(VOVWORLD) - វៀតណាមបាននិងកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលអភិវឌ្ឍន៍យ៉ាងតិចតួចទៅជាចំណុចភ្លឺនៃកំណើននៅអាស៊ី។ មិនត្រឹមតែកត់សម្គាល់នូវសមិទ្ធផលសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ បណ្ដាអង្គការអន្តរជាតិ អ្នកជំនាញ និងប្រព័ន្ធផ្សព្វផ្សាយបរទេសកាន់តែសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់វៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។
លទ្ធផលទាំងនេះគឺជាសក្ខីភាពដ៏រស់រវើកនៃការជ្រួតជ្រាប និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅសំខាន់ៗដែលបានបង្កើតឡើងនៅក្នុងមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងបន្តទទួលមរតក និងអភិវឌ្ឍន៍នៅក្នុងមហាសន្និបាតលើកទី ១៤ ផងដែរ។
វៀតណាមគឺជាដៃគូដ៏គួរឲ្យទុកចិត្តបាន ជាប្រទេសដែលមានទំនួលខុសត្រូវ ត្រៀមខ្លួនជាស្រេចធ្វើសកម្មភាពដើម្បីផលប្រយោជន៍រួម និងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដោយមានទំនុកចិត្ត ជាមួយនឹងទិសដៅកាន់តែច្បាស់លាស់។
ទំនុកចិត្តអន្តរជាតិត្រូវបានបង្កើតឡើងនៅលើគ្រឹះជាច្រើន
ក្រឡេកមើលទៅឆ្នាំ ២០២៥ និងរយៈពេល ៥ ឆ្នាំកន្លងមក ក្នុងបរិបទពិភពលោកដែលមានការប្រែប្រួលស្មុគស្មាញជាច្រើន វៀតណាមនៅតែរក្សាបាននូវស្ថិរភាពនៃមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច និងសន្ទុះកំណើនវិជ្ជមាន។ នៅឆ្នាំ ២០២៥ ប្រទេសវៀតណាមបានសម្រេចនិងលើសផែនការនូវគោលដៅសេដ្ឋកិច្ច-សង្គមសំខាន់ៗទាំង ១៥; សម្រេចបានអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រហែល ៨,០២% ដែលលើសពីការរំពឹងទុក។ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនបានទទួលស្គាល់ប្រទេសវៀតណាមថា ជា "ចំណុចភ្លឺនៅកណ្ដាលផ្ទាំងគំនូរសេដ្ឋកិច្ចពិភពលោកដ៏អាប់អួរ"។
ក្នុងឆ្នាំ ២០២៥ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកប្រទេសវៀតណាម សម្រេចបានជាង ២៧,៥ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ គួរឲ្យកត់សម្គាល់ថា ទំហំនិងគុណភាពកាន់តែខ្ពស់ឡើងៗ ដោយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ស្រូបយកសមាមាត្រដ៏ធំ។
ប្រតិភូធ្វើពិធីបើកសម្ពោធមជ្ឈមណ្ឌលឆ្នើមសម្រាប់ការចម្លងឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) នាថ្ងៃទី ៨ ខែមករា។ (រូបថត៖ Cam Tu/VOV.VN) |
នាថ្ងៃទី ៨ ខែមករា កន្លងទៅ ប្រទេសវៀតណាមបានក្លាយជា "មូលដ្ឋាន" សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) និងជាមជ្ឈមណ្ឌលឆ្នើមសម្រាប់ការចម្លងឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) របស់សម្ព័ន្ធក្រុមហ៊ុន Dassault Systèmes (បារាំង) ជាផ្លូវការ។ នៅក្នុងពិធីបើកសម្ពោធ លោក Samson Khaou អនុប្រធានអចិន្រ្តៃយ៍ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសម្ព័ន្ធក្រុមហ៊ុន Dassault Systèmes បានសង្កត់ធ្ងន់ថា៖
“ខ្ញុំជឿជាក់ថា យើងពិតជាមានគោលដៅរួមជាច្រើនក្នុងការកសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលឆ្នើមសម្រាប់ការចម្លងឌីជីថលនិងបញ្ញាសិប្បនិម្មិត។ ពីព្រោះយើងជឿជាក់ថា សក្តានុពលរបស់ប្រទេសវៀតណាមគឺធំធេងណាស់ ជាពិសេសចំនួនប្រជាជន និងកំណែទម្រង់របស់រដ្ឋាភិបាល រួមទាំងសេចក្តីសម្រេចចិត្តលេខ ៥៧ ដែលជួយប្រទេសវៀតណាមសម្រេចបាននូវគោលដៅក្លាយជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់”។
លោក Michael Kokalari ប្រធានសេដ្ឋវិទូនៃមូលនិធិវិនិយោគ VinaCapital។ (រូបថត៖ congthuong.vn) |
ការសន្យាបើកទីផ្សារ ការកែលម្អបរិយាកាសវិនិយោគ និងការជំរុញការតភ្ជាប់ក្នុងតំបន់ បន្តពង្រឹងរូបភាពប្រទេសវៀតណាម ប្រកបដោយតម្លាភាព ស្ថិរភាព និងគួរឱ្យទុកចិត្ត។ ការវិវឌ្ឍថ្មីៗនេះ ត្រូវបានអ្នកជំនាញវាយតម្លៃថា ជាការជំរុញដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែង។ លោក Michael Kokalari ប្រធានសេដ្ឋវិទូនៃមូលនិធិវិនិយោគ VinaCapital ដែលមានការស្រាវជ្រាវជាច្រើនឆ្នាំលើសេដ្ឋកិច្ចវៀតណាម បានចាត់ទុកថា៖
“ទីមួយ មានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងផ្នត់គំនិតរបស់ប្រព័ន្ធរដ្ឋាភិបាល។ ថ្នាក់ដឹកនាំបានផ្ទៀងស្តាប់ កត់សម្គាល់ និងធ្វើសកម្មភាពលឿនជាងមុន។ ទីពីរ ពួកគេបានកំណត់គោលដៅប្រកបដោយមហិច្ឆតា។ ទីបី មានតុល្យភាពរវាងការវិនិយោគ FDI និងការវិនិយោគក្នុងស្រុក ខណៈដែលកំណែទម្រង់នឹងបើកឱកាសវិនិយោគជាច្រើន”។
ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវដើម្បីផលប្រយោជន៍រួម
នៅលើទិដ្ឋភាពដ៏ទូលំទូលាយ វៀតណាមកាន់តែអះអាងនូវតួនាទី និងការទទួលខុសត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការពហុភាគី។ ចាប់ពីការផ្លាស់ប្តូរថាមពល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រហូតដល់ការរួមចំណែកនៅក្នុងវេទិកាតំបន់និងអន្តរជាតិ វៀតណាមមិនត្រឹមតែចូលរួមប៉ុណ្ណោះទេ ថែមទាំងស្នើដំណោះស្រាយ និងលើកកម្ពស់ការសន្ទនាដោយម្ចាស់ការផងដែរ។
វៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) កាលពីថ្ងៃទី ២៥-២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងហាណូយ។ (រូបថត៖ Viet Cuong/VOV) |
ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាហាណូយឆ្នាំ ២០២៥ គឺជាសក្ខីភាពច្បាស់លាស់នៃតួនាទីនេះ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកកម្ពស់ឋានៈរបស់
វៀតណាមក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ថែមទាំងបើកឱកាសវិនិយោគដ៏ធំក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងសន្តិសុខតាមអ៊ីនធឺណិតផងដែរ។ លោក Bruno Sivanadan សហប្រធានគណៈកម្មាធិការឌីជីថលនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសវៀតណាម (EuroCham) បានចាត់ទុកថា៖
“នៅពេលនិយាយអំពីសន្និសីទអនុសញ្ញាហាណូយ មនុស្សរាល់គ្នាគិតភ្លាមៗអំពីប្រទេសវៀតណាមនៅពេលពិភាក្សាអំពីសន្តិសុខតាមអ៊ីនធឺណិតនិងបច្ចេកវិទ្យា។ នេះគឺជាសញ្ញាល្អណាស់ សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យានៅវៀតណាម។ ប្រការនេះក៏នឹងបង្ខំឱ្យក្រុមហ៊ុនវៀតណាមត្រូវតែបំពេញ និងប្រតិបត្តិតាមស្តង់ដារអន្តរជាតិផងដែរ។ សម្រាប់ពួកយើង ដែលកំពុងវិនិយោគកាន់តែច្រើនឡើងនៅវៀតណាម នេះពិតជាឱកាសដ៏ធំមួយដើម្បីឆ្លៀតយក”។
ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងការសម្រេចចិត្តយុទ្ធសាស្ត្រដែលត្រូវបង្កើតឡើងនៅក្នុងមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមនោះ ប្រទេស
វៀតណាមកំពុងមានមូលដ្ឋានគ្រឹះ និងទិសដៅកាន់តែច្បាស់លាស់ ដើម្បីបន្តពង្រឹងឋានៈជាចំណុចភ្លឺនៃកំណើន ជាដៃគូដែលអាចទុកចិត្តបាន និងជាប្រទេសដែលធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវដើម្បីផលប្រយោជន៍រួម៕