មេភូមិម្នាក់នៅខេត្តកា មៅ លះបង់អស់ពីចិត្តដើម្បីគ្រួសារក្រីក្រជនជាតិភាគតិច
(VOVWORLD) - ជាច្រើនឆ្នាំមកហើយ ប្រជាជននៅភូមិ Cai Moi ឃុំ Dat Mui ស្រុក Ngoc Hien ខេត្ត Ca Mau តែងតែមើលឃើញរូបមេភូមិ Bay Hien (ឈ្មោះស្និទ្ធស្នាលរបស់លោក Nguyen Van Hien) ដែលជាមនុស្សម្នាក់ប្រកបដោយភាពស្វាហាប់ រួសរាយរាក់ទាក់និងមានទំនួលខុសត្រូវក្នុងការជួយប្រជាជនអភិវឌ្ឍន៍ផលិតកម្ម កែ លម្អរ ជីវភាពរស់នៅប្រចាំថ្ងៃ។ អស់រយៈពេលជាង ១៤ឆ្នាំ ក្នុងនាមជាមេភូមិមួយរូប លោក Bay Hien តែងតែចំណាយអស់ពីចិត្តពីថ្លើមដើម្បីបម្រើប្រជាជន។
លោក ង្វៀន វ៉ាន់ហៀន (ឆ្វេង) ទស្សនាគំរូចិញ្ចឹមគ្រែងឈាមរបស់ប្រជាជននៅភូមិ (រូបថត៖ VOV) |
ក្នុងអំឡុងប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ ២០២៤ ផ្លូវទៅកាន់ភូមិ Cai Moi មានការផ្លាស់ប្តូរជាច្រើន។ ផ្លូវបេតុងមានរាងរៀបស្មើប្រវែង មានផ្កាលម្អ និងដើមឈើអមសងខាងរីកដុះដាល។ ផ្ទះដ៏រឹងមាំ និងធំទូលាយជាច្រើនត្រូវបានសាងសង់; សំរាមត្រូវបានប្រមូលនិងចាត់ចែងឲ្យស្អាត ប្រជាជនមមាញឹកនឹងការងារផលិតកម្ម។
ភូមិ Cai Moi ឃុំ Dat Mui មាន ២២៦ គ្រួសារ ក្នុងនោះ ៤០ គ្រួសារ ជាជនជាតិខ្មែរ។ ពីមុន អត្រាគ្រួសារក្រីក្រ និងលើបន្ទាត់ក្រនៅតែមានកម្រិតខ្ពស់ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាត្រានេះបានថយចុះជាបណ្តើរៗ។ បច្ចុប្បន្នភូមិនេះមានតែគ្រួសារក្រីក្រ ឬលើបន្ទាត់ក្រីក្រប្រហែលដប់គ្រួសារប៉ុណ្ណោះ ហើយបើតាមផែនការ នៅចុងឆ្នាំ២០២៥ គ្រួសារក្រីក្រនឹងត្រូវលុបបំបាត់ទាំងស្រុង។
ទទួលបានសមិទ្ធិផលទាំងនេះក៏ព្រោះតែប៉ុន្មានឆ្នាំកន្លងមក អាជ្ញាធរភូមិ ជាពិសេសមេភូមិ Nguyen Van Hien តែងតែខ្វល់ខ្វាយពីរបៀបជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្រ ងើបឡើង និងមានប្រាក់ចំណូលស្ថិរភាព។ ដោយកំណត់ការងារកាត់បន្ថយភាពក្រីក្រជាកិច្ចការសំខាន់និងបន្ទាន់ មេភូមិ Nguyen Van Hien មិនស្ទាក់ស្ទើរចំណាយពេលទាំងយប់ទាំងថ្ងៃ ដើម្បីស្វែងយល់ពីគំនិត និងសេចក្តីប្រាថ្នារបស់ប្រជាជន ព្រោះយោងទៅតាមលោករូបនេះ គន្លឹះនៃការផ្លាស់ប្តូរគឺត្រូវនិយាយឲ្យប្រជាជនស្តាប់ និងធ្វើឲ្យប្រជាជនជឿ៖
“ភាពជិតស្និទ្ធជាមួយប្រជជនមានសារៈសំខាន់ណាស់។ ដោយសារតែភាពជិតស្និទ្ធរបស់យើង យើងអាចផ្សព្វផ្សាយគោលនយោបាយ និងគោលការណ៍ណែនាំដែលងាយស្រួលបំផុតជូនដល់ប្រជាជន។ ខ្ញុំក៏តែងតែផ្ទៀងស្តាប់យោបល់របស់ប្រជាជន ហើយបានលះបង់ការងាររបស់ខ្លួនដើម្បីជួយប្រជាជនឲ្យមានជីវភាពគ្រួសារប្រកបដោយស្ថិរភាព”។
ដោយសារការយល់ដឹងពីស្ថានភាពនីមួយៗ និងករណីជាក់លាក់នោះ លោក Hien និងអង្គការភូមិបានដាក់ចេញនូវមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការជួយឧបត្ថម្ភអ្នកភូមិ ដូចជា៖ ការសម្របសម្រួលជាមួយធនាគារស្រុកសម្រាប់គោលនយោបាយសង្គម ដើម្បីឧបត្ថម្ភដល់កម្ចីអនុគ្រោះ ចលនាឲ្យម្ចាស់ជំនួយដើម្បីគាំទ្រដល់ការសាងសង់ និងជួសជុលផ្ទះសម្បែង ធានារ៉ាប់រងសុខភាព ផ្តល់អង្ករនិងសម្ភារៈប្រើប្រាស់ប្រចាំខែដល់ជនចាស់ជរា...។
ប្រជាជននៅភូមិ Cai Moi សិក្សាពីគំរូធ្វើស្រែចំការ (រូបថត៖ VOV) |
លើសពីនេះ លោក Hien ថែមទាំងបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបើកថ្នាក់ផ្ទេរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ស្តីពីការចិញ្ចឹមសត្វ ការដាំដុះ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករនៅតាមជនបទ។ លោក Duong Van Bai ដែលជាគ្រួសារជនជាតិខ្មែរនៅភូមិ Cai Moi ដែលបានរួចផុតពីភាពក្រីក្រ ដោយសារទទួលបានការឧបត្ថម្ភក្នុងការអភិវឌ្ឍគំរូចិញ្ចឹមកូនគ្រែងឈាម បានចែករំលែកថា៖ “ពីមុនស្ថានភាពសេដ្ឋកិច្ចគ្រួសារខ្ញុំក៏ជួបបប្រទះនឹងលំបាកដែរ ប៉ុន្តែពេលនោះអាជ្ញាធរ ភូមិបានជួយផ្គត់ផ្គង់ពូជកូនគ្រែងឈាម ៥០ គីឡូក្រាម។ ជាមួយគ្នានេះ លោកមេភូមិក៏បានណែនាំពីរបៀបជួសជុលស្រះ និងបឹងសម្រាប់ធ្វើស្រែចម្ការផងដែរ។ ដោយសារទទួលបានជំនួយឧបត្ថម្ភជា កូនគ្រែងឈាម៥០គីឡូក្រាមនោះ អាជីវកម្មរបស់គ្រួសារកាន់តែប្រសើរឡើង”។
ក្រៅពីការកាត់បន្ថយភាពក្រីក្រ លោក Hien ក៏មានចំណង់ចំណូលចិត្តនឹងកម្មវិធីកសាងជនបទថ្មី។ ចាប់ពីចំណុចចាប់ផ្តើមស្ទើរតែសូន្យ ភូមិ Cai Moi ឥឡូវនេះបានសម្រចលក្ខណៈវិនិច្ឆ័យសឹងតែទាំងអស់។ ដោយសារការឧស្សាព្យាយាមអនុវត្តន៍ប្រកបដោយមានប្រសិទ្ធភាពរបស់លោក Hien ប្រជាជនបានយល់ព្រម និងចូលរួមយ៉ាងសកម្មក្នុងការកសាងជនបទថ្មី និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។ លោក Nguyen Van Hien បានឲ្យដឹងថា៖ “បច្ចុប្បន្នផ្លូវថ្នល់ក្នុងភូមិ សាលារៀន និងស្ថានីយនានាក្នុងភូមិសុទ្ធតែបានសាងសង់រួចរាល់ហើយ។ ខ្ញុំនឹងបន្តណែនាំដល់គណៈកម្មាធិការប្រជាជនឃុំដើម្បីកសាងគំរូសេដ្ឋកិច្ចជាក់ស្តែង និងណែនាំប្រជាជន ដើម្បីពួកគេអាចទទួលបានដើមទុន និងអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរឡើង”។
តួនាទីរបស់លោក Nguyen Van Hien ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមរបស់ភូមិត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់។ លោក Lam Quoc Trach អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Dat Mui បានវាយតម្លៃថា៖ “នាពេលកន្លងមក លោក Hien បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងសាខាបក្សភូមិ ដើម្បីផ្តោតការយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌជាប្រចាំជូនប្រជាពលរដ្ឋដែលត្រូវការធ្វើអាជីវកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ លោក Hien បានបំពេញការងារក្នុងមូលដ្ឋានបានយ៉ាងល្អ ជាពិសេសការងារកសាងជនបទថ្មី។ អាស្រ័យហេតុនេះ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ឃុំទាំងមូលក្នុងមូលដ្ឋាន ក៏ដូចជាភូមិ Cai Moi ផងដែរ”។
ក្នុងរយៈពេលជាង ១២ ឆ្នាំធ្វើជាមេភូមិ Cai Moi លោក Nguyen Van Hien តែងតែធ្វើជាគំរូដោយភាពស្និទ្ធស្នាល ការយកចិត្តទុកដាក់ និងតែងតែស្តាប់មតិយោបល់របស់ប្រជាជន ដើម្បីទទួលបានការស្រុះចិត្តគំនិតនិងការជឿទុកចិត្តពីប្រជាជន បន្ទាប់មកផ្សព្វផ្សាយគោលការណ៍ណែនាំ និងគោលនយោបាយដើម្បីឱ្យប្រជាជនយល់និងអនុវត្ត។ រាល់ការវិភាគទានរបស់លោកត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Ca Mau និងស្រុក Ngoc Hien ទទួលស្គាល់ តាមរយៈប័ណ្ឌសរសើរជាច្រើនប្រគល់ជូនលោក។ ប៉ុន្តែសម្រាប់លោក Nguyen Van Hien រង្វាន់ធំបំផុតដែលលោកតែងតែមានមោទនភាពគឺការទុកចិត្តនិងសេចក្តីស្រឡាញ់របស់ប្រជាជនចំពោះរូបលោក៕