(VOVWORLD) - ភូមិ Yen Thai ឬត្រូវបានហៅថា Ke Buoi ស្ថិតក្នុងសង្កាត់ Tay Ho ទីក្រុងហាណូយ ធ្លាប់ល្បីល្បាញពាសពេញរាជធានី Thang Long ជាមួយនឹងមុខរបរធ្វើក្រដាស យ៉ ប្រពៃណី។ ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ មានពេលខ្លះ មុខរបរនេះត្រូវបានគេបំភ្លេចចោលទៅហើយ ដែលបន្សល់ទុកនូវការសោកស្តាយជាច្រើនចំពោះបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃនេះ។ ប៉ុន្តែឥឡូវនេះ នៅចំកណ្តាលជីវភាពសម័យទំនើប និងនិន្នាការឌីជីថលភាវូបនីយកម្ម សិប្បកម្មផលិតក្រដាស យ៉ កំពុងរស់ឡើងវិញ មិនត្រឹមតែដើម្បីរក្សាតម្លៃបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសរសេររឿងថ្មី ដែលឈានទៅដល់ពិភពលោកទៀតផង។
តាំងពីបុរាណកាលមក ក្រដាសយ៉ Ke Buoi ត្រូវបានប្រើប្រាស់សម្រាប់ចម្លងសៀវភៅ សរសេរកំណាព្យ សរសេរអក្សរផ្ចង់ និងជាពិសេសសម្រាប់បោះពុម្ពផ្ទាំងគំនូរប្រជាប្រិយដ៏ល្បីៗ ដូចជា៖ Dong Ho, Hang Trong, Kim Hoang។ ជាមួយនឹងភាពធន់ខ្ពស់ មិនងាយដុះផ្សិត ធន់នឹងសត្វល្អិត ក្រដាស យ៉ ត្រូវបានចាត់ទុកជា "រតនវត្ថុ" ក្នុងការអភិរក្សវប្បធម៌។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងល្បឿននៃឧស្សាហូបនីយកម្ម ក្រដាស យ៉ និងវិធីសាស្រ្តផលិតក្រដាសយ៉ លែងត្រូវបានប្រើប្រាស់ និងស្គាល់ដល់ច្រើនដូចពីមុនឡើយ។
“មិត្តភ័ក្តិរបស់ខ្ញុំម្នាក់ ដែលជាអាណិកជនវៀតណាមនៅប្រទេសអាឡឺម៉ង់ មានបំណងចង់ជួយនាំយកអក្សរផ្ចង់វៀតណាមទៅកាន់ពិភពលោក និងជួយគ្រូសរសេរអក្សរផ្ចង់អាចរស់នៅជាមួយអាជីពនោះ។ ខ្ញុំបានជួយគាត់ក្នុងការអនុវត្តគម្រោងនេះ។ ក្នុងដំណើរទៅស្វែងយល់ពីអក្សរផ្ចង់ ខ្ញុំបានឃើញក្រដាសយ៉ នោះជាលើកដំបូងដែលខ្ញុំឃើញសិប្បករធ្វើក្រដាស ខ្ញុំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយខ្ញុំមានអារម្មណ៍សោកស្តាយជាខ្លាំង ប្រសិនបើសិប្បកម្មធ្វើក្រដាសយ៉ ត្រូវបានសាបសូន្យទៅ។ ហើយនៅពេលនោះ ខ្ញុំគិតថា ខ្ញុំត្រូវធ្វើអ្វីមួយសម្រាប់ក្រដាសប្រភេទនេះ”។
ការឧទ្ទេសនាមអំពីសិប្បកម្មធ្វើក្រដាសយ៉ប្រពៃណី ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រូបថត៖ Kim Lieu/VOV 5 |
នោះគឺជានិស្ស័យដែលនាំឲ្យអ្នកស្រី Tran Hong Nhung មកប្រកបសិប្បកម្មធ្វើក្រដាសយ៉ប្រពៃណី ហើយបានបង្កើត Zó Project ដែលជាសហគ្រាសសង្គមមួយ។ គម្រោង Zó Project កើតមកដោយមានគោលដៅអភិរក្ស និងអភិវឌ្ឍសិប្បកម្មធ្វើក្រដាសប្រពៃណីផង និងបង្កើតមុខរបរជិញ្ចឹមជីវិតសម្រាប់សិប្បករផង។
“យើងចង់អភិរក្សក្រដាសយ៉វៀតណាម ព្រោះក្រដាសយ៉មានភាពស្រស់ស្អាតមែន ប៉ុន្តែកំពុងបាត់បង់ទៅ។ នៅពេលដែលយើងគិតពីការអភិរក្ស យើងគិតពីវិធីអភិរក្សថ្មី ហើយមធ្យោបាយតែមួយគត់ដែលខ្ញុំអាចគិតបានគឺធ្វើផលិតផលដែលបង្កប់ដង្ហើមជីវិតសហសម័យ បម្រើជីវភាពសហសម័យជាមួយសម្ភារៈបុរាណ ទើបសិប្បកម្មនេះអាចរស់ឡើងវិញបាន”។
បច្ចុប្បន្ននេះ ក្រដាស យ៉ មិនត្រឹមតែប្រើប្រាស់សម្រាប់គូរគំនូរ ឬសរសេរអក្សរផ្ចង់ប៉ុណ្ណោះទេ គម្រោង Zó Project បាននាំយកក្រដាសយ៉ ចូលទៅក្នុងជីវភាពសម័យទំនើប តាមរយៈផលិតផលចម្រុះ ដូចជា៖ ក្រវិលវិសេសវិសាល កាតអញ្ជើញដ៏ប្រណិត ចង្កៀងតុបតែងលម្អ និងផ្កាក្រដាស។ល។ ផលិតផលទាំងនេះមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីអត្តសញ្ញាណជាតិទៀតផង។
អ្នកទស្សនាវ័យក្មេងឆ្លងបទពិសោធន៍ផលិតក្រដាស់យ៉ ។ រូបថត៖ Kim Lieu/VOV5 |
ក្នុងនាមជាយុវជនម្នាក់ដែលស្រឡាញ់វប្បធម៌ប្រពៃណី និងមានចំណង់ចំណូលចិត្តពិសេសលើការផលិតក្រដាសយ៉ កញ្ញា Pham Thanh Tra និស្សិតមហាវិទ្យាល័យវិចិត្រសិល្បៈឧស្សាហកម្មហាណូយ បានចែករំលែកថា៖ “ផលិតផលរបស់ Zó Project នាំមកនូវអារម្មណ៏ស្រណោះស្រណោក និងធ្លាប់ស្គាល់ ពិតជាស្រស់ស្អាតណាស់ ហើយក៏មានកន្លែងដាក់តាំងឧបករណ៍ផលិតក្រដាសដែរ”។
ដោយមានកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងសហគ្រាសសង្គម Zó Project ភូមិសិប្បកម្មផលិតក្រដាសយ៉ Yen Thaiត្រូវបាន "រស់ឡើងវិញ" នៅចំណុចសេវាទេសចរណ៍វប្បធម៌លេខ ១៨៩ Trich Sai ដែលត្រូវបានស្គាល់ដល់ជាសារមន្ទីរក្រដាសយ៉។ នេះជាកន្លែងដាក់តាំងបង្ហាញ និងឧទ្ទេសនាមដំណើរការផលិតក្រដាស់យ៉ ប្រពៃណី។
ភ្ញៀវទេសចរណ៍បរទេស បទពិសោធន៍ផលិតក្រដាស់យ៉ ។ រូបថត៖ Kim Lieu/VOV5 |
សារមន្ទីរក្រដាសយ៉ ក៏នាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកទស្សនាផងដែរ ដូចជាការផលិតក្រដាសយ៉ និងបង្កើតផលិតផលពីក្រដាសយ៉ ក្រោមការណែនាំរបស់សមាជិកគម្រោង Zó Project ។ លោក Hudson ភ្ញៀវទេសចរណ៍ជនជាតិអូស្ត្រាលីម្នាក់ ដែលបានឆ្លងបទពិសោធន៍ផលិតក្រដាស់យ៉ នៅចំណុចសេវាទេសចរណ៍វប្បធម៌លេខ 189 Trich Sai បានចែករំលែកថា៖ “ខ្ញុំពិតជាចាប់អារម្មណ៍នឹងក្រដាសយ៉របស់វៀតណាម។ នៅពេលមកទីនេះ ខ្ញុំបានចូលរួមផលិតក្រដាសយ៉ ដែលជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុត។ ក្រដាសយ៉គឺស្តើង ស្រាល និងស្រស់ស្អាតណាស់។ ខ្ញុំបានធ្វើសៀវភៅកត់ត្រាពីក្រដាសយ៉ ហើយផលិតផលនេះគឺប្លែកពីគេ។ ខ្ញុំនឹងយកវាមកជូនមិត្តភក្តិ និងសាច់ញាតិទុកជាវត្ថុអនុស្សាវរីយ៍”។
ភ្ញៀវទេសចរណ៍ថតរូបអនុស្សាវរីយ៍ ជាមួយស្នាដៃអក្សរផ្ចង់របស់ខ្លួន លើក្រដាសយ៉។ រូបថត៖ Kim Lieu/VOV 5 |
ផលិតផលដែលផលិតពីក្រដាសយ៉ ត្រូវបានឧទ្ទេសនាមយ៉ាងទូលំទូលាយតាមរយៈ workshop ការតាំងពិពណ៌ និងបណ្តាញលក់តាមសអនឡាញរបស់ Zo Project ហើយបច្ចុប្បន្ននេះក្រដាសយ៉ ត្រូវបានដាក់លក់នៅទីផ្សារជប៉ុន ហើយនាពេលខាងមុខគឺសហរដ្ឋអាមេរិក។ អ្នកស្រី Tran Hong Nhung បានឲ្យដឹងថា៖ "យើងសហការជាមួយវិចិត្រករ និងអ្នករចនាក្នុងស្រុក និងបរទេស បង្កើតផលិតផលដើម្បីបង្កើនតម្លៃនៃក្រដាសយ៉ ហើយតាមនោះ យើងអាចផ្សព្វផ្សាយក្រដាសយ៉ ទៅកាន់ពិភពលោក។ យើងតែងតែស្រាវជ្រាវ និងអភិវឌ្ឍន៍ក្រដាសយ៉ ដើម្បីអោយសិប្បករផលិតក្រដាស ឬអ្នកបង្កើតផលិតផលពីក្រដាសយ៉ អាចរស់នៅជាមួយអាជីពរបស់ខ្លួន”។
សិប្បកម្មផលិតក្រដាស យ៉ Yen Thai បានរស់ឡើងវិញជាបណ្ដើរៗ មិនត្រឹមតែជួយផ្សព្វផ្សាយតម្លៃសិប្បកម្មប្រពៃណីនៅរាជធានីបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាលក្ខណៈវប្បធម៌វិសេសវិសាលរបស់ជំនាន់មុនទៀតផង៕