បញ្ហាសាក​ល្បចំពោះ លោក Donald Trump ក្រោយ​រយៈពេល ១០០ថ្ងៃ ឡើង​កាន់អំណាច

(VOVWORLD) - ថ្ងៃទី ៣០ ខែមេសា បានគូសសញ្ញារយៈពេល ១០០ ថ្ងៃដំបូងនៃការកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទីពីរ របស់លោក Donald Trump ។ យោងតាមអ្នកសង្កេតការណ៍ ក្នុងរយៈពេល ១០០ ថ្ងៃកន្លងទៅ បានមើលឃើញការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗរបស់រដ្ឋបាលអាមេរិកទាំងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស ប៉ុន្តែក៏បានបង្កបញ្ហាប្រឈមធំៗសម្រាប់ប្រធានាធិបតីអាមេរិក នាពេលខាងមុខផងដែរ។

ការស្ទង់មតិដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយធំៗរបស់សហរដ្ឋអាមេរិកនាប៉ុន្មានថ្ងៃថ្មីៗនេះបានបង្ហាញថា អត្រាគាំទ្ររបស់លោក Donald Trump មានការប្រែប្រួលយ៉ាងខ្លាំង ដោយឆ្លុះបញ្ចាំងពីបញ្ហាសាកល្បងធំៗ ដែលប្រធានាធិបតីអាមេរិកប្រឈមមុខក្នុងការអនុវត្តកំណែទម្រង់យ៉ាងខ្លាំងក្លា។

បញ្ហាប្រឈមផ្ទៃក្នុង

លទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយ NBC News ចេញផ្សាយនាថ្ងៃទី ២៧ ខែមេសា នៅមុនថ្ងៃកាន់តំណែងទី ១០០ របស់លោកប្រធានាធិបតី Donald Trump បានបង្ហាញថា ពលរដ្ឋអាមេរិកចំនួន ៥៥% មិនយល់ព្រមចំពោះវិធីគ្រប់គ្រងការងាររបស់លោកក្នុងតំណែងជាប្រធានាធិបតី ខណៈដែល ៤៥% បានយល់ព្រម។ តួលេខនេះ គឺ ៥១% កាលពីខែមុន។ ទោះជាយ៉ាងណាក៏ដោយ ៦០% នៃអ្នកស្ទង់មតិបាននិយាយថា សហរដ្ឋអាមេរិកកំពុងដើរលើមាគ៌ាត្រឹមត្រូវ។ នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានធំៗផ្សេងទៀត ដូចជា CNN, New York Times, Washington Post, ABC News... អត្រាគាំទ្រលោក Donald Trump ក៏មានទំនោរធ្លាក់ចុះបើប្រៀបធៀបទៅនឹងការចាប់ផ្តើមអាណត្តិទីពីររបស់លោក ទោះបីជាមានកម្រិតតិចតួចក៏ដោយ។

បញ្ហាសាក​ល្បចំពោះ លោក Donald Trump ក្រោយ​រយៈពេល ១០០ថ្ងៃ ឡើង​កាន់អំណាច - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅសេតវិមាន ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ រូបថត៖ Getty Images/VNA

មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានឲ្យដឹងថា មិនថាការស្ទង់មតិទាំងនេះអាចជឿជាក់បានឬទេ ភាពចម្រូងចម្រាសនាបច្ចុប្បន្ន បង្ហាញពីដំណាក់កាលដ៏លំបាកចំពោះរដ្ឋបាលលោក Donald Trump នៅពេលដែលគោលនយោបាយមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ។ យោងតាមអ្នកជំនាញ Carolyn Kissane នៃមជ្ឈមណ្ឌលកិច្ចការសកល សាកលវិទ្យាល័យញូវយ៉ក (សហរដ្ឋអាមេរិក) រយៈពេល ១០០ ថ្ងៃដំបូងរបស់លោក Donald Trump បានកត់ត្រាការរំសាយយ៉ាងខ្លាំង នៃគោលនយោបាយប្រពៃណីជាច្រើន៖ "ខ្ញុំគិតថាយើងនឹងចងចាំរយៈពេល ១០០ ថ្ងៃដំបូងរបស់លោក Donald Trump ដូចជាដំណាក់កាលផ្លាស់ប្តូរយ៉ាងខ្លាំងក្លាបំផុតរបស់អាមេរិក ទាំងអភិបាលកិច្ចរដ្ឋបាល និងឋានៈរបស់អាមេរិក"

ក្នុងចំណោមបញ្ហាផ្ទៃក្នុងដែលលោក Donald Trump បានប្រឈមមុខនោះ ក៏មានការប្រឆាំងជំទាស់ចំពោះ ទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលបានបណ្តេញបុគ្គលិករាប់សែននាក់ កាត់បន្ថយថវិកា និងសូម្បីតែការបិទទីភ្នាក់ងារសហរដ្ឋជាច្រើន ក៏ដូចជាការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ប្រជាជនអាមេរិកអំពីការកើនឡើងតម្លៃ ដោយសារតែសង្គ្រាមពន្ធគយដែលរដ្ឋបាលអាមេរិកបានចាប់ផ្តើមជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ នៅលើប្រធានបទមួយចំនួនផ្សេងទៀត ជាពិសេស បញ្ហាអន្តោប្រវេសន៍និងការទប់ស្កាត់បទល្មើស មជ្ឈដ្ឋានអ្នកសង្កេតការណ៍និបានឲ្យដឹងថា រដ្ឋបាលរបស់លោក Trump ទទួលបានលទ្ធផលវិជ្ជមានក្នុងរយៈពេលដ៏ខ្លី។ អ្នកស្រី Danielle Pletka អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសហគ្រាសអាមេរិកបានអធិប្បាយថា៖  "គាត់ទទួលបានជោគជ័យក្នុងការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់ព្រំដែនក្នុងថ្ងៃដំបូងឡើងកាន់តំណែង មិនត្រូវការ១០០ថ្ងៃទេ ដោយមានចំនួនមនុស្សឆ្លងកាត់ព្រំដែនធ្លាក់ចុះពីរាប់ម៉ឺននាក់ក្នុងមួយថ្ងៃមកត្រឹមរាប់សិបនាក់តែប៉ុណ្ណោះ។ ប្រការនេះ មានសារៈសំខាន់ខ្លាំងណាស់ព្រោះវាបង្ហាញថា បញ្ហានេះអាចដោះស្រាយបាន។ អ្វីដែលចាំបាច់នៅទីនេះគឺជាការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី ហើយនោះគឺជាប្រការដែលលោក Joe Biden មិនមាន"។

បញ្ហាសាក​ល្បចំពោះ លោក Donald Trump ក្រោយ​រយៈពេល ១០០ថ្ងៃ ឡើង​កាន់អំណាច - ảnh 2កំពង់ផែដឹកទំនិញនៅ Bayonne រដ្ឋ New Jersey សហរដ្ឋអាមេរិក។ រូបថត៖ THX/TTXVN

បញ្ហាលំបាកក្នុងកិច្ចការបរទេស

នៅក្នុងវិស័យកិច្ចការបរទេស រយៈពេល ១០០ ថ្ងៃដំបូងនៃរដ្ឋបាលរបស់លោក Donald Trump ក៏បានកត់ត្រាការផ្លាស់ប្តូរគោលនយោបាយជាប្រវត្តិសាស្ត្ររបស់រដ្ឋបាលអាមេរិកផងដែរ ពីវិធីសាស្រ្តដោះស្រាយជម្លោះរុស្ស៊ី - អ៊ុយក្រែន ជម្លោះហ្គាហ្សា បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) សេចក្តីប្រកាសអំពីការចង់បញ្ចូលកាណាដា និង Greenland រហូតដល់ការប្រកាស គោលនយោបាយពន្ធគយថ្មីចំពោះដៃគូសេដ្ឋកិច្ចស្ទើរតែទាំងអស់របស់អាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរគោលនយោបាយទាំងនេះភាគច្រើនកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន។ ទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ការប្តេជ្ញាចិត្តរបស់លោក Donald Trump ក្នុងការដោះស្រាយជម្លោះ "ក្នុងរយៈពេល ២៤ ម៉ោង" ហើយបន្ទាប់មកបានផ្លាស់ប្តូរទៅជា "ក្នុងរយៈពេល ១០០ ថ្ងៃ" ហាក់ដូចជាបរាជ័យ ព្រោះ ថ្វីត្បិតតែមានការខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិកតាំងពីចុងខែកុម្ភៈមកក៏ដោយ ក៏ភាគីពាក់ព័ន្ធក្នុងជម្លោះមិនទាន់ឈានដល់កិច្ចព្រមព្រៀងសំខាន់ណាមួយ លើកលែងតែបទឈប់បាញ់បណ្តោះអាសន្នមួយចំនួន។ ទន្ទឹមនឹងនេះ ការដែលអាមេរិក កំណត់កាលបរិច្ឆេទរយៈពេល ៩០ ថ្ងៃដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាពន្ធគយក៏បង្ហាញពីការលំបាករបស់អាមេរិកក្នុងការដាក់ច្បាប់ពាណិជ្ជកម្មថ្មី។

ទោះជាយ៉ាងណាក៏ដោយ សំណួរនៅពេលនេះគឺថា តើការលំបាកខាងកិច្ចការបរទេសទាំងនេះ នឹងបង្ខំឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ផ្លាស់ប្តូរគោលនយោបាយសំខាន់ៗនាពេលអនាគតដ៏ខ្លីដែរឬទេ? លោក Matthew Dallek សាស្ត្រាចារ្យផ្នែកនយោបាយនៅសាកលវិទ្យាល័យ George Washington (សហរដ្ឋអាមេរិក) បានវាយតម្លៃថា៖ "ស្តីពីនយោបាយ ខ្ញុំគិតថា លោក Donald Trump នឹងមានការប្រុងប្រយ័ត្នជាងបន្តិច។ ក្នុងអាណត្តិដំបូងរបស់ខ្លួន លោកទំនងជាបានផ្លាស់ប្តូរគំនិត នៅពេលប្រឈមមុខនឹងសម្ពាធនយោបាយ។ យើងបានឃើញប្រការនេះ នៅពេលដែលលោកបានកំណត់ កាលបរិច្ឆេទរយៈពេល ៩០ ថ្ងៃដើម្បីចរចារលើបញ្ហាពន្ធគយ ប៉ុន្តែខ្ញុំគិតថា រដ្ឋបាលរបស់លោក Trump ឥឡូវនេះកាន់តែមានភាពមោះមុត ក្នុងការអនុវត្តគោលនយោបាយដែលពួកគេចង់អនុវត្តតាំងពីយូរមកហើយ"

អ្នកសង្កេតការណ៍ភាគច្រើនជឿជាក់ថា គោលដៅយុទ្ធសាស្ត្រក្នុងគោលនយោបាយការបរទេសដែលរដ្ឋបាលសហរដ្ឋអាមេរិកកំពុងប្រដេញតាម អាចនឹងត្រូវបានកែសម្រួល ប៉ុន្តែនឹងមិនផ្លាស់ប្តូរខ្លាំងនោះទេ ហើយគោលនយោបាយទាំងនេះនៅតែជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងអន្តរជាតិនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ