អាមេរិក-អ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់៖ សន្តិភាពមជ្ឈិមបូព៌ានៅចំពោះមុខបញ្ហាប្រឈមថ្មី

(VOVWORLD) - យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី ២៨ ខែកុម្ភៈ បានចាប់ផ្តើមការវាយប្រហារលើអ៊ីរ៉ង់ ដែលនាំឱ្យមានសកម្មភាពតបតវិញយ៉ាងខ្លាំងក្លារបស់អ៊ីរ៉ង់នៅទូទាំងមជ្ឈិមបូព៌ា។ ការប្រែប្រួលពោរពេញដោយគ្រោះថ្នាក់ទាំងនេះ បន្តធ្វើឱ្យសន្តិភាពក្នុងតំបន់និងពិភពលោក ស្ថិតនៅចំពោះមុខបញ្ហាប្រឈមយ៉ាងខ្លាំង។

ជម្លោះរវាងអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានផ្ទុះឡើងត្រឹមតែជាងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិកនិងអ៊ីរ៉ង់នាថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ (ស្វីស) បានបញ្ចប់ដោយភាពជាប់គាំង។ នេះក៏ជាការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់លើកទីពីរ រវាងភាគីទាំងពីរក្នុងរយៈពេលជិតមួយឆ្នាំ បន្ទាប់ពីជម្លោះកាលពីខែមិថុនាឆ្នាំមុន។

ល្បែងស៊ីសងសម្រាប់គ្រប់ភាគី

នៅក្នុងការវាយប្រហារដំបូង កងទ័ពអាមេរិកនិងអ៊ីស្រាអែលបានកំណត់គោលដៅលើមេដឹកនាំកំពូលៗ នៅក្នុងអាជ្ញាធរអ៊ីរ៉ង់ ហើយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei បានស្លាប់នៅថ្ងៃដំបូងនៃជម្លោះ រួមជាមួយឧត្តមសេនីយ៍អ៊ីរ៉ង់ជាន់ខ្ពស់ជាច្រើននាក់ទៀត។ ជាការឆ្លើយតប កងទ័ពអ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ និងយន្តហោះគ្មានមនុស្សបើក សំដៅទៅលើគោលដៅជាច្រើននៅក្នុងទឹកដីអ៊ីស្រាអែល និងមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសជាច្រើនក្នុងតំបន់ រួមមានអាមីរ៉ាតអារ៉ាប់រួម (UAE) កាតា បារ៉ែន អារ៉ាប៊ីសាអូឌីត និងគុយវ៉ែត...។ បម្រែបម្រួលទាំងនេះ បានបណ្តាលឱ្យជម្លោះលើកទីពីររវាងអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ កើនឡើងយ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងជម្លោះកាលពីឆ្នាំមុន។

នាយកកម្មវិធីគំនិតផ្តួចផ្តើមសន្តិសុខមជ្ឈិមបូព៌ា នៅក្រុមប្រឹក្សាអាត្លង់ទិក លោក Jonathan Panikoff បានកត់សម្គាល់ថា ភាពខុសគ្នាធំបំផុតរវាងជម្លោះរយៈពេល ១២ ថ្ងៃកាលពីឆ្នាំមុន និងជម្លោះបច្ចុប្បន្ន គឺការផ្លាស់ប្តូរយុទ្ធសាស្ត្រ ពីរដ្ឋបាលសហរដ្ឋអាមេរិក និងប្រធានាធិបតី ដូណាល់ ត្រាំ។ នៅក្នុងជម្លោះរយៈពេល ១២ ថ្ងៃកាលពីឆ្នាំមុន សហរដ្ឋអាមេរិកមិនបានដឹកនាំទេ ហើយអ៊ីស្រាអែលនិងអាមេរិកបានធ្វើអន្តរាគមន៍ប៉ុណ្ណោះ បន្ទាប់ពីការពិភាក្សាជាច្រើន ដោយមានគោលដៅជាក់ស្តែងក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាប្រការដែលភាគីអ៊ីស្រាអែលធ្វើមិនបាន។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងជម្លោះបច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់អំពីចេតនារបស់លោកក្នុងការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់។ យោងតាមលោក Jonathan Panikoff នេះគឺជាការគិតគូរដ៏ប្រថុយប្រថាន ពីព្រោះនៅតែមិនច្បាស់លាស់ថា តើភាគីអាមេរិកអាចសម្រេចបានគោលដៅនេះដោយរបៀបណា ហើយជម្លោះកាន់តែអូសបន្លាយ កត្តាមិនអំណោយផលនឹងលេចឡើងកាន់តែច្រើនដែរ។

“ការពិតគឺថា នៅដើមដំបូង មនុស្សគ្រប់គ្នានឹងមានអារម្មណ៍អន្ទះអន្ទែង  ប៉ុន្តែជម្លោះកាន់តែអូសបន្លាយ និងការខាតបង់កាន់តែច្រើន  លោក ដូណាល់ ត្រាំនឹងកាន់តែពិបាក ក្នុងការរក្សាការគាំទ្រ សូម្បីតែពីសមាជិកសភាសាធារណរដ្ឋមួយចំនួននៅទូទាំងសហរដ្ឋអាមេរិក ក៏ដូចជាអ្នកឯករាជ្យមួយចំនួនផងដែរ”។

ដោយចែករំលែកទស្សនៈនេះ លោកស្រី Burcu Ozcelik អ្នកឯកទេសផ្នែកសន្តិសុខមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៅវិទ្យាស្ថានស្រាវជ្រាវចក្រភពអង់គ្លេស (RUSI) បានអះអាងថា ជម្លោះបច្ចុប្បន្នគឺជាការល្បែងស៊ីសងសម្រាប់គ្រប់ភាគីទាំងអស់ ព្រោះ មិនទំនងទាល់តែសោះដែលការវាយប្រហារតាមផ្លូវអាកាសរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់នឹងនាំមកនូវលទ្ធផលដែលចង់បានសម្រាប់គ្រប់ភាគីទាំងអស់នៅឡើយ។

"នេះគឺជាល្បែងស៊ីសងដ៏ធំមួយសម្រាប់គ្រប់ភាគីទាំងអស់។ មានចំណោងច្រើនពេកនៅក្នុងសេណារីយ៉ូនេះ។ នោះជាល្បែងស៊ីសងសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ ពីព្រោះក្នុងករណីមានអ្នកស្លាប់ និងរបួស ប្រការនេះនឹងជាការបរាជ័យយោបាយដ៏សំខាន់មួយ ហើយអាចបង្កផលវិបាកដល់សាធារណជនអាមេរិក។ នោះជាល្បែងស៊ីសងសម្រាប់អ៊ីស្រាអែល ពីព្រោះយើងមិនអាចស្រមៃមើលវិសាលភាពពេញលេញនៃការខូចខាតដែលអ៊ីរ៉ង់អាចបង្កឡើងលើអ៊ីស្រាអែលនៅឡើយទេ។ ហើយជាការពិតណាស់ នោះក៏ជាល្បែងស៊ីសងសម្រាប់អ៊ីរ៉ង់ផងដែរ"។

ផលវិបាករីករាលដាល

ជម្លោះធ្ងន់ធ្ងររវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ជំរុញសន្តិភាពនៅមជ្ឈិមបូព៌ាឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពមិនស្ថិតស្ថេរថ្មីមួយ ក្នុងកាលៈទេសៈដែលជម្លោះក្នុងរយៈពេលជិតបីឆ្នាំរវាងអ៊ីស្រាអែល និងចលនាហាម៉ាសនៅតំបន់ហ្គាហ្សា ជាមួយកងកម្លាំងហេសបូឡានៅលីបង់ និងការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់លើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាលពីខែមិថុនាកន្លងទៅ ដែលបានផ្លាស់ប្តូរបរិយាកាសសន្តិសុខក្នុងតំបន់យ៉ាងខ្លាំង។

យោងតាមលោក Ali Vaez នាយកគម្រោងស្រាវជ្រាវអ៊ីរ៉ង់នៅក្រុមវិបត្តិអន្តរជាតិ (ICG) មេដឹកនាំ និងពលរដ្ឋជាច្រើននៅក្នុងតំបន់មានការភ្ញាក់ផ្អើលចំពោះការឆ្លើយតបភ្លាមៗរបស់អ៊ីរ៉ង់សំដៅលើគោលដៅជាទ្រព្យសម្បត្តិ និងផលប្រយោជន៍ជាច្រើនរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ការតបតវិញនេះអាចរីករាលដាលដល់គោលដៅថាមពលយុទ្ធសាស្ត្រ ដែលបង្កើតឱ្យមានការភ្ញាក់ផ្អើលផ្នែកថាមពលសកល។ បើ យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សេណារីយ៉ូដ៏អាក្រក់ជាងនេះទៅទៀតគឺថា ជម្លោះកាន់តែធ្ងន់ធ្ងរឡើង ហើយកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតទាំងអស់ត្រូវបានរំលងចោល។

“រាល់សកម្មភាពយោធាកំពុងពង្រីកយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ ដែលបង្កើតស្ថានភាពផុយស្រួយ និងមិនអាចទាយទុកជាមុនបាន ដែលបង្កើនហានិភ័យនៃការគិតគូរខុស។ បន្ទាប់ពីការចរចានយោបាយ ការរៀបចំសម្រាប់ការពិភាក្សាបច្ចេកទេសនៅទីក្រុងវីយែនត្រូវបានបញ្ចប់ ដូច្នេះខ្ញុំពិតជាសោកស្តាយដែលឱកាសការទូតនេះត្រូវបានខ្ជះខ្ជាយ”។

នៅចំពោះមុខ ជំលោះអាមេរិក-អ៊ីស្រាអ៊ែលជាមួយអ៊ីរង់នេះកំពុងបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច នៅពេលដែលបណ្តាលឱ្យមានការ shock ជាខ្សែសង្វាក់នៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក។ ចាប់ពីមាស និងរូបិយប័ណ្ណអេឡិចត្រូនិក រហូតដល់ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក និងកិច្ចសន្យាអនាគតរបស់សហរដ្ឋអាមេរិក ការមិនអើពើនឹងហានិភ័យកំពុងគ្របដណ្ដប់លើវិនិយោគិន។ ជាពិសេស តម្លៃមាសពិភពលោកបានកើនឡើងនៅព្រឹកថ្ងៃទី ២ ខែមីនា ដោយសារភាពតានតឹងផ្នែកយោធាបានជំរុញឱ្យតម្រូវការសម្រាប់ទ្រព្យសកម្មដែលមានសុវត្ថិភាពកើនឡើង។ សេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី ១ ខែមីនាថា ប្រតិបត្តិការយោធានៅអ៊ីរ៉ង់នឹងបន្ត បានបង្កើនការព្រួយបារម្ភអំពីជម្លោះដ៏អូសបន្លាយ ដែលមានន័យថា ភាពមិនប្រាកដប្រជាមិនទាន់ចប់នៅឡើយទេ។ យោងតាមអ្នកសង្កេតការណ៍ រាល់ការព្រួយបារម្ភអំពីការបិទច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មសកល និងលំហូរថាមពល កំពុងតែលេចចេញជារូបរាងឡើង។ កត្តាទាំងនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កបញ្ហាប្រឈមជាច្រើន ដល់ស្ថិរភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ សកលទៀតផង៕

 

 

 

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ