អ្នកថតរូប Nguyen Linh Vinh Quoc មានទឹកចិត្តចំពោះតំបន់ Tay Nguyen
(VOVWORLD) - ទោះបីជាលោកមិនបានសិក្សានៅសាលាថតរូបអាជីពណាមួយក៏ដោយ ក៏ Nguyen Linh Vinh Quoc គឺជាវិចិត្រករថតរូបដែលមានទេពកោសល្យ។ លោកបានឈ្នះពានរង្វាន់ថតរូបជាច្រើន ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ ស្នាដៃដែលលោក Nguyen Linh Vinh Quoc រចនាឡើង ភាគច្រើនផ្តោតលើប្រធានបទចំនួនពីរគឺ វប្បធម៌និងបរិស្ថាននៅតំបន់ Tay Nguyen (តំបន់ខ្ពង់រាបភាគកណ្តាលនៃវៀតណាម)។
វិចិត្រករថតរូប Nguyen Linh Vinh Quoc ក្នុងដំណើរបំពេញការងារនៅឃុំ Ia Mo Nong ស្រុក Chu Pah ខេត្ត Gia Lai (រូបថត៖ Ngọc Anh/VOV5) |
“តាំងពីកុមារភាពមក ខ្ញុំបានទៅសាលារៀនជាមួយមិត្តភក្តិជាជនជាតិភាគតិច Jrai និង Bana។ ដូច្នេះ ខ្ញុំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងវប្បធម៌និងជីវភាពរស់នៅរបស់តំបន់ Tay Nguyen។ ខ្ញុំមិនបានទៅសាលាថតរូបណាមួយទេ ប៉ុន្តែបានអនុវត្តសេវាថតរូបជិត ៣០ ឆ្នាំហើយ។ ដោយសារខ្ញុំធំឡើងនៅទីក្រុង Pleiku ដូច្នេះ វប្បធម៌និងប្រជាជននៅទីនេះស្ទើរតែស្រូបចូលក្នុងដួងចិត្តរបស់ខ្ញុំអញ្ជឹង។ ប្រធានបទសំខាន់របស់ខ្ញុំគឺអត្តសញ្ញាណវប្បធម៌នៃតំបន់ Tay Nguyen។ ខ្ញុំស្វែងយល់ពីទិដ្ឋភាពវប្បធម៌ និងបរិស្ថាន។ រូបថតដែលខ្ញុំបានថត តែងតែឆ្លុះបញ្ជាំងពីជីវិតនិងវប្បធម៌របស់ប្រជាជននៅតំបន់ Tay Nguyen”។
នេះជាការសំណេះសំណាលរបស់អ្នកថតរូប Nguyen Linh Vinh Quoc កើតនៅឆ្នាំ ១៩៧១ នៅទីក្រុង Pleiku ខេត្ត Gia Lai។ លោករស់នៅក្នុងទីក្រុង Phu Hoa ស្រុក Chu Pah ខេត្ត Gia Lai។
បន្ទាប់ពីរយៈពេលជិត ៣០ឆ្នាំ បណ្តេញតាមវិស័យសិល្បៈ វិចិត្រករថតរូប Nguyen Linh Vinh Quoc បានឈ្នះពានរង្វាន់ជាច្រើន។ នៅខែមីនាឆ្នាំ ២០២១ ស្នាដៃរូបថត “វិលត្រលប់មកផ្ទះវិញនៅពេលមានទឹកជំនន់” បានទទួលរង្វាន់មាសក្នុងការប្រឡងរូបថតនិងរឿង "ស្ត្រីមុនពេលខ្យល់ព្យុះបោសបក់”។ ការប្រឡងនេះត្រូវបានផ្តើមគំនិតដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ សហការជាមួយសហភាពនារីវៀតណាម និងទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី (UN Women) បំផុសឡើងនៅចុងឆ្នាំ ២០២១។ រូបថតនេះពិពណ៌នាអំពីស្ត្រី ជនជាតិ Jrai ដែលកំពុងអៀវទារកនៅលើខ្នងរបស់នាង ខណៈពេលដែលនាងព្យាយាមយ៉ាងក្លាហាន កាច់ក្បូនឆ្លងកាត់ទន្លេ Ayun ក្នុងអំឡុងពេលទឹកជំនន់ដ៏ខ្លាំងដើម្បីទៅផ្ទះវិញ។
ក្នុងខែតុលា ឆ្នាំ ២០១៧ លោក Nguyen Linh Vinh Quoc បាននាំមកនូវមោទនភាពសម្រាប់វិស័យថតរូបរបស់វៀតណាមនៅពេលលោកទទួលបានរង្វាន់លេខមួយ ក្នុងកម្មវិធីប្រឡង រូបថតបរិស្ថានអន្តរជាតិឆ្នាំ ២០១៧ (EPOTY ២០១៧) ដែលប្រព្រឹត្តទៅនៅចក្រភពអង់គ្លេសជាមួយនឹងរូបថត “កែវភ្នែកនៃក្តីសង្ឃឹម”។ រូបថតនេះត្រូវបានគាត់ថតនៅកន្លែងចាក់សំរាមក្នុងក្រុង Kon Tum (ខេត្ត Kon Tum) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។ តួអង្គក្នុងរូបថតគឺជាម្តាយ និងកូនមកពីក្រុមជនជាតិ Bana។ លោកបានថតទិដ្ឋភាពពេលភ្លៀងធ្លាក់និងមានពពកខ្មៅមកជុំគ្នា ប៉ុន្តែម្តាយនិងកូនស្រីជនជាតិ Bana ដែលប្រកបរបរចិញ្ចឹមជីវិតដោយរើសអេតចាយនៅតែនៅទីនោះ ម្តាយកំពុងដើររើសអេតចាយ ដើម្បីចិញ្ចឹមជីវិត ចំណែកក្មេងស្រីនៅតែមើលទៅលើមេឃដោយភ្នែកពោរពេញដោយក្តីសង្ឃឹមអំពីអនាគតដ៏ភ្លឺស្វាង។ វិចិត្រករថតរូប Nguyen Linh Vinh Quoc បានឲ្យដឹងថា៖ “រង្វាន់ដែលធ្វើអោយខ្ញុំចាប់អារម្មណ៍ជាងគេ គឺរូបថតរបស់ក្មេងស្រីតូចមួយជនជាតិ Bana នៅខេត្ត Kon Tum ជាមួយម្តាយរបស់នាងរើសជ័រ និងអេតចាយក្នុងកន្លែងចាក់សំរាម។ នៅឆ្នាំនោះ ខ្ញុំបានទទួលពានរង្វាន់ធំមួយពីអង្គការបរិស្ថានពិភពលោកនៅប្រទេសអង់គ្លេស។ ខ្ញុំបានឈ្នះរង្វាន់ជាច្រើន។ ជាឧទាហរណ៍ ក្នុងឆ្នាំ ២០១៤ ខ្ញុំបានឈ្នះរង្វាន់លើកទឹកចិត្តថ្នាក់ជាតិ ហើយក៏ជារូបថតដែលថតអំពីកុមារនៃតំបន់ Tay Nguyen ស្លៀកសំលៀកបំពាក់ប្រពៃណីជាតិផងដែរ។ ក្នុងឆ្នាំ ២០២០ ឈុតរូបថតរបស់ខ្ញុំអំពីវប្បធម៌នៃតំបន់ Tay Nguyen ថតរូបសិល្បករ Ro Cham Tih ជាមួយការអភិរក្សតន្ត្រីនៅតំបន់ Tay Nguyen បានទទួលមេដាយប្រាក់ជាតិ។ វប្បធម៌នៃតំបន់ Tay Nguyen ត្រូវបានស្រូបចូលក្នុងដួងចិត្តខ្ញុំ ដូច្នេះហើយខ្ញុំព្យាយាមចូលរួមចំណែកតិចតួចក្នុងការអភិរក្សវប្បធម៌ នៃតំបន់ Tay Nguyen”។
ស្នាដៃរូបថត "កែវភ្នែកនៃក្តីសង្ឃឹម" បានឈ្នះរង្វាន់ទីមួយក្នុងការប្រឡងរូបថតបរិស្ថានអន្តរជាតិឆ្នាំ ២០១៧ (រូបថត៖ Ngọc Anh/VOV5 |
ដោយមានគុណសម្បត្តិជាអ្នកថតរូប អស់រយៈពេលជាច្រើនឆ្នាំ វិចិត្រករថតរូប Nguyen Linh Vinh Quoc បានរួមចំណែកផ្សព្វផ្សាយទេសចរណ៍នៅខេត្ត Gia Lai។ លោកគឺជាអ្នកដែលបានភ្ជាប់ និងណែនាំក្រុមអ្នកថតរូបទាំងក្នុងនិងក្រៅប្រទេស មកកាន់ភូមិនៃក្រុមជនជាតិភាគតិច Jrai ក្នុងឃុំ Ia Mo Nong ស្រុក Chu Pah ខេត្ត Gia Lai ហើយទើបតែបានទៅបំពេញទស្សនកិច្ចសិក្សា។ លោកស្រី H' Uyen Nie អនុប្រធានគណៈកម្មាធិការគ្រប់គ្រងទេសចរណ៍សហគមន៍ភូមិ Kep ឃុំ Ia Mo Nong អនុប្រធានសម្ព័ន្ធសមាគមនារីឃុំ Ia Mo Nong បានឲ្យដឹងថា៖ “អ្នកថតរូប Nguyen Linh Vinh Quoc មានភាពស្និទ្ធស្នាលជាមួយប្រជាជន ជាពិសេសជាមួយនឹងគំរូទេសចរណ៍សហគមន៍។ លោកជាអ្នកណែនាំផ្ទាល់ពីរបៀបអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ លោកជាមនុស្សដែលតែងតែចង្អូនបង្ហាញពីដំណើរទេសចរណ៍ដើម្បីបង្កើតលក្ខខណ្ឌឲ្យយើងរកចំណូលបន្ថែមពីទេសចរណ៍សហគមន៍។ លោកគ៏ជាអ្នកភ្ជាប់ និងណែនាំសម្រាប់ក្រុមទេសចរណ៍សហគមន៍របស់យើង អំពីអ្វីដែលពួកគេគួរធ្វើ ដើម្បីផ្តល់ឱ្យភ្ញៀវទេសចរនូវបទពិសោធន៍ដ៏សម្បូរបែប។ ក្រៅពីជាអ្នកថតរូបដ៏ល្បី លោកក៏ជាមនុស្សម្នាក់ដែលចេះនិយាយភាសាជនជាតិ Jrai និងមានចំណេះដឹងយ៉ាងជ្រាលជ្រៅអំពីវប្បធម៌ជនជាតិ Jrai ផងដែរ”។
ដោយក្តីស្រឡាញ់តំបន់ខ្ពង់រាបកណ្តាល ដោយទឹកចិត្តពោះតំបន់ Tay Nguyen អ្នកថតរូប Nguyen Linh Vinh Quoc តែងតែធ្វើដំណើរទៅភូមិនានានៅតំបន់ Tay Nguyen ដើម្បីរចនាសិល្បៈ។ សម្រាប់លោក តំបន់នីមួយៗ នៅតំបន់ខ្ពង់រាបកណ្តាលសុទ្ធតែមានរឿងរ៉ាវ និងប្រធានបទដែលគួរឱ្យចាប់អារម្មណ៍រៀងៗខ្លួនសម្រាប់បង្កើតស្នាដៃ។ ស្នាដៃថតរូបរបស់វិចិត្រករ Nguyen Linh Vinh Quoc បានទាក់ទាញអារម្មណ៍និងរំជួលចិត្តរបស់សាធារណជនដែលស្រឡាញ់សិល្បៈ៕