ធានាភាពជាតំណាងនិងប្រជាធិបតេយ្យក្នុងការបោះឆ្នោត

(VOVWORLD) - នាថ្ងៃទី១៥ ខែមីនា ខាងមុខនេះ អ្នកបោះឆ្នោត
វៀតណាមនឹងទៅបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ នៅក្នុងបរិបទដែលប្រទេសជាតិកំពុងឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ការងារបុគ្គលិកនៃការបោះឆ្នោតត្រូវបានដាក់នៅទីតាំង កណ្តាល ដែលជា "កូនសោរនៃកូនសោរ"។ គុណភាពរបស់តំណាងជាប់ឆ្នោត នឹងសម្រេចលើប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា ព្រមទាំងជះឥទ្ធិពលដោយផ្ទាល់ទៅលើគុណភាពរបស់ថ្នាក់ដឹកនាំក្បាលម៉ាស៊ីនរដ្ឋក្នុងអាណត្តិថ្មីផងដែរ។

ធានាភាពជាតំណាងនិងប្រជាធិបតេយ្យក្នុងការបោះឆ្នោត - ảnh 1រូបថតឧទាហរណ៍៖ VGP

លើកកំពស់គុណភាពរបស់សមាជិកសភា និងធានាប្រជាធិបតេយ្យ

បញ្ជីបេក្ខជនចំនួន ៨៦៤ នាក់សម្រាប់ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ ត្រូវបានប្រកាស និងបិទផ្សាយជាសាធារណៈនៅមណ្ឌលបោះឆ្នោតចំនួន ១៨២ លើទូទាំងប្រទេស។ ពីបញ្ជីឈ្មោះនេះ អ្នកបោះឆ្នោតជាង ៧៣,៤ លាននាក់នឹងបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន ៥០០ នាក់។ ក្នុងចំណោមបេក្ខជនទាំង ៨៦៤ នាក់ មានស្ត្រីចំនួន ៣៩២ នាក់ ស្មើនឹង ៤៥,៣៧%; ជនជាតិភាគតិចចំនួន ១៨៨ នាក់ ស្មើនឹង ២១,៧៦%; បេក្ខជននៅខាងក្រៅបក្សចំនួន ៦៥ នាក់; បេក្ខជន ៦៨,៦៣% មានសញ្ញាបត្រលើសពីកម្រិតឧត្តមសិក្សា; បេក្ខជន ៧០,៨៣% ចូលរួមការបោះឆ្នោតជាលើកដំបូង; និងបេក្ខជន ៧៤,៤២% ត្រូវបានតែងតាំងដោយមូលដ្ឋាន...
តួរលេខទាំងនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវភាពជាតំណាងដ៏ទូលំទូលាយរបស់សមាជិកសភានីតិកាលទី១៦។ លោកស្រី Bui Huyen Mai ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហាណូយ បានឲ្យដឹងថា៖

“រចនាសម្ព័ន្ធ និងសមាសភាពរបស់បេក្ខជនជាសមាជិកសភា ធានាបាននូវភាពជាតំណាងសម្រាប់បណ្ដាវិស័យ វណ្ណៈសង្គម តំបន់ភូមិសាស្ត្រ និងជនជាតិ។ ជាពិសេស រចនាសម្ព័ន្ធនេះក៏ការពារក្រុមងាយរងគ្រោះផងដែរ ដូចជាស្ត្រី និងជនជាតិភាគតិច ដើម្បីឱ្យយើងអាចជ្រើសរើសបាននូវបេក្ខជនដ៏ឆ្នើមបំផុត”។

ទន្ទឹមនឹងរចនាសម្ព័ន្ធ គឺជានីតិវិធីជ្រើសរើស។ ការពិគ្រោះយោបល់ចំនួនបីជុំ ការប្រមូលមតិពីអ្នកបោះឆ្នោតនៅកន្លែងរស់នៅ និងកន្លែងធ្វើការ ក៏ដូចជាការត្រួតពិនិត្យសំណុំឯកសារយ៉ាងហ្មត់ចត់ បានបង្កើតយន្តការសម្រិតសម្រាំងដោយប្រុងប្រយ័ត្ន។ គោលដៅមិនត្រឹមតែធានាបាននូវចំនួនគ្រប់គ្រាន់ និងរចនាសម្ព័ន្ធត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងដើម្បីជ្រើសរើសតំណាងដែលបំពេញតាមស្តង់ដារខ្ពស់បំផុតទាក់ទងនឹងបុគ្គលិកលក្ខណៈសីលធម៌ សមត្ថភាព គុណវុឌ្ឍិ បញ្ញា ស្មារតីទទួលខុសត្រូវ ឫទ្ធានុភាពពិតប្រាកដ ហើយហ៊ានធ្វើសកម្មភាពដើម្បីផលប្រយោជន៍រួម។ លោកស្រី Ta Thi Yen អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការសមាជិកសភា និងជាអនុប្រធានអចិន្ត្រៃយ៍នៃការិយាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានអះអាងថា៖

“ការសម្រិតសម្រាំង និងការជ្រើសរើសបេក្ខជនត្រូវបានអនុវត្តន៍យ៉ាងហ្មត់ចត់ ប្រុងប្រយ័ត្ន និងតឹងរឹង ដោយធានាបាននូវស្តង់ដារ និងលក្ខខណ្ឌទាំងអស់តាមបទប្បញ្ញត្តិ ដូចដែលលោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា យើងខិតខំប្រឹងប្រែងជ្រើសរើសចំនួនឲ្យគ្រប់គ្រាន់និងរចនាសម្ព័ន្ធត្រឹមត្រូវ ប៉ុន្តែត្រូវដាក់គុណភាពតំណាងជាកត្តាចម្បង”។

សន្លឹកឆ្នោតនៃសេចក្ដីទំនុកចិត្ត

ថ្ងៃទី ១៥ ខែមីនា មិនត្រឹមតែជាទិវាបុណ្យនៃប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែមទាំងក៏ជាពេលវេលាដែលអ្នកបោះឆ្នោតម្នាក់ៗអនុវត្តន៍សិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីជ្រើសរើសបេក្ខជនដ៏សក្តិសមសម្រាប់តំណាងឱ្យអ្នកបោះឆ្នោតនៅក្នុងស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតផងដែរ។

ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិកំពុងដាក់ចេញតម្រូវការខ្ពស់បំផុត ដូច្នេះការរំពឹងទុកសម្រាប់សមាជិកសភាអាណត្តិថ្មី ក៏កើនឡើងផងដែរ។ លោកបណ្ឌិត Nguyen Viet Chuc អតីតអនុប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន យុវជនជំទង់និងកុមារ នៃរដ្ឋសភា (បច្ចុប្បន្នជាគណៈកម្មាធិការវប្បធម៌ និងអប់រំរបស់រដ្ឋសភា) បានចាត់ទុកថា៖

“យើងកំពុងចូលដល់ដំណាក់កាលមួយដែលយើងត្រូវតែសម្រេចសេចក្ដីប្រាថ្នារបស់ប្រជាជាតិ ដោយក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥។ គោលដៅនេះបានដាក់តម្រូវការខ្ពស់បំផុត ហើយទាមទារឱ្យសមាជិកសភាត្រូវមានគុណសម្បត្តិ ទេពកោសល្យពិសេសជាងមុន ក៏ដូចជាស្មារតីត្រៀមខ្លួនបម្រើកាន់តែខ្ពស់ជាងមុនដែរ។ ប្រជាជនយល់ដឹងកាន់តែច្បាស់អំពីការទទួលខុសត្រូវ និងសិទ្ធិរបស់ខ្លួន នៅពេលបោះឆ្នោត ដូច្នេះថ្ងៃបោះឆ្នោតនេះគឺជាទិវាបុណ្យដ៏ពិសេស។ អ្នកបោះឆ្នោតម្នាក់ៗត្រូវតែបង្ហាញពីតួនាទីរបស់ខ្លួន ហើយយល់ថានេះជាសិទ្ធិ និងជាការទទួលខុសត្រូវចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ”។

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយតាមកាលកំណត់ប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសមួយដើម្បីជ្រើសរើសបុគ្គលឆ្នើមៗសម្រាប់ស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃទៀតផង។ នៅពេលដែលគុណភាពត្រូវបានផ្ដល់អាទិភាពចម្បង រចនាសម្ព័ន្ធធានាបាននូវភាពជាតំណាង ហើយនៅពេលដែលអ្នកបោះឆ្នោតម្នាក់ៗយល់ដឹងយ៉ាងពេញលេញអំពីសិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួននោះ ប្រទេសវៀតណាមនឹងមានរដ្ឋសភាដ៏ឈ្លាសវៃ ប្រកបដោយវិជ្ជាជីវៈ និងធ្វើសកម្មភាព ដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីសម្រេចបាននូវសេចក្ដីប្រាថ្នាអភិវឌ្ឍន៍ ឆ្លើយតបនឹងសេចក្ដីទំនុកចិត្ត និងការរំពឹងទុករបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ