(VOVWORLD) - លំហូរពាណិជ្ជកម្មសកលក្នុងឆ្នាំ២០២៥ បានជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដោយសារតែសង្គ្រាមពន្ធគយ និងភាព តានតឹងភូមិសាស្ត្រនយោបាយ។ ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មពិភពលោក នៅតែបង្ហាញពីភាពធន់ និងបានកត់ត្រានូវកំណើន។
រូបថតឧទាហរណ៍៖ kinhte.vn |
នៅក្នុងរបាយការណ៍ត្រួតពិនិត្យពាណិជ្ជកម្មប្រចាំឆ្នាំស្តីពីបរិយាកាសពាណិជ្ជកម្មអន្តរជាតិ ដែលបានចេញផ្សាយនាថ្ងៃទី៣ ខែធ្នូ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចាត់ទុកថា ពាណិជ្ជកម្មពិភពលោកឆ្នាំ២០២៥ បានជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំបំផុតក្នុងរយៈពេល៨០ឆ្នាំកន្លងមក ដោយសារតែគោលនយោបាយពន្ធគយ ឯកតោភាគី និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយសកល។
បញ្ហាប្រឈមដ៏ធំបំផុត
យោងតាមលោកស្រី Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក ការប្រែប្រួលនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ជាពិសេសក្រោយពីរដ្ឋ អំណាចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ពន្ធបដិការ គឺជាបញ្ហា ប្រឈមដ៏ធំបំផុតដែលពាណិជ្ជកម្មសកលបានជួបប្រទះក្នុងរយៈពេល ៨ ទសវត្សរ៍ កន្លងមក។ យោងតាមការគណនារបស់អង្គការពាណិជ្ជកម្មពិភពលោកកាលពី ខែមិថុនា ប្រសិនបើពាណិជ្ជកម្មសកលត្រូវបំបែកទៅជាប្លុកប្រឈមមុខដាក់គ្នានោះ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះយ៉ាងហោចណាស់ ៧% នៃ GDP ជាប្រាកដ ក្នុងរយៈពេលវែង។ ពិភពលោកបានជៀសផុតពីសេណារីយ៉ូដ៏អាក្រក់បំផុតនេះ នៅពេលដែលសហរដ្ឋអាមេរិក និងប្រទេសជាច្រើនបានចរចាគ្នា ហើយសម្រេច បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ខណៈដែលសហរដ្ឋអាមេរិក និងចិន ដែលជាមហា អំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ក៏បានព្រមព្រៀងគ្នាបញ្ឈប់ សង្គ្រាមពាណិជ្ជកម្មរយៈពេលមួយឆ្នាំផងដែរ។ ប្រការទាំងនេះបានជួយជំរុញពាណិជ្ជ កម្មទំនិញសកលឲ្យសម្រេចបានកំណើនប្រហែល ២,៤% ក្នុងឆ្នាំនេះ។ នាថ្ងៃទី ៩ ខែធ្នូ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) ក៏បាន ព្យាករណ៍ថា ពាណិជ្ជកម្មទំនិញនិងសេវាកម្មសកលនឹងលើសពី ៣៥ ទ្រីលាន ដុល្លារអាមេរិកជាលើកដំបូងនៅឆ្នាំនេះ។
យ៉ាងណាមិញ ទោះបីជាបានជំនះលើខ្យល់បញ្ច្រាសក៏ដោយ ប៉ុន្តែការប្រែប្រួលដ៏ខ្លាំងក្នុងឆ្នាំនេះ បន្តដាក់ចេញនូវសំណួរធំៗអំពីតួនាទី និងភាពចាំបាច់នៃការកែទម្រង់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្នុងនោះ WTO គឺជាសសរស្តម្ភ។ អគ្គនាយិកា WTO លោកស្រី Ngozi Okonjo-Iweala បានធ្វើអត្ថាធិប្បាយថា៖
“សហរដ្ឋអាមេរិកមានការព្រួយបារម្ភដ៏សមហេតុផល និងអាចយល់បានអំពី WTO និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ខណៈដែលសមាជិក WTO រួមទាំងប្រទេស អភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ផ្សេងទៀតក៏មានការព្រួយបារម្ភផ្ទាល់ខ្លួនផងដែរ។ ដូច្នេះ យើងអាចប្រើប្រាស់ការព្រួយបារម្ភទាំងនេះដើម្បីផ្លាស់ប្តូរប្រព័ន្ធឲ្យកាន់តែប្រសើរឡើង”។
ទាក់ទងនឹងកត្តាសុទិដ្ឋិនិយម យោងតាម WTO គឺថា ជិត ៧២% នៃពាណិជ្ជកម្ម សកលនៅតែត្រូវបានអនុវត្តន៍ក្រោមគោលការណ៍ប្រជាជាតិទទួលបានការអនុគ្រោះបំផុត (MFN) ហើយទន្ទឹមនឹងការកើនឡើងនៃនិន្នាការការពារនិយមនោះ សមាជិក និងអ្នកសង្កេតការណ៍នានារបស់ WTO ក៏បានជំរុញខ្លាំងនូវវិធានការបង្កលក្ខណៈងាយស្រួល ពាណិជ្ជកម្មថ្មីសម្រាប់ទំនិញផងដែរ។
យថាទស្សន៍សម្រាប់ឆ្នាំ ២០២៦
ចំពោះយថាទស្សន៍ពាណិជ្ជកម្មសកលនៅឆ្នាំ ២០២៦ WTO, UNCTAD និងអង្គការសេដ្ឋកិច្ចជាច្រើនទៀតបានផ្តល់ការវាយតម្លៃដោយប្រុងប្រយ័ត្ន។ យោងតាម លោក Marc Bachetta អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ WTO លក្ខណៈលេច ធ្លោបំផុតនៃពាណិជ្ជកម្មសកលនៅឆ្នាំក្រោយ នៅតែជាគោលនយោបាយមិនប្រាកដ ប្រជារបស់ប្រទេសនានា ជាពិសេសមហាអំណាចពាណិជ្ជកម្មសំខាន់ៗ។ ដូច្នេះ WTO ព្យាករណ៍ថា កំណើនពាណិជ្ជកម្មទំនិញពិភពលោក នឹងសម្រេចបានតែ ០,៥% ប៉ុណ្ណោះនៅឆ្នាំ ២០២៦។ UNCTAD ក៏ព្យាករណ៍ថា កំណើននៅឆ្នាំ ២០២៦ នឹងខ្សោយ ជាង ដោយសារតែការបន្ថយល្បឿននៃសេដ្ឋកិច្ចសកល ការកើនឡើងនៃបំណុល និងការចំណាយពាណិជ្ជកម្មនៅតែខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ កត្តាវិជ្ជមានមួយចំនួន អាចផ្លាស់ប្តូរផ្ទាំងគំនូរពាណិជ្ជកម្មសកលនាពេលខាងមុខ ជាពិសេសនិន្នាការកើនឡើងខ្លាំងនៃតម្រូវការសម្រាប់ ផលិតផលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI)។ យោងតាមការធ្វើស្ថិតិរបស់ WTO តម្រូវ ការសម្រាប់ផលិតផលទាំងនេះ បានកើនឡើង ២០% នៃតម្លៃនៅក្នុងឆមាសទីមួយ ឆ្នាំ២០២៥ ដែលរួមចំណែកជិតពាក់កណ្តាលដល់កំណើនពាណិជ្ជកម្មសកល ទោះបី ជាស្រូបយកត្រឹមតែ ១០% នៃពាណិជ្ជកម្មទំនិញសរុបក៏ដោយ។ ដូច្នេះ បញ្ញាសិប្ប និម្មិត (AI) អាចជាកត្តាមួយក្នុងចំណោមកត្តាដែលអាចផ្លាស់ប្ដូរស្ថានការណ៍ ពាណិជ្ជកម្មសកលនៅឆ្នាំក្រោយ។ លោកស្រី Johanna Hill អគ្គនាយិការងនៃ WTO បានធ្វើអត្ថាធិប្បាយថា៖
“AI នាំមកនូវចំណុចភ្លឺសម្រាប់ពាណិជ្ជកម្មនៅក្នុងបរិបទសកលកាន់តែស្មុគ ស្មាញ។ AI បើកឱកាសដើម្បីកាត់បន្ថយការចំណាយពាណិជ្ជកម្ម ជំរុញផលិតកម្ម និងបង្កើនការចូលរួមក្នុងទីផ្សារសកល។ ទោះជាយ៉ាងណាក៏ដោយ ប្រការដ៏សំខាន់ គឺថា សក្តានុពលរបស់ AI ក្នុងការជំរុញកំណើនប្រកបដោយបរិយាប័ន្ន អាចសម្រេច បានលុះត្រាតែយើងធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីបង្រួមគម្លាតឌីជីថល”។
កត្តាមួយទៀត ដែលក៏បានសង្កត់ធ្ងន់នៅក្នុងរបាយការណ៍របស់ UNCTAD កាលពីថ្ងៃទី ៩ ខែធ្នូ គឺថា កំណើនពាណិជ្ជកម្មសកលកាលពីឆ្នាំមុន ភាគច្រើនមកពីការ កើនឡើងនៃបរិមាណប្រតិបត្តិការ ដែលឆ្លុះបញ្ចាំងពីតម្រូវការស្ថេរភាព មិនមែនដោយ សារអតិផរណាបណ្ដាលមកពីការកើនឡើងនៃតម្លៃនោះទេ។ ក្រៅពីនោះ និន្នាការនៃ ការផ្លាស់ប្តូរពាណិជ្ជកម្មឆ្ពោះទៅរកដៃគូដែលមានទស្សនៈនយោបាយដូចគ្នា និងដៃគូ ជិតស្និទ្ធខាងភូមិសាស្ត្រ កំពុងបង្កើតរូបរាងខ្សែសង្វាក់ពាណិជ្ជកម្មសកលឡើងវិញ ដែលត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតនៅតំបន់អាស៊ីបូព៌ា ដោយមានកំណើននាំចេញ នាំមុខគេកាលពីឆ្នាំមុនជាមួយនឹងកំណើន ៩% ខណៈដែលពាណិជ្ជកម្មក្នុងតំបន់ក៏បាន កើនឡើង ១០% ផងដែរ។ លើសពីនេះ ទ្វីអាហ្វ្រិក និងពាណិជ្ជកម្មខាងត្បូង-ខាងត្បូង ក៏បានកត់ត្រាសន្ទុះងើបឡើងវិញយ៉ាងខ្លាំងផងដែរ ដែលបង្ហាញពីតួនាទីកាន់តែកើន ឡើងនៃសេដ្ឋកិច្ចដែលទើបលេចចេញនៅក្នុងលំហូរពាណិជ្ជកម្មសកល៕