គោលនយោបាយពន្ធថ្មីរបស់អាមេរិក បង្កើនអស្ថេរភាពពាណិជ្ជកម្មសកល
(VOVWORLD) - តុលាការកំពូលសហរដ្ឋអាមេរិកនាថ្ងៃទី ២០ ខែកុម្ភៈ បានចេញសាលក្រមមួយដោយបដិសេធគោលនយោបាយពន្ធគយសកលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញក្នុងខែមេសា ឆ្នាំ ២០២៥។ កាយវិការនេះ មានហានិភ័យធ្វើឲ្យពាណិជ្ជកម្មសកលធ្លាក់ចូលក្នុងភាពមិនប្រាកដប្រជាថ្មី នៅពេលដែលរដ្ឋបាលរបស់លោក ដូណាល ត្រាំ កំពុងស្វែងរកការជំរុញគោលនយោបាយពន្ធគយនេះ ក្រោមបខ័ណ្ឌច្បាប់ថ្មី។
នៅក្នុងសាលក្រមនេះ តុលាការកំពូលសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពន្ធនាំចូលដែលផ្អែកលើច្បាប់អំណាចសេដ្ឋកិច្ចអាសន្នអន្តរជាតិ (IEEPA) ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុវត្តគឺខុសច្បាប់ មានន័យថារដ្ឋបាលសហរដ្ឋអាមេរិកមិនត្រឹមតែមិនអាចអនុវត្តគោលនយោបាយពន្ធនេះបានទេ ប៉ុន្តែក៏ត្រូវសងប្រាក់ប្រហែល ១៧៥ ពាន់លានដុល្លារនៃពន្ធនាំចូលដែលប្រមូលបានក្នុងរយៈពេលមួយឆ្នាំកន្លងមក។
ភាពមិនប្រាកដប្រជា ច្រើនជាងអត្ថប្រយោជន៍
បន្ទាប់ពីសាលក្រមរបស់តុលាការកំពូលសហរដ្ឋអាមេរិក នៅថ្ងៃទី ២០ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិមួយដែលដាក់ពន្ធសកលថ្មីចំនួន ១០% ក្នុងរយៈពេល ១៥០ ថ្ងៃ ក្រោមមាត្រាលេខ ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤។ ក្រឹត្យប្រតិបត្តិនេះបានចូលជាធរមាននៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយមន្ត្រីពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា មិនលើកលែហលទ្ធភាពនៃការដំឡើងពន្ធដល់ ១៥% (ជាកម្រិតអតិបរមា) សម្រាប់ប្រទេសមួយចំនួន។ យោងតាមអ្នកជំនាញ ក្នុងរយៈពេលដ៏ខ្លីខាងមុខ អត្រាពន្ធថ្មីអាចនាំមកនូវអត្ថប្រយោជន៍ដល់ដៃគូមួយចំនួនដែលបានចុះហត្ថលេខាឬកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ដោយសារតែអត្រាពន្ធថ្មី ១០% គឺទាបជាងអត្រាពន្ធចាស់។ យោងតាម Global Trade Alert សាលក្រមនេះអាចជួយកាត់បន្ថយពន្ធនាំចូលជាមធ្យមរបស់សហរដ្ឋអាមេរិកពី ១៥,៤% មកត្រឹម ៨,៣%។
ទោះជាយ៉ាងណាក៏ដោយ ការវិវត្តន៍នាពេលបច្ចុប្បន្នកំពុងបង្កហានិភ័យនៃអស្ថិរភាពពន្ធគយផងដែរ នៅពេលដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អនុវត្តវិធានការជំនួស។ លោក Niclas Frederic Poitiers អ្នកជំនាញនៅវិទ្យាស្ថាន Bruegel ប្រទេសបែលហ្ស៊ិក បានធ្វើអត្ថាធិប្បាយថា៖ “បច្ចុប្បន្ននេះ នៅតែមិនទាន់ច្បាស់ថា តើអត្រាពន្ធថ្មីនឹងទៅជាយ៉ាងណា ហើយពន្ធនេះនឹងត្រូវបានគណនាលើមុខទំនិញជាក់លាក់នីមួយៗឬអត់។ លើសពីនេះ យើងក៏មិនទាន់ច្បាស់ថា តើអត្រាពន្ធថ្មីទាំងនេះនឹងអូសបន្លាយឬអត់។ ដូច្នេះហើយ មានភាពមិនប្រាកដប្រជាជាច្រើននាពេលនេះ"។
ចំពោះអ្នកប្រើប្រាស់អាមេរិក លោក Michael Strain សេដ្ឋវិទូនៅវិទ្យាស្ថានសហគ្រាសអាមេរិកបានព្រមានថា ឥទ្ធិពលនៃសាលក្រមរបស់តុលាការកំពូលអាមេរិកអាចមានកម្រិត ដោយសារតែរដ្ឋបាលរបស់លោក ដូណាល ត្រាំ បានត្រៀមផែនការរួចហើយដើម្បីរក្សាគោលនយោបាយពន្ធ ក្រោមយុត្តាធិការផ្លូវច្បាប់ផ្សេងទៀត។ ដូច្នេះ តម្លៃទំនិញអាចកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ។ ចែករំលែកការវាយតម្លៃដូចគ្នា លោក Stephen Kates អ្នកវិភាគហិរញ្ញវត្ថុនៅ ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ Bankrate (អាមេរិក) បាននិយាយថា៖ «ខ្ញុំចង់រំលឹកដល់អ្នកប្រើប្រាស់ និងម្ចាស់សហគ្រាសទាំងឡាយកំពុងរំពឹងទុកថាផលចំណេញនឹងមកដល់ ហើយតម្លៃទំនិញនឹងធ្លាក់ចុះភ្លាមៗនោះ ថា រឿងនេះពិបាកនឹងកើតឡើងណាស់។ ប៉ុន្តែផ្ទុយទៅវិញ ស្ថានភាពបច្ចុប្បន្ននឹងបង្កឱ្យមានអស្ថិរភាពកាន់តែខ្លាំង»។
ការប្រុងប្រយ័ត្ន និងការព្រួយបារម្ភ
ប្រទេសជាច្រើន ជាពិសេសប្រទេសដែលទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិក កំពុងមានប្រតិកម្មដោយប្រុងប្រយ័ត្នចំពោះការវិវត្តន៍នៃគោលនយោបាយពន្ធនៅសហរដ្ឋអាមេរិក។
នៅថ្ងៃទី ២៤ ខែកុម្ភៈ សភាអឺរ៉ុបបានសម្រេចចិត្តផ្អាក់ការពិចារណាអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងសហភាពអឺរ៉ុប ដែលសម្រេចបានក្នុងខែកក្កដា ឆ្នាំ ២០២៥ បើទោះបីជាមន្ត្រីអាមេរិក និងអឺរ៉ុបជាច្រើនរូបបានសង្កត់ធ្ងន់ថា ភាគីទាំងពីរនឹងរក្សាកិច្ចព្រមព្រៀងនេះក៏ដោយ។ យោងតាមអ្នកជំនាញ Niclas Frederic Poitiers សាលក្រមរបស់តុលាការកំពូលអាមេរិកបានបង្កើតការមន្ទិលសង្ស័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាអាមេរិក និងសហភាពអឺរ៉ុប ពីព្រោះទំនិញមួយចំនួនរបស់ EU អាចទទួលរងនុវអត្រាពន្ធខ្ពស់ជាងកិច្ចព្រមព្រៀង នៅពេលដែលលោក ដូណាល ត្រាំអនុវត្តន៍អត្រាពន្ធថ្មី។ ចំណែកឯលោក Alberto Rizzi អ្នកវិភាគគោលនយោបាយនៅក្រុមប្រឹក្សាអឺរ៉ុបទទួលបន្ទុកទំនាក់ទំនងការបរទេស (ECFR) ក៏បានចាត់ទុកថា អត្រាពន្ធថ្មី ១០% របស់អាមេរិក (អាចឡើងដល់ ១៥%) បានធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងសហភាពអឺរ៉ុប "ស្ទើរតែគ្មានន័យ" ពីព្រោះ ១៥% ក៏ជាអត្រាពន្ធដែលសហភាពអឺរ៉ុបទទួលរងក្រោមកិច្ចព្រមព្រៀងនេះ។ លើសពីនេះ ការដែលអត្រាពន្ធថ្មីនេះ ត្រូវបានអនុវត្តចំពោះសេដ្ឋកិច្ចទាំងអស់គឺមានន័យថា EU លែងមានគុណសម្បត្តិប្រកួតប្រជែងដោយអត្រាពន្ធទាបជាងគូប្រជែងទៀតហើយ។
“ប្រសិនបើយើងពិនិត្យមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងសហភាពអឺរ៉ុប (EU) កាលពីឆ្នាំមុន គឺមានចំណុចសំខាន់ៗចំនួន ៣។ ទីមួយគឺគុណសម្បត្តិប្រកួតប្រជែង; ទីពីរគឺភាពប្រាកដប្រជា; ទីបីគឺការរក្សាការសន្យារបស់អាមេរិកចំពោះអ៊ុយក្រែន។ មកទល់ពេលនេះ ចំណុចទីបីនៅតែមាន ប៉ុន្តែចំណុចទីមួយបានបាត់ទៅហើយ ចំណែកឯចំណុចទីពីរគឺស្ទើរតែគ្មានន័យ។ ខ្ញុំមិនគិតថា EU ចង់បោះបង់កិច្ចព្រមព្រៀងនេះទេ ប៉ុន្តែយើងអាចមើលឃើញថា កិច្ចព្រមព្រៀងដែលកាលពីឆ្នាំមុនត្រូវបានចាត់ទុកថាល្អ ប៉ុន្តែមកដល់ពេលនេះគឺមានតម្លៃតិចតួចណាស់”។
ក្នុងសារមួយនៅចំពោះមុខសភាអាមេរិកនៅថ្ងៃទី ២៤ ខែកុម្ភៈ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា បណ្តាប្រទេសភាគច្រើននឹងបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក ហើយបានព្រមានថា អ្នកដែល “គេចវេះច្បាប់” នឹងប្រឈមមុខនឹងអត្រាពន្ធខ្ពស់ជាង។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿជាក់ថា អស្ថេរភាពនៃគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ក៏នឹងបង្ខំឱ្យប្រទេសដទៃទៀតកែសម្រួលឲ្យបានសមស្របផងដែរ៕