថ្ងៃទី ៣ហើយ បន្ទាប់ពីការវាយប្រហារដោយកាំបិតនៅ Southport បានបណ្តាលឲ្យកុមារីចំនួនបីនាក់បានស្លាប់ និង៨នាក់ផ្សេងទៀតរងរបួស។
នេះជាការបាតុកម្មមួយក្នុងចំណោមបាតុកម្មជាច្រើន ដែលភាគច្រើនដោយសារការញុះញង់ពីសកម្មជនស្តាំនិយមនៅលើបណ្តាញសង្គម បានកើតឡើងនៅទូទាំងចក្រភពអង់គ្លេសនៅចុងសប្តាហ៍នេះ បន្ទាប់ពីការវាយប្រហារដោយកាំបិតកាលពីថ្ងៃទី ២៩ ខែកក្កដា នៅទីរួមស្រុក Southport ភាគខាងជើងចក្រភពអង់គ្លេស។ បាតុកម្មហឹង្សាបានផ្ទុះឡើងដោយសារតែព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម អំពីអត្តសញ្ញាណ និងសាសនារបស់ជនសង្ស័យអាយុ ១៧ ឆ្នាំ ដោយចោទប្រកាន់ជនសង្ស័យរូបនេះ ជាជនជាតិឥស្លាមស្វែងរកសិទ្ធិជ្រកកោន។
កាលពីថ្ងៃទី ៣១ ខែកក្កដា មនុស្សរាប់រយនាក់បានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ រូបថត៖ Le Figaro |
ក្នុងរយៈពេលបីថ្ងៃកន្លងទៅ ការតវ៉ាជាច្រើនបានកើតឡើងនៅក្នុងទីក្រុងនានាទូទាំងចក្រភពអង់គ្លេស រួមទាំងទីក្រុងឡុងដ៍ Hartlepool, Manchester, Aldershot និង Liverpool ដែលកន្លែងខ្លះបានក្លាយជាអំពើហិង្សា បណ្តាលឲ្យមន្ត្រីប៉ូលិសជាង ៥០ នាក់រងរបួស។ មនុស្សជាង ១២០នាក់ត្រូវបានចាប់ខ្លួន៕