ពន្លឿនល្បឿនអនុវត្តន៍គម្រោងជាតិសំខាន់ៗ៖ គន្លឹះសម្រាប់កំណើន

(VOVWORLD) - ចាប់តាំងពីប៉ុន្មានខែដើមឆ្នាំ បរិយាកាសការងារនៅការដ្ឋានសំណង់គម្រោងជាតិសំខាន់ៗជាច្រើនបានក្ដៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រួមជាមួយគ្នានោះ គឺកិច្ចប្រជុំ ការដឹកនាំ ការចុះត្រួតពិនិត្យ និងលើកទឹកចិត្តដោយផ្ទាល់នៅនឹងកន្លែង របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់និងគម្រោងជាតិសំខាន់ៗ បានបង្ហាញថា ការតម្រូវឲ្យពន្លឿនល្បឿនអនុវត្តន៍គម្រោងជាតិសំខាន់ៗ មិនមែនគ្រាន់តែជាបញ្ហានៃវឌ្ឍនភាពប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាយុទ្ធសាស្ត្រសម្រាប់កំណើនរបស់វៀតណាមក្នុងរយៈពេលខាងមុខទៀតផង។
ពន្លឿនល្បឿនអនុវត្តន៍គម្រោងជាតិសំខាន់ៗ៖ គន្លឹះសម្រាប់កំណើន - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការដឹកនាំគម្រោងជាតិសំខាន់ៗក្នុងវិស័យផ្លូវដែក នាថ្ងៃទី៣ ខែមីនា។ (រូបថត៖ Lai Hoa/VOV)

ស្មារតីប្ដូរផ្ដាច់

នៅក្នុងកិច្ចប្រជុំលើកទី ៧ នៃគណៈកម្មាធិការដឹកនាំសំណង់និងគម្រោងជាតិសំខាន់ៗក្នុងវិស័យផ្លូវដែក ដែលបានធ្វើឡើងនៅថ្ងៃទី ៣ ខែមីនា នៅទីក្រុងហាណូយ និងតភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្តក្រុងចំនួន ២១ នោះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំ បានសង្កត់ធ្ងន់យ៉ាងច្បាស់លើសារថា៖ មិនខ្ជះខ្ជាយមួយថ្ងៃ មិនពន្យារពេលមួយសប្ដាហ៍ មិនបាត់បង់ឱកាសក្នុងមួយខែ និងមិនអសកម្មពេញមួយឆ្នាំ។

ពន្លឿនល្បឿនអនុវត្តន៍គម្រោងជាតិសំខាន់ៗ៖ គន្លឹះសម្រាប់កំណើន - ảnh 2លោកនាយករដ្ឋមន្ត្រីចុះត្រួតពិនិត្យគម្រោងដឹកជញ្ជូនសំខាន់ៗ នាថ្ងៃទី១ ខែមីនា។ (រូបថត៖ Lai Hoa/VOV)

មុននោះ អញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់លើគម្រោងសមាសភាគនៃផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ផ្នែកខាងកើត ដែលឆ្លងកាត់ខេត្តទាំង៤គឺខេត្តក្វាងង៉ាយ យ៉ាឡាយ ដាក់ឡាក់ និងខាញ់ហ័រ នៅថ្ងៃទី ១ និងទី ២ ខែមីនា លោកនាយករដ្ឋមន្ត្រីបានស្នើថា៖

“ខិតខំសម្រេចរួចរាល់ក្នុងខែមីនា កៀរគរនិងបំពេញបន្ថែមកម្លាំងទាំងអស់;  ដឹកនាំវិនិយោគិនឱ្យបំពេញនីតិវិធីពាក់ព័ន្ធជាបន្ទាន់ និងរៀបចំការសាងសង់បំពង់រូងក្រោមដី ដើម្បីដាក់ឱ្យដំណើរការផ្លូវទាំងមូលក្នុងឆ្នាំនេះ។ ទាក់ទងនឹងប្រព័ន្ធឃ្លាំមើល និងគ្រប់គ្រងចរាចរណ៍ និងកន្លែងឈប់សម្រាក ត្រូវដឹកនាំម្ចាស់គម្រោង វិនិយោគិន និងអ្នកម៉ៅការឱ្យពន្លឿនវឌ្ឍនភាពសាងសង់ ដើម្បីដាក់ឱ្យដំណើរការក្នុងពេលដំណាលគ្នាជាមួយនឹងគម្រោងផ្លូវល្បឿនលឿន”។

ពន្លឿនល្បឿនអនុវត្តន៍គម្រោងជាតិសំខាន់ៗ៖ គន្លឹះសម្រាប់កំណើន - ảnh 3លោកនាយករដ្ឋមន្ត្រី និងក្រុមការងារត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿន នាថ្ងៃទី១ ខែមីនា។ (រូបថត៖ Lai Hoa/VOV)

ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីនូវជំហរដ៏ឥតងាករេរបស់វៀតណាមនោះ គឺការជំរុញការវិនិយោគសាធារណៈ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ត្រូវតែជា "ក្បាលម៉ាស៊ីន" នៃកំណើនយ៉ាងពិតប្រាកដ។ ការដឹកនាំយ៉ាងប្ដូរផ្ដាច់ និងដោយផ្ទាល់របស់ប្រមុខរដ្ឋាភិបាលបានបង្កើតទំនុកចិត្តដល់សហគ្រាសនិងវិនិយោគិន។ ចាប់ពីផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ផ្លូវខ្សែក្រវ៉ាត់រហូតដល់អាកាសយានដ្ឋាន និងគម្រោងផ្លូវដែក ការសាងសង់កំពុងត្រូវបានរក្សាជាបន្តបន្ទាប់។ 

ការពន្លឿនការសាងសង់គម្រោងជាតិសំខាន់ៗតាំងពីដើមឆ្នាំ បានជួយនាំលំហូរមូលធនចូលចរាចរបានឆាប់ ដែលជះឥទ្ធិពលយ៉ាងទូលំទូលាយដល់វិស័យជាច្រើន។ លោក Nguyen Mai Quan មេបញ្ជាការនៃក្រុមហ៊ុនម៉ៅការ Truong Long នៅគម្រោងផ្លូវល្បឿនលឿនផ្នែកឆ្លងកាត់ខេត្ត Quang Ngai បានឲ្យដឹងថា៖

“អ្នកម៉ៅការបានដាក់ពង្រាយក្រុមសំណង់ចំនួន ១២ ក្រុម ក្នុងពេលដំណាលគ្នានៅតាមទីតាំងដែលត្រូវបានប្រគល់ផ្ទៃដី។ យើងប្តេជ្ញាពន្លឿនវឌ្ឍនភាពដើម្បីសម្រេចប្រហែល ៦៥% នៃកិច្ចសន្យាជាមួយវិនិយោគិន។ ប្រសិនបើការឈូសឆាយសម្អាតផ្ទៃដី ដំណើរការដោយរលូន អ្នកម៉ៅការអាចដាក់ឲ្យដំណើរការខ្សែផ្លូវនៅក្នុងឆ្នាំនេះ”។

ទោះជាយ៉ាងណាក៏ដោយ ការពន្លឿនការសាងសង់មិនមានន័យថា លះបង់គុណភាពនោះទេ។ រួមជាមួយនឹងការពន្លឿនការសាងសង់ មូលដ្ឋាននានាកំពុងរឹតបន្តឹងស្តង់ដារបច្ចេកទេស ធានាតម្លាភាពក្នុងការដេញថ្លៃ និងអនុវត្តន៍បច្ចេកវិទ្យាក្នុងការគ្រប់គ្រងគម្រោងផងដែរ។ លោក Do Vu Bao នាយករងគណៈគ្រប់គ្រងគម្រោងវិនិយោគសាងសង់សំណង់គមនាគមន៍ខេត្ត ក្វាងង៉ាយ បានបញ្ជាក់ថា៖

“យើងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាព និងសុវត្ថិភាពការងារ។ ទស្សនៈរបស់យើងគឺថា យើងមិនដេញតាមវឌ្ឍនភាពក្នុងតម្លៃណាមួយឡើយ គឺត្រូវធានាគុណភាពនៃការសាងសង់ និងប្រសិទ្ធភាពក្រោយពីការវិនិយោគ ដើម្បីជៀសវាងការខាតបង់ និងការខ្ជះខ្ជាយ រួមចំណែកដល់ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដើមទុនរដ្ឋ”។

ពន្លឿនល្បឿនអនុវត្តន៍គម្រោងជាតិសំខាន់ៗ៖ គន្លឹះសម្រាប់កំណើន - ảnh 4បន្ទាប់ពីបុណ្យតេត ឆ្នាំ២០២៦ គម្រោងសំខាន់ៗនៅក្នុងខេត្តក្វាងង៉ាយបានចាប់ផ្តើមការងារឡើងវិញយ៉ាងឆាប់រហ័ស។ (រូបថត៖ Lai Hoa/VOV)

ហេដ្ឋារចនាសម្ព័ន្ធ - កម្លាំងចលករថ្មីសម្រាប់កំណើន

ការអនុវត្តយ៉ាងប្ដូរផ្ដាច់នៃសំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចាប់ពីត្រីមាសទី១ បានបញ្ចេញសញ្ញាអំពីរដ្ឋាភិបាលមួយដែលធ្វើសកម្មភាព និងមិនរង់ចាំឡើយ។ លោក Nguyen Tri Duc ប្រធានការិយាល័យ និងជាអ្នកនាំពាក្យក្រសួងសំណង់ បានបញ្ជាក់ថា៖

“ផ្តល់អាទិភាពដល់ធនធាន ជៀសវាងការវិនិយោគដោយរាយបាយ ដើម្បីវិនិយោគលើគម្រោង
ហេដ្ឋារចនាសម្ព័ន្ធជាតិទ្រង់ទ្រាយធំ ដែលមានឥទ្ធិពលទូលំទូលាយ និងតភ្ជាប់តំបន់។ ផ្តោតលើការសុក្រិតស្ថាប័ន និងគោលនយោបាយដើម្បីដោះស្រាយចំណុចជាប់គាំង និងឧបសគ្គយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ គោលជំហររបស់បក្ស របស់ការិយាល័យនយោបាយ គណៈលេខា និងការដឹកនាំរបស់រដ្ឋសភា រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី គឺជាមូលដ្ឋានសម្រាប់ការអនុវត្ត”។

ពីការដ្ឋានសំណង់ដ៏មមាញឹកនៅដើមនិទាឃរដូវ អាចឃើញពីការប្តេជ្ញាចិត្តពន្លឿនវឌ្ឍនភាពចាប់ពីប៉ុន្មានថ្ងៃដើមឆ្នាំថ្មី កំពុងរីកសាយភាយពាសពេញគម្រោងសំខាន់ៗទូទាំងប្រទេស។ ឆ្នាំ ២០២៦ គឺជាឆ្នាំដ៏សំខាន់សម្រាប់វៀតណាម ដើម្បីមិនត្រឹមតែសម្រេចគម្រោងជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រេចបាននូវការផ្លាស់ប្តូរផ្នែកគុណភាពក្នុងការគ្រប់គ្រងការអភិវឌ្ឍ តាមនោះអះអាងនូវសេចក្តីប្រាថ្នាឈានឡើងរបស់វៀតណាមនៅក្នុងយុគសម័យថ្មីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ