វៀតណាម-ចិនពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងយុទ្ធសាស្ត្រ
(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានរដ្ឋ លោក លឿង គឿង អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោកស៊ី ជីនពីង បានមកដល់ទីក្រុងហាណូយនាថ្ងៃនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅវៀតណាម (ថ្ងៃទី ១៤ និង ១៥ មេសា)។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសឆ្នាំនេះគូសសញ្ញាសម្គាល់រយៈពេល ៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិន (១៨ មករា ១៩៥០- ១៨ មករា ២០២៥)។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី បង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ។
សាស្ត្រាចារ្យ Fan Jine អ្នកប្រាជ្ញសិក្សាអំពីវៀតណាម អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាលទ្ធិម៉ាក្ស នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ក្នុងបទសម្ភាសន៍ជាមួយ VOV (រូបថត៖ Bich Thuan/VOV) |
ក្នុងនាមជាប្រទេសជិតខាងជិតស្និទ្ធ មានទំនាក់ទំនងមិត្តភាពជាប្រពៃ ណីយូរអង្វែង វៀតណាម និងចិនតែងតែយល់ដឹងយ៉ាងស៊ីជម្រៅនូវសារៈ សំខាន់នៃការបង្កើនទំនុកចិត្តនយោបាយ និងមិត្តភាពជាប្រពៃណី ដែលជាទិសដៅយ៉ាងខ្ជាប់ខ្ជួនសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព នៃទំនាក់ទំនងទ្វេភាគីក្នុងបរិបទដែលស្ថានភាពអន្តរជាតិ និងតំបន់បន្តមានបម្រែបម្រួលយ៉ាងស្មុគស្មាញ។
ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី
ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីងមានអត្ថន័យសំខាន់ពិសេស។ វៀតណាមជាប្រទេសដំបូងគេដែលលោក ស៊ី ជីនពីង អញ្ជើញធ្វើទស្សនកិច្ចនៅឆ្នាំនេះ។ ជាមួយគ្នានេះដែរ នេះក៏ជាលើកទី៤ហើយ ដែលលោកបានមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឋានៈជាថ្នាក់ដឹកនាំកំពូលរបស់ចិន និងជាលើកទី២ ក្នុងអាណត្តិតែមួយរបស់លោក។ ប្រការនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់បក្សនិងរដ្ឋចិន ក៏ដូចជារូបលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីងផ្ទាល់ ចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពអ្នកជិតខាង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងចិន។
សាស្ត្រាចារ្យ Fan Jine អ្នកប្រាជ្ញសិក្សាអំពីវៀតណាម អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាលទ្ធិម៉ាក្ស នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានមានប្រសាសន៍ថា៖ “បក្សកុម្មុយនិស្តចិនទើបតែរៀបចំសន្និបាតមជ្ឈិមស្តីពីការងារអ្នកជិតខាង។ អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក ស៊ី ជីនពីង បានស្នើថា ត្រូវតែចាត់ទុកការងារការទូតអ្នកជិតខាង ជាកិច្ចការស្នូល ជាពិសេស ត្រូវចាត់ទុកនេះជាគោលដៅចម្បង និងទិសដៅអាទិភាពសំខាន់ ដើម្បីរួមជាមួយប្រទេសជិតខាងសម្រេចបានវិបុលភាពរួម។ ដូច្នេះ ខ្ញុំគិតថា វៀតណាមជាអ្នកជិតខាងដ៏សំខាន់ ហើយទំនាក់ទំនងវៀតណាម-ចិនគឺជាទំនាក់ទំនងពិសេសខ្លាំងណាស់។ នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោកក្នុងឆ្នាំនេះ ហើយវៀត ណាមជាប្រទេសដំបូងគេដែលលោកទៅអញ្ជើញបំពេញទស្សនកិច្ច។ ប្រការនេះគឺគ្រប់គ្រាន់ដើម្បីឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសរបស់ចិន ក្នុងនោះ វៀតណាមជាអាទិភាពក្នុងការទូតអ្នកជិតខាង។ ហើយប្រការនេះ ក៏គ្រប់គ្រាន់ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ចិនចំពោះ វៀតណាម និងទំនាក់ទំនងចិន-វៀតណាម”។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian (រូបថត៖ Bich Thuan/VOV) |
ដោយឈរលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងលើគ្រប់វិស័យនាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលចិនមកកាន់វៀតណាមនឹងបន្តបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំបន្ថែមទៀតនៃទំនុកចិត្តនយោបាយ តម្រង់ទិសសម្រាប់ការអភិវឌ្ឍស្ថិរភាព និងតម្លាភាពនៃទំនាក់ទំនងទ្វេភាគីក្នុងបរិបទដែលស្ថានភាពអន្តរជាតិ និងតំបន់មានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចាត់ទុកថា៖ “ដំណើរទស្សនកិច្ចនេះបានធ្វើឡើងចំនឹងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-វៀតណាម ហើយមានអត្ថន័យសំខាន់ក្នុងការទទួលមរតកពីអតីតកាល និងបើកចេញអនាគតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចិនសង្ឃឹមថា រួមជាមួយវៀតណាម ដោយចាត់ទុកដំណើរទស្សនកិច្ចនេះជាឱកាសមួយដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងវៀតណាមដែលជា “សមមិត្តផង និងជាបងប្អូន ផង” បង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការកសាងសហគមន៍ចែករំលែកអនាគត ចិន-វៀតណាមប្រកបអត្ថន័យយុទ្ធសាស្ត្រ ជាក់ស្តែង និងរួមចំណែកកាន់តែច្រើនក្នុងការកសាងសហគមន៍ចែករំលែកអនាគតមនុស្សជាតិ”។
រួមគ្នាអនុវត្តន៍ជាក់ស្តែងនូវចក្ខុវិស័យអនាគតរួមគ្នា
ក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកស៊ី ជីនពីង បានអញ្ជើញជួបពិភាក្សាជាន់ខ្ពស់ជាមួយអគ្គលេខាបក្ស លោក តូ ឡឹមនិងប្រធានរដ្ឋ លោក លឿង គឿង ហើយអញ្ជើញមានជំនួបជាមួយនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ដើម្បីពិភាក្សាអំពីវិធានការ និងទិសដៅសំខាន់ៗ សំដៅជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន (រូបថត៖ VOV5) |
រដ្ឋមន្ត្រីការបរទេស វៀតណាម លោក ប៊ុយ ថាញ់ សឺន បានអះអាងថា៖ “ដំណើរទស្សនកិច្ចបានកំណត់ទិសដៅនិងវិស័យសំខាន់ៗ សម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ; លើកកំពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងប្រទេសទាំងពីរ ក្នុងទិសដៅបង្កើនគុណភាព ប្រសិទ្ធភាព និងនិរន្តរភាពជាង។ ជំរុញការបង្កើត "ចំណុចភ្លឺ" ក្នុងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ ជាពិសេសលើវិស័យដែលវៀតណាមមានតម្រូវការ ហើយចិនមានប្រៀបខ្លាំងដូចជា ផ្លូវដែកខ្នាតស្តង់ដារ ពាណិជ្ជកម្មកសិកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអប់រំនិងបណ្តុះបណ្តាល សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ...។ ឯកសារកិច្ចសហប្រតិបត្តិការប្រហែល ៤០ ក្នុងវិស័យជាច្រើន ត្រូវបានចុះហត្ថលេខាក្នុងឱកាសនេះ បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតនាពេលខាងមុខ”។
ក្នុងស្មារតី “ប្រសិនបើអ្នកចង់ទៅឆ្ងាយ អ្នកត្រូវតែទៅជាមួយគ្នា” វៀតណាម និងចិនកំពុងស្ថិតក្នុងពេលវេលាដ៏សំខាន់ដើម្បីរួមគ្នាសម្រេចបាននូវសេចក្តីប្រាថ្នារួម និងចក្ខុវិស័យរួម អំពីអនាគតដ៏ភ្លឺស្វាង ជាមួយនឹងការប្តេជ្ញាចិត្តរួម សំឡេងរួម និងសកម្មភាពរួមដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់៕