EC កត់សម្គាល់វឌ្ឍនភាពជាវិជ្ជមានក្នុងការងារប្រយុទ្ធប្រឆាំងការនេសាទ IUU របស់វៀតណាម
(VOVWORLD) - លោក Fernando Andresen Guimaraes បានវាយតម្លៃខ្ពស់ចំពោះការសន្យាយ៉ាងខ្លាំងក្លានិងវឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍របស់ វៀតណាមនាពេលកន្លងទៅ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបក្រុមអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប (EC) ដឹកនាំដោយលោក Fernando Andresen Guimaraes ប្រធាននាយកដ្ឋានគ្រប់គ្រងមហាសមុទ្រអន្តរជាតិ និងការនេសាទប្រកបដោយចីរភាព។ រូបថត៖ Lai Hoa/VOV |
នារសៀលថ្ងៃទី ១៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញទទួលជួបក្រុមអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប (EC) ដឹកនាំដោយលោក Fernando Andresen Guimaraes ប្រធាននាយកដ្ឋានគ្រប់គ្រងមហាសមុទ្រអន្តរជាតិ និងការនេសាទប្រកបដោយចីរភាព ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU (ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានបទបញ្ញត្តិ ) មិនត្រឹមតែដើម្បីឆ្លើយតបនឹងតម្រូវការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺដើម្បីបញ្ជាក់ពីកិត្តិយសរបស់ប្រទេសជាតិទៀតផង។ វៀតណាមបានអនុវត្តន៍យ៉ាងប្តូរផ្តាច់ នូវក្រុមដំណោះស្រាយជាច្រើន រួមទាំងការដាក់ពិន័យយ៉ាងតឹងរឹង និងការចោទប្រកាន់ចំពោះករណីរំលោភបំពានលើដែនសមុទ្របរទេស និងការនេសាទខុសច្បាប់។
រីឯខ្លួនវិញ លោក Fernando Andresen Guimaraes បានវាយតម្លៃខ្ពស់ចំពោះការសន្យាយ៉ាងខ្លាំងក្លានិងវឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាមនាពេលកន្លងទៅ។ ជាពិសេស ក្រុមអធិការកិច្ចបានកត់សម្គាល់ថា ប្រព័ន្ធត្រួតពិនិត្យនាវានេសាទ (VMS) របស់វៀតណាមសម្រេចបានអត្រាតម្លើងរហូតដល់៩៩%។ ការងារបញ្ជាក់ប្រភពដើមជលផល មានការកែលម្អគួរឱ្យកត់សម្គាល់ ដើម្បីធានាថា ទំនិញដែលនាំចេញទៅកាន់ EU គឺជាទំនិញស្របច្បាប់។ លោក Fernando Andresen Guimaraes បានចាត់ទុកថា វៀតណាមកំពុងដើរលើមាគ៌ាត្រឹមត្រូវ ហើយបានឱ្យដឹងថា EC នឹងបន្តប្រកៀកស្មា និងផ្តល់ការគាំទ្របច្ចេកទេស ដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅគ្រប់គ្រងវិស័យនេសាទប្រកបដោយចីរភាព៕