ពីភូមិសិប្បកម្មក្លាយជាគោលដៅទេសចរ Van Diem
(VOVWORLD) - ភូមិជាងឈើ Van Diem នៅឃុំ Van Diem ស្រុក Thuong Tin ទីក្រុងហាណូយ មានភាពល្បីល្បាញដោយផលិតផលឈើប្រពៃណីដ៏ប្រណិត។ ភូមិនេះត្រូវបានមន្ទីរទេសចរណ៍ហាណូយទទួលស្គាល់ជាគោលដៅទេសចរលំដាប់ខ្ពស់។
ផលិតផលឈើប្រពៃណីនៅភូមិសិប្បកម្មឈើ Van Diem ត្រូវបានចាត់ទុកថា ជាផលិតផលប្រណិត។ (រូបថត៖ lamgiau.laodongthudo.vn) |
មកដល់ភូមិសិប្បកម្ម Van Diem មនុស្សរាល់គ្នាបានឃើញថា ភូមិនេះហាក់ដូចជារោងផលិតឈើមួយកន្លែងអញ្ចឹង។ ជាងឈើឧស្សាហ៍ព្យាយាមធ្វើការពេញមួយថ្ងៃ សំឡេងដោះខាត់ សំឡេងញញួរ រណារ... បន្លឺឡើងគ្រប់ទីកន្លែង។ ជាមួយនឹងប្រវត្តិសាស្រ្តជាងមួយសតវត្សនៃរបរជាងឈើ Van Diem បានក្លាយជាភូមិជាងឈើដ៏ល្បីល្បាញមួយនៅវៀតណាម។ លោក Hoang Ky Tai ប្រធានសមាគមភូមិសិប្បកម្ម Van Diem បានចែករំលែកថា៖
“នៅទីនេះមានកៅអីធ្វើពីឈើ Doussie។ ការឆ្លាក់ក្បូរក្បាច់ទាំងអស់សុទ្ធតែត្រូវបានធ្វើដោយសិប្បករ និងជាងឈើក្នុងភូមិ។ អ្នកអាចមើលឃើញថា រូបចម្លាក់តោ តុ និងកៅអីសុទ្ធតែធ្វើឡើងដោយសិប្បករក្នុងភូមិ”។
ជាងឈើឧស្សាហ៍ធ្វើផលិតផល។ (រូបថត៖ velang.vn) |
ប្រការដែលធ្វើឱ្យភូមិជាងឈើ Van Diem មានភាពទាក់ទាញមិនត្រឹមតែជាគុណភាពផលិតផលប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅក្នុងប្រពៃណីរបស់ភូមិទៀតផង។ នៅទីនេះ មានគ្រួសារជាច្រើន ដែលមានប្រពៃណីប្រកបរបរជាងឈើជាច្រើនជំនាន់មកហើយ។ ជាងឈើនៅភូមិ Van Diem មិនត្រឹមតែរៀនពីដូនតាដើម្បីថែរក្សាដួងព្រលឹងនៃមុខរបរនេះប៉ុណ្ណោះទេ ថែមទាំងបានច្នៃប្រឌិតដើម្បីឱ្យផលិតផលរបស់ពួកគេអាចបំពេញតម្រូវការទីផ្សារទៀតផង។ លោកស្រី Quyen Thi Kim Oanh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Van Diem បានឲ្យដឹងថា៖
“ក្នុងភូមិបច្ចុប្បន្នមានប្រជាជនជាង ៨០០ គ្រួសារ ក្នុងនោះ ៦០០ គ្រួសារចូលរួមផលិតគ្រឿងសង្ហារឹមឈើ។ គ្រួសារចូលរួមក្នុងតួនាទីផ្សេងៗគ្នា បែងចែកជាក្រុមជួញដូរ ក្រុមអារកាត់ ក្រុមកែច្នៃ និងក្រុមផលិត។ សព្វថ្ងៃនេះ ផលិតផលនៃភូមិ Van Diem ក៏មានការគាំទ្រពីវិទ្យាសាស្ត្រ បច្ចេកទេសក្នុងដំណើរការផលិត ជាពិសេសដំណាក់កាលឆ្លាក់ ដោះខាត់ គឺប្រើម៉ាស៊ីនស្វ័យប្រវត្តិ”។
ជាងឈើនៅភូមិ Van Diem មានទេពកោសល្យ និងភាពច្នៃប្រឌិត។ ពួកគេមានភាពល្បីល្បាញដោយសមត្ថភាពធ្វើផលិតផលសិប្បកម្មវិចិត្រសិល្បៈពីឈើ តាមរចនាប័ទ្មបុរាណនិងទំនើប។ ផលិតផលឈើជាច្រើនៅភូមិ Van Diem ត្រូវបាននាំចេញទៅកាន់ប្រទេសនានា។ លោក Hoang Ky Nhan សិប្បករនៅភូមិជាងឈើ Van Diem បាននិយាយថា៖
“គំនិតរបស់ជាងឈើ ទាន់តាមតម្រូវការទីផ្សារ និងចំណង់ចំណូលចិត្តរបស់មហាជន។ ជាឧទាហរណ៍ ការឆ្លាក់ក្បូរក្បាច់គឺសមស្របនឹងចំណូលចិត្តរបស់មនុស្សវ័យក្មេង ជាងឈើត្រូវតែចាប់យកចំណាប់អារម្មណ៍ ទើបរចនាម៉ូដបាន។ នៅពេលសម្រេចការរចនានៅលើកុំព្យូទ័ររួចរាល់ មើលទៅសមហេតុផលនៅក្នុងការពិត នោះយើងអាចចាប់ផ្តើមអនុវត្តន៍”។
ប្រគល់សេចក្តីសម្រេចទទួលស្គាល់តំបន់ទេសចរណ៍ភូមិសិប្បកម្មជូនគណៈកម្មាធិការប្រជាជនឃុំ Van Diem ក្នុងខែមេសា ឆ្នាំ២០២៣។ (រូបថត៖ thuonghieuvaphapluat.vn) |
ដោយសារការអភិវឌ្ឍនៃរបរជាងឈើ ភូមិ Van Diem បានបង្កើតគោលដៅទេសចរណ៍។ តំបន់ទេសចរណ៍ Van Diem មានផ្ទៃដីជិត ៧០ ហិចតា ដោយប្រមូលផ្តុំគ្រួសារប្រកបរបរ តំបន់តាំងបង្ហាញផលិតផល តំបន់បម្រើការហូបចុក និងសេវាកម្មផ្សេងៗទៀត។ មកដល់ទីនេះ ភ្ញៀវទេសចរអាចទស្សនាភូមិសិប្បកម្មប្រពៃណី ជាមួយនឹងអណ្តូងថ្មបុរាណ ផ្ទះបុរាណ ដើមពោធិ៍... គួបផ្សំជាមួយនឹងការឆ្លងកាត់បទពិសោធន៍ ការស្នាក់នៅ ការទស្សនាសាលាភូមិ វត្តអារ៉ាម ទីធ្វើសក្ការៈបូជាគ្រូដើមនៃភូមិជាងឈើ... ដែលជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ។ ភូមិ Van Diem ត្រូវបានតភ្ជាប់ជាមួយគោលដៅទេសចរណ៍នៅស្រុក Thuong Tin ដូចជា៖ ភូមិរុក្ខជាតិតាំងលម្អ Hong Van វត្ត Dau ឃុំ Nguyen Trai; ភូមិប៉ាក់ Quat Dong, Thang Loi; ភូមិក្រាស់សិតសក់ស្នែង Thuy Ung; ទីធ្វើសក្ការៈបូជា Nguyen Trai ឃុំ Nhi Khe; ភូមិម្រ័ក្សខ្មុក Ha Thai; ភូមិតម្បាញឬស្សី និងបណ្ដុំកេរ្តិ៍ដំណែលឃុំ Ninh So... លោកស្រី Quyen Thi Kim Oanh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Van Diem បានឲ្យដឹងថា៖
“ដើម្បីធានាបាននូវវិស័យទេសចរណ៍ ជាដំបូង ឃុំបានលើកកម្ពស់គុណសម្បត្តិដែលមានស្រាប់របស់ភូមិសិប្បកម្មនោះគឺ ការផលិតគ្រឿងសង្ហារឹមឈើ។ ឃុំ Van Diem បានផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ឆ្ពោះទៅរកការបង្កើនសមាមាត្រនៃតម្លៃសេវាកម្មទេសចរណ៍ជាបណ្តើរៗ បង្កើតការងារបន្ថែម និងបង្កើនប្រាក់ចំណូលដល់កម្មករ។ ទន្ទឹមនឹងនោះ អភិរក្សតម្លៃវប្បធម៌ក្នុងស្រុក។ បច្ចុប្បន្ននេះ ឃុំ Van Diem បានបង្កើតមូលនិធិដីដើម្បីអភិវឌ្ឍន៍ភូមិសិប្បកម្ម និងគោលដៅទេសចរណ៍ភូមិសិប្បកម្ម ដើម្បីអភិវឌ្ឍន៍ទេសចរណ៍”។
ប្រសិនបើកាលពីអតីតកាល ភូមិជាងឈើ Van Diem មានសភាពអ៊ូអរដោយការតែការផលិត និងលក់គ្រឿងសង្ហារិមឈើប៉ុណ្ណោះ គឺសព្វថ្ងៃនេះ ភូមិក៏មានភាពអ៊ូអរដោយវត្តមានរបស់ភ្ញៀវទេសចរទៀតផង។ ភ្ញៀវទេសចរជាតិ និងបរទេសយ៉ាងច្រើនកុះករ បានមកដល់ Van Diem ដើម្បីទស្សនានិងស្វែងយល់អំពីជីវភាពនៃភូមិជាងឈើប្រពៃណីនេះ៕