ផលិតផលតែ OCOP របស់ថៃ ង្វៀន

(VOVWORLD) - ថៃ ង្វៀន (Thai Nguyen) ជាខេត្តមួយនៅភាគខាងជើងប្រទេសវៀតណាម ដែលល្បីល្បាញដោយទួលតែដ៏ធំល្វឹងល្វើយ។ ផលិតផល OCOP (ឃុំមួយផលិតផលមួយ) ទាក់ទងនឹងតែគឺជាទិសដៅថ្មី ប្រកបដោយនិរន្តរភាព និងសក្តានុពលរបស់ខេត្ត។

ផលិតផលតែ OCOP របស់ថៃ ង្វៀន - ảnh 1ថៃ ង្វៀន ជាតំបន់មួយក្នុងចំណោមតំបន់ដាំតែដ៏ល្បីល្បាញបំផុតរបស់វៀតណាម។
(រូបថត៖ Hai Nam/VOV)

ស្រុក Dai Tu និង Phu Luong នៅភាគខាងលិចនៃខេត្ត Thai Nguyen គឺជាទីកន្លែងដែលមានលក្ខណៈអាកាសធាតុ និងដីធ្លីល្អឥតល្អ សម្រាប់ដើមតែលូតលាស់។ ត្រួយតែនីមួយៗត្រូវបានបេះដោយដៃ អប់ក្លិនក្រអូបតាមបែបប្រពៃណី ដែលនាំមកនូវគុណភាពខ្ពស់បំផុត និងរសជាតិចត់ស្រាលពេលដំបូង តែផ្អែមជ្រៅពេលក្រោយ ដែលពិតជាសក្តិសមនឹងម៉ាក "តែ Thai"។

នៅទីនេះ សហករណ៍ និងគ្រួសារជាច្រើនបានអនុវត្តន៍យ៉ាងក្លាហាននូវបច្ចេកវិទ្យា និងដំណើរការផលិតកម្មតាមស្តង់ដារ OCOP ឬអនុវត្តកសិកម្មល្អរបស់វៀតណាម (VietGAP) រហូតដល់ស្តង់ដារអន្តរជាតិ (ISO)។ ផលិតផលដូចជា៖ តែ Tan Cuong តែ Khe Coc តែ Hao Dat តែ La Bang... ទទួលបានវិញ្ញាបនបត្រថ្នាក់ជាតិផ្កាយ៤ និងផ្កាយ៥។

ផលិតផលតែ OCOP របស់ថៃ ង្វៀន - ảnh 2ផ្លាស់ប្តូរបទពិសោធន៍ក្នុងការផលិតតែដោយសុវត្ថិភាពជាមួយប្រជាជននៅឃុំ Tuc Tranh ស្រុក Phu Luong (Thai Nguyen)។ (រូបថត៖ Thanh Thuy/thainguyen.gov.vn)

រហូតមកដល់ពេលនេះ ឃុំ និងទីរួមស្រុកចំនួន ១០/១៥ នៃស្រុក Phu Luong មានផលិតផល OCOP សរុបចំនួន ២៨ ប្រភេទ។ ឃុំ Tuc Tranh គឺជាអង្គភាពរដ្ឋបាលមួយ ដែលមានផលិតផលតែ OCOP នៅក្នុងស្រុក។ លោក Phan Van Tung អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tuc Tranh ស្រុក Phu Luong ខេត្ត Thai Nguyen បានចែករំលែកថា៖

"ផលិតផលតែរបស់យើងសម្បូរបែបណាស់ ដោយមានផលិតផល OCOP ផ្កាយ ៣ ផ្កាយ ៤ ចំនួន ៥ ប្រភេទ។ ទិន្នផលតែរបស់យើងគឺប្រហែល ១៣០០តោនក្នុងមួយឆ្នាំ"។

នៅតាមទួលតែដ៏ខៀវស្រងាត់នៅ Dai Tu ស្រុក Phu Luong ប្រជាកសិករឧស្សាហ៍ព្យាយាមបេះត្រួយតែខ្ចីនីមួយៗដែលជ្រាបទឹកសន្សើមព្រឹកព្រលឹមជារៀងរាល់ថ្ងៃ។

ផលិតផលតែ OCOP របស់ថៃ ង្វៀន - ảnh 3សហករណ៍តែសុវត្ថិភាព Khe Coc មានផលិតផល OCOP ផ្កាយ ៤ និងផ្កាយ ៣ ដ៏ពេញនិយមក្នុងទីផ្សារក្នុងស្រុក ហើយដំបូងឡើយត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុន និងអឺរ៉ុប។
(រូបថត៖ langngheviet.com.vn)

បន្ទាប់ពីប្រមូលរួច តែត្រូវបានកែច្នៃដោយដៃតាមបែបប្រពៃណី រួមផ្សំជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីរក្សារសជាតិធម្មជាតិ និងតម្លៃអាហារូបត្ថម្ភឲ្យនៅដដែល។ លោក Pham Van Trong នៅសហករណ៍តែ Khe Coc ស្រុក Phu Luong ចែករំលែកអំពីការប្រមូលផលតែដើម្បីបំពេញតាមស្តង់ដារ VietGAP យ៉ាងដូច្នេះថា៖

“ដើម្បីបំពេញតាមស្តង់ដារ VietGAP តែត្រូវមានបទដ្ឋានគ្រប់គ្រាន់ ហើយអ្នកដាំតែត្រឹមតែជ្រើសរើសត្រួយស្រស់ ១ និងស្លឹកតែខ្ចី ២ ដោយបេះពីម៉ោង ៧ ព្រឹក ដល់ ១០ ព្រឹក ពីព្រោះពេលនោះតែស្រូបយកទឹកសន្សើម ដូច្នេះហើយតែមានគុណភាពល្អ និងក្លិនក្រអូប”។

ការដែលតែ Thai Nguyen ទទួលបានពានរង្វាន់ OCOP មិនត្រឹមតែជាការបញ្ជាក់អំពីគុណភាពប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រជាកសិករ និងអាជីវកម្មក្នុងការអភិរក្ស និងអភិវឌ្ឍម៉ាកតែប្រពៃណីទៀតផង។

ដើម្បីបន្តពង្រីកទីផ្សារសម្រាប់ផលិតផលតែ OCOP លោក Nguyen Nam Tien ប្រធានគណៈកម្មាធិការប្រជាជនស្រុក Dai Tu ខេត្ត Thai Nguyen បានសង្កត់ធ្ងន់ថា៖

“Dai Tu ជាទឹកដីដែលមានលក្ខខណ្ឌធម្មជាតិអំណោយផល ទេសភាពស្រស់ស្អាត អាកាសធាតុស្រស់ស្រាយ ជាពិសេសមានម៉ាកតែឆ្ងាញ់ល្បីល្បាញ រួមចំណែកបង្កើតឡើងអត្តសញ្ញាណដោយឡែករបស់ទឹកដី និងមនុស្សនៅទីនេះ។ ថ្នាក់ដឹកនាំបានរៀបចំកម្មវិធី និងពិធីបុណ្យតែជាច្រើនដើម្បីណែនាំផលិតផលតែ OCOP របស់ស្រុក”។

ដោយបានបេះតែដោយផ្ទាល់ និងទទួលទានទឹកតែតាមស្តង់ដារ VietGap នោះ លោក Tran Thanh Tung ជាអ្នកដែលប្រើប្រាស់តែ Thai Nguyen ជាប្រចាំបានចែករំលែកថា៖

“នាយកសហករណ៍នៅទីនេះបានណែនាំខ្ញុំអំពីរដូវកាល និងផលិតផលពីតែ ហើយខ្ញុំមានអារម្មណ៍ថា ផលិតផលតែគឺពិសេសណាស់ ពីព្រោះមានប្រភេទតែពេញនិយមជាច្រើន ប៉ុន្តែមានរសជាតិពិសេសដោយឡែកដែលគ្មាននៅកន្លែងផ្សេងៗនោះទេ”។

ក្នុងត្រួយតែនីមួយៗគឺជាញើសរបស់កសិករ ជាមោទនភាពនៃទឹកដី Thai Nguyen។ ផលិតផល OCOP មិនត្រឹមតែជួយលើកកំពស់គុណភាពតែវៀតណាមប៉ុណ្ណោះទេ ថែមទាំងនាំវប្បធម៌ទទួលទានតែក្លាយទៅជាភាពស្រស់ស្អាតបែបប្រពៃណីដើម្បីផ្សព្វផ្សាយដល់មិត្តភក្តិអន្តរជាតិទៀតផង។

ជាមួយនឹងគុណភាពលើសលុប ភាពខុសប្លែកគ្នា និងតម្លៃពិសេស តែ Thai Nguyen OCOP សក្តិសមជាជម្រើសកំពូលរបស់អ្នកប្រើប្រាស់ ព្រមទាំងក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់មិត្តភក្តិ និងញាតិមិត្តក្នុងឱកាសពិសេសផងដែរ។

ចាប់ពីទួលតែដ៏ខៀវស្រងាត់ រហូតដល់ពែងតែដែលមានរសជាតិប្លែកៗ តែ Thai Nguyen កំពុងបញ្ជាក់ពីឋានៈរបស់ខ្លួននៅលើផែនទីកសិផលវៀតណាម និងពិភពលោក។ តែ OCOP របស់ Dai Tu និង Phu Luong បច្ចុប្បន្នមានវត្តមាននៅក្នុងទីផ្សារតឹងរឹងដូចជា ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ