លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតត្រូវបានអនុវត្តន៍យ៉ាងស៊ីសង្វាក់គ្នានិងល្អិតល្អន់
(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែមីនា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានដឹកនាំកិច្ចប្រជុំជាមួយអនុគណៈកម្មការនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានដឹកនាំកិច្ចប្រជុំជាមួយអនុគណៈកម្មការនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។ (រូបថត៖ VOV) |
នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត និងអនុគណៈកម្មការនានា បានរាយការណ៍អំពីវឌ្ឍនភាព ក៏ដូចជាភាពងាយស្រួលនិងការលំបាកក្នុងការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១។ តាមនោះ ប្រទេសទាំងមូលមានអ្នកបោះឆ្នោតជិត ៧៩ លាននាក់ នៅតាមទីតាំងបោះឆ្នោតជាង ៧២.០០០ កន្លែង ជាមួយនឹងប្រព័ន្ធរៀបចំការបោះឆ្នោតយ៉ាងពេញលេញចាប់ពីមជ្ឈិមដល់មូលដ្ឋាន។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានសង្កត់ធ្ងន់ថា៖
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
“ខ្ញុំស្នើថា ដាច់ខាតមិនត្រូវធ្វេសប្រហែស ត្រូវតែផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ ស្របច្បាប់ មានសុវត្ថិភាព ហើយពិតជាទិវាបុណ្យសម្រាប់ប្រជាជនទាំងមូល។ ខ្ញុំតម្រូវឱ្យពិនិត្យឡើងវិញនូវការត្រៀមរៀបចំទាំងអស់សម្រាប់ថ្ងៃបោះឆ្នោត។ អនុគណៈកម្មការនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត និងការិយាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន ដើម្បីពិនិត្យឡើងវិញនូវគ្រប់ដំណាក់កាលទាំងអស់នៃការបោះឆ្នោត៖ ចាប់ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត បញ្ជីឈ្មោះបេក្ខជន ឯកសារសម្រាប់ការបោះឆ្នោត ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងបោះឆ្នោត រហូតដល់ការរៀបចំនៅក្រុមបោះឆ្នោតនីមួយៗ។ យកចិត្តទុកដាក់ពិសេសចំពោះតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន តំបន់កោះសមុទ្រ តំបន់បោះឆ្នោតមុនកាលកំណត់ និងតំបន់ដែលមានលក្ខខណ្ឌលំបាក”។
លោកប្រធានរដ្ឋសភាក៏បានស្នើឱ្យធានាសន្តិសុខ និងសុវត្ថិភាពដាច់ខាតសម្រាប់ការបោះឆ្នោត; ទីភ្នាក់ងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបន្តបង្កើនការឃោសនាអំពីអត្ថន័យនិងសារៈសំខាន់នៃការបោះឆ្នោត៕