Siu Pop គំរូឆ្នើមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនៅឃុំ Ia Ka ខេត្ត Gia Lai
(VOVWORLD) - លោក Siu Pop ជនជាតិ Jrai នៅភូមិ Mrong Yo ២ ឃុំ Ia Ka ស្រុក Chu Pah ខេត្ត Gia Lai គឺជាកសិករគំរូពូកែម្នាក់ក្នុងការធ្វើសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គ្រួសាររបស់លោក Siu Pop ទទួលបានប្រាក់ចំណេញប្រហែល ១ ពាន់លានដុង/ឆ្នាំ (ជិត ៤ម៉ឺន ដុល្លារអាមេរិកក្នុងមួយឆ្នាំ) ដោយសារការដាំដើមកាហ្វេ ជួញដូរកាហ្វេ ជួញដូរជី និងចំណីសត្វ។
លោក Siu Pop គឺជាកសិករឆ្នើមម្នាក់ដែលធ្វើសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព នៅឃុំ Ia Ka ស្រុក Chu Pah ខេត្ត Gia Lai (រូបថត៖ VOV5/Ngoc Anh) |
កើតនៅឆ្នាំ ១៩៨៥ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ លោក Siu Pop បានដើរតាមអាជីពរបស់គ្រួសារខ្លួន ដោយចាប់ផ្តើមអាជីវកម្មដាំដើមកាហ្វេ។ ទន្ទឹមនឹងនោះ លោកក៏ទិញកាហ្វេពីប្រជាជនក្នុងភូមិ ដើម្បីលក់បន្តទៅឱ្យអ្នកលក់កាហ្វេក្នុងខេត្ត Gia Lai។ ដោយសារតែពេលនោះ ផលិតកម្មនិងអាជីវកម្មរបស់គ្រួសារលោកកាន់តែរីកចម្រើន។ លោក Siu Pop បានសំណេះសំណាលថា៖ “ខ្ញុំបានប្រកបមុខរបរដាំដើមកាហ្វេអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ខ្ញុំមិនទាន់បង្កើតអាជីវកម្មទេ គ្រាន់តែជាអាជីវកម្មតាមលក្ខណៈគ្រួសារប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំបានដាំដំណាំកាហ្វេតែមួយរដូវកាលប៉ុណ្ណោះ ខ្ញុំទិញនិងលក់បន្តគ្រាប់កាហ្វេ បានប្រហែល ១០០ តោន ពោលគឺ ផលិតផលកាហ្វេរបស់គ្រួសារផង និងប្រមូលទិញពីប្រជាជនផង។ កាលពីប៉ុន្មានឆ្នាំមុន តម្លៃកាហ្វេធ្លាក់ចុះ ហើយខ្ញុំរកបានប្រាក់ចំណេញតិចតួចណាស់។ តម្លៃកាហ្វេឆ្នាំនេះលក់បានតម្លៃល្អ អ្នកដាំកាហ្វេមានប្រាក់ចំណេញល្អដែរ។ បើប្រមូលផលល្អ តម្លៃក្នុង១ហិកតានឹងផ្តល់ផលចំណេញប្រមាណ៣០០លានដុង។ ដោយមិនរាប់បញ្ចូលការចំណាយការប្រាក់ ១ ពាន់លានដុង/ឆ្នាំ (ជិត ៤ម៉ឺនដុល្លារ/ឆ្នាំ) គឺជារឿងធម្មតា។ ប្រសិនបើ កាហ្វេនៅតែរក្សាបានតម្លៃខ្ពស់នេះ គ្រួសារជាច្រើននឹងប្រមូលបានប្រាក់រាប់ពាន់លានដុងក្នុងមួយឆ្នាំដែរ”។
ការធ្វើអាជីវកម្មកាហ្វេមានការអភិវឌ្ឍយ៉ាងរលូន ហើយគ្រួសាររបស់លោក Siu Pop បានបង្កើតការងារសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួន។ ជាធម្មតា លោកបានជួលកម្មករពី ៤ ទៅ ៦ នាក់សម្រាប់គ្រួសារ ហើយក្នុងរដូវប្រមូលកាហ្វេចុងឆ្នាំ លោកបានជួលទៅដល់ ១០ នាក់ ។ លោក Siu Nghiem ជនជាតិ Jrai ដែលធ្វើឈ្នួលឲ្យគ្រួសារលោក Siu Pop បានឲ្យដឹងថា៖ “ការងារនៅទីនេះគឺ ស្រោចទឹកកាហ្វេ បាញ់ថ្នាំ និងប្រមូលគ្រាប់កាហ្វេ...។ ធ្វើការពីម៉ោង ៧ ព្រឹក ដល់ ៤ ល្ងាច ហើយធ្វើការ ៦ ថ្ងៃក្នុងមួយសប្តាហ៍ សម្រាកតែថ្ងៃអាទិត្យ។ ខ្ញុំរៀនចប់ថ្នាក់ទី១២ ហើយមកធ្វើការនៅទីនេះ។ ប្រាក់ចំណូលប្រចាំខែរបស់ខ្ញុំគឺ ៧ លានដុង (ជិត ២៨០ ដុល្លារអាមេរិក) គឺគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត។ ក្រៅពីប្រាក់ខែ លោក Siu Pop ក៏ផ្តល់ប្រាក់ឧបត្ថម្ភអាហារផងដែរ។ នៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យទាននានា លោកក៏ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់យើងដែរ”។
ដំណើរការសម្ងួតកាហ្វេនៅក្នុងទីធ្លារបស់លោក Siu Pop (រូបថត៖ VOV5/Ngoc Anh) |
ក្រៅពីការងារចម្បងរបស់លោកគឺការដាំដើមកាហ្វេ និងការជួញដូរគ្រាប់កាហ្វេ លោក Siu Pop ក៏លក់ជី និងចំណីសត្វផងដែរ។ ផែនការនាពេលខាងមុខរបស់លោកគឺបង្កើតហាងមួយដែលប្រកបការងារជួញដូរ លក់ជី និងចំណីសត្វដល់ប្រជាជននៅក្នុងភូមិ។ លោក Siu Pop បានឲ្យដឹងថា៖ “គ្រួសារខ្ញុំក៏ធ្វើអាជីវកម្មតាមរយៈការលក់ជីនិងចំណីសត្វ ដោយទិញពីសាខាចែកចាយលក់ឲ្យអ្នកភូមិ។ បើអ្នកចង់ដាំកាហ្វេប្រកបដោយនិរន្តរភាព តាមបទពិសោធន៍ ២០ ឆ្នាំរបស់ខ្ញុំ អ្នកគួរតែផ្សំជីសរីរាង្គ និងជីគីមី។ ១ ហិកតា ប្រើជីប្រហែល ៦០០ គីឡូក្រាម។ ខ្ញុំមានគម្រោងសាងសង់ឃ្លាំងមួយ និងបើកហាងលក់ជីសម្រាប់ដាំកាហ្វេ និងចំណីសត្វ”។
ក្រៅពីពូកែខាងជំនួញ លោក Siu Pop ក៏ជាអ្នកដឹកនាំម្នាក់ក្នុងសកម្មភាពសង្គម ជួយដល់អ្នកក្រឈានទៅមុខក្នុងជីវិត។ លោក Ro Cham Tho ដែលជាអ្នកជិតខាងនៃក្រុមគ្រួសារលោក Siu Pop បានឲ្យដឹងថា៖ “ក្រៅពីពូកែខាងអភិវឌ្ឍន៍សេដ្ឋកិច្ច លោក Siu Pop ក៏ជាអ្នកមានកិត្យានុភាពក្នុងចំណោមយុវជនមួយចំនួនក្នុងភូមិ។ លោកបានចូលរួមវិភាគទានសប្បុរសធម៌យ៉ាងសកម្មដល់សង្គម។ សម្រាប់គ្រួសារក្រីក្រ និងលើកបន្ទាត់ក្រីក្រ លោក Siu Pop សុខចិត្តឲ្យពួគគេខ្ចីប្រាក់ ដោយគ្មានការប្រាក់ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ជនជាតិភាគតិច អភិវឌ្ឍសេដ្ឋកិច្ច។ លោកក៏បានណែនាំដល់ជនជាតិភាគតិចអំពីការអភិវឌ្ឍសេដ្ឋកិច្ច ដូចជា របៀបថែទាំកាហ្វេ រដូវណានិងពេលណាត្រូវបង្កកំណើត និងផ្តល់យោបល់លម្អិត។ លោកក៏បានផ្សព្វផ្សាយ និងបំផុសគំនិតអ្នកដែលវង្វេង និងអ្នកដែលត្រូវបានដោះលែងពីគុក ដោយសារការឃោសនារបស់ Siu Pop ពួកគេត្រូវបានភ្លឺស្វាង”។
ពីមុន ជីវភាពរបស់លោក Siu Pop មានការលំបាកច្រើន ប៉ុន្តែដោយសារភាពស្វាហាប់ ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរៀនសូត្រ រហូតមកដល់បច្ចុប្បន្ន គ្រួសាររបស់លោក Siu Pop មានទ្រព្យសម្បត្តិធូធារ ហើយបានក្លាយជាគ្រួសារមួយដែលមានស្ថានភាពសេដ្ឋកិច្ចល្អបង្គួរក្នុងស្រុក។ លោកត្រូវបានស្រុក Chu Pah ទទួលស្គាល់ថាជា កសិករពូកែខាងផលិតកម្ម៕