(VOVWORLD) - ក្រោយពីរយៈពេល ៥ ឆ្នាំអនុវត្តន៍កម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព (២០២១ - ២០២៥) ខេត្ត Thai Nguyen សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ក្នុងនោះ ការជួយប្រជាជនឱ្យទទួលបានដើមទុនឥណទានគោលនយោបាយត្រូវបានចាត់ទុកថា ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ ដែលរួមចំណែកដល់ការផ្លាស់ប្តូរជីវភាពរស់នៅនិងមុខមាត់នៃតំបន់ជនបទជាច្រើន។ ប្រភពដើមទុននេះមិនត្រឹមតែជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបំផុសឡើងស្មារតីនៃភាពម្ចាស់ការឈានឡើងរួចផុតពីភាពក្រីក្រដោយខ្លួនទីពឹងខ្លួនទៀតផង។
ថ្នាក់ដឹកនាំនៃសាខាធនាគារគោលនយោបាយសង្គម នៅខេត្ត Thai Nguyen ចុះត្រួតពិនិត្យការប្រើប្រាស់ទុនកម្ចីនៅតាមមូលដ្ឋាន។ (រូបថត៖ vbsp.org.vn) |
“ការខ្ចីទុនបែបនេះមានអត្រាការប្រាក់ទាប និងមានប្រសិទ្ធភាព ដែលបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនធ្វើផលិតកម្ម។ បច្ចុប្បន្ន គ្រួសារខ្ញុំដាំដើមមៀន ចេក ក្រូចថ្លុង ដែលជាដើមឈើសំខាន់បំផុតចំនួនបី។ ក្រៅពីនោះ ក៏មានផ្លែត្របែក និងផ្លែល្មុត។ ផ្លែឈើកំពុងចាប់ផ្តើមប្រមូលផលបាន។
ឆ្នាំនេះ លោក Phan Van Son នៅឃុំ Quan Chu ខេត្ត Thai Nguyen គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលបានរួចផុតពីភាពក្រីក្រ អាស្រ័យដោយដើមទុនឥណទានគោលនយោបាយនៃមូលដ្ឋាន។ ពីមុន សេដ្ឋកិច្ចគ្រួសាររបស់លោកបានជួបការលំបាកជាច្រើន ដោយសារដីភ្នំត្រូវចោលទំនេរ និងផលិតកម្មខ្នាតតូច។ នៅពេល ទទួលបានទុនកម្ចីអនុគ្រោះពីធនាគារគោលនយោបាយសង្គម លោក Son បានបណ្ដាក់ទុនយ៉ាងក្លាហានក្នុងការដាំដើមឈើហូបផ្លែ ដោយពង្រីកទ្រង់ទ្រាយជាបណ្ដើរៗ និងធ្វើពិពិធកម្មពូជដំណាំ ដោយហេតុនេះបានកសាងគំរូសេដ្ឋកិច្ចសួនចំការប្រកបដោយប្រសិទ្ធភាព ដែលនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារ។ សេដ្ឋកិច្ច និងជីវភាពត្រូវបានលើកស្ទួយ ហើយផ្ទះក៏ធំទូលាយជាងមុន។
ដូចលោក Son ដែរ គ្រួសារលោក Do Duc Hoat នៅសង្កាត់ Bac Kan បានផ្លាស់ប្ដូរមុខរបរចិញ្ចឹមជីវិត អាស្រ័យដោយទុនកម្ចីគោលនយោបាយ។ បច្ចុប្បន្ន គ្រួសាររបស់លោក Hoat មានប្រាក់ចំណូលជាប្រចាំ ពីការចិញ្ចឹមពពែ ហើយបានរួចផុតពីភាពក្រីក្របន្តិចម្តងៗ។
“កាលពីឆ្នាំមុន គ្រួសារខ្ញុំបានខ្ចីប្រាក់ចំនួន ៦០ លានដុង (ជាង ២,៨ ពាន់ដុល្លារអាមេរិក) ពីធនាគារគោលនយោបាយ។ នៅពេលនោះ គ្រួសារខ្ញុំបានចិញ្ចឹមពពែហើយ។ ដោយមានដើមទុនបន្ថែម យើងបានសាងសង់ជង្រុក និងទិញសត្វពូជបន្ថែមទៀត។ ចាប់តាំងពីខ្ចីដើមទុនមក យើងបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព”។
បុគ្គលិកនៃធនាគារគោលនយោបាយសង្គម តែងតែជួយប្រជាជនខ្ចីទុននិងប្រើប្រាស់ប្រាក់កម្ចីសម្រាប់គោលដៅត្រឹមត្រូវ និងមានប្រសិទ្ធភាព។ (រូបថត៖ vbsp.org.vn) |
គ្រួសាររបស់លោក Phan Van Son និងលោក Do Duc Hoat គឺជាគ្រួសារពីរក្នុងចំណោមករណីជាច្រើនដែលត្រូវបានផ្តល់លក្ខខណ្ឌឲ្យខ្ចីទុនឥណទានគោលនយោបាយនៅខេត្ត Thai Nguyen ដើម្បីផុតពីភាពក្រីក្រ។ ដើមទុនឥណទានគោលនយោបាយពីធនាគារគោលនយោបាយសង្គមត្រូវបានចាត់ទុកថាជា «គំនាស់» ដើម្បីជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។ អាស្រ័យដោយមានកញ្ចប់ប្រាក់កម្ចីអនុគ្រោះ គំរូផលិតកម្មប្រកបដោយប្រសិទ្ធភាពជាច្រើនត្រូវបានបង្កើតឡើង ហើយនាំមកនូវរបរចិញ្ចឹមជីវិតក្នុងរយៈពេលវែងសម្រាប់ប្រជាជន។
នៅក្នុងឃុំ Cao Minh ជាកន្លែងដែលធ្លាប់មានអត្រាគ្រួសារក្រីក្រលើសពី ៥០% បន្ទាប់ពីការរួមបញ្ចូលគ្នា អាជ្ញាធរបានម្ចាស់ការអនុវត្តន៍គំរូផលិតកម្មសមស្របជាច្រើន។ លោក Ly Van Thanh ប្រធានការិយាល័យសេដ្ឋកិច្ចឃុំ បានឲ្យដឹងថា៖
“យើងផ្តោតលើសូចនាករដែលគ្រួសារក្រីក្រកំពុងខ្វះខាត ដើម្បីដោះស្រាយឲ្យដាច់ស្រឡះ ឧទាហរណ៍ គុណភាពលំនៅដ្ឋាន ការអប់រំ ឬប្រាក់ចំណូល។ ដើម្បីធានាថា គ្រួសាររួចផុតពីភាពក្រីក្រប្រកបដោយចីរភាព ឃុំបានសម្របសម្រួលអនុវត្តន៍គម្រោងចិញ្ចឹមសេះ ឃ្មុំ គោក្របីបន្តពូជ ជ្រូកក្នុងស្រុក ជាដើម។ នេះគឺជាធនធានសំខាន់ៗ ដើម្បីជួយប្រជាជនឱ្យមានការងារធ្វើ និងប្រាក់ចំណូលស្ថិរភាព”។
ពីឃុំដែលនៅមានការលំបាកដូចជា Quan Chu ឬ Cao Minh រហូតដល់មូលដ្ឋានដែលកំពុងរីកចម្រើនដូចជា Cho Moi ឬ Phu Lac ប្រសិទ្ធភាពនៃគោលនយោបាយឥណទានអនុគ្រោះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រី Hoang Thi Mai លេខាសាខាបក្ស ភូមិ Dong Luong ឃុំ Cho Moi បានឲ្យដឹងថា៖
“លំនៅដ្ឋានឥឡូវនេះមានស្ថិរភាព ផ្ទះជាច្រើនត្រូវបានសាងសង់យ៉ាងរឹងមាំនៅក្នុងភូមិ ជីវភាពបានផ្លាស់ប្តូរច្រើន ប្រាក់ចំណូលមានស្ថិរភាព សប្បាយចិត្តខ្លាំងណាស់”។
គិតត្រឹមឆ្នាំ ២០២៥ ដើមទុនសរុបនៃកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅក្នុងខេត្តសម្រេចបានជិត ១.១៧០ ពាន់លានដុង (ជិត ៤៤,៥ លានដុល្លារអាមេរិក) ដែលត្រូវបានបែងចែកទៅឱ្យកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងរបរចិញ្ចឹមជីវិតជាច្រើន។ អាស្រ័យហេតុនេះ អត្រាគ្រួសារក្រីក្រតាមស្ដង់ដារពហុវិមាត្រកាលពីដើមអាណត្តិ (ដើមឆ្នាំ ២០២២) គឺ ១០,២៩% បានថយចុះមកត្រឹម ៥,៤៦% នៅចុងឆ្នាំ២០២៤។ ខេត្ត Thai Nguyen កំពុងខិតខំកាត់បន្ថយអត្រាគ្រួសារក្រីក្រមកត្រឹម ៤,៦៥% នៅចុងឆ្នាំនេះ។
ដោយមានកិច្ចខិតខំប្រឹងប្រែងរួមនៃប្រព័ន្ធនយោបាយទាំងមូល រួមជាមួយនឹងគំរូគាំទ្រជាក់ស្តែងដូចជាកម្ចីឥណទានគោលនយោបាយ ខេត្ត Thai Nguyen កំពុងឆ្ពោះទៅសម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព សមធម៌ និងគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសផ្លាស់ប្តូរនៅហ្នឹងទឹកដីស្រុកកំណើតខ្លួន៕